កិច្ច​វត្ត​ចូល​ព្រះវស្សា

0:00 / 0:00

ជា​រៀងរាល់​ឆ្នាំ​នៅ​ពេល​រដូវវស្សា​ជិត​ចូល​មក​ដល់​ភិក្ខុសង្ឃ​ទាំង​ឡាយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ ឬ​ក៏​ត្រាច់ចរ​តាម​ជនបទ​ផ្សេងៗ តែ​នាំគ្នា​រូតរះ​វិល​មក​កាន់​ទី​វត្ត​អារាម​វិញ ដើម្បី​ចូល​កាន់​វស្សា​រយៈពេល​បី​ខែ។

ការ​កំណត់​ពេល​ចូល ឬ​កាន់​វស្សា ចាប់​ផ្តើម​ពី​ថ្ងៃ ១​រោច ខែ​អាសាឍ ឬ​ទុតិយាសាឍ បើ​ឆ្នាំ​នោះ​មាន​អធិកមាស ឬ​ការ​លើក​ខែ។ តើ​ក្នុង​កំឡុង​ពេល​នៃ​ការ​ចាំ​វស្សា​នេះ ភិក្ខុ​សាមណេរ​មាន​កាតព្វកិច្ច​ធ្វើ​អ្វី​ខ្លះ?

តាម​ពុទ្ធបញ្ញត្តិ​ភិក្ខុសង្ឃ​សាមណេរ អ្នក​បួស​ក្នុង​ពុទ្ធសាសនា ទោះ​គង់នៅ​ទីណា​ក្តី គឺ​ត្រូវ​ប្រារព្ធ​កិច្ច​វត្តប្រតិបត្តិ​ចូល​កាន់​វស្សា​រយៈពេល​មួយ​ត្រីមាស​នៅ​រាល់​រដូវ​ភ្លៀង​ធ្លាក់​ក្នុង​ឆ្នាំ​នីមួយៗ។

នៅ​ថ្ងៃ​ចូល​ព្រះវស្សា ជាទូទៅ​ភិក្ខុសង្ឃ​ចាប់​ផ្ដើម​ប្រារព្ធ​កិច្ច​ដោយ​ចូល​ក្នុង​រោង​ឧបោសថ ឬ​ព្រះវិហារ​ដើម្បី​អធិដ្ឋាន ឬ​ប្រកាស​តាំង​ចិត្ត​នៅ​ក្នុង​ទី​ដែល​បាន​កំណត់​គង់នៅ​ចាំ​វស្សា ដោយ​សេចក្ដី​ជាអាទិ៍​ថា៖ «អាត្មា​អញ​នឹង​ស្ថិត​នៅ​ក្នុង​អាវាស​នេះ​អស់​កាល​កំណត់ ៣​ខែ…»។

តើ​ហេតុ​អ្វី​បាន​ជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​បញ្ញត្តិ​ដល់​សង្ឃ​សាវក​របស់​ព្រះអង្គ ឱ្យ​ត្រូវ​គង់​ចាំ​វស្សា?

