តើ​ហេតុអ្វី​បាន​ជា​ស្វាមី​ភាគ​ច្រើន​ចូល​ចិត្ត​មាន​គូកំណាន់​ចិត្ត​ផ្សេង

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ភេទ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ស្ត្រី​ខ្មែរ​បាន​អះអាង​ថា​ នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​ស្វាមី​ជា​ច្រើន​តែង​តែ​ចូលចិត្ត​ទៅ​រក​ដើរ​លេង​ផឹក​ស៊ី និង​ស្វែង​រក​ការ​សប្បាយ​ផ្លូវ​ភេទ​ជាមួយ​ស្ត្រី​ផ្សេង​នៅ​ខាង​ក្រៅ។ មិន​តែ​ប៉ុណ្ណោះ​ មាន​ស្វាមី​ខ្លះ​ទៀត​ មាន​ស្ត្រី​កំណាន់​ចិត្ត​ក្មេងៗ​ ក្រៅ​ពី​ភរិយា​របស់​ខ្លួន​ ដោយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង។

0:00 / 0:00

តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ផិត​ក្បត់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច្នេះ?

អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ភេទ​ ក៏​ដូច​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា មួយ​ចំនួន បាន​អះអាង​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ស្វាមី​ទៅ​រក​ស្រី​កំណាន់​ចិត្ត​ក្មេងៗ​ ក្រៅ​ពី​ភរិយា​របស់​ខ្លួន។ ហេតុផល​ទាំង​នោះ​រួម​មាន ផ្នត់​គំនិត និង​ទស្សនៈ​សង្គម​ខ្មែរ​យល់​ឃើញ​ថា ការ​ផិត​ក្បត់​របស់​បុរស​គឺ​ជា​រឿង​ធម្មតា​ ជា​ចរិត​លក្ខណៈ​របស់​បុរស។ ទស្សនៈ​សង្គម​ចូលចិត្ត​ឲ្យ​តម្លៃ​ថា​ បើ​បុរស​ខ្លួន​ឯង​មិន​ចេះ​ផឹក​ស៊ី​ ឬ​ចេះ​ដើរ​លេង​សើច​ជាមួយ​ស្ត្រី​ផ្សេង​ គេ​មិន​ហៅ​ថា​ ជា​បុរស​ដើម​ទ្រូង ៥​ហត្ថ​នោះ​ទេ។

អ្នកស្រី​វេជ្ជបណ្ឌិត​ ចុង វណ្ណដារ៉ា មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​សុខភាព​បន្ត​ពូជ​យុវវ័យ​ និង អេច្ឆ.អាយ.វី អេដស៍ របស់​អង្គការ​មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ទស្សនៈ​របស់​សង្គម​ខ្មែរ​យើង​ចូល​ចិត្ត​លើក​តម្កើង​ និង​ឲ្យ​តម្លៃ​បុរស​ជាង​ស្ត្រី៖ «ទំនៀម​ទម្លាប់​ និង​ជំនឿ​ក្នុង​សង្គម​ខ្មែរ​យើង​ហ្នឹង​ បុរស​អាច​មាន​សិទ្ធិ​នឹង​ទទួល​យក​ ឬ​មាន​ដៃគូ​ស្នេហា​ក្រៅ​ពី​ប្រពន្ធ​ ដោយ​ប្រពៃណី​របស់​យើង​មិន​បាន​ចាត់​ទុក​ថា អំពើ​ទាំង​នោះ​ជា​ការ​ខុស​ឆ្គង​ឡើយ ព្រោះ​ថា បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​ស្ត្រី»

អ្នកស្រី​វេជ្ជបណ្ឌិត​ វណ្ណដារ៉ា ថ្លែង​បន្ត​ថា​ ជា​ធម្មជាតិ​របស់​បុរស​ មិន​ថា ជាតិ​សាសន៍​ណា​ទេ​ តែង​តែ​ចាប់​អារម្មណ៍​ស្រឡាញ់​ពេញ​ចិត្ត​ស្ត្រី​ក្មេង​ ដែល​មាន​រូបរាង​ស្អាត និង​សម្ផស្ស​ស្រស់​ត្រកាល៖ «មាន​ហេតុផល​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ដឹង គឺ​បុរសៗ មាន​ជំនឿ​មួយ​ថា នៅ​ពេល​គាត់​បាន​រួម​ស្នេហា​ជាមួយ​ស្ត្រី​វ័យ​ក្មេងៗ​ គឺ​ធ្វើ​ឲ្យ​គាត់​បង្កើន​នូវ​មាន​កម្លាំង​ពលំ និង​បង្កើន​អាយុ​ និង​ធ្វើ​ឲ្យ​គាត់​មាន​វ័យ​ក្មេង​ទៅ​ទៀត។ នេះ​ខ្ញុំ​ឮ​សូរ​បុរស​និយាយ​ជា​ញឹកញាប់​ គឺ​គាត់​មាន​គំនិត​អ៊ីចឹង»។

បន្ថែម​ពី​ទស្សនៈ​ និង​អាកប្បកិរិយា​របស់​ស្វាមី​ដែល​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​ដូច​នេះ​ ភរិយា​ខ្លួន​ឯង​ផ្ទាល់​ក៏​សុខ​ចិត្ត​នៅ​ស៊ូទ្រាំ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ ទោះបី​ជា​ពុំ​ សប្បាយ​ចិត្ត​ និង​ខឹង​ក្ដៅក្រហាយ​ ជាមួយ​ស្វាមី​ដែល​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ថ្មី​ក៏​ដោយ។ មូលហេតុ​ទាំង​នោះ​រួម​មាន​ បញ្ហា​ថវិកា​ បញ្ហា​កេរ្តិ៍​ឈ្មោះ​ក្នុង​គ្រួសារ​ បញ្ហា​មិន​ចង់​ឲ្យ​មាន​ការ​បែកបាក់​គ្នា ហើយ​ចង់​ឲ្យ​កូន​មាន​ឪពុក​ដូច​គេ​ដូច​ឯង។

អ្នកស្រី​ ជា វណ្ណាត អតីត​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ធ្លាប់​បាន​មាន​ ប្រសាសន៍​ថា​ ទោះ​បី​ការ​ផិត​ក្បត់​នោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ​ បុរស​ជា​ស្វាមី​ដែល​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ផ្សេង​នោះ​ ភាគ​ច្រើន​ពុំ​ចង់​លែងលះ​ជាមួយ​ភរិយា​ទេ៖ «ប្រុស​ក្នុង​លក្ខណៈ​ថា ទោះបី​ជា​ខ្លួន​មិន​ស្រឡាញ់​ប្រពន្ធ​ក្ដី ខ្លួន​ទៅ​មាន​ស្រី​ផ្សេង​ក្ដី​ មាន​ប្រុស​មួយ​ចំនួន​ទុក​ប្រពន្ធ​ធ្វើ​ជា​មុខ​អ៊ីចឹង។ បាន​ន័យ​ថា​ ពេល​ទៅ​ណា​ជា​ផ្លូវការ​ឃើញ​ភរិយា​ទៅ​ជាមួយ​ តែ​តាម​ពិត​នៅ​ពី​ក្រោយ​ខ្នង​នោះ​ប្រពន្ធ​គ្រាន់​តែ​ទុក​ជា​មុខ​ជា​មាត់​ប៉ុណ្ណោះ។ បាន​ន័យ​ថា​ ប្រុស​នោះ​ហាