របាយការណ៍អង្គការសុខភាពពិភពលោកបង្ហាញថា ក្នុងមួយឆ្នាំៗមនុស្សប្រមាណជិត ៦លាននាក់ស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នៅទូទាំងពិភពលោក។ ក្នុងនោះមនុស្សជាង ៥លាននាក់ គឺជាអ្នកប្រើប្រាស់ផ្ទាល់ រីឯមនុស្ស ១លាននាក់ទៀត គឺជាអ្នករងគ្រោះដោយប្រយោលរហូតបាត់បង់ជីវិតដោយសារតែស្រូបផ្សែងបារី ឬថ្នាំជក់ពីអ្នកដទៃ។ ដោយឡែកប្រទេសកម្ពុជា ក្រុមអ្នកជំនាញផ្នែកសុខភាពឱ្យដឹងថា ក្នុង១ឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺននាក់ស្លាប់ ឬ ៣០នាក់ក្នុង១ថ្ងៃៗ ស្លាប់ បណ្ដាលមកពីជំងឺដែលពាក់ព័ន្ធនឹងការជក់បារី។
ក្នុងពុទ្ធសាសនា ការឱ្យទាននូវបច្ច័យទាំងឡាយ ៤ រួមមានគ្រឿងស្លៀកដណ្ដប់ អាហារភោជន ទីស្នាក់អាស្រ័យ និងថ្នាំកែរោគ គឺជាការជួយឧបត្ថម្ភគាំទ្រ ជួយសង្គ្រោះមនុស្សសត្វផងគ្នា ឱ្យមានជីវិតរស់នៅប្រកបដោយសេចក្ដីសុខនៅក្នុងសង្គម។
ចំពោះបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា ភោជនាហារ ឬអាហារភោជនដែលជនមានសទ្ធាជ្រះថ្លាបានបូជាដោយសេចក្ដីគោរព ហៅថា "បិណ្ឌបាតបច្ច័យ" មាននំចំណី ផ្លែឈើ មើមឈើ និងបាយជាដើម។
សេចក្ដីអធិប្បាយអំពីបច្ច័យទាំង៤ ព្រមទាំងទានវត្ថុ ១០យ៉ាង ពុំឃើញមានចែងអំពីការឱ្យបារី ឬថ្នាំជក់ជាទានឡើយ។ អាស្រ័យហេតុនេះ តើពុទ្ធបរិស័ទអាចប្រគេនបារី ឬថ្នាំជក់ដល់ព្រះសង្ឃបានដែរ ឬទេ?
ភិក្ខុព្រះមហាធម្មលង្ការោ ចាន់ សុជន គង់នៅវត្ត "ប្រាសាទស្រះកណ្ដាលខ្ចាស់" ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានថេរដីកាបញ្ជាក់អំពីពុទ្ធបញ្ញត្តិ និងពុទ្ធានុញ្ញាតទាក់ទងនឹងការឱ្យទានជាបារី ឬថ្នាំជក់នេះ៖ «នៅក្នុងព្រះពុទ្ធសាសនាមិនបានដាក់ចំថា ទានដែលធ្វើទៅមិនបានផលនោះ មានបារី នេះទេ ប៉ុន្តែក្នុងបណ្ដាទានទាំង៥ មានស្រា ជាប្រការមួយដែលហាមថា ធ្វើទៅមិនបានផល មិនបានបុណ្យ។ ប៉ុន្តែយើងសិក្សាក្នុងព្រះពុទ្ធសាសនាទៅឃើញថា បារីនេះគឺជាប្រភេទនៃការញៀន។ បើទោះជានៅក្នុងវិន័យមិនបានដាក់ចំក្តី ក៏មិនគួរដែរក្នុងការប្រគេន ព្រោះលោកឆាន់ទៅវាអាចញៀនទៅ អាចប្រព្រឹត្តក្នុងរឿងឥតប្រយោជន៍ផ្សេងៗ»។
សៀវភៅ "ទានកថា" ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មានសរសេរអធិប្បាយទាក់ទងនឹងទាន ៥ប្រការ ដែលបុគ្គលធ្វើហើយមិនបានផលជាបុណ្យជាកុសលអ្វីឡើយ។ វត្ថុជាទានទាំង ៥យ៉ាងនោះ រួមមាន ទី១ ការឱ្យស្ត្រីដល់បុរស ឬការឱ្យបុរសដល់ស្ត្រី ទី២ ការឱ្យគោឧសភ គឺគោបា ឬគោឈ្មោលដល់មេគោ ឬការឱ្យមេគោដល់គោឧសភ ទី៣ ការឱ្យទឹកស្រវឹងជាទាន ទី៤ ការឱ្យទានជាការរាំច្រៀង ឬរបាំត្លុកកំប្លែង និងទី៥ ការឱ្យទានជារូបគំនូរស្ត្រី និងបុរស ដែលជារូបនាំឱ្យកើតសេចក្ដីត្រេកត្រអាលទៅរកសេចក្ដីប្រាថ្នាក្នុងផ្លូវកាម។ ក្នុងពុទ្ធសាសនាបណ្ដាទានទាំង ៥ប្រការនេះ ហៅថា "អសម្មតទាន" គឺទានដែលមិនសន្មត ឬចាត់ចូលជាទានឡើយ។
ចំពោះបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា ដែលជាបដិគាហកៈ ពោលគឺបុគ្គលអ្នកទទួលនូវទានវិញ ភិក្ខុព្រះមហាធម្មលង្ការោ ចាន់ សុជន មានថេរដីកាអធិប្បាយសេចក្ដីត្រង់ប្រការថា តើភិក្ខុសាមណេរគួរឆាន់បារី ឬថ្នាំជក់ និងទទួលនូវទានប្រភេទនេះដែរ ឬទេ បើទោះបីជាវិន័យមិនមានកំណត់ដោយត្រង់ក្តី៖ «បារីនេះ បើពុទ្ធបរិស័ទប្រគេនទៅហើយ លោកមិនទទួលក៏មិនប្រព្រឹត្តទៅជាទោស ជាអាបត្តិអ្វីដែរ ព្រោះការធ្វើទៅមិនមានផលប្រយោជន៍ដល់អ្នកដែលប្រគេនផង និងអ្នកទទួលផង។ផលប៉ះពាល់ដល់សុខភាពរបស់ព្រះសង្ឃអ្នកឆាន់ និងវាអាចធ្វើឱ្យពុទ្ធបរិស័ទ ជាទាយកទាយិកា ធ្វើទានក្នុងរបៀបមួយមិនសង្រួម ហាក់ដូចថា ប្រគេនរោគទៅលោកអ៊ីចឹង ជារូបភាពបែបអ៊ីចឹង។ ម្យ៉ាងទៀត ក្នុងពុទ្ធសាសនា ព្រះអង្គសំដែងថា "ការមិនមានរោគ គឺជាលាភដ៏ឧត្ដម" ទាំងព្រះសង្ឃ ទាំងបាសក គឺថា កាលណាបើអត់មានរោគទេ ស្មើនឹងបានលាភដ៏ប្រសើរក្រៃលែងណាស់»។
ការសិក្សាស្រាវជ្រាវនៃក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងសុខភាពបង្ហាញថា ក្នុងចំណោមសារធាតុគីមី ៧ពាន់មុខក្នុងផ្សែងបារី គឺមាន ៧០មុខដែលបង្កឲ្យកើតជំងឺមហារីក។ រីឯការស្រូបផ្សែងបារីពីគេបង្កអោយមានជំងឺច្រើនមុខ ដូចជាមហារីកសួត មហារីកច្រមុះ ជំងឺត្បៀតសរសៃឈាមខួរក្បាល គាំងបេះដូង ជំងឺផ្លូវដង្ហើមជាដើម។
ទាក់ទងនឹងប្រការនេះ ភិក្ខុព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា គង់នៅវត្ត "មង្គលវ័ន" ហៅវត្ត "ថ្វាយដង្គំ" រាជធានីភ្នំពេញ មានថេរដីកាបញ្ជាក់អំពីគ្រោះថ្នាក់នៃការទទួលទានបារី និងថ្នាំជក់ ដែលមនុស្សភាគច្រើនមើលរំលង ដោយហេតុថាផលវិបាកអាក្រក់ហុចឱ្យក្នុងរយៈពេលវែង៖ «ឥទ្ធិពលនៃការផឹកនូវទឹកស្រវឹង គឺគ្រឿងសុរា និងមេរ័យ គឺឃើញនូវវិបាកភ្លាមៗ ដូច្នេះបណ្តាលឱ្យបាត់បង់ស្មារតី បាត់បង់នូវការដឹងខុសត្រូវភ្លាមៗ ធ្វើឱ្យបុគ្គលអ្នកផឹកអាចទៅប្រព្រឹត្តបំពានសិក្ខាបទដទៃ។ ប៉ុន្តែការប្រគេនបារី និងថ្នាំជក់វាមិនមែនមានឥទ្ធិពល ឬវិបាក ដែលយើងឃើញបាត់បង់ស្មារតីភា្លមៗ ដូចសុរា និងមេរ័យនោះទេ»។
របាយការណ៍ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញដូចគ្នាដែរពីវិបត្តិសុខភាពធ្ងន់ធ្ងរ ដែលមនុស្សលោកកំពុងប្រឈមមុខសព្វថ្ងៃនេះ គឺដោយសារលទ្ធផលមួយផ្នែកនៃការប្រើប្រាស់បារី និងថ្នាំជក់ កាលពីច្រើនទសវត្សរ៍មុន។ អ្នកប្រើប្រាស់ថ្នាំជក់ និងបារីភាគច្រើនចង់ឈប់ជក់ដែរ ប៉ុន្តែមិនអាចធ្វើទៅបាន ដោយសារតែញៀននឹងសារធាតុក្នុងថ្នាំជក់យ៉ាងខ្លាំង។អាស្រ័យហេតុនេះ អង្គការសុខភាពពិភពលោក ព្រមទាំងប្រទេសជាច្រើនបានព្យាយាមរួមគ្នា ដើម្បីប្រែក្លាយភពផែនដីយើងនេះ ឱ្យទៅជាទីកន្លែងគ្មានផ្សែងបារី ជាទីសុខដុមរមនា សម្រាប់មនុស្សជាតិ ជាសេចក្ដីប្រឹងប្រែងប្រកបដោយទឹកចិត្តគិតគូរអធ្យាស្រ័យល្អដល់មនុស្សផងគ្នាក្នុងសង្គម។
ក្នុងន័យដូចគ្នានេះ ភិក្ខុព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា គង់នៅវត្ត "មង្គលវ័ន" ហៅវត្ត "ថ្វាយដង្គំ" រាជធានីភ្នំពេញ មានថេរដីកាបញ្ជាក់ថា ក្រៅពីបញ្ហាផ្នែកសុខភាពធ្ងន់ធ្ងរហើយនោះ ផ្សែងបារីបង្កឱ្យមានការប៉ះពាល់រំខានដល់សេចក្ដីសុខ និងភាពស្ងប់ស្ងាត់របស់បុគ្គលដទៃ ដែលរស់នៅជាមួយគ្នាក្នុងសង្គម ដែលប្រការនេះ បព្វជិតអ្នកបួសក្នុងពុទ្ធសាសនា គួរព្យាយាមវៀរចាកប្រព្រឹត្ត។
ភិក្ខុព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា៖ «ជាតិបារី ជាថ្នាំឆាន់ ឬថ្នាំជក់ គឺបណ្ដាលឱ្យប៉ះពាល់ដល់ផ្នែកវិន័យ គឺកិច្ចបដិបត្តិនោះ។ ពេលណាភិក្ខុសាមណេរឆាន់ទៅ គឺធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ភិក្ខុផងគ្នា ទាំងខ្លួនព្រះអង្គ និងភិក្ខុដទៃ គឺបង្កនូវផ្សែង បង្កនូវក្លិន ធ្វើឱ្យរំខានដល់អ្នកដទៃដែលមិនឆាន់ មិនជក់ គឺប៉ះពាល់ខ្លាំងមែនទែន ធ្វើឱ្យឈ្លក់ បើថា ក្នុងកិច្ចបដិបត្តិធម៌ អង្គុយសមាធិដូចគ្នាអ៊ីចឹង បើអង្គផ្សេងឆាន់បារី អង្គផ្សេងដែលមិនឆាន់ គឺអង្គុយសមាធិបដិបត្តិមិនកើតទេ»។
ការប្រើប្រាស់បារី និងថ្នាំជក់បានបណ្ដាលឱ្យមនុស្ស ១០០លាននាក់ស្លាប់ ក្នុងអំឡុងសតវត្សទី២០ ហើយចំនួននេះនឹងកើនឡើងដល់ ១ពាន់លាននាក់ក្នុងសតវត្សទី២១នេះ ប្រសិនបើស្ថានភាពនៃការប្រើប្រាស់បារី និងថ្នាំជក់មិនមានការកែប្រែទេនោះ។
បារី និងថ្នាំជក់ គឺស្ថិតក្នុងចំណោមជំងឺរាតត្បាត ដែលបង្កឱ្យមានវិបត្តិសុខភាពដ៏ធំធេង ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ពិភពលោកមិនដែលជួបប្រទះ។ នៅកម្ពុជា របាយការណ៍ឆ្នាំ២០១៥ របស់អង្គការសុខភាពពិភពលោក បង្ហាញថា មានអ្នកស្លាប់ជាង ១ម៉ឺននាក់ក្នុងមួយឆ្នាំៗ ក្នុងចំណោមអ្នកជក់ និងចុកថ្នាំ សរុប ២លាននាក់ ដែលនោះគឺជាអត្រាដ៏ខ្ពស់គួរឱ្យបារម្ភ។
ព្រះពុទ្ធសាសនាណែនាំលើកទឹកចិត្តឱ្យមនុស្សរក្សាសីល៥ ក្នុងនោះសិក្ខាបទទី៥ ស្ដីពីការចៀសវាងប្រព្រឹត្ត ឬជួញដូរគ្រឿងស្រវឹង គ្រឿងញៀនទាំងពួង ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួន និងសេចក្ដីសុខដល់មនុស្សផងគ្នាក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។