កង្វល់ពីការបាត់បង់ប្រពៃណីតម្បាញក្នុងឃុំគោកមន ខេត្តឧត្តរមានជ័យ
2012.12.20
មកដល់ពេលនេះ ប្រពៃណីនោះបានបាត់បង់ស្ទើរមិននៅសេសសល់។ ស្ត្រីវ័យចំណាស់មួយចំនួនដែលនៅចេះចាំរបៀបត្បាញបានបន្តប្រពៃណីនេះ ប៉ុន្តែគាត់បានត្រឹមត្បាញក្រមា ឬកន្សែងដែលមានតំណពីដូនតា។ បើទោះជាយ៉ាងណា តម្បាញនៅក្នុងឃុំគោកមន ទំនងមិនស្ថិតស្ថេរទៀតឡើយ។
ស្ត្រីចំណាស់ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បារម្ភថា ប្រពៃណីតម្បាញដែលបន្សល់ទុកពីដូនតាអាចនឹងត្រូវបាត់បង់ក្នុងពេលខាងមុខ នៅពេលដែលក្មេងៗជំនាន់ក្រោយបានបំភ្លេចមុខរបរនេះ។
ក្នុងវ័យ ៧០ឆ្នាំប្លាយ អ្នកភូមិកញ្ជ្រៀប អ្នកស្រី សំអាត យ៉ាន មានប្រសាសន៍ថា នៅក្នុងឃុំគោកមន ដែលធ្លាប់តែល្បីល្បាញខាងតម្បាញសូត្រ គឺលែងមានទៀតហើយ។ ពេលនេះមានស្ត្រីវ័យចំណាស់អាយុចាប់ពី ៦០ឆ្នាំប្លាយឡើងទៅមិនដល់ ១០នាក់ទេដែលចេះត្បាញ ប៉ុន្តែពួកគាត់ត្បាញតែក្រមាអំបោះ។
អ្នកស្រី សំអាត យ៉ាន៖ «ពីដើមមិញ យាយត្បាញតែសូត្រ សព្វថ្ងៃវាអត់សូត្រ ក៏ឈប់ត្បាញ។ ត្បាញសូត្រ កន្សែងសូត្រ សំពត់ស្លៀកមនុស្សចាស់ក្រនៀវសូត្រ។ សព្វថ្ងៃមិនមានស្លឹកមន បើពីដើមមិញ យាយដាំមនកើត កាលនោះគេហៅគកមនៗពីដើមមិញ។ មនបេះស្លឹកនេះណាដាក់កូននាង។ បើមិនដាក់គ្មានអីស្លៀកពាក់ទេ។ សព្វថ្ងៃនៅត្បាញជាប់ មានយាយត្រង់នេះមួយ យាយសាយ យាយហួង យាយម៉េត ជាប់នៅសព្វថ្ងៃ។ បើមានអំបោះ គាត់ត្បាញ បើមិនមានក៏អត់ នេះផងយាយទាំង ៥នាក់នេះនៅត្បាញជាប់ជានិច្ច។ ត្បាញតែកន្សែង គេឈប់ដាក់សារុងហើយ ក្មេងគេមិនស្លៀក»។
ការព្រួយបារម្ភរបស់ស្ត្រីវ័យចំណាស់ក្នុងឃុំគោកមន កើតឡើងដោយសារតែពួកគាត់កាន់តែចាស់ និងមានអ្នកខ្លះត្បាញលែងកើត។
ស្ត្រីចំណាស់ម្នាក់ទៀតឈ្មោះ យ៉ត យ៉ាន់ បានអោយដឹងដែរថា ពួកគាត់ចាស់ៗដែលនៅបន្តត្បាញក៏ពុំជាប់លាប់ដែរ ដោយសារត្រូវជួយថែទាំចៅៗនៅពេលម្ដាយគេទៅធ្វើស្រែ។ ម្យ៉ាងក៏មិនសូវមានដើមទុន ដើម្បីបន្តមុខរបរនេះទៀត៖ «ក្រោយមកតាគាត់រអែងឈឺ កូនចៅគេបានប្ដីបានប្រពន្ធបែកបាក់ទៅ ក៏ខ្ញុំសម្រាក យូរៗទិញដាក់ម៉ាធ្មេញ។ ម៉ាធ្មេញសម្រេចលើយើងដាក់ទេ ១០កំណាត់ ១៥កំណាត់ ឬ ២០កំណាត់ ដាក់ទៅរួចក៏រើគរទុក។ ចាំដល់កូនរួចច្រូតគិតថាចង់ដាក់ទៀតម្តង ទុកបួនដប់កំណាត់ ត្បាញផងក៏មើលតាផង តាដើរទៅណាមិនរួច មិនបានដាក់ជាប់លាប់ដូចគេទេ។ គេខ្លះនោះក៏ដាក់ជាប់ ម្តង២០ ម្តង៣០ កំណាត់គេកាត់»។
ក្រមាអំបោះរបស់អ្នកគោកមន ខុសប្លែកពីក្រមាធម្មតា ដោយសារគេមានចាក់ជារូបសត្វដំរី សេះ ជារំយោលផ្កា ឬជាក្រឡាចត្រង្គ នៅនឹងជាយក្រមា។