ទាក់ទង​នឹង​រឿង​នេះ ព្រះ​ធម្មាចារ្យ ទុំ វចនា រក្ខិតសីលោ ដែល​កំពុង​គង់​ចាំ​វស្សា​នៅ​មណ្ឌល​វិបស្សនាធុរៈ ព្រំដែន​ក្អមសំណរ ក្នុង​ស្រុក​លើកដែក ខេត្ត​កណ្ដាល មាន​ថេរដីកា​អធិប្បាយ​ដោយ​សេចក្ដី​សង្ខេប​អំពី​គោលដៅ​នៃ​កិច្ច​ចូល​ព្រះវស្សា​របស់​ភិក្ខុសង្ឃ​សាមណេរ៖ «បាន​កើត​ការ​ចាំ​ព្រះវស្សា​នេះ ដោយសារ​ថា​ពួក​បរិស័ទ ក៏ដូចជា​ពួក​និគ្រន្ថ​គេ​ការ​តិះដៀល​អំពី​ភិក្ខុសង្ឃ​ដែល​ពុំ​មាន​រដូវ​វស្សា​អី​សោះ សូម្បី​តែ​សត្វ​ទាំង​ឡាយ​ក៏​មាន​ពេល​នៅចាំ​សំបុក​ដែរ ចម្លែក​តែ​សមណ​ទាំង​ឡាយ​ចេះ​តែ​ត្រេចចរ​រហេតរហូត ព្រះពុទ្ធ​ក៏​លោក​ដាក់​បញ្ញត្តិឱ្យ​ភិក្ខុ​ត្រូវ​ចាំ​វស្សា។ ហើយ​សារសំខាន់​នៃ​ការ​ចាំ​ព្រះវស្សា គឺ​ចង់​រក្សា​សណ្ដាប់ធ្នាប់ ក៏ដូចជា​ការ​រក្សា​ការ​ទ្រទ្រង់​ធម៌​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​ថា បើ​មិន​មាន​ការ​ឱ្យ​ភិក្ខុសង្ឃ​ចាំ​ព្រះវស្សា​ទេ គឺ​ព្រះសង្ឃ​ច្រើនតែ​ត្រេចចរ​ទៅ​នេះ​ទៅ​នោះ​មិន​សូវ​នៅ​កន្លែង​ទេ ដល់​អីចឹង​ទៅ ការ​ប្រតិបត្តិ​ព្រះធម៌ ក៏​ដូចជា​ការ​សិក្សា​ព្រះ​ធម៌​មិន​អាច​ទៅ​នេះ​ទៅ​នោះ​រហេតរហូត​ដោយ​មិន​មាន​ការ​ប្រតិបត្តិ​នោះ​ទេ ហើយ​ការប្រតិបត្តិ​ក្នុង​ព្រះ​សាសនា​របស់​ព្រះ​ភិក្ខុសង្ឃ គឺ​សីល សមាធិ បញ្ញា នេះ​ឯង»

ទាក់ទង​នឹង​ពុទ្ធ​បញ្ញត្តិចូល​វស្សា សៀវភៅ «បុណ្យ​ទំនៀម​ទម្លាប់​ខ្មែរ-​ក្រាំង​បុណ្យ​ទាំង​១២​ខែ» របស់​លោក ឆឹង សុផុន បាន​សរសេរ​ដក​ស្រង់​ពុទ្ធដីកា​ពី​គម្ពីរ​ព្រះ​ត្រៃបិដក​ដោយ​សេចក្ដី​ថា៖ នៅ​រដូវវស្សា ភិក្ខុ​ទាំង​ឡាយ​ត្រូវ​ការ​ទីកន្លែង​ស្នាក់​នៅ​សម្រាប់​រៀន​សូត្រ​ព្រះ​ធម៌​រួម​គ្នា ចៀស​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេងៗ ចៀសវាង​ការ​ដើរ​ជាន់​ស្មៅ​ស្រស់ និង​សត្វ​ល្អិត​នានា​ជាដើម។ ម្យ៉ាង​ទៀត ដោយ​ហេតុ​ថា មនុស្ស​សម័យ​បុរាណ​តែង​ឈប់​សម្រាក​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយៗ ក្នុង​រដូវភ្លៀង។ ប៉ុន្តែ​ដោយ​ភិក្ខុ​សាមណេរ​ចាំបាច់​ត្រូវតែ​និមន្ត​បិណ្ឌបាត អាស្រ័យ​ហេតុ​នេះ នា​សម័យ​ពុទ្ធកាល ពុទ្ធបរិស័ទ​តែង​អារធនា​និមន្ត​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​នៅ​តាម​តំបន់​នានា ក្នុង​ភូមិ​ស្រុក ដោយ​រួប​រួម​គ្នា​ផ្គត់ផ្គង់​ចង្ហាន់​បិណ្ឌបាត​ជាដើម គ្រប់​រយៈពេល ៣​ខែ​នេះ ទៅ​កម្លាំង​ធនធាន​រៀងៗ​ខ្លួន។

