មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការចាប់រំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារីក្រោមអាយុ១៨ឆ្នាំដោយលួចប្រើថ្នាំសម្រើបនៅថ្ងៃបុរសណាត់ជួបនោះ បើទោះបីជាធ្លាប់កើតមានឡើងនៅក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ននេះគេនៅពុំទាន់ឃើញមានរបាយការណ៍ណាមួយបញ្ជាក់ពីអង្គការសង្គមស៊ីវិល ឬអាជ្ញាធរពាក់ព័ន្ធថា ករណីបែបនេះបានកើតមានឡើងវិញនៅក្នុងសង្គមខ្មែរនៅឡើយទេ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទនិងពលកម្ម បានមានប្រសាសន៍ថា លោកស្រីនៅពុំទាន់បានដឹងនិងទទួលរបាយការណ៍អំពីករណីបែបនេះនៅឡើយទេ។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ដូច្នេះ ៖ «ប្រហែលជា៤ឬ៥ឆ្នាំមុននោះ សំបូរករណីហ្នឹង ប៉ុន្តែថ្មីៗនេះនៅមិនទាន់មានករណីផ្តល់ព័ត៌មានអំពីបញ្ហានេះឡើយ ក្រែងលោទើបចាប់ផ្តើមឡើងវិញ ឬយ៉ាងណានោះយើងអត់ទាន់ឃើញរបាយការណ៍។ ពីមុនយូរហើយ ឮថា ដាក់ថ្នាំក្នុងកែវទឹក ឬម្ហូបអាហារ ហើយដល់អត់ដឹងខ្លួនដឹងប្រាណគេយកទៅរំលោភទៅ»។
កាលពីដើមខែកុម្ភៈ ថ្មីៗនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីផ្នែកភាសាចិន បានបន្លំខ្លួនជាអតិថិជនទាក់ទងអាជីវករចិនលក់ថ្នាំសម្រើបនៅក្នុងប្រទេសចិន។ អាជីវករទាំងនោះបានអះអាងថា ពួកគេតែងតែបញ្ជូនផ្ញើថ្នាំសម្រើបជាញឹកញាប់ទៅអតិថិជនដែលបានបញ្ជាទិញតាមប្រព័ន្ធអ៊ិនថឹណិតនៅបស្ចឹមប្រទេសនិងនៅគ្រប់ទីកន្លែងទាំងនៅក្នុងទ្វីបអាស៊ីផងដែរ។ គេជឿជាក់ថា អ្នកបញ្ជាទិញនោះគឺមានជាប់ពាក់ព័ន្ធទៅនឹងការចាប់រំលោភផ្លូវភេទលើស្ត្រីនៅថ្ងៃណាត់ជួប។
ប្រភពដដែលបន្តថា ថ្នាំសម្រើបទាំងនោះមានច្រើនប្រភេទ ប៉ុន្តែថ្នាំដែលកំពុងពេញនិយមប្រើនិងមានតម្លៃថោក គឺឈ្មោះថ្នាំ Ketamine ដែលធ្វើឲ្យមានអារម្មណ៍ស្រមើស្រមៃរវើរវាយនិងមានការសម្រើបខ្លាំងចង់រួមភេទ។
យោងតាមស្ថិតិនៃរដ្ឋាភិបាលហុងកុងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រើប្រាស់ថ្នាំ Ketamine នៅក្នុងចំណោមយុវជនក្មេងៗ បានកើនឡើងយ៉ាងច្រើន។ ស្ថិតិនោះបញ្ជាក់ថា អ្នកប្រើប្រាស់ថ្នាំ Ketamine ដំបូងដែលមានអាយុក្រោម២១ឆ្នាំ គឺមានចំនួន៨៣% បើប្រៀបធៀបកាលពីអំឡុងឆ្នាំ២០០៧ ដែលមានត្រឹមតែ៧៣,៧% ប៉ុណ្ណោះ។
នៅពេលសួរថា តើមានការចែកចាយនិងលក់ថ្នាំសម្រើបប្រភេទ Ketamine នេះនៅក្នុងប្រទេសកម្ពុជាដែរឬទេ?
