"ព្រះរាជអាជ្ញា​គួរតែ​ចេញ​មុខចោទ​ប្រកាន់​ករណី​រំលោភបំពាន​ផ្លូវភេទស្រ្តី បង្កដោយ​អតីត​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ"

ដោយ សុជីវី
2020.09.17
Ouk-Kosal-07-29-20.jpg លោក អ៊ុក កុសល កាលនៅជាស្នងការនគរបាល ខេត្ត​កំង់ធំ កាលពី ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០២០។
ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ធំ

អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា​ករណី​រំលោភបំពាន​ផ្លូវភេទ​នគរបាល​ជាស្រ្តី បង្ក​ដោយ​អតីត​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ គួរតែត្រូវ​បាន​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ ដោយ​ព្រះរាជអាជ្ញា​ជា​អ្នកផ្ដួចផ្ដើម ដ្បិត​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​បាន​រកឃើញ​ថា​ លោក អ៊ុក កុសល ពិត​ជាជាប់​ពាក់ព័ន្ធ​ការរំលោភបំពាន​ផ្លូវភេទ​ស្រ្តី ដែល​ជាកូនចៅ​ក្រោម​បង្គាប់​របស់​លោក នោះ​ប្រាកដ​មែន។ សង្គម​ស៊ីវិល​ផ្នែកសិទ្ធិស្រ្តី​នៅ​តែ​ទទូច​អោយ​អាជ្ញាធរមាន​សមត្ថកិច្ច​បញ្ជូន​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ធានា​សុវត្ថិភាព និង​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ។

នាយករង​អង្គការ​លីកាដូ​ទទួល​បន្ទុកផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ជនរងគ្រោះ​ត្រឹម​តែ​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ប៉ុណ្ណោះ ចំណែក​ព្រះរាជអាជ្ញា​គឺ​ជាអ្នក ដែល​មាន​តួនាទី​ក្នុង​ការចោទ​ប្រកាន់​អ្នកប្រព្រឹត្ត​ល្មើស​ទៅតាមអ្វី​ដែល​អ្នកនោះ​បាន​ប្រព្រឹត្ត។

ផ្ទុយពី​ការលើកឡើងរបស់​មន្រ្តី​សិទ្ធិមនុស្ស​នេះ​ក្រសួងមហាផ្ទៃ​កាលពី​ដើមខែកញ្ញា​នេះ​បាន​សម្រេច​ដក​តំណែង លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ អោយមកជាមន្រ្តី​នគរបាល​ធម្មតា បើទោះបីជា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា លោក អ៊ុក កុសល ពិតជា​ជាប់ទាក់ទង​នឹង​ការបៀតបៀន​ផ្លូវភេទ​មន្រ្តី​នគរបាល​នៅ​ក្រោមបង្គាប់​របស់​លោក​យ៉ាងណាក្ដី។ បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ លោក ឆាយ គឹមខឿន ថា ជនរងគ្រោះ​សម្រច​មិន​ប្ដឹង​ផ្ដល់​រឿង​នេះ​ឡើយ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​សុំណុំរឿង​នេះ​មិនពាក់ព័ន្ធ​នឹង​បទព្រហ្មទណ្ឌ​ទេ ដោយសារ​ជនរងគ្រោះ​មិនបាន​ប្ដឹង​ពីបទព្រហ្មទណ្ឌ​នោះ​ឡើយ។

បើតាម​លោក អំ សំអាត ករណី​បៀបបៀន​ផ្លូវភេទ​ជាបទល្មើស​ព្រហ្មទណ្ឌ ដែល​ព្រះរាជ​អាជ្ញា​អាច​ចោទ​ប្រកាន់​អ្នកប្រព្រឹត្ត​បាន៖ «បើសិនជា​រក​ទៅ​ឃើញ​ថា​បុគ្គល​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​ហ្នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​ហើយ ដើម្បី​អោយ​មាន​ភាពយុត្តិធម៌ ហើយ​ដើម្បី​បំបាត់​នូវ​និទណ្ឌភាព ហើយ​បំបាត់​នូវ​គម្រូ​អាក្រក់​ដើម្បី​កុំអោយ​មាន​ការកើតឡើង​បន្ត​ទៅ​ទៀត ព្រោះ​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​អំពី​ការដាក់​ទោសទណ្ឌ​នេះ​គឺ​ក្នុង​ន័យ​មួយ​គឺ​អោយ​បុគ្គល​រាងចាល ទី២​បុគ្គល​ហ្នឹង​បើសិនជា​ជាប់​ពន្ធនាគារ​គឺ​អោយ​អប់រំខ្លួន កសាង​ខ្លួន​ជា​ពលរដ្ឋ​ល្អ​ឡើងវិញ ហើយ​ទី៣ កុំ​អោយ​អ្នកដទៃ​យក​គម្រូ​តាម​ដូច​អ៊ីចឹង​ទៀត បើសិនជា​យក​គម្រូ​តាម​គឺ​ត្រូវ​តែ​មាន​ទោស​ហើយ។ នេះ​គឺ​ជា​គោល​គំនិត​នៃ​ក្រមព្រហ្មទណ្ឌ ដែល​គេចែង​ម៉ោហ្នឹង។»