បើទោះជាយ៉ាងណា របៀបចាក់រូបសត្វនៅនឹងជាយក្រមាក៏ចាប់ផ្ដើមបាត់បង់បណ្ដើរៗដែរ ដោយសារតែអ្នកត្បាញកាន់តែចាស់មើលមិនច្បាស់ ចាក់រូបមិនកើត។
ស្ត្រីចំណាស់ សំអាត យ៉ាន លើកឡើងថា ពីមុនគាត់នឹកស្ដាយស្នាដៃដូនតាដែលធ្លាប់ចេះចិញ្ចឹមដង្កូវនាង ចេះត្បាញសូត្រ។ ប៉ុន្តែមកដល់ពេលនេះក៏នឹកស្ដាយរបៀបចាក់រូបសត្វដំរី សេះ ឬរូបផ្កាភ្ញីផ្សេងៗនៅជាយកន្សែងនោះទៀត៖ «ស្ដាយចៅស្ដាយដែលការងារធ្លាប់ធ្វើ។ ស្ដាយកូននាង ស្ដាយធ្លាប់ត្បាញសូត្រ ស្ដាយរើស ស្ដាយគាស់ ស្ដាយភ្នែកងងឹតក៏ធ្លាប់រើសជាយ កូនសេះ កូនអីទៅ អោយកូនក្មេងដណ្ដប់កាន់ម្នាក់មួយៗទៅចុះ»។
ក្នុងវ័យជាង ៧០ឆ្នាំ អ្នកស្រី ទី ហ៊ួង រំលឹកថា ស្ត្រីភាគច្រើនដែលចេះត្បាញ គឺជាសាច់ញាតិនឹងគ្នា ហើយជាអតីតខ្មែរនៅបូរីរ៉ាម ក្នុងទឹកដីថៃ បច្ចុប្បន្ន ដែលសម្រេចចិត្តចាកចេញមករស់នៅក្នុងទឹកដីខ្មែរ។ ជាអកុសល ឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់ ប្រពៃណីនេះបានបាត់បង់ ដែលផ្ទុយស្រឡះពីខ្មែរដែលរស់នៅក្នុងទឹកដីនៃខេត្តបូរីរ៉ាម ដែលនៅប្រកាន់ខ្ជាប់នៅឡើយ៖ «ខ្មោចឳខ្ញុំនាំមកខ្មែរ កាលណោះមិនទាន់មានសង្គ្រាមអីចឹងទេ។ កាលមកខ្ញុំបានប្ដីឡើងកូនបួនប្រាំ ក៏ចាប់សង្គ្រាម នាងអើយវេទនា នៅហ្នឹងគោកមន នេះ។ គេចោលបុរាណអស់ហើយ បើស្រុកថៃ គេរាប់អានណាស់ គេត្បាញមែនទែនណាស់ ត្បាញជាងយើងអីណេះណា។ បើអីក្រោម (ខ្មែរនៅភាគកណ្ដាលប្រទេស) ក៏គេត្បាញសំពត់ស្លៀកណាស់នាង ហូល ផាមួងអី យើងអីណេះមិនបានត្បាញទេធ្វើតែតិចតួច»។
បើតាមអ្នកភូមិអោយដឹងថា ដែលថាតម្បាញក្រមា គឺជាប្រពៃណីនោះ គឺដោយសារអ្នកស្រុកនេះមានទម្លាប់ប្រើប្រាស់សំពត់សូត្រ ឬក្រមា ជាដើម គឺជាគ្រឿងលំអនៅពេលមានពិធីមង្គលការ។ បន្ទាប់មក កូនប្រសាប្រុសស្រីត្រូវនាំយកសំពត់សូត្រក្រមា និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតទៅជូនម្ដាយឪពុកក្មេក ហើយទម្លាប់នេះនៅមាននៅឡើយនៅក្នុងឃុំ។
ស្ត្រីចំណាស់ សំអាត យ៉ាន បញ្ជាក់ថា បច្ចុប្បន្ននេះអ្នកដែលមិនចេះត្បាញ គឺត្រូវទិញសម្ភារៈប្រើប្រាស់សម្រាប់ជូនម្ដាយឪពុក៖ «ភ្លាមមានការមានអីនេះក្រាលមុខជណ្ដើរ ក៏ក្រាលចងតាមសសររោង ចងធ្វើពិដានទៀតនេះអានេះណាចៅ។ ចងអាលើនោះទៀត បានតែយាយចង់ទុក។ ចាស់ណាអត់ប្រយោជន៍មិនមានមិនធ្វើក៏អត់មានតាំងពិបាករត់ទៅខ្ចីគេ។ មានចៅកំលោះក្រមុំតម្រៀប ដល់ចៅបានប្ដីបានប្រពន្ធ គេយកអានេះទៅសំពះម៉ែក្មេក។ ឳម៉ែទាំងអស់មានសារុងមានសំពត់ មិនដែលចោលទេ ម៉ែឳគេមានអីចេះ បើអ្នកណាមិនមានងាប់គេសើច។ នៅតែមានណាសព្វថ្ងៃ អោយតែការ មិនទាន់ចោលទេ នៅតែបុរាណ»។
