បុណ្យ​បណ្ដែត​ប្រទីប​និង​ទំនៀម​អ្នក​ស្រុក

0:00 / 0:00

ថ្ងៃ​នេះ គឺ​ជា​ទិវា​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដែល​ជា​បុណ្យ​ប្រពៃណី​ដ៏​ចំណាស់​មួយ​របស់​ជនជាតិ​ខ្មែរ។ តាម​ទំនៀម​ព្រះបរមរាជវាំង ពិធី​នេះ​តែង​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​រយៈពេល ៣​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ពី​ថ្ងៃ​១៤ កើត ដល់​ថ្ងៃ​១ រោច ខែ​កត្តិក ដោយ​មាន​បណ្ដែត​ប្រទីប​នា​ពេល​យប់។

តើ​នៅ​តាម​ខេត្ត​ក្រុង មាន​ទំនៀម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​បែប​ណា​ដែរ?

អ្នកនាង កេសរណ្ណីយ្យា ជូន​សេចក្តី​អធិប្បាយ ដោយ​ផ្ដោត​ជាពិសេស​តែ​ទៅ​លើ​ពិធី​បណ្ដែត​ប្រទីប​នៅ​តាម​តំបន់​មួយ​ចំនួន៖

៚ភ្លេង​ពិណពាទ្យ៚

ពិធី​បុណ្យ​បណ្ដែត​ប្រទីប ដែល​ជា​ទូទៅ​គេ​តុប​តែង​ទូក កប៉ាល់​តូច​ធំ លំអ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ រំលេច​ជា​រូបភាព​ផ្សេងៗ ហើយ​បណ្ដែត​ឱ្យ​រសាត់​ទៅ​មក​យឺតៗ​នៅ​លើ​ដង​ទន្លេ​មុខ​ព្រះបរមរាជវាំង។

នៅ​ខេត្ត​សៀមរាប ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នេះ គឺ​គេ​ប្រារព្ធ​នៅ​លើ​ដង​ស្ទឹង​សៀមរាប ចំនួន ៣​យប់​ដូច​គ្នា​ដែរ គ្រាន់​តែ​មិន​អ៊ឹកធឹក​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ​ទេ។ ប៉ុន្តែ​ពិធី​បណ្ដែត​ប្រទីប​ជា​លក្ខណៈ​ពិសេស​នៅ​ខេត្ត​អតីត​រាជធានី​អង្គរ​នេះ គឺ​ជា​ប្រទីប​ដែល​គេ​រៀបចំ​តុប​តែង​លំអ ដោយ​ភ្លើង​ភ្លឺ​ព្រោងព្រាយ ហើយ​ដាក់​បណ្ដែត​លើ​ផ្ទៃ​ទឹក​ស្រះ​នៃ​កសិណ​អង្គរ​ទិស​ខាង​ត្បូង។

ចា៎ នាង​ខ្ញុំ​បាន​សាកសួរ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ប្រចាំ​ការ​នៅ​តំបន់​ភាគ​ឧត្តរ​អំពី​ទំនៀម​បណ្ដែត​ប្រទីប​នៅ​មុខ​អង្គរ​នេះ៖ «អ្នកស្រី កេសរណ្ណីយ្យា៖ ជម្រាប​សួរ លោក សាវយុត! ចា៎! ប្រទីប​ដែល​គេ​បណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​ហ្នឹង តើ​គេ​ច្រើន​ធ្វើ​ជា​រូបភាព​អី​ចា៎? លោក សាវយុត៖ បាទ! ប្រទីប​ដែល​ធំ​ដែល​ខ្ញុំ​តែង​ឃើញ​កន្លង​មក គឺ​មាន​រូប​តែ​ពីរ​ទេ។ ទី​១ គឺ​រូប​ព្រះ​ចៅ​ក្រុង​កម្ពុជា ដែល​គេ​ធ្វើ​សញ្ញា​ព្រះរាជ​សង្ហារ ដែល​មាន​រូប​មកុដ​ស្វេតច្ឆត្រ ហើយ​មាន​រាជសីហ៍​ពីរ​តោង ហើយ​មាន​រំលេច​ភ្លើង​ពណ៌​ល្អ​ណាស់​បាទ! ទី​២ ខ្ញុំ​ឃើញ​រូប​នាគ នាគ​គឺ​គួញ​កន្ទុយ​ដូចជា​នាគព័ន្ធ​អ៊ីចឹង​បាទ! ហើយ​គេ​រំលេច​ភ្លើង​ដែរ ហើយ​នៅ​លើ​នាគ​ហ្នឹង គេ​វិចិត្រ​ក្បាច់​ស្អាត​ណាស់​បាទ! ប្រទីប​ធំៗ​ពីរ​ហ្នឹង នៅ​រៀង​រាល់​បុណ្យ​អុំ​ទូក​តែង​តែ​ឃើញ​មិន​ដែល​ខាន​ទេ​បាទ!»

