ការបូជាទៀនជាគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ គឺជាផ្នែកមួយនៃប្រទីបដែលស្ថិតក្នុងទានវត្ថុ ១០យ៉ាង។ ប៉ុន្តែក្នុងពុទ្ធសាសនាពុំមានចែងអំពីការបូជាធូបឡើយ។ រីឯទំនៀមដែលពលរដ្ឋពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងនិយមនាំគ្នាដុតធូប ជាផ្នែកមួយនៃគ្រឿងសក្ការបូជានៅក្នុងពិធីប្រពៃណីវប្បធម៌ផ្សេងៗ រួមទាំងពិធីបុណ្យផ្នែកពុទ្ធសាសនាផងនោះ គឺជាឥទ្ធិពលនៃជំនឿព្រហ្មញ្ញសាសនាដែលបានចាក់ ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ។ អាស្រ័យហេតុនេះ តើពលរដ្ឋពុទ្ធបរិស័ទគួរគប្បីបោះបង់ទម្លាប់បូជាធូប ឬយ៉ាងណា?
ពុទ្ធសាសនាពោលសរសើរចំពោះបុគ្គលទាំងឡាយដែលបំពេញកិច្ចការកងកុសលផ្សេងៗប្រកបដោយបញ្ញា ពោលគឺមានការត្រិះរិះពិចារណាយ៉ាងហ្មត់ចត់គ្រប់ជ្រុងជ្រោយអំពីហេតុផលនៃគុណប្រយោជន៍និងទោស ដែលនឹងនាំមកនូវសេចក្ដីចំរើននិងក្ដីវិនាស។
សៀវភៅ «ទានកថា» និពន្ធដោយភិក្ខុ ហែម ចៀវ អាចារ្យសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កាលពី ៥០ឆ្នាំមុននោះ បានសរសេរដកស្រង់សេចក្ដីអធិប្បាយនៃគម្ពីរពុទ្ធសាសនាអំពីសប្បុរិសទាន ៥យ៉ាង ដែលជាទានដ៏ប្រពៃ។ ទានទាំង ៥ប្រការនេះ ចាត់ចូលក្នុងទានរបស់ជនសប្បុរស គឺការបូជាដោយក្តីគោរពចំពោះវត្ថុដែលត្រូវបូជា និងដោយក្តីគោរពចំពោះបុគ្គលអ្នកទទួល។
ទាក់ទងនឹងសំណួរថា ប្រសិនបើក្នុងពុទ្ធសាសនាពុំមានចែងអំពីការដុតធូបជាគ្រឿងសក្ការៈទេនោះ តើពលរដ្ឋពុទ្ធបរិស័ទគួរគប្បីបោះបង់ទម្លាប់បូជាធូបនេះឬយ៉ាងណា? ភិក្ខុមេត្តារក្ខិតោ ឆន ម៉ៅមេត្តា គង់នៅវត្តនិគ្រោធវ័ន្ត ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានថេរដីកាបញ្ជាក់ដោយលើកយកសេចក្ដីអធិប្បាយអំពីសប្បុរិសទាននេះ ដោយឆ្លុះបញ្ចាំងនឹងទំនៀមទម្លាប់នៃការដុតទៀនធូបបូជាចំពោះព្រះពុទ្ធប្បដិមា នៅតាមទីវត្តអារាមក្នុងសង្គមខ្មែរ។
ភិក្ខុមេត្តារក្ខិតោ ឆន ម៉ៅមេត្តា៖ «ពរ! ការដែលយើងបូជាចំពោះព្រះសម្មាសម្ពុទ្ធត្រូវប្រកបដោយបញ្ញា។ ឧទាហរណ៍ថា យើងដុតធូបហុយទ្រលោមមុខព្រះអង្គ ប្រសិនបើព្រះអង្គនៅគង់ព្រះជន្ម នៅមានជីវិតវិញ តើព្រះអង្គហុយផ្សែងប៉ុណ្ណា ហើយតើការដែលយើងដុតទៀនក្តៅរាប់រយដើមពីមុខព្រះអង្គ ចុះបើព្រះអង្គនៅហ្នឹងវិញ តើព្រះអង្គរលាក ឬក្តៅប៉ុណ្ណា? ជួនកាលដួលស្រក់ទៀនពេញសាលា វាអាចមានទោសទៅទៀត។ ដូច្នេះយើងត្រូវប្រើការគិតថា តើគួរធ្វើ ឬមិនគួរ? តើគួរធ្វើយ៉ាងណាល្អ ឱ្យបានបុណ្យហើយល្អទៀត? ចំពោះការបូជាមិនឃាត់ទេ បូជាដោយសេចក្ដីជ្រះថ្លារមែងបានបុណ្យ ប៉ុន្តែតើការបូជាហ្នឹងល្អទេ?»។