ក្រមព្រហ្មទណ្ឌ​មាត្រា២៤៦ បាន​ចែង​ពីការបំពាន​ខាង​ផ្លូវភេទ ដែល​បង្ក​ដោយ​ជនទូទៅ ឬ​ហៅ​ថា​ប្រទូស្ត​កេរខ្មាស​បាន​បញ្ជាក់​ថា​គ្រប់អំពើ​ប៉ះពាល់​ស្ទាបអង្អែល​កេរភេទ ឬ​ផ្នែកភេទ​ផ្សេងទៀត​របស់​បុគ្គល​ដទៃ តែបុគ្គល​នេះ​មិនស្ម័គ្រ​ផងទេ ឬ​បង្ខំ​អោយ​អ្នកដទៃប្រព្រឹត្តអំពើនេះ​មក​លើខ្លួន ឬ​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត​ក្នុង​គោលបំណង​ធ្វើអោយ​រំជើបរំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវភេទ​របស់​ជនល្មើស​គឺ​ជា​អំពើប្រទូស្ដ​កេរខ្មាស។ អ្នកប្រព្រឹត្ត​ល្មើសត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី១ឆ្នាំ ទៅ៣ឆ្នាំ​និង​ពិន័យ​ប្រាក់​ពី​២លានរៀល ដល់​៦លានរៀល។

បើ​ពិនិត្យ​តាមក្រមព្រហ្មទណ្ឌ​ដដែលនេះ​ករណី​អតីត​ស្នងការ​នគរបាលខេត្ត​កំពង់ធំ លោក អ៊ុក កុសល គឺ​ជាករណី​រំលោភបំពាន​ផ្លូវភេទ​បង្ក​ដោយ​មេកើយ​ទៅលើ​កូនចៅ​ក្រោម​បង្គាប់ ដែល​តាម​ច្បាប់​នេះ​អ្នកប្រព្រឹត្ត​ត្រូវ​នាំ​ទៅ​ផ្ដន្ទាទោស​ដែរ។

មាត្រា​២៥០​នៃ​ក្រមព្រហ្មទណ្ឌ​​ចែង​ថាត្រូវចាត់ទុក​ជាអំពើ​រុកកួន​ខាងផ្លូវភេទ នៅពេល​ដែល​បុគ្គល​ម្នាក់​រំលោភ​អំណាច ដែល​មុខងារ​របស់​ខ្លួន​ប្រគល់​អោយ​ទៅ​គាប​សង្កត់​ម្ដងហើយ​ម្ដងទៀត​ទៅលើ​អ្នកដទៃ​ក្នុង​បំណងទទួល​បាន​ការអនុគ្រោះផ្លូវភេទ។ អំពើ​នេះត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦ថ្ងៃ ដល់​៣ខែ ដោយ​ពិន័យ​ជា​ប្រាក់​ពី​១សែន​រៀល ដល់​៥សែន​រៀល។

អាស៊ីសេរី​មិនទាន់អាច​សុំការឆ្លើយតប​ពី​តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់ធំ​បាន​នៅឡើយទេ​នៅថ្ងៃ​ទី១៦ ខែ​កញ្ញា។

