បុណ្យ​បណ្ដែត​ប្រទីប​នៅ​ប្រទេស​គោរព​ពុទ្ធសាសនា

0:00 / 0:00

ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​តាម​បែប​ទំនៀម​អ្នក​ស្រុក ភ្ជាប់​នឹង​ជំនឿ​ការ​គោរព​បូជា​ព្រះពុទ្ធ​សាសនា ដែល​បាន​ចាក់​គ្រឹះ​ក្នុង​សង្គម​ជាតិ​ខ្មែរ​ជាច្រើន​សតវត្ស​មក​ហើយ។

ក្នុង​គោល​គំនិត​នេះ ការ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​សំដៅ​ឧទ្ទិស​ដល់​ព្រះ​សារីរិកធាតុ គឺ​ព្រះ​ចង្កូម​កែវ ឬ​ធ្មេញ​ចង្កូម​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម និង​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ ដែល​ប្រតិស្ឋាន​ទុក​នៅ «ស្ទឹង​នម្មទា» ស្ថិត​ក្នុង​ប្រទេស​ភូមា សព្វថ្ងៃ។

តើ​ពលរដ្ឋ​ពុទ្ធបរិស័ទ​នៃ​ប្រទេស​ដទៃ​ទៀត​ដែល​កាន់​ពុទ្ធសាសនា មាន​ទំនៀម​ប្រារព្ធ​ពិធី​បុណ្យ​មួយ​នេះ​ដូចជា​ពលរដ្ឋ​ខ្មែរ​ដែរ​ឬ​យ៉ាង​ណា?

អ្នកនាង កេសរណ្ណីយ្យា ជូន​សេចក្តី​អធិប្បាយ​ជុំវិញ​រឿង​នេះ ដោយ​ផ្ដោត​តែ​ទៅ​លើ​ប្រទេស​សិរីលង្កា ភូមា ថៃ និង​ប្រទេស​លាវ៖

ចំណុច​ដូច​គ្នា​មួយ គឺ​ក្នុង​ពិធី​បណ្ដែត​ប្រទីប​នោះ អ្នក​ស្រុក​បរិស័ទ​ខ្មែរ​តែង​និមន្ត​ព្រះសង្ឃ​គង់​នៅ​លើ​ទូក​មួយ ដែល​អូស​សណ្ដោង​ក្បូន​ប្រទីប​ជា​ទី​តម្កល់​គ្រឿង​សក្ការបូជា។