តាមសៀវភៅ «ពិធីប្រចាំដប់ពីរខែ» របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយ អ្នកស្រី ពេជ្រ សល់ បោះពុម្ពផ្សាយកាលពី ៥០ឆ្នាំមុនដែរនោះ សរសេរថា៖ «មតិអ្នកកាន់ពុទ្ធសាសនាយល់ថា បើគេអុជធូប ៥សរសៃ គឺជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធ ៥ព្រះអង្គ។ ជួនកាលគេបូជាធូបតែ ៣សរសៃ ហើយគេសន្មតថា ជាគ្រឿងសក្ការបូជាចំពោះព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ»។
ភិក្ខុព្រះញាណកោសល យ៉ង សេងយៀត សកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅទីក្រុងភ្នំពេញ មានថេរដីកាអំពីទំនៀមរបស់ពលរដ្ឋពុទ្ធបរិស័ទខ្មែរក្នុងការអុជទៀនធូបបូជាចំពោះព្រះពុទ្ធរូប ទោះជានៅក្នុងលំនៅឋាន ឬក៏នៅក្នុងព្រះវិហារ តាមទីវត្តអារាមក្តី៖ «សម្រាប់ពុទ្ធបរិស័ទខ្មែរ បើមិនទាំងអស់ក៏ភាគច្រើនដែរ ពេលដែលលោកដុតធូប លោកនិយាយជាមួយ (ពុទ្ធ) បដិមាហ្នឹងតែម្តងថា សុំរួចចាកទុក្ខ ឬនិយាយប្រាប់រឿងរ៉ាវអីដែលមានក្នុងចិត្ត កម្រពុទ្ធបរិស័ទលោកនិយាយដោយមិនមានដុតធូបហ្នឹងណាស់។ មិនជាខុសអីទេ ព្រោះក្នុងនោះព្រះអង្គក៏ទ្រង់បានសំដែងបញ្ជាក់ថា ការបូជាហ្នឹងមាន២ គឺបូជាដោយគ្រឿងសម្ភារៈ និងការបូជាដោយការបដិបត្តិ អាមិសបូជាមួយ ហើយនិងបដិបត្តិបូជាមួយ។ ប៉ុន្តែព្រះអង្គទ្រង់បានបញ្ជាក់បន្ថែមថា ការបូជាដ៏ប្រសើរ គឺការបូជាតាមរយៈការបដិបត្តិហ្នឹងឯង។ ប៉ុន្តែបើបូជាដោយគ្រឿងសក្ការៈ ពុទ្ធបរិស័ទលោកបូជាដោយក្តីជ្រះថ្លាចំពោះគុណព្រះរតនត្រ័យក៏បានផលដែរ ប៉ុន្តែការបូជាហ្នឹង ជាពិសេសទាក់ទងនឹងរឿងធូបរឿងទៀនហ្នឹង ជារឿងមួយដែលត្រូវប្រុងប្រយ័ត្ន ព្រោះភ្លើងណា៎ញោម! បើយើងមិនប្រយ័ត្នទេ នឹងអាចនាំឱ្យមានគ្រោះថ្នាក់ទៅវិញ…»។
ទោះបីជាយ៉ាងណាក្តី ភិក្ខុព្រះញាណកោសល យ៉ង សេងយៀត សកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅទីក្រុងភ្នំពេញ មានថេរដីកាបញ្ជាក់ថា ពុំឃើញមានការហាមឃាត់ ឬក៏ចែងអំពីទោសនៃការបូជាធូបនេះទេ។ ចំពោះបទបញ្ញត្តិក្នុងការប្រើធូបជាគ្រឿងសក្ការបូជានេះ ភិក្ខុមេត្តារក្ខិតោ ឆន ម៉ៅមេត្តា