ការ​បូជា​ទៀន​ធូប​ក្នុង​ពុទ្ធសាសនា

0:00 / 0:00

ជាទូទៅ ពលរដ្ឋ​ពុទ្ធបរិស័ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែង​និយម​នាំ​គ្នា​ដុត​ទៀន​ធូប​ជា​ផ្នែក​មួយ​នៃ​គ្រឿង​បូជា នៅ​ក្នុង​ពិធី​ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់​ផ្សេងៗ ដូចជា​ពិធី​អាពាហ៍ពិពាហ៍ ពិធី​ក្រុង​ពាលី ពិធី​បួង​សួង​ថ្វាយ​បង្គំ​គ្រូ និង​ពិធី​សុំ​ទឹក​ភ្លៀង ជាដើម។

ក្រៅ​ពី​នេះ នៅ​ក្នុង​ពិធី​បុណ្យ​ទាក់ទង​នឹង​ពុទ្ធសាសនា រួម​មាន​បុណ្យ​ទក្ខិណានុប្បទាន បុណ្យ​បច្ច័យបួន ឬ​បុណ្យ​សង្ឃទាន បុណ្យ​កឋិនទាន បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ចម្រើន​ព្រះជន្ម និង​បុណ្យ​សព​ជាអាទិ៍ ក៏​ឃើញ​មាន​ការ​បូជា​ទៀន និង​ធូប​ដែរ។

នៅ​ក្នុង​នាទី «សាសនា និង​សង្គម» នា​សប្ដាហ៍​នេះ អ្នក​នាង កេសរណ្ណីយ្យា ជូន​សេចក្តី​អធិប្បាយ​អំពី​ទំនៀម​ដុត​ទៀន​ធូប​របស់​ពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ ថា​តើ​ជា​ការ​គោរព​បូជា​តាម​គោល​ពុទ្ធសាសនា​ដែរ​ឬ​យ៉ាង​ណា?

៚ភ្លេង​ពិណពាទ្យ៚

ក្នុង​ពុទ្ធសាសនា​មាន​ចែង​អំពី​ទាន​វត្ថុ ១០​យ៉ាង ដែល​ក្នុង​នោះ​រួម​មាន​ប្រទីប​ផង​ដែរ។ តាម​ន័យ​ពាក្យ​ប្រទីប ដែល​ជា​ភាសា​បាលី​បាន​ដល់​គ្រឿង​ដុត​បំភ្លឺ មាន​ចង្កៀង គោម ទៀន និង​ចន្លុះ ជាដើម។ រីឯ​ការ​ឲ្យ ឬ​បូជា​ប្រទីប​ជ្វាលា​នេះ ពុទ្ធសាសនា​ចាត់​ទុក​ថា​ជា​ការ​ឲ្យ​នូវ​សេចក្តី​សុខ​មួយ​ផ្នែក​ដល់​ជន​ដទៃ ដែល​បាន​ជា​ពន្លឺ​បំបាត់​នូវ​ភាព​អន្ធការ​ក្នុង​ទី​ងងឹត និង​នា​ពេល​រាត្រី​កាល​ចូល​មក​ដល់។

សៀវភៅ «ទាន​កថា» និពន្ធ​ដោយ ភិក្ខុ ហែម ចៀវ អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ កាល​ពី ៥០​ឆ្នាំ​មុន​នោះ បាន​កត់ត្រា​ដក​ស្រង់​សេចក្តី​អធិប្បាយ​នៃ​គម្ពីរ​ពុទ្ធសាសនា​ថា ការ​ឲ្យ​ទាន​ជា​កិច្ច​បវេណី ឬ​ប្រពៃណី​ទំនៀម​ដ៏​ប្រសើរ​តំណ​វង្ស​ត្រកូល​របស់​កល្យាណ​ជន និង​បណ្ឌិត​ទាំង​ឡាយ។ រីឯ​ផល​នៃ​ការ​ឲ្យ​ទាន​រមែង​នាំ​មក​នូវ​ប្រយោជន៍ សេចក្តី​ល្អ សេចក្តី​សុខ និង​សេចក្តី​ចម្រើន​រុង​រឿង​ច្រើន​ប្រការ​ដល់​បុគ្គល​អ្នក​ម្ចាស់​ទាន។

លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ នៅ​ភូមិ​វត្តស្វាយ ឃុំ​សាលាកំរើក ក្រុង​សៀមរាប អធិប្បាយ​អំពី​សេចក្តី​នេះ​ហើយ​ដែល​ជា​ផ្នែក​មួយ​ញ៉ាំង​ឲ្យ​ពុទ្ធបរិស័ទ​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ពុទ្ធសាសនា តែង​នាំ​គ្នា​បូជា​នូវ​ប្រទីប​ជ្វាលា​ជា​គ្រឿង​អុជ​បំភ្លឺ តាំង​ពី​សម័យ​ពុទ្ធកាល​ជាប់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «បាទ! នៅ​ក្នុង​ទាន​វត្ថុ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ដែរ​ពី​រឿង​ប្រទីប​ហ្នឹង ហើយ​មាន​តាំង​ពី​សម័យ​ព្រះពុទ្ធ​មុនៗ​មក​ដែរ ធ្លាប់​បរិស័ទ​នាំ​គ្នា​បូជា​ប្រទីប​ហ្នឹង មិន​មែន​តែ​ទៀន​ទេ សូម្បី​តែ​ចន្លុះ​ក៏ដោយ គ្រប់​បែប​យ៉ាង​ទាំងអស់​ក៏​ជា​រួម​មក គឺ​ហៅ​ថា​ប្រទីប ដែល​ជា​ឲ្យ​នូវ​ការ​ដុត​បំភ្លឺ ហើយ​សព្វថ្ងៃ​ដល់​ទៅ​ងាយ​ជាង​ហ្នឹង​ទៅ​ទៀត គឺ​ភ្លើង​អគ្គិសនី​នេះ​ឯង។ ប៉ុន្តែ​លក្ខណៈ​រួម គឺ​ជា​ការ​ឲ្យ​ប្រទីប​ជា​ទាន​នេះ​ឯង ដែល​ព្រះអង្គ​សម្ដែង​ថា «ទីប​ទោ ចក្ខុ​ទោ​ហោតិ» អ្នក​ឲ្យ​ប្រទីប គឺ​ឈ្មោះ​ថា​ឲ្យ​ចក្ខុ គឺ​ភ្នែក​នេះ​ឯង»

តាម​សៀវភៅ «ពិធី​ប្រចាំ​ដប់​ពីរ​ខែ» របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​រៀបរៀង​ដោយ អ្នកស្រី ពេជ្រ សល់ បោះពុម្ព​ផ្សាយ​កាល​ពី ៥០​ឆ្នាំ​មុន​ដែរ​នោះ​សរសេរ​ថា ទៀន និង​ធូប គឺ​ជា​គ្រឿង​សក្ការៈ​ដែល​គេ​និយម​ប្រើ​នៅ​គ្រប់​ពិធី​ទំនៀមទម្លាប់​ផ្សេងៗ​ក្នុង​សង្គម​ខ្មែរ។ គេ​ច្រើន​អុជ​ធូប​ចំនួន ៥​សរសៃ ដែល​តំណាង​ទិស​ធំៗ​ទាំង​៤ និង​ទី​កណ្ដាល​នៃ​ទិស​ទាំង​៤ ដែល​គេ​ចាត់​ទុក​ជា​ទិស​មួយ​ដែរ។ ក្នុង​គំនិត​ដូច​គ្នា​នេះ ប្រសិន​បើ​គេ​ដុត​ធូប​ចំនួន ៩​សរសៃ​វិញ គឺ​តំណាង​ទិស​តូច​ធំ​ទាំង​៨ និង​ទិស​កណ្ដាល​មួយ​ទៀត។

ប៉ុន្តែ​ទាក់ទង​នឹង​ការ​អុជ​ធូប​បូជា​ជា​គ្រឿង​សក្ការៈ​នេះ គឺ​ពុំ​មាន​ចែង​ក្នុង​គម្ពីរ​ដីកា​ពុទ្ធសាសនា​ឡើយ។