ចំណែក​នៅ​ខេត្ត​រតនគិរី វិញ ក្នុង​ទិវា​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ទាំង​បី​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ភូមិ​នានា តែង​ប្រជុំ​គ្នា​ច្រើន​កុះករ បណ្ដែត​ប្រទីប​នា​ពេល​យប់​នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​កន្សែង ក្នុង​ក្រុង​បានលុង។ ចា៎! នេះ​គឺ​ជា​ការ​រៀបរាប់​របស់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី គឺ​លោក រដ្ឋា វិសាល ដែល​ប្រចាំ​ការ​នៅ​តំបន់​ភាគ​ឦសាន​អំពី​ទំនៀម​បណ្ដែត​ប្រទីប​របស់​អ្នក​ស្រុក​នៅ​ទីនោះ៖ «បាទ! ជា​ទូទៅ ប្រជាពលរដ្ឋ​លោក​យក​ដើម​ចេក ស្នោ ឬ​ក៏​ឫស្សី ឱ្យ​តែ​ស្រាល​អាច​បណ្ដែត​ទឹក​បាន គេ​យក​មក​កាត់​ច្នៃ​ធ្វើ​ដូចជា​ប្រទីប​ដូចជា​កន្ទោង ហើយ​គេ​តាក់​តែង​ជា​មាន​រូប មាន​ផ្កា ឬ​ដាក់​នំ​ចំណី​នៅ​ក្នុង​ហ្នឹង ហើយ​គេ​លំអ​ដោយ​ភ្លើង​ពណ៌ មាន​ទៀន ខ្លះ​ប្រើ​ថ្ម​ដែល​ភ្ជាប់​នឹង​អំពូល​ភ្លើង ភ្លឺ​ភ្លឹបភ្លែតៗ ហើយ​ប្រទីប​ហ្នឹង​រសាត់​តាម​ខ្យល់​ពាសពេញ​ក្នុង​បឹង​ហ្នឹង ដូច​យើង​បណ្ដែត​ប្រទីប​នៅ​កណ្ដាល​ទន្លេ​អ៊ីចឹង​បាទ!»

ចំពោះ​ទំនៀម​របស់​អ្នក​ស្រុក​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា វិញ គេ​តែង​នាំ​គ្នា​ធ្វើ​បុណ្យ​បណ្ដែត​ប្រទីប​ជ្វាលា ក្នុង​ជំនឿ​ជូន​ដំណើរ​ព្រលឹង​ដូនតា​នា​យប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ក៏​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​១ កើត ខែ​អស្សុជ បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច។

ព្រឹទ្ធាចារ្យ អ៊ុក ផន អាយុ ៧៥​ឆ្នាំ រស់នៅ​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ លោក​រំឭក​អំពី​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​នេះ ដែល​ជា​ប្រពៃណី​របស់​អ្នក​ស្រុក​ភូមិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គឺ​ចាប់​តាំង​ពី​ពេល​ធំ​ដឹង​ក្ដី​មក លោក​បាន​ឃើញ​គេ​ប្រារព្ធ​ពិធី​នេះ​តៗ​ជំនាន់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «គេ​ហៅ​ថា​ដូនតា​មក​លេង​កូនចៅ ដល់​ភ្ជុំ​ហើយ គេ​ចាប់​បណ្ដែត​ជូន​ដូនតា​ត្រឡប់​ទៅ​វិញ រួច​ដាក់​នំ​ដាក់​ចំណី មាន​ពោត អង្ករ អំបិល ប្រហុក ល្ង​អី​គ្រប់​សព្វ​ក្នុង​ទូក​ហ្នឹង ហើយ​នាំ​គ្នា​យក​ទៅ​បណ្ដែត ដើម្បី​ឱ្យ​ដូនតា​យក​ទៅ​ស្រុក​វិញ ដាំ​ពូជ​ដាំ​អី​ពិសារ​ផង ដើម្បី​កុំ​ឱ្យ​អត់​អី​ហូប ហើយ​សុំ​ឱ្យ​ដូនតា​ហ្នឹង ជូន​ពរ​កូនចៅ​នៅ​ស្រុក​នៅ​ភូមិ​ហ្នឹង​ឱ្យ​សុខ​សប្បាយ​ទាំងអស់​គ្នា»