នៅ​ប្រទេស​លាវ អ្នក​ស្រុក​គេ​ក៏​នៅ​រក្សា​ទំនៀម​នេះ​ដូច​គ្នា​ដែរ។ លោក មៀច មាន ជនជាតិ​ភាគ​តិច​ទំពួន នៅ​ខេត្ត​រតនគិរី ដែល​មាន​ជាប់​ឈាម​ជ័រ​ជនជាតិ​លាវ និង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ និង​លាវ ញឹកញយ ឱ្យ​ដឹង​ថា ប្រពៃណី​ពិធី​បណ្ដែត​ប្រទីប​របស់​ពុទ្ធបរិស័ទ​នៃ​ជនជាតិ​ទាំង​ពីរ​នេះ ភាគ​ច្រើន​គេ​ប្រារព្ធ​ធ្វើ​នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​វត្ត​អារាម​រៀបចំ​ដោយ​ព្រះសង្ឃ និង​អាចារ្យ​នៅ​ទី​អាវាស​នីមួយៗ។ ចំណែក​តួ​ក្បូន​ប្រទីប​វិញ លោក​ថា នៅ​តំបន់​ខ្លះ គឺ​គេ​ធ្វើ​អំពី​ឫស្សី តុបតែង​លំអ​ដោយ​ដើម​ចេក ស្រទប​ចេក ព្រម​ទាំង​នំ​នែក ផ្លែ​ឈើ ផ្កា​ភ្ញី និង​ដុត​ទៀន ឬ​ចន្លុះ ដូចជា​ទំនៀម​ខ្មែរ​យើង​ដែរ៖ «បុណ្យ​បណ្ដែត​ប្រទីប ភាសា​ឡាវ ហៅថា លយ-កថូង ភាសា​ថៃ​ខាង​ជើង ថៃ​ឦសាន គេ​ហៅថា លយ-កថូង ដូច​គ្នា។ ពិធី​ហ្នឹង ៨​ខេត្ត​នៃ​ភាគ​ឦសាន​ប្រទេស​ឡាវ ហើយ​និង​អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សេកុង ក្នុង​ប្រទេស​ឡាវ បើ​នៅ​ក្នុង​វត្ត​គេ​ធ្វើ​ជា​ឫស្សី ធ្វើ​លក្ខណៈ​ដូច​ទូក​ជា​ក្បូន​វែង​ធំ គេ​តែង​ដូច​ក្បាល​នាគ ដូច​កន្ទុយ​នាគ។ ក្បូន​ប្រទីប​ហ្នឹង គឺ​មាន​ប្រវែង​ចាប់​ពី ១៧​ម៉ែត្រ រហូត​ដល់​ជាង ២០​ម៉ែត្រ អាស្រ័យ​លើ​ចំនួន​ប្រជាជន​ក្នុង​ភូមិ បាទ! ទទឹង​ក្បូន​ប្រទីប​ប្រវែង ៨​តឹក ទៅ ១​ម៉ែត្រ គេ​ហៅថា ប្រទីប​ទឹក។ បន្ទាប់​មក លោក​សូត្រ​ជយន្តោ​អី​រួច​រាល់​ហើយ បាន​គេ​យក​ទូក​កាណូត​អូស អូស​ចំនួន ៣​ជុំ ចម្ងាយ​ប្រហែល​ជា ១-២​គីឡូ (ម៉ែត្រ) ដី គេ​អូស​ចុះ​អូស​ឡើង​បាន​គេ​ព្រលែង​ក្បូន​ហ្នឹង​ឱ្យ​អណ្ដែត​ទៅ​តាម​ដំណើរ​វា​ទៅ»

ចំណុច​មួយ​ទៀត គឺ​ថា​បរិស័ទ​ខ្មែរ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ដោយ​មាន​និមន្ត​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ នមស្ការ​រំឭក​ដល់​ព្រះ​ចង្កូម​កែវ ឬ​ធ្មេញ​ចង្កូម និង​ស្នាម​ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម។

ភិក្ខុ អគ្គទិន្នកោ ផាន់ វណ្ណារ៉េត គង់​នៅ​វត្ត​ស្វាយ​កល្ប ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ថេរ​ដីកា​បញ្ជាក់​អំពី​ការ​ឧទ្ទិស​ចំពោះ​ព្រះ​ចង្កូម​កែវ ដែល​ជា​ផ្នែក​មួយ​នៃ​ព្រះ​សារីរិកធាតុ៖ «ពុទ្ធបរិស័ទ​តាម​បណ្ដា​ភូមិ គឺ​លោក​តែង​ធ្វើ​ប្រទីប​ហ្នឹង ឧទ្ទិស​ដល់​ព្រះ​ចង្កូម​កែវ។ ព្រះ​ចង្កូម​កែវ​នេះ​ចែក​ចេញ​ជា​៤។ នៅ​ក្នុង​នោះ លោក​សម្ដែង​ថា ព្រះ​ទាថាធាតុ គឺ​ព្រះ​ចង្កូម​កែវ​ខាង​ស្តាំ​ខាង​លើ ប្រតិស្ឋាន​នៅ​ស្ថាន​ត្រៃត្រិង្ស ដែល​យើង​ហៅថា ស្ថាន​តាវតឹង្ស។ មួយ​ទៀត ព្រះ​ចង្កូម​កែវ​ខាង​ស្តាំ​ខាង​ក្រោម ប្រតិស្ឋាន​នៅ​ក្នុង​សីហឡ​ទ្វីប បច្ចុប្បន្ន​នេះ​ហៅថា​ប្រទេស​សិរីលង្កា។ មួយ​ទៀត ព្រះ​ចង្កូម​ខាង​ឆ្វេង​ខាង​លើ ប្រតិស្ឋាន​នៅ​ក្នុង​ដែនដី​គន្ធារៈ យើង​បច្ចុប្បន្ន ប្រទេស​ចិន។ ព្រះ​ចង្កូម​កែវ​ខាង​ឆ្វេង​ខាង​ក្រោម ប្រតិស្ឋាន​នៅ​ក្នុង​ពិភព​នាគ។ នេះ គឺ​ទាក់ទង​នឹង​ព្រះ​ចង្កូម​កែវ​ទាំង​៤ របស់​ព្រះសម្មាសម្ពុទ្ធ ជា​កន្លែង​ដែល​យើង​គួរ​គោរព​បូជា​ទាំង​បព្វជិត​ទាំង​គ្រហស្ថ ធ្វើ​សេចក្តី​ជ្រះ​ថ្លា​ហ្នឹង​ចម្រើន​ពរ!»