លោកគ្រូ​ធម្មាចារ្យ តាន់ សុចន្ទ នៃ​សាលា​ធម្ម​វិន័យ​ស្វាយ​កល្ប ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​បញ្ជាក់​ថា ទំនៀម​បូជា​ធូប​នេះ គឺ​ជា​ឥទ្ធិពល​នៃ​ជំនឿ​ផ្នែក​ព្រហ្មញ្ញសាសនា ដែល​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នោះ៖ «បាទ! សាធុ! តាម​បែបបទ​ប្រពៃណី​ព្រហ្មញ្ញ លោក​មាន​ទៀន​ធូប​គ្រឿង​សក្ការៈ​ហ្នឹង​ពិត​ប្រាកដ​ហើយ។ ប៉ុន្តែ​តាម​បែប​ពុទ្ធសាសនា​យើង​នេះ ការ​បូជា​ព្រះ​រតនត្រ័យ ការ​បូជា​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយ​ចំពោះ​ត្រង់​នោះ កាល​ដើម​ឡើយ គឺ​មាន​តែ​កាយ​វាចា​ចិត្ត​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ក្នុង​ពុទ្ធសាសនា​ក៏​មាន​ពាក្យ​ថា​ប្រទីប ការ​បូជា​ប្រទីប​ចំពោះ​ព្រះ​រតនត្រ័យ​ដែរ អត់​តែ​ធូប​តែ​ប៉ុណ្ណោះ​ទេ។ តែ​ក្រោយ​មក អ្នក​ប្រាជ្ញ​លោក​តែង​កាព្យ​ជា​បទ​សូត្រ​ថា ឥមេ ហិ ទិប​ធូបា... គឺ​មាន​ទៀន​ធូប​នៅ​ក្នុង​ហ្នឹង ប៉ុន្តែ​នេះ​មិន​មែន​ជា​ទ្រឹស្ដី ឬ​ជា​ពុទ្ធ​ដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ទេ...»

ចំពោះ​ការ​ប្រើ​ធូប​ជា​គ្រឿង​សក្ការបូជា​នេះ ភិក្ខុ​ព្រះ​ញាណកោសល យ៉ង សេងយៀត សកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ នៅ​ទីក្រុង​ភ្នំពេញ ក៏​មាន​ថេរ​ដីកា​បញ្ជាក់​ដូច​គ្នា​ដែរ​ថា ជាប់​ទំនៀម​ពី​ជំនឿ​សាសនា​ព្រាហ្មណ៍​ដែល​បាន​ហូរ​ចូល​មក​ក្នុង​ដែន​ដី​ខ្មែរ​តាំង​ពី​ក្នុង​សម័យ​បុរាណ ហើយ​ក៏​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​ទោះ​បី​ជា​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ពុទ្ធសាសនា​ពុំ​មាន​ចែង​អំពី​ការ​បូជា​ធូប ជា​គ្រឿង​សក្ការៈ​ចំពោះ​ព្រះ​រតនត្រ័យ​ក្តី ភិក្ខុ​ព្រះ​ញាណកោសល យ៉ង សេងយៀត មាន​ថេរ​ដីកា​លើក​យក​អំពី​ការ​ប្រើ​ធូប ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា៖ «ក្នុង​ព្រះ​វិន័យ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​លោក​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សង្ឃ​លោក​ប្រើ​ធូប ប៉ុន្តែ​ធូប​នោះ​ប្រើ​ពេល​ដែល​ព្រះអង្គ​គង់​ឆាន់​ឲ្យ​ដោយ​ចន្លោះ​ពេល​ព្រះអង្គ​គង់​ឆាន់ ធូប​ហ្នឹង គឺ​ធូប​ក្រអូប​ទៀត។ ប៉ុន្តែ​សារសំខាន់​នៃ​ពុទ្ធានុញ្ញាត​ដែល​ឲ្យ​ប្រើ​ធូប​នោះ គឺ​ដើម្បី​កាត់​ចំអាប​ក្លិប​នៃ​អាហារ។ ក្រោយ​មក​ទៀត ក្នុង​សង្គម​ខ្មែរ​ឃើញ​មាន​បូជា​ដល់​ព្រះពុទ្ធ​រូប ក៏​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​លោក​បូជា​ទៀន​ធូប។ ត្រង់​នេះ អាត្មា​សង្កេត​មើល​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​នេះ ឃើញ​ធ្វើ​គ្រប់​គ្នា ប៉ុន្តែ​ពិធី​ធ្វើ​ផ្សេងៗ​ពី​គ្នា។ នៅ​ប្រទេស​កម្ពុជា ឃើញ​មាន​គាថា​មួយ​មេ ដែល​សូត្រ​ថា ឥមេ ហិ ទិប​ធូបា ជាដើម ប្រែ​មក​ថា ខ្ញុំ​ព្រះករុណា​សូម​បូជា​ចំពោះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយ​គ្រឿង​សក្ការៈ​ទាំង​ឡាយ មាន​ទៀន និង​ធូប ជាដើម។ ព្រះ​គាថា​នេះ នៅ​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ដទៃ មិន​ឃើញ​មាន​អ្នក​ចេះ​ទេ...»