ត្រង់​ប្រការ​នេះ ភិក្ខុ សុខ សុវណ្ណា យសបាលោ គង់​នៅ​វត្ត​ស្រះស្រង់ ក្រុង​ពោធិ៍សាត់ មាន​ថេរដីកា​អំពី​សារប្រយោជន៍​នៃ​សាមគ្គី​ធម៌​រវាង​ពុទ្ធបរិស័ទ និង​ភិក្ខុសង្ឃ​សាមណេរ​ដែល​កើតឡើង​ពី​កិច្ច​ចូល​វស្សា​អស់​វារៈ​មួយ​ត្រីមាស​នេះ៖ «ពេល​ដែល​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះវស្សា កាល​ពី​សម័យ​ពុទ្ធកាល ភិក្ខុ​សម័យ​កាល​នោះ គឺ​បាន​សិក្សា បាន​បំពេញ​នូវ​នេក្ខមៈធម៌ គឺ​មាន​សីល សមាធិ និង​បញ្ញា។ ពេល​ដែល​ព្រះអង្គ​សិក្សា​បាន​ចំណេះ​ដែល​ល្មម​អាច​សំដែងធម៌​ទៅ​ដល់​ពុទ្ធបរិស័ទ​ដែល​នៅ​ទីនោះ មាន​ន័យ​ថា ព្រះអង្គ​សិក្សា​ខ្លួន​ឯង​ផង ហើយ​មួយ​ទៀត គឺ​ព្រះអង្គ​បាន​សំដែង​ធម៌​ទៅ​ដល់​ពុទ្ធបរិស័ទ។ ពេល​បី​ខែ​ហ្នឹង សម័យ​ពុទ្ធកាល គឺ​ឧបត្ថម្ភ​បច្ច័យ​បួន មាន​ចីវរៈ​បច្ច័យ បិណ្ឌបាត​បច្ច័យ សេនា​សេនៈ​បច្ច័យ និង​គិលាន​ភេសជ្ជៈ​បច្ច័យ។ ដោយសារ​តែ​ការ​ឧបត្ថម្ភ​ទៅ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​នៅ​ក្នុង​ទីណា​មួយ​ហើយ​នោះ គឺ​ព្រះសង្ឃ​គឺ​សំដែង​ធម៌ ដើម្បី​ញ៉ាំង​សទ្ធា​ពុទ្ធបរិស័ទ​ដែល​ជ្រះថ្លា​ហើយ​នោះ ឱ្យ​កាន់តែ​ជ្រះថ្លា​ជា​មួយ​នឹង​ការ​ចាំ​វស្សា ក៏ដូចជា​ការ​បំពេញ​ទាន​របស់​គាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។ នេះ​គឺជា​កិច្ច​ការងារ​របស់​ភិក្ខុសង្ឃ​កាល​សម័យ​ពុទ្ធកាល»

ចំពោះ​វត្តប្រតិបត្តិ​ក្នុង​ឱកាស​គង់​ចាំ​វស្សា​វិញ​នោះ សៀវភៅ «ព្រះ​រាជពិធី​ទ្វាទសមាស» ដែល​ជា​ការ​ផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ នា​ពុទ្ធសករាជ ២៥០៣ ដែល​ត្រូវ​នឹង​គ.ស. ១៩៦០ សរសេរ​ថា៖ ភិក្ខុសង្ឃ​ទាំង​ពួង​តែង​បំពេញ​ដោយ​ម៉ឺងម៉ាត់​ជាង​វេលា​ដទៃ​ទៀត​នូវ​ធុរៈ​ទាំង ២​ប្រការ​ក្នុង​ពុទ្ធសាសនា គឺ​គន្ថៈធុរៈ បាន​ដល់​ការសិក្សា​គម្ពីរ​ព្រះ​ត្រ័យបិដក​ជាដើម និង​វិបស្សនាធុរៈ បាន​ដល់​ការ​ចម្រើន​សមណ​ធម៌​ដែល​ជា​ការ​អនុវត្ត​ជាក់ស្ដែង ជម្រះ​នូវ​គ្រឿង​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត។