ចំណែក​នៅ​ប្រទេស​សិរីលង្កា ដែល​សម័យ​ពុទ្ធកាល​មាន​ឈ្មោះ​ថា «សីហឡ​ទ្វីប» នោះ ពលរដ្ឋ​ពុទ្ធបរិស័ទ​គេ​ក៏​មាន​ទំនៀម​ធ្វើ​ពិធី​បុណ្យ​ហែ​ប្រទីប និង​បណ្ដែត​ប្រទីប ក្នុង​ការ​គោរព​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​គេ​បាន​រក្សា​ទុក​ក្នុង​ព្រះ​ចេតិយ​មួយ​កន្លែង ជា​ទី​សក្ការៈ​ដ៏​ប្រសើរ​ឧត្តម​មក​ដល់​សព្វថ្ងៃ។ រីឯ​សម័យ​កាល​នៃ​ការ​ប្រារព្ធ​ពិធី​បណ្ដែត​ប្រទីប​នេះ ទាំង​អ្នក​ស្រុក​នៅ​សិរីលង្កា ថៃ និង​លាវ គេ​ធ្វើ​ដូច​គ្នា​នឹង​បរិស័ទ​ខ្មែរ​ដែរ គឺ​ក្នុង​អំឡុង​ខែ​ភទ្របទ ដែល​ជា​រដូវ​ភ្ជុំ​នៅ​ស្រុក​ខ្មែរ ហើយ​និង​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា​ក្នុង​ខែ​អស្សុជ តាម​ពុទ្ធសាសនា។ នេះ គឺ​ជា​សេចក្តី​អធិប្បាយ​របស់ លោក មៀច មាន ប្រធាន​អង្គការ​ការពារ​ទន្លេ​៣ នៅ​ខេត្ត​រតនគិរី អំពី​ពិធី​បូជា​ប្រទីប​ចំពោះ​ព្រះ​ចង្កូម​កែវ ជាពិសេស​នៅ​ក្នុង​ប្រទេស​សិរីលង្កា ដែល​លោក​បាន​សង្កេត​ឃើញ​គេ​បណ្ដែត​ក្នុង​ទឹក​ផង និង​ហែ​ប្រទីប​នៅ​លើ​គោក​ផង៖ «ខ្ញុំ​ឃើញ​គេ​គោរព​ខ្លាំង​ជាង​គេ​ព្រះ​ចង្កូម​កែវ គឺ​នៅ​ភូមា និង​នៅ​សិរីលង្កា។ ខ្ញុំ​បាន​ចូល​ទៅ​ដល់​កន្លែង​ព្រះ​ចង្កូម​កែវ បាន​ឃើញ​ប្រាសាទ​ព្រះ​ចង្កូម​កែវ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ប្រទេស​សិរីលង្កា។ ព្រះ​ចង្កូម​កែវ​របស់​គេ​ហ្នឹង គឺ​នៅ​ក្នុង​ព្រះវិហារ ដែល​មាន​កសិណ​នៅ​ព័ទ្ធ​ជុំវិញ។ គេ​គោរព គេ​ភ្លើង​ទៀន​គេ​ដាក់​ក្នុង​កន្ទោង ដាក់​ផ្កា​ដាក់​អី​ទៅ គេ​បណ្ដែត​ទៅ។ នៅ​សិរីលង្កា កន្ទោង​ហ្នឹង​គេ​មាន​ក្លង មាន​ដុត​ប្រេង​ដូង គេ​ដាក់​អំបោះ​ឆៅ​ដូច​យើង​បណ្ដូល​ទៀន ដាក់​លើ​កន្ទោង​ហ្នឹង គេ​ដាក់​ផ្កា ហើយ​អត់​មាន​អី​ទៀត​ទេ»