ម្យ៉ាង​ទៀត ពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​តាម​តំបន់​ខ្លះ ក៏​នៅ​រក្សា​ទំនៀម​ធ្វើ​បុណ្យ​បណ្ដែត​ប្រទីប​នៅ​ថ្ងៃ​ចេញ​ព្រះ​វស្សា គឺ​នា​វេលា​យប់​ថ្ងៃ​១៥ កើត ខែ​អស្សុជ។ ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នេះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក​មាន​រាង​ជា​ទូក ឬ​សំពៅ ផ្ទុក​ដោយ​ស្រូវ​អង្ករ អាហារ​ចំណី នំ​នែក​ផ្លែ​ឈើ​ច្រើន​មុខ។ ត្រង់​ប្រការ​នេះ ភិក្ខុ អគ្គទិន្នកោ ផាន់ វណ្ណារ៉េត គង់​នៅ​វត្ត​ស្វាយកល្ប ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ថេរ​ដីកា​ថា មិន​មាន​ជាប់​ទាក់ទង​នឹង​គោល​ពុទ្ធសាសនា​ទេ ប៉ុន្តែ​ជា​ទំនៀម​អ្នក​ស្រុក​ក្នុង​ការ​បង្ហាញ​ភោគផល​ដំណាំ​កសិកម្ម និង​ផលិតផល​សិប្បកម្ម​ក្នុង​តំបន់​របស់​ខ្លួន៖ «ចម្រើន​ពរ​ញោម! ត្រង់​បណ្ដែត​ប្រទីប​តាម​ទឹក​នេះ យើង​និយម​ក្នុង​វប្បធម៌​ទម្លាប់​ស្រុក​ខ្មែរ​យើង ឬ​នៅ​ក្នុង​ប្រទេស​ដទៃៗ​ក៏​គេ​មាន តាម​ការ​និយម​ផ្សេង​គ្នា។ គឺ​គេ​ចង់​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្នុង​ភាព​រីក​ចម្រើន​មួយ​ក្នុង​មួយ​ឆ្នាំៗ​ហ្នឹង យើង​ត្រូវ​មាន​អ្វី​ដែល​មក​តាំង​បង្ហាញ​ស្នាដៃ​របស់​យើង​ហ្នឹង។ យើង​ក៏​មាន​ការ​បណ្ដែត​ទៅ​តាម​ទន្លេ​គង្គា​ហ្នឹង​ទៅ ហើយ​សម័យ​កាល​យើង​ធ្វើ​ក៏​ខុស​គ្នា។ សម័យ​កាល​ខ្លះ គេ​ធ្វើ​នៅ​មុន​ចូល​វស្សា​នៅ​ក្នុង​ថ្ងៃ​ចូល​វស្សា សម័យ​កាល​ខ្លះ​នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ។ ពេល​ខ្លះ ក៏​ធ្វើ​នៅ​ថ្ងៃ​ចេញ​វស្សា ពេល​ខ្លះ​នៅ​ថ្ងៃ​អក​អំបុក សំពះ​ព្រះ​ខែ​នេះ​ឯង។ នេះ​តាម​និយម​ផ្សេងៗ​គ្នា​អ៊ីចឹង​ណា៎​ញោម ចម្រើន​ពរ!»

ពិធី​បណ្ដែត​ប្រទីប​ជ្វាលា​នេះ គឺ​អ្នក​ស្រុក​និយម​នាំ​គ្នា​ធ្វើ​នៅ​តាម​ដង​ទន្លេ ស្ទឹង ព្រែក បឹងបួ ស្រះ​ត្រពាំង​ក្នុង​ភូមិ​ស្រុក។ តាម​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ អ្នក​ស្រុក​ខ្លះ ធ្វើ​ប្រទីប​នេះ​ដោយ​យក​ដើម​ចេក​មក​ចង​ក្រៀក​ជាប់​គ្នា​ជា​ក្បូន។ ជួន​កាល​គេ​រចនា​មាន​សណ្ឋាន​ជា​រាង​ចេតិយ​ច្រើន​ថ្នាក់ មាន​ទ្វារ​បួន និង​មាន​កំពូល​ស្រួច ហៅ​ថា​ប្រទីប ដោយ​មាន​ដុត​ទៀន​ធូប និង​តុប​តែង​លំអ​ដោយ​ទង់​ជ្វាលា និង​ផ្កា​ភ្ញី​ចម្រុះ​ពណ៌​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។