ក៏មានថេរដីកាបញ្ជាក់ដូចគ្នាដែរថា ក្នុងពុទ្ធសាសនាពុំមានចែងអំពីការបូជាធូបចំពោះព្រះរតនត្រ័យ ថាជាការខុសឆ្គងនោះឡើយ។ ប៉ុន្តែព្រះអង្គអធិប្បាយអំពីគោលពុទ្ធសាសនាក្នុងការស្វែងរកសេចក្ដីសុខស្ងប់ផ្លូវចិត្ត ហើយនិងជំនឿរបស់ពលរដ្ឋពុទ្ធបរិស័ទខ្មែរ ក្នុងការបន់ស្រន់សុំសេចក្ដីសុខតាមរយៈការបូជាគ្រឿងសក្ការៈ មានទៀននិងធូបជាដើមនេះ។
ភិក្ខុមេត្តារក្ខិតោ ឆន ម៉ៅមេត្តា៖ «ឥឡូវហ្នឹង ពុទ្ធបរិស័ទយើងគាត់មានការយល់ដឹងថា បើសិនជាបូជាធូប គាត់អុជហើយគាត់បន់ស្រន់បួងសួងសុំសេចក្ដីសុខទៅ ប៉ុន្តែគាត់យកទៅដោយនៅខាងក្រៅសាលា ឬក្រៅព្រះវិហារវិញ ដើម្បីបញ្ចៀសការហុយផ្សែង និងការប៉ះពាល់ដល់ពុទ្ធរូបក្នុងព្រះវិហារ ឬក្នុងសាលាឆាន់។ ប៉ុន្តែការដែលបន់ស្រន់សុំសេចក្ដីសុខក្នុងពុទ្ធសាសនាបានលើកឡើងអំពីសេចក្ដីស្ងប់ខណៈៗ គឺខណៈណាដែលស្ងប់នូវអកុសល គឺលោភៈ ទោសៈ មោហៈ តាមរយៈការរក្សាគុណរបស់ព្រះអង្គ ដូចជានមស្ការខ្សឹបៗ ឬក៏យើងអង្គុយសមាធិនឹកគុណព្រះអង្គ ឬដូចជាយើងបូជាចំពោះគុណព្រះរតនត្រ័យដោយគ្រឿងសក្ការបូជា វាបណ្ដាលឱ្យចិត្តមានភាពកក់ក្តៅថា ខ្លួនឯងបានបូជាចំពោះព្រះ អ៊ីចឹងធ្វើឱ្យចិត្តបានស្ងប់រម្ងាប់ ជាការកម្ចាត់បង់នូវអកុសលដោយខណៈៗវាស្មើគ្នានឹងសេចក្ដីស្ងប់ដោយខណៈៗដែរ»។
ប្រិយមិត្តរបស់អាស៊ីសេរី មួយរូបបានសរសេរផ្ដល់យោបល់លើទំព័រហ្វេសប៊ុក នៃគេហទំព័រអាស៊ីសេរីថា៖ «ការគោរព ឬការបូជានេះមានពីរយ៉ាង៖ ទី១ គឺការបូជាដោយការដុតធូប ដាក់កម្រងផ្កា និងគ្រឿងសក្ការៈផ្សេងៗជាដើម ដល់ព្រះរតនត្រៃ គឺបានផលានិសង្សច្រើនទៅតាមកម្រិតនៃការបូជានោះៗ។ ទី២ គឺការបូជាដោយការគោរពប្រតិបត្តិ តាមធម៌ និងវិន័យរបស់ព្រះពុទ្ធ។ ការបូជាទាំងពីរយ៉ាងនេះ ការបូជាទី២ ទើបព្រះពុទ្ធអង្គទ្រង់សរសើរថា ជាការបូជាដ៏ឧត្ដុង្គឧត្ដមបំផុត។
ត្រង់ប្រការនេះ លោកគ្រូធម្មាចារ្យ តាន់ សុចន្ទ នៃសាលាធម្មវិន័យ «ស្វាយកល្ប» ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ អធិប្បាយអំពីការគោរពដោយកាយវាចាចិត្ត ដែលជាផ្នែកមួយនៃបដិបត្តិបូជាចំពោះគុណព្រះរតនត្រ័យ៖ «ការបូជាចំពោះព្រះសម្មាសម្ពុទ្ធគ្រាន់តែញ៉ាំង ទី១ មានបញ្ញាស្មារតី មានជំនឿផ្តោតជ្រះថ្លាលើគុណព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ អ៊ីចឹងក្នុងកិរិយាដែលត្រូវថ្វាយបង្គំព្រះសម្មាសម្ពុទ្ធផ្ទាល់ក្តី