គោល​បំណង​មួយ​ទៀត​ដែល​ទាក់ទិន​នឹង​ទំនៀម​អ្នក​ស្រុក ក្នុង​ការ​ប្រារព្ធ​បុណ្យ​បណ្ដែត​ប្រទីប​នេះ គឺ​ជា​ការ​រំឭក​ដល់​ស្នាម​ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​មាន​ជា​តឹកតាង​នា​ឆ្នេរ «ស្ទឹង​នម្មទា» ស្ថិត​ក្នុង​ប្រទេស​ភូមា សព្វថ្ងៃ​នេះ។

លោកគ្រូ​ធម្មាចារ្យ សោម វណ្ណៈ បង្រៀន​សាលា​បាលី​វត្ត​ចំបក់​មាស ភូមិ​ក្តីចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ធ្លាប់​បាន​បួស​រៀន​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ភូមា។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ភូមា មាន​ស្នាម​ព្រះបាទ​ជាន់​ទុក​ពីរ​កន្លែង ដែល​សុទ្ធតែ​ជា​ស្នាម​ព្រះបាទ​ខាង​ឆ្វេង​ទាំងអស់ គឺ​មួយ​នៅ​ឆ្នេរ «ស្ទឹង​នម្មទា» និង​មួយ​ទៀត​នៅ​លើ​ភ្នំ​មួយ​ឈ្មោះ «សច្ចៈ​ព័ន្ធ»។ លោក​បាន​រំឭក​អំពី​កិច្ច​បូជា​របស់​អ្នក​ស្រុក​ភូមា ចំពោះ​ស្នាម​ព្រះបាទ​ជាន់​ទុក​នា​ឆ្នេរ «ស្ទឹង​នម្មទា» នេះ ដែល​បរិស័ទ​ភូមា ពី​មុន​និយម​នាំ​គ្នា​បូជា ដោយ​យក​មាស​សន្លឹក​ដែល​គេ​ផែ​ស្តើងៗ​ទៅ​បិទ ឬ​ទឹប​ពី​លើ​ស្នាម​ព្រះបាទ​នោះ។ សព្វថ្ងៃ អ្នក​ស្រុក​ភូមា គេ​ប្រារព្ធ​កិច្ច​បូជា​ជា​រៀង​រាល់​ឆ្នាំ​ជា​លក្ខណៈ​បុណ្យ​ជាតិ ហៅថា «បុណ្យ​បើក​ស្នាម​ព្រះបាទ» ប៉ុន្តែ​មិន​មាន​ទំនៀម​បណ្ដែត​ប្រទីប​អ្វី​ឡើយ៖ «ស្នាម​ព្រះបាទ​នៅ ស្ទឹង​នម្មទា ជា​ស្នាម​ព្រះបាទ​មួយ​ដែល​មាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ព្រះ​ត្រៃបិដក ព្រះ​អដ្ឋកថា តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា មាន​ស្ទឹង​នម្មទា ភ្នំ​សច្ចៈ​ព័ន្ធ ដែល​នៅ​ក្បែរ​គ្នា​ហ្នឹង ក្នុង​ប្រទេស​ភូមា។ ពុទ្ធបរិស័ទ​ភូមា មិន​បាន​ធ្វើ​បុណ្យ​បណ្ដែត​ប្រទីប​ដូច​យើង​ក្នុង​ប្រទេស​ខ្មែរ​ទេ គឺ​ទាល់​តែ​រដូវ​ទឹក​ស្រក ចាប់​ពី​ពាក់​កណ្ដាល​ខែ​២​ទៅ គេ​ធ្វើ​ពិធី បុណ្យ​បើក​ស្នាម​ព្រះបាទ។ រដ្ឋាភិបាល​ភូមា និង​ប្រជាជន​ទាំងអស់ នាំ​គ្នា​ធ្វើ​ពិធី​លើក​គម្រប​ដែល​គេ​ធ្វើ​ជា​គម្រប​ដែក គ្រប​លើ​ស្នាម​ព្រះបាទ​ហ្នឹង ដែល​ចាប់​ពី​យើង​ចូល​ឆ្នាំ​ខ្មែរ​រួច​ទៅ គឺ​ទឹក​ចាប់​ផ្ដើម​ឡើង​មក​វិញ គេ​ក៏​ចាប់​ផ្តើម​ធ្វើ​ពិធី បិទ​ស្នាម​ព្រះបាទ គ្រប​គេ​ចាប់​ផ្តើម​បិទ​វិញ​ហើយ​បាទ! ប្រជាជន​ទូទាំង​ពិភពលោក ដែល​គេ​ជ្រះ​ថ្លា​ចំពោះ​ស្នាម​ព្រះបាទ ក៏​បាន​ទៅ​បូជា​នៅ​តំបន់​ហ្នឹង។ ពុទ្ធបរិស័ទ​ខ្មែរ​យើង​ភាគ​ច្រើន​ដែល​ខ្ញុំ​ផ្ទាល់​បាន​នាំ​ទៅ គឺ​ពាក់​កណ្ដាល​ខែ​២​ហ្នឹង គឺ​ចាប់​ផ្តើម​អញ្ជើញ​ទៅ​ថ្វាយ​បង្គំ​ស្នាម​ព្រះបាទ​នៅ ស្ទឹង​នម្មទា ហ្នឹង បាទ»

