ស្ត្រីជាសកម្មជនគណបក្សប្រឆាំង និងជាអ្នកគាំទ្រគណបក្សនេះជិត ១០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងទៅរស់នៅប្រទេសថៃ ដោយនាំគ្នាជួលបន្ទប់ស្នាក់នៅរួមសុខរួមទុក្ខជាមួយគ្នាក្នុងអាគារតែមួយ ដើម្បីបន្តជីវភាពនយោបាយ។ ស្ត្រីទាំងនោះអ្នកខ្លះមានប្ដី និងកូនតូចអាយុក្រោម ១០ឆ្នាំ។
ស្ត្រីគណបក្សប្រឆាំងដែលភៀសខ្លួននៅក្រៅប្រទេសចំនួន ៧គ្រួសារនេះ ខ្លះភៀសខ្លួនជាមួយប្ដី និងកូន ហើយខ្លះទៀត ចាកចេញពីស្រុកកំណើតម្នាក់ឯង ដោយសាររឿងនយោបាយ។ ពួកគេបានជួលបន្ទប់ស្នាក់នៅក្បែរគ្នាក្នុងអាគារកម្ពស់ ៤ជាន់ ដើម្បីធ្វើសកម្មភាពនយោបាយនៅប្រទេសថៃ។
អ្នកយកព័ត៌មានអាស៊ីសេរីបានទៅដល់អគារ ដែលពួកគេរស់នៅៗ ជាយក្រុងបាងកក ចំពេលសកម្មជនទាំងនោះកំពុងទទួលអាហារថ្ងៃត្រង់ជុំគ្នា ហើយមានអ្នកខ្លះក៏មកពីតំបន់ឆ្ងាយដែរ ដើម្បីមកជួបជុំគ្នាម្ដងម្កាលជជែកគ្នាពីរឿងនយោបាយស្រុកទេស។ បើទោះជាបន្ទប់តូចចង្អៀតក្ដី ពួកគេទទួលទានអាហារជជែកគ្នាប្រកបដោយបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាព។
សម្បុរស្រអែមរាងស្គមបន្តិច សក់វែងប្រាស់ស្មាមានស្រុកកំណើតនៅខេត្តប៉ៃលិន លោក ស្រី លន់ សៅបុត្រ រៀបរាប់ថា លោកស្រីនាំកូន ២នាក់ភៀសខ្លួនតាមប្ដី ដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន មករស់នៅទីក្រុងបាងកកចំនួន ៥ខែហើយ គឺអំឡុងពេលយុទ្ធនាការបង្ក្រាបបក្សប្រឆាំងកាលពីឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរកម្ពុជាតាមធ្វើទុក្ខបុកម្នេញដល់ក្រុមគ្រួសាររបស់លោកស្រីដល់ផ្ទះម្ដងហើយម្ដងទៀត។ លោកស្រីបន្ថែមថា ការភៀសខ្លួននេះ ក្រោយពីប្ដីរបស់លោកស្រី គឺលោក ឈុន សិទ្ធី ចេញពីពន្ធនាគារបាន ១១ខែ។ ប្ដីរបស់លោកស្រីបានជាប់ពន្ធនាគារអស់ពេល១ឆ្នាំ ដោយសារតែគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច កាលពីចុងឆ្នាំ២០១៨។ លោកស្រី បន្ថែម ថា ពួកគាត់រស់នៅសព្វថ្ងៃគ្មានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារទេ គឺរស់ដោយសារបានអំណោយអង្ករ ត្រីខកំប៉ុង ប្រេងឆា ទឹកត្រី និងស្ករសបន្តិចបន្តួច ដែលអង្គការជាដៃគួររបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) ជួយឧបត្ថម្ភដល់ពួកគាត់ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ការហូបចុកប្រចាំថ្ងៃនោះទេ៖ « ទៅមុខទៅខ្ញុំសង្ឃឹមថា ប្រទេសខ្មែរវាអាចប្រសើរឡើងវិញ ដោយសារលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នៅពេលឆាប់ៗ ខាងមុខ ។ហេតុអីបានរំពឹងថាមកបើពេលមុនម្ដងហើយចូលស្រុកអត់បាន ខ្ញុំរំពឹងថា គាត់នឹងចូលស្រុកបាន » ។
ស្ត្រីទាំង ៧គ្រួសារនេះខ្លះជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងខ្លះទៀតជាសកម្មជនគណបក្សនេះ មានស្រុកកំណើតនៅខេត្តផ្សេងគ្នា។ ស្ត្រីមួយក្រុមនេះមានកូនតូចអាយុក្រោម ១០ចំនួន ៣នាក់ ស្នាក់នៅក្នុងបន្ទប់ជួលជាប់គ្នា ទទឹង ៣កន្លះ បណ្ដោយ ៥ម៉ែត្រ។ ក្នុងថ្ងៃដែលអ្នកភៀសខ្លួនទាំងនេះជួបជុំគ្នានោះ កូនៗ របស់ពួកគេរត់ប្រលែងគ្នាលេងយ៉ាងសប្បាយ ហាក់ពុំដឹងថា ឪពុកម្ដាយរបស់ពួកគេកំពុងភៀសខ្លួននយោបាយយ៉ាងកម្សត់នៅក្រៅប្រទេសនោះទេ។