ព្រះ​ធម្មាចារ្យ ទុំ វចនា រក្ខិត​សីលោ មាន​ថេរដីកា​អធិប្បាយ​អំពី​កិច្ច​វត្ត​របស់​ភិក្ខុសង្ឃ​នូវ​ធុរៈ​ទាំង ២​ប្រការ​នេះ ក្នុង​ការ​សង្រួម​កាយ​វាចា​ចិត្ត​ឱ្យ​សមគួរ​ជា​ស្រែ​បុណ្យ​ដ៏​មាន​ផល​ច្រើន​របស់​បរិស័ទ៖ «ក្នុង​កិច្ចការ​ប្រតិបត្តិ​ព្រះពុទ្ធ​ទ្រង់​សំដែង​អំពី​ហេតុ ៦​យ៉ាង​ដែល​នាំ​ឱ្យ​កើត​សមាធិ​ដែល​សំខាន់​ទី​១ គឺ​ត្រូវ​រក្សាសីល​ឱ្យ​បាន បាន​ន័យ​ថា ភិក្ខុសង្ឃ​ត្រូវ​ទ្រទ្រង់​ព្រះ​វិន័យ​នេះ​ឯង។ ទី​២ គឺ​លះ​កាត់​គ្រឿង​កង្វល់ បាន​ន័យ​ថា បលិពោធ​ទាំង​ឡាយ​ចោល ទី​៣ គឺ​ត្រូវ​ស្វែង​រក​នូវ​គ្រូអាចារ្យ​ដែល​បង្ហាត់​បង្រៀន​ផ្នែក​សមថៈ​ក្តី វិបស្សនា​ក្តី គឺ​ឱ្យ​មាន​ភាព​ច្បាស់លាស់។ ទី​៤ គឺ​ត្រូវ​ស្គាល់​អំពី​និស្ស័យ​នៃ​ការ​ប្រតិបត្តិ​នូវ​ព្រះធម៌​ផ្នែក​សមថៈ និង​វិបស្សនា ទី​៥ ជាក់ស្តែង​គឺ​ត្រូវ​ស្គាល់​នូវ​ទីលំនៅ​ណា​ដែល​សមគួរ​ដល់​ការ​ប្រតិបត្តិ​ធម៌។ ទី​៦ សិក្សា​ហើយ​ឆ្លៀវឆ្លាស​ក្នុង​កិច្ច​ទាំង​អស់​ហ្នឹង ដើម្បី​ឱ្យ​កើត​នូវ​គុណ​វិសេស អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​មុន​រដូវ​ចូល​វស្សា ភិក្ខុសង្ឃ​លោក​សម្លឹង​មើល​ហើយ ថា​គួរ​គប្បី​ចូល​វស្សា​នៅ​ទី​តាំង​ណា ភិក្ខុ​អង្គ​ខ្លះ​លោក​ធុញទ្រាន់​នៅ​ក្នុង​ស្រុក អង្គ​ខ្លះ​ក៏​ចូល​ចាំ​វស្សា​នៅ​ក្នុង​ព្រៃ ដើម្បី​ងាយ​ស្រួល​រក​ព្រះធម៌»

ដោយ​ហេតុ​ថា ក្នុង​រដូវ​ចាំ​វស្សា ភិក្ខុសង្ឃ​បាន​បំពេញ​កិច្ច​វត្តប្រតិបត្តិ​ដ៏​ប្រសើរ​ក្នុង​ព្រះពុទ្ធសាសនា​ដោយ​ប្រការ​ដូច្នេះ ទើប​ជា​ហេតុ​ញ៉ាំង​ឱ្យ​គ្រហស្ថ​អ្នក​ប្រាថ្នា​បុណ្យ​កុសល មាន​សេចក្ដី​ជ្រះថ្លា​រួប​រួម​សាមគ្គី​គ្នា​ផ្គត់ផ្គង់​ភិក្ខុ​សាមណេរ ដោយ​គ្រឿង​លាភ​ផ្សេងៗ។ ក្នុង​នោះ​មាន​បច្ច័យ​បួន គឺ​ចីវរៈ ឬ​ស្បង់​ចីពរ ចង្ហាន់​បិណ្ឌបាត ឬ​ចំណី​អាហារ សេនា​សេនៈ ឬ​ទីស្នាក់​អាស្រ័យ និង​មធ្យោបាយ​ធ្វើ​ដំណើរ ព្រមទាំង​គិលាន​ភេសជ្ជៈ គឺ​ថ្នាំ​កែ​រោគ​ជាដើម។

​ដោយ​រដូវវស្សា​មាន​រយៈពេល​ដល់​ទៅ ៤​ខែ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឱ្យ​មាន​ការ​ចូល​វស្សា​ជា​ពីរ​បែប គឺ​ថ្ងៃ​ចូល​កាន់​វស្សា​ដើម និង​ថ្ងៃ​ចូល​កាន់​វស្សា​ចុង។ ថ្ងៃ​ចូល​កាន់​វស្សា​ដើម ដែល​ហៅ​ថា «បុរិមិកាវស្សា» គឺ​ចាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាឍ ឬ​ទុតិយាសាឍ បើ​ឆ្នាំ​ណា​មាន​លើក​ខែ រហូត​ដល់​ថ្ងៃ ១៥​កើត ខែ​អស្សុជ។ រី​ឯ​ថ្ងៃ​ចូល​កាន់​វស្សា​ចុង ឬ «បច្ឆិមិកាវស្សា» គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ១​រោច ខែ​ស្រាពណ៍ រហូត​ដល់​ថ្ងៃ ១៥​កើត ខែ​កត្តិក ទើប​ចេញ​វស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។