នាយិកាអង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា ទទូច​អោយ​អាជ្ញាធរ​ចាត់​វិធានការ​នាំ​រឿងរំលោភ​បំពាន​នេះ​ទៅ​ដោះស្រាយ​តាមផ្លូវ​តុលាការ ដើម្បី​ធានា​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​នារីរងគ្រោះ៖ «ហើយហ្នឹង​ក៏​ជា​សញ្ញា​មួយ​ដែល​ធ្វើអោយ អ្នក​ដទៃ​ផ្សេង​ទៀត ដែល​គាត់​អត់ទាន់​បាន​ប្រព្រឹត្ត​ទេ តែ​បាន​ឃើញ​រឿងហ្នឹង​អាច​ថា​គេប្រព្រឹត្ត​អំពើ​រំលោភបំពាន បៀតបៀន​ទៅ​ដល់​អ្នកក្រោម​បង្គាប់​បួន ប្រាំ​នាក់ គេអត់​ត្រូវ​ផ្ដន្ទាទោស​អី​តាម​ផ្លូវតុលាការ​ផង​ហ្នឹង ចឹង​វាអាច​ជា​គម្រូ​អាក្រក់​ដល់​អ្នកផ្សេងៗ​ទៀត។»

នារី​ជា​នគរបាល​ចំនួន​៤​នាក់ កាលពី​ចុងខែ​កក្កដា​បានក្លាហាន​ចេញមុខ​បកអាក្រាត លោក អ៊ុក កុសល ដែល​កាលនោះ​ជា​ស្នងការនគរបាល​ខេត្ត​កំពង់ធំ និង​ជាមេកើយ​របស់​ពួកនាង​ថា​បាន​ប្រើប្រាស់​តួនាទី​រំលោភបំពាន​ផ្លូវភេទ​ពួកគេ ដោយ​បាន​ដាក់បណ្ដឹង​ទាមទារ​យុត្តិធម៌​ទៅ​រដ្ឋមន្រ្តី ក្រសួង​មហាផ្ទៃ លោក ស ខេង។ កាលពី​ថ្ងៃ​ទី១៣ ខែសីហា លោក ស ខេង ចេញ​បញ្ជា​អោយ​ផ្អាក​ការងារ លោក អ៊ុក កុសល បណ្ដោះ​អាសន្ន​រង់ចាំ​ការស្រាវជ្រាវ​ពី​មន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ។ ភ្លាមៗ​នោះ លោក អ៊ុក កុសល បាន​ចេញ​វីដេអូឃ្លីប​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា រឿងនេះ​អាច​ជា​ការកាច់កុង​ចង់បាន​តំណែង​ជា​ស្នងការ​របស់​លោក ប៉ុណ្ណោះ និង​ថា​លោក​តែងតែ​ខិតខំ បំពេញ​ការងារ និង​យកចិត្ត​ទុកដាក់​ដល់​កូនចៅ​ក្រោម​បង្គាប់ ព្រមទាំង​ផ្ដួចផ្ដើម​គំនិត​លើកតម្កើង​ក្រុម​នគរបាល​ជានារី​ថែមទៀត។ រយៈពេល​ជិត​៣សប្ដាហ៍​ក្រោយ​មក​ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ​ថា​លោក អ៊ុក កុសល ពិតជា​ជាប់​ពាក់ព័ន្ធ​ដូច​ការលើកឡើង​របស់​ក្រុម​នគរបាល​ជា​នារី​នោះមែន។ ប៉ុន្តែ​បើតាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់សម្ដី​របស់​អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន វិញ​លោក​ថា សំណុំរឿង​នេះមិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុង​ការ​ចងក្រង​ឯកសារនិង​ធាតុផ្សំ​នៃ​រឿង ហើយ​រឿង​នេះ​បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​បស់​ជនរងគ្រោះ​ជា​នគរបាល​ស្រ្តី​ទាំងនោះ​ផង​ដែរ។ លោកថា​កាលណា​ដាក់​ទៅ​តុលាការ ត្រូវ​មេធាវី​ដេញដោល ដើម្បី​ការពារ​ក្តី​ទាំង​សង្ខាង បើសិនណា​ដេញដោល​រឿង​នេះ គឺជា​ការអៀនខ្មាស់​សម្រាប់​នារី​ជនរងគ្រោះ ឬក៏​នារី​ខ្មែរ​គ្រប់រូប ព្រោះ​រឿង​សុបិន្ត​អាក្រក់​កើតឡើង​ហើយ មិនចង់​យក​មក​សារឡើងវិញ​ទេ នេះ​ហើយ​ជាគោលបំណង​មួយ​ការពារ​ឥទ្ធិពល ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ ដែល​អាជ្ញាធរ​ត្រូវតែ​ធ្វើ​របៀប​នេះ ​បាន​ជាស​ម្រេច​ចិត្ត​មិន​បញ្ជូន​ទៅ​ផ្លូវច្បាប់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់​អាស៊ីសេរី​ថា នៅពេលដែល​ក្រុម​នគរបាល​ជានារី​មាន​ភាព​ក្លាហាន​ហ៊ាន​ចេញ​មុខ​ទម្លាយ​រឿងបៀតបៀន​ផ្លូវភេទ​នេះ​មិនគ្រាន់​តែ​ជារឿង​គួរអោយ​កោត​សរសើរ​ទេ​គឺ​ថែមទាំង​អាជ្ញាធ​ត្រូវ​ប្រឹងប្រែង​ផ្ដល់យុត្តិធម៌​អោយបាន​ពេញលេញ។ អ្នកស្រីថា​ការបញ្ចប់​ត្រឹមតែ​បញ្ចប់​តំណែង និង​បន្ថយ​ឋានៈ ហើយ​មិនមាន​ចំណាត់ការ​តាមផ្លូវច្បាប់​នេះ មិនមែន​ដំណោះស្រាយ​ប្រកប​ដោយ​គតិយុត្តិ​នោះទេ ហើយ​ជា​ការផ្តល់​សារ​ដល់​ជនល្មើស​ថា​ ខ្លួន​នឹង​រួច​ពី​សំណាញ់​ច្បាប់​នូវ​ទង្វើ​បំពាន​របស់​ខ្លួន។ អ្នកស្រី ចក់ សុភាព បន្ត​ថា ហេតុផល​នៃ​សេចក្តីថ្លៃថ្នូរ កិត្តិយស​ដល់​ជនរងគ្រោះ​អាច​ការពារ​តាម​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន៖ «ក្នុង​នីតិវិធី​ក៏​មាន​ច្បាប់​ក៏មាន ហើយ​ការអនុវត្ត​ជាក់ស្ដែង​ក៏​មាន គឺ​មាន​ការធានា​ថា​ករណី ដែល​ពាក់ព័ន្ធ​នឹង​ហិង្សា​ផ្អែក​លើ​យេនឌ័រ​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​យក​ចិត្ត​ទុកដាក់​មែនទែន ដោយ​ផ្ដោត​ទៅ​លើ​ការរក្សា​សម្ងាត់ ដោយ​សវនាការ​ទាំងអស់​ហ្នុង​មិន​ធ្វើ​ឡើង​ដោយ​សាធារណៈ គឺ​នីតិវិធី ឬ​ក៏​ភាគី​ពាក់ព័ន្ធ​មាន​ការយកចិត្ត​ទុកដាក់​មែនទែន។ ខ្ញុំ​គិតថា​ជា​យន្តការ​របស់​រដ្ឋ ជា​ពិសេស​តាម​នីតិវិធី​តុលាការ​ហ្នឹង​គួរតែ​មាន​យន្តការ​ការពារ​គ្រប់គ្រាន់​រួច​ទៅ​ហើយ។ នៅពេល ដែល​ក្រសួង​លើកបែប​នេះ​ខ្ញុំ​មើល​ទៅ​វា​ហាក់​ដូច​ជា​ផ្ទុយ​ទៅ​វិញ ហើយ​ហាក់​ដូចជា​បង្ហាញ​ថា យើង​អត់មាន​យន្តការ​ការពារ​ជនរងគ្រោះ។»

ក្រុមអង្គការ​សង្គម​ស៊ីវិល​មើលឃើញ​ថា​ការនាំ​យក​រឿងក្ដី​រំលោភបំពាន​ផ្លូវភេទ​ស្រ្តី​ទៅ​កាត់ទោស​តាម​ផ្លូវ​តុលាការ​ជា​ការផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​មួយ​ដល់​អ្នករងគ្រោះ និង​ដើម្បី​ធានា​ថា​ស្រ្តី​ដែល​រងគ្រោះ ហើយ​ក្លាហាន​ហ៊ាន​ចេញ​មក​បកអាក្រាត​រឿង​បែបនេះ​នឹង​មិន​រងគ្រោះជា​លើក​ទី២​ដោយសារ​តែ​ទង្វើ​របស់​អាជ្ញាធរ​អ្នកអនុវត្ត​ច្បាប់​បន្ថែម​មួយជាន់ទៀត​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។