ថ្វាយបង្គំព្រះពុទ្ធប្បដិមា ដែលតំណាងឱ្យព្រះពុទ្ធក្តី ក៏គ្រាន់តែបង្អោនចិត្តដោយក្តីជ្រះថ្លា ដោយកាយវាចាចិត្ត ក៏បានបុណ្យកុសលច្រើន។ មិនមែនគ្រាន់តែថាទាល់តែមានទៀនធូបទៅបូជាព្រះ ទៅអុជបូជារៀងរាល់ថ្ងៃសីលដើម្បីបានបុណ្យបានកុសលក៏ទេដែរ។ ប៉ុន្តែក៏មិនហាមឃាត់ដែរ ជារឿងជំនឿរបស់ពុទ្ធបរិស័ទ មានទៀនមានធូបជារឿងធម្មតា ប៉ុន្តែបើសិនជាអត់វិញ ដោយហោចទៅ សូម្បីតែក្រាបថ្វាយបង្គំ ផ្ចង់ចិត្តចេតនាជ្រះថ្លា យល់ច្បាស់អំពីគុណព្រះរតនត្រ័យ បានបុណ្យកុសលដូចគ្នា…»។
ក្នុងពុទ្ធសាសនា ការគោរពបូជាដោយកាយវាចាចិត្ត ពោលគឺបានដល់ការឱនកាយថ្វាយបង្គំចំពោះព្រះរតនត្រៃ ការសិក្សារៀនសូត្រធម៌វិន័យ គឺផ្នែកបរិយត្តិដែលជាទ្រឹស្ដី និងការបដិបត្តិដែលជាការអនុវត្តជាក់ស្ដែងក្នុងការពិសោធរកការពិតនៃពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។
ក្នុងបច្ឆិមពុទ្ធវចនៈដែលជាពាក្យបណ្តាំចុងក្រោយរបស់ព្រះពុទ្ធសមណគោតម ទ្រង់បានពោលសរសើរថា បុគ្គលទាំងឡាយណាដែលព្យាយាមរស់នៅប្រកបដោយសីលធម៌ ប្រឹងប្រែងសំអាតចិត្តឱ្យបរិសុទ្ធផូរផង់ ដោយការធ្វើសមាធិភាវនា ដើម្បីញ៉ាំងបញ្ញាឱ្យចំរើនឡើងគាស់រំលើងការប្រកាន់ខ្ជាប់នូវភាពអាត្មានិយម បុគ្គលនោះឈ្មោះថាបានគោរពបូជាដ៏ខ្ពង់ខ្ពស់ក្រៃលែងចំពោះព្រះអង្គ។
ការបូជាទៀនធូប ផ្កាភ្ញី ផ្កាកម្រង ផ្ការាយ ជាដើមនេះ បានក្លាយទៅជាទំនៀមប្រពៃណីដែលជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋពុទ្ធបរិស័ទខ្មែរជាច្រើនតំណតជំនាន់មកហើយ។ ការបូជានូវគ្រឿងដុតបំភ្លឺ និងមាលា ជាផ្កាឈើគ្រប់យ៉ាងដែលស្ថិតក្នុងទានវត្ថុ ១០ប្រការនេះ គឺជាអាមិសទាន ឬអាមិសបូជា។ រីឯទានមួយប្រការទៀត គឺធម្មទាន ដែលជាការចែករំលែកនូវចំណេះដឹង ការអប់រំផ្នែកចរិយាសម្បត្តិ គុណធម៌ និងសីលធម៌។
ក្នុងពុទ្ធសាសនា ការបូជាធម្មទាន ដែលនឹងជួយដល់បុគ្គលអ្នកសិក្សាប្រតិបត្តិដោយត្រឹមត្រង់ឱ្យទទួលបាននូវសេចក្ដីសុខផ្លូវចិត្តឱ្យបានរួចចាកផុតទាំងស្រុងពីរាគៈ ក្តីលោភលន់ ទោសៈ ភ្លើងកំហឹង និងមោហៈ ភាពវង្វេងមិនដឹងខុសត្រូវ គឺជាការបូជាដ៏ប្រសើរខ្ពង់ខ្ពស់ និងមានផលច្រើនជាងអាមិសទាន។
ប្រសិនបើលោកអ្នកនាងកញ្ញាមានសំណួរ ឬយោបល់ផ្សេងៗ សូមអ៊ីម៉េលមកកាន់៖ khmer@rfa.or ឬទូរស័ព្ទមកលេខ៖ ០១២-៨១១-៩១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។