ស្ទឹង​នម្មទា គឺ​ជា​ឈ្មោះ​ដើម​តាម​ភាសា​បាលី​នា​សម័យ​ពុទ្ធកាល មាន​ន័យ​ថា ស្ទឹង​ដែល​ផ្តល់​នូវ​សេចក្តី​សុខ។ ស្ទឹង​នេះ​ហូរ​កាត់​ជ្រលង​ភ្នំ​ជាច្រើន​អន្លើ ភ្ជាប់​ប្រទេស​ភូមា បច្ចុប្បន្ន ទៅ​ដល់​ប្រទេស​ឥណ្ឌា។

លោកគ្រូ​ធម្មាចារ្យ សោម វណ្ណៈ បញ្ជាក់​បន្ថែម​ថា សព្វថ្ងៃ​នេះ អ្នក​ស្រុក​ភូមា ហៅ​ស្ទឹង​នោះ​ថា ម៉ាន​ឆោង មាន​ន័យ​ថា ស្ទឹង​ដែល​មាន​ទឹក​ថ្លា​ដូច​កញ្ចក់ ដោយ​ហេតុ​ថា​ដើម​ឡើយ គឺ​ស្ទឹង​នេះ​មាន​ទឹក​ថ្លា​ឆ្វង់​មើល​ឆ្លុះ​ដល់​បាត​ស្ទឹង។ រីឯ​ស្នាម​ព្រះបាទ​ខាង​ឆ្វេង ដែល​ប្រតិស្ឋាន​នា​ឆ្នេរ​ស្ទឹង​នម្មទា នេះ មាន​ទំហំ​ជាង ១​ម៉ែត្រ ស្ថិត​នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​មាន​ផ្ទៃ​រាប​ស្មើ ដែល​មើល​ទៅ​ឃើញ​នៅ​ដិត​ស្នាម​ព្រះបាទ​ច្បាស់​ក្រឡៅ ទោះ​បី​ជា​ពុទ្ធសាសនា​បាន​កន្លង​ផុត​ជិត ២៥៥៨​ឆ្នាំ​ទៅ​ហើយ​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។