លោក គៀត ចាន់ថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ចាប់តាំងពីលោកបានទទួលតំណែងជាអ្នកនាំពាក្យជាងមួយឆ្នាំមក លោកមិនដែលបានឃើញរបាយការណ៍អំពីរឿងរ៉ាវនេះឡើយ។
លោក គៀត ចាន់ថារិទ្ធ បានឲ្យដឹងថា ៖ «កន្លងមកយើងធ្លាប់ឮ ខ្ញុំឮអ្នកនេះអ្នកនោះថា តែករណីរបាយការណ៍ជាក់ស្តែងជាផ្លូវការ តាំងពីខ្ញុំទទួលតំណែងនោះជាងមួយឆ្នាំមក គឺអត់ឃើញមាននរណារាយការណ៍នោះទេ។ អ្វីដែលខ្ញុំចង់បញ្ជាក់គឺថា ពាក្យថាមិនមានវាផ្សេង ប៉ុន្តែពាក្យដែលខ្ញុំចង់និយាយគឺពុំមានរបាយការណ៍ជាផ្លូវការណាមួយបញ្ជាក់អំពីរឿងហ្នឹងនោះទេ»។
របាយការណ៍ប្រចាំឆ្នាំរបស់សមាគមសិទ្ធិមនុស្សអាដហុក ដែលទើបចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ស្ថានភាពរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារក្នុងអំឡុងឆ្នាំ២០០៩ មានចំនួន៤៦០ករណី គឺកើនជាងឆ្នាំ២០០៨ ចំនួន៤១ករណី។ ប៉ុន្តែក្នុងរបាយការណ៍ដដែលនោះពុំបានបញ្ជាក់អំពីថា តើមានករណីចាប់រំលោភផ្លូវភេទដោយការប្រើថ្នាំសម្រើបនោះប៉ុន្មានទេ?
លោកស្រី លឹម មុន្នី ប្រធានផ្នែកកម្មវិធីស្ត្រីនិងកុមារនៃសមាគមអាដហុក ដែលធ្វើការផ្ទាល់ដោះស្រាយបញ្ហាស្ត្រីនិងកុមារនៅកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាពិតជាមានករណីការចាប់រំលោភសេពសន្ថវៈនៅថ្ងៃណាត់ជួបមែន ពីព្រោះស្ត្រីរងគ្រោះបានមកពឹងអង្គការលោកស្រីដើម្បីសុំការជួយអន្តរាគមន៍ ប៉ុន្តែអ្វីដែលលំបាកនោះ គឺពិបាករកភស្តុតាង។
លោកស្រី លឹម មុន្នី មានប្រសាសន៍ថា ៖ «អ្វីជាឧបសគ្គក្នុងការធ្វើកិច្ចការនេះ ទាំងសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ គឺដោយសារនៅកម្ពុជាយើងពុំមានមន្ទីរពិសោធន៍ ដើម្បីរកឃើញសារធាតុស្រវឹង ឬថ្នាំសម្រើបនោះ ពីព្រោះហេតុការណ៍នោះវាបានកើតឡើងរួចទៅហើយ»។
លោកស្រី លឹម មុន្នី មានប្រសាសន៍បន្តថា ភាគច្រើនជនរងគ្រោះជាមិត្តភក្ដិនិងស្គាល់ជនល្មើសច្បាស់ ដែលជាហេតុនាំឲ្យមានការទុកចិត្ត ហើយបបួលគ្នាទៅបរិភោគអាហារនៅខាងក្រៅ ៖ «ការណាត់ជួបគ្នាគឺគ្រាន់តែនាំគ្នាទៅញ៉ាំអាហារ ឬទៅញ៉ាំបង្អែម បន្ទាប់មកមានញ៉ាំភេសជ្ជៈផ្សេងៗតាមការលួចដាក់ថ្នាំ ហើយភាគច្រើនកើតឡើងនៅអូតែល ឬផ្ទះសំណាក់ ដែលជនល្មើសបាននាំជនរងគ្រោះទៅ។ ជនរងគ្រោះដឹង ប៉ុន្តែមិនអាចគ្រប់គ្រងខ្លួនបាន ដែលជាហេតុនាំឲ្យទទួលការរំលោភបំពានផ្លូវភេទ ដល់រួចហើយទើបដឹងថា មានអ្វីកើតឡើង»។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ដោយសារកម្ពុជាធ្លាប់មានករណីចាប់រំលោភផ្លូវភេទនៅថ្ងៃណាត់ជួប ដូចនេះ ការផ្សព្វផ្សាយដំណឹងជាមុននេះនឹងអាចជួយពញ្ញាក់អារម្មណ៍ដល់អាជ្ញាធរមានសមត្ថិកិច្ចនិងជាពិសេស គឺរូបស្ត្រីខ្លួនឯងផ្ទាល់ឲ្យមានការប្រុងប្រយ័ត្ន៕