ក្រមាដែលអ្នកភូមិត្បាញបាន គឺមានតម្លៃចាប់ពី ១ម៉ឺនប្រាំពាន់រៀល ទៅជាង ២ម៉ឺនរៀល អាស្រ័យប្រភេទអំបោះ និងក្បាច់តាមជាយក្រមា។
អ្នកស្រី ទី ហួង មានប្រសាសន៍ថា អ្នកភូមិជំនាន់ក្រោយមិនសូវយកចិត្តទុកដាក់បន្តការងារតម្បាញទៀតឡើយ ចំណែកការប្រើប្រាស់ក៏គេមិនសូវនិយម៖ «ហ៊ឺនាងអើយ សព្វថ្ងៃគេឃើញត្បាញគេតនេះទេ គេមិនចង់រៀនទេ គេអត់ចង់ដណ្ដប់ទៀតណា គេទិញតែក្រមាស្តើង គេមិនបានដណ្ដប់ទេ»។
អ្នកភូមិរំលឹកដែរថា កាលពីឆ្នាំ២០០០ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានរៀបចំអោយមានវគ្គសិក្សាជំនាញត្បាញ និងកាត់ដេរសម្រាប់ស្ត្រីវ័យក្មេងក្នុងឃុំ ថែមទាំងបានបង្កើតរោងតម្បាញមួយនៅក្បែរសាលាបឋមសិក្សាគោកមន។ ប៉ុន្តែការងារនោះដំណើរការមិនបានប៉ុន្មានឆ្នាំផង ក៏លែងដំណើរការ ចំណែករោងតម្បាញក៏បិទទ្វារ។
តំណាងកិច្ចការនារីឃុំគោកមន និងជាសមាជិកក្រុមប្រឹក្សាឃុំ អ្នកស្រី ហ៊ាន យ៉ោប មានប្រសាសន៍ថា ស្ត្រីវ័យក្មេងៗបានបោះបង់ចោលមុខរបរត្បាញ និងកាត់ដេរដែលបានរៀន ដោយផ្លាស់ប្ដូរជាអ្នកចំណាកស្រុកទៅធ្វើការនៅក្នុងទឹកដីថៃ៖ «គេច្រើនតែទៅថៃ ដូចថាគេទៅរៀនដេរ បានប៉ុន្មាននេះចេះ គេត្រឡប់មកវិញគេកាត់ដេរតែបន្តិចបន្តួច គេថាទៅថៃ រកលុយបានជាង។ វាពិសេស គឺស្រុកស្រែយើងច្រើនតែទៅថៃ ទៅវិញ។ វាពិបាកណាបង គេចង់តែម៉ាភ្លែតៗណាស់»។
អ្នកស្រី ហ៊ាន យ៉ោប បន្តថា មធ្យោបាយដែលអាចជំរុញអោយស្ត្រីក្នុងឃុំបន្តមុខរបរតម្បាញ គឺមានតែការវិនិយោគទៅលើស្ត្រីវ័យកណ្ដាល ដែលគាត់នៅធ្វើការងារក្នុងភូមិ ឃុំ បានជាប់លាប់ ជាងស្ត្រីវ័យក្មេង ហើយមុខរបរត្បាញក្រមាបានជួយជីវភាពស្ត្រីវ័យចំណាស់ក្នុងឃុំគោកមន បានមួយចំណែក នៅពេលដែលពួកគាត់ពុំមានលទ្ធភាពក្នុងការចាកចេញទៅប្រកបរបរនៅទីឆ្ងាយៗបាន៖ «បើមានអង្គការនានាណាមកជួយ ដូចថាអំបោះ ដូចថាជួយជាសម្ភារៈត្បាញដល់គាត់ ខ្ញុំចង់អោយមានដែរតើ ព្រោះមនុស្សចាស់គាត់សព្វថ្ងៃ គាត់ចូលចិត្តត្បាញដែរ គាត់ត្បាញលក់ ផលប្រយោជន៍របស់គាត់ដែរ។ ដូចថាយើងកាត់បន្ថយភាពក្រីក្ររបស់គាត់ដែរ ពេលគាត់អត់លុយអត់អីចាយ»។
ការពិត ពុំមែនតែកិច្ចការត្បាញនេះទេដែលស្ត្រីវ័យក្មេងក្នុងភូមិមិនចូលចិត្ត នៅមានវិជ្ជាជីវៈមួយចំនួនទៀត ដែលការិយាល័យកិច្ចការនារីស្រុកបានរៀបចំ មានដូចជា សំអាងការ អ៊ុតសក់ ជាដើម ក៏ពិបាកនឹងរកមនុស្សអោយទៅរៀនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។