ស្រដៀងគ្នានេះដែរ ស្ត្រីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានស្រុកកំណើតមកពីខេត្តឧត្ដរមានជ័យ គឺលោកស្រី ប៊ុន អឿយ ថ្លែងថា លោកស្រី និងសមាជិកគ្រួសារចំនួន ១១នាក់ បានភៀសខ្លួនតាមប្ដីទៅទីក្រុងបាងកកតាំងពីឆ្នាំ២០១៨ រហូតមក ដោយសារអាជ្ញាធរខេត្តឧត្ដរមានជ័យតាមយាយីដល់ផ្ទះរបស់ខ្លួនជាច្រើនលើកច្រើនសារ។ ស្ត្រីវ័យ ៥០ឆ្នាំប្លាយរូបនេះ បន្តដោយសំដីមួយៗ ទៀតថា មូលហេតុដែលពួកគាត់បន្តភៀសខ្លួនតាមប្ដី ព្រោះមិនពេញចិត្តនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលតែងធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ដូចជាអ្នកគាំទ្រគណបក្សប្រឆាំងជាដើម។ លោកស្រីបញ្ជាក់ថា ក្នុងពេលរស់នៅក្នុងប្រទេសថៃនេះ លោកស្រីតែងដើរប្រមូលពលករ ដើម្បីត្រៀមទៅទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ពេលវិលចូលស្រុកវិញ៖ « តម្រួតថៃដេញចាប់ខ្ញុំតាំងពីម៉ោង១១ រហូតដល់ម៉ោង ៧យប់ ខ្ញុំរត់អត់បានស្បែកជើង និងខោអាវទាំងអស់ រត់ចេញពីផ្សារតាឡាតថៃដល់ស៊ីមុំមឿង។ ៣ថ្ងៃក្រោយតម្រួតថៃតាមខ្ញុំដល់ផ្សារស៊ីមុំមឿងទៀត ។ហេតុអីបានជាតម្រួតថៃដេញចាប់ ព្រោះខ្ញុំហៅកម្លាំងប្រជុំច្រើនដើម្បីអមដំណើរវិលចូលស្រុកក៏ត្រូវគេដេញចាប់ » ។
សព្វថ្ងៃសមាជិកគ្រួសាររបស់ស្ត្រីភៀសខ្លួនទាំង ១១នាក់នេះ មិនទាន់ជាប់ជាជនភៀសខ្លួនពេញសិទ្ធនៅឡើយទេ។ ទោះជាយ៉ាងណាពួកគាត់នៅតែមានបំណងចង់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ប្រសិនបើលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ងាកមកស្ដារប្រជាធិបតេយ្យឡើងវិញនោះ។
ចំណែកសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ កញ្ញា ទ្រីស៊ាង អ៊ី វិញ ថ្លែងថា កញ្ញាភៀសខ្លួនមកដល់ប្រទេសថៃជាង ៣ខែហើយ គឺបន្ទាប់ពីកញ្ញាចេញពីពន្ធនាគារអំឡុងពេលយុទ្ធនាការបង្ក្រាបបក្សប្រឆាំងរបស់រដ្ឋាភិបាលក្រុងភ្នំពេញ កាលពីឆ្នាំ២០១៩។ មានសម្បុរសដូចកូនកាត់ចិន កញ្ញា ទ្រីស៊ាង អ៊ី ធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង ១ខែ ដោយសារបានបង្ហោះសារតាមហ្វេសប៊ុក (Face Book) គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ សកម្មជនបក្សប្រឆាំងរូបនេះ បញ្ជាក់ដោយសំដីម៉ឺងម៉ាត់ទៀតថា កញ្ញាគេចខ្លួននេះ ដោយសារអាជ្ញាធរនៅខេត្តត្បូងឃ្មុំតាមធ្វើទុក្ខបុកម្នេញជាញឹកញាប់ ដើម្បីបង្ខំឱ្យឈប់ធ្វើនយោបាយជាមួយលោក សម រង្ស៊ី។ ប៉ុន្តែកញ្ញានិយាយថា ខ្លួនមិនអាចឈប់ធ្វើនយោបាយជាមួយគណបក្សនេះបានទេ ព្រោះមិនពេញចិត្តរដ្ឋាភិបាលក្រុងភ្នំពេញ ដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៖ «អ្វីដែលខ្ញុំរត់គេចមក ដើម្បីបន្តឆន្ទៈរបស់ខ្ញុំ ព្រោះបើខ្ញុំនៅទីនោះយើងអត់អាចធ្វើអ្វីកើតទេ អ៊ីចឹងបើសិនជាយើងមកដល់ទីនេះយើងមានសិទ្ធិខ្លះ មានសិទ្ធិអាចនិយាយស្ដីអីបានដោយគេមិនអាចមកយើងភ្លាមៗបានទេ មិនមែននៅស្រុកថៃនេះមានសុវត្ថិភាព ១០០ភាគរយទេ។ ប៉ុន្តែ វាគ្រាន់តែជាកន្លែងមួយដែលយើងអាចបញ្ចេញនូវទស្សនៈយើងបាន ដោយមិនមានអ្នកណាមករករឿងរំខានយើង និងលបតាមស្ដាប់យើង » ។
ស្ត្រីវ័យជាង ៣០ឆ្នាំរូបនេះ បន្ថែមថា ទោះបីជាភៀសខ្លួននៅក្រៅប្រទេសលំបាកយ៉ាងណាក្ដី ក៏កញ្ញានៅតែបន្តស្នាក់នៅប្រទេសថៃទៅមុខទៀត រហូតមានដំណោះស្រាយនយោបាយ។
កន្លងមក ថ្នាក់ដឹកនាំក្រុងភ្នំពេញតែងតែចាត់ទុកក្រុមអ្នកភៀសខ្លួនរបស់បក្សប្រឆាំងថា ជាក្រុមឧទ្ទាមក្រៅច្បាប់ មានបំណងកៀរគរកម្លាំង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញថាបានរំលោភសិទ្ធិមនុស្ស រឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងតាមយាយីធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំង ព្រមទាំងចាប់ពួកគេដាក់ពន្ធនាគារ ដែលបង្ខំឱ្យពួកគេត្រូវតែរត់ចោលស្រុក។ ក្រៅពីជួបជីវភាពលំបាក និងរស់នៅក្នុងបន្ទប់ជួលតូចចង្អៀតនៅក្នុងប្រទេសគេនេះ កូនៗ របស់ពួកគេក៏មិនមានឱកាសរៀនសូត្រអក្សរខ្មែរដែរ។ ហេតុដូច្នេះ សម្រាប់ឪពុកម្ដាយខ្លះ ក្រៅពីទំនេរពីការងារនយោបាយ ក៏ឆ្លៀតបង្រៀនភាសាខ្មែរដល់កូនៗ របស់ពួកគេ។
ស្ត្រីគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបទៀត មកពីក្រុងប៉ោយប៉ែត គឺលោកស្រី ឡេង សុទ្ធារី ថ្លែងថា អំឡុងពេលដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ នោះ លោកស្រីបានលះបង់ការងារគ្រប់យ៉ាង ដើម្បីជួយរៀបចំសម្រួលដល់សកម្មជន និងអ្នកគាំទ្រគណបក្សនេះក្នុងការត្រៀមខ្លួនចូលប្រទេសកម្ពុជាវិញ។
ស្ត្រីវ័យជាង ៣០ឆ្នាំរូបនេះ ក៏ជាអ្នកភៀសខ្លួនដែរ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅក្រុងប៉ោយប៉ែតចាប់ខ្លួន ដោយសារលោកស្រីជួយនាំផ្លូវសកម្មជនបក្សប្រឆាំង ឱ្យរត់ភៀសខ្លួនទៅប្រទេសថៃទំនងដោយសារចេះនិយាយភាសាថៃយ៉ាងស្ទាត់ជំនាញ ទើបស្ត្រីសម្បុរជ្រះញញឹមស្រស់រូបនេះ អាចនាំផ្លូវសកម្មជនគណបក្សប្រឆាំងឱ្យឆ្លងដែនដោយសុវត្ថិភាព។
ក្នុងឱកាសទទួលទានអាហារជុំគ្នានៃសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤កុម្ភៈនោះដែរ លោកស្រី ឡេង សុទ្ធារី និយាយថា អាហារមួយពេលនោះ ជាអាហារសាមគ្គី ដែលបញ្ជាក់ពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ខណៈកំពុងរស់នៅក្នុងប្រទេសគេ៖ «ម្ហូបឆ្ងាញ់ទើបតែថ្ងៃនេះម្ដង ដែលយើងទើបតែរៃលុយគ្នាម្នាក់តិចៗ ហើយអ្នកលក់សាច់ជ្រូកលក់អីហ្នឹងសុទ្ធតែខ្មែរ ដោយសារតែសាច់ឈាមខ្មែរទៅដល់កន្លែងណា ស្រឡាញ់គ្នាមែន » ។
ស្ត្រីបក្សប្រឆាំងភៀសខ្លួនទាំងនេះ បញ្ជាក់ជំហរស្រដៀងគ្នាថា ពួកគាត់ ថ្វីបើបាត់បង់ការងារ មករស់នៅយ៉ាងលំបាកលំបិននៅក្រៅប្រទេសបែបនេះក្ដី ក៏ពួកគាត់មិនតូចចិត្តនឹងវាសនារបស់ខ្លួនដែរ ហើយនៅតែមានកម្លាំងចិត្តរឹងមាំ ដើម្បីបន្តដំណើររបស់ខ្លួនទៅមុខជានិច្ច ដោយមិនរាថយឡើយ។ ក្រុមស្ត្រីទាំងនេះសង្ឃឹមថា កម្លាំងសាមគ្គីរបស់ពួកគាត់នឹងអាចជាចំណែកជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាបាននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។