ក្នុង​ទាន​វត្ថុ​ទាំង ១០​យ៉ាង ក្រៅ​ពី​ប្រទីប​ជា​គ្រឿង​ដុត​បំភ្លឺ​ដែល​មាន​ទៀន និង​ចង្កៀង​គោម ជាដើម​នេះ គឺ​ព្រះពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​បូជា​គន្ធ​ជាតិ​ទាំង​ឡាយ​ដែល​ជា​គ្រឿង​ក្រអូប។ ភិក្ខុ​ព្រះ​ញាណកោសល យ៉ង សេងយៀត មាន​ថេរ​ដីកា​អំពី​ពុទ្ធានុញ្ញាត​ចំពោះ​ការ​បូជា​គ្រឿង​ក្រអូប​ផ្សេងៗ​ជា​ទាន ដែល​អាច​ជា​ប្រភព​មួយ​នាំ​ឲ្យ​មាន​ការ​ជាប់​ជា​ទំនៀម​នៃ​ការ​បូជា​ធូប នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធសាសនា៖ «នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​ពុទ្ធបរិស័ទ​បូជា​គ្រឿង​ក្រអូប ដូចជា​ខ្លឹម​ច័ន្ទ ដាក់​នៅ​ក្នុង​ព្រះ​គន្ធ​កុដិ ឲ្យ​មាន​ក្លិន​ក្រអូប កាល​ដែល​ព្រះអង្គ​គង់​នៅ។ ប៉ុន្តែ​ឥឡូវ ខ្លឹម​ច័ន្ទ​នេះ​វា​ថ្លៃ​ណាស់ ពុទ្ធបរិស័ទ​លោក​មិន​អាច​បូជា​បាន​ទេ។ ដូច្នេះ គេ​ធ្វើ​ធូប​ក្រអូប​តិចៗ ដែល​មាន​តម្លៃ​ល្មម​ដែល​ពុទ្ធបរិស័ទ​អាច​បូជា​ចំពោះ​ព្រះ​រតនត្រ័យ។ ប៉ុន្តែ​ឥឡូវ ដោយ​ព្រះអង្គ​លោក​បរិនិព្វាន​ទៅ ពុទ្ធបរិស័ទ​ជា​ទំនៀម​មក ក៏​បូជា​ចំពោះ​ព្រះពុទ្ធ​រូប ដោយ​ផ្ដោត​ចិត្ត​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទៅ​ជា​ទម្លាប់​តៗ​គ្នា​មក ពរ!»

ការ​បូជា​ទៀន​ធូប​ផ្កា​ភ្ញី ផ្កា​កម្រង ផ្កា​រាយ ជាដើម​នេះ បាន​ក្លាយ​ទៅ​ជា​ទំនៀម​ប្រពៃណី​ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ។ រីឯ​គោល​បំណង​សំខាន់​ក្នុង​គោរព​បូជា​ចំពោះ​ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយ​គ្រឿង​សក្ការៈ​ទាំង​ឡាយ​នេះ ជាទូទៅ គឺ​ម្ចាស់​ទាន​តែង​ប្រាថ្នា​នូវ​សេចក្តី​សុខ សុភមង្គល សេចក្តី​ចម្រើន​រុងរឿង សម្បូរ​សប្បាយ ដោយ​សម្បត្តិ​ទ្រព្យ​ធនធាន និង​យសស័ក្ដិ ជាដើម។

ការ​បូជា​នូវ​គ្រឿង​ដុត​បំភ្លឺ និង​មាលា​ជា​ផ្កា​ឈើ​គ្រប់​យ៉ាង ដែល​ស្ថិត​ក្នុង​ទាន​វត្ថុ ១០​ប្រការ​នេះ គឺ​ជា​អាមិសទាន ឬ​អាមិសបូជា។ រីឯ​ទាន​មួយ​ប្រការ​ទៀត គឺ​ធម្មទាន ដែល​ជា​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង ការ​អប់រំ​ផ្នែក​ចរិយា​សម្បត្តិ គុណធម៌ និង​សីលធម៌។

ក្នុង​ពុទ្ធសាសនា ការ​បូជា​ធម្មទាន​ដែល​នឹង​ជួយ​ដល់​បុគ្គល​អ្នក​សិក្សា​ប្រតិបត្តិ​ដោយ​ត្រឹម​ត្រង់ ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ​ផ្លូវ​ចិត្ត ឲ្យ​បាន​រួច​ចាក​ផុត​ទាំង​ស្រុង​ពី​រាគៈ ក្តី​លោភលន់ ទោសៈ ភ្លើង​កំហឹង និង​មោហៈ ភាព​វង្វេង​មិន​ដឹង​ខុស​ត្រូវ គឺ​ជា​ការ​បូជា​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ និង​មាន​ផល​ច្រើន​ជាង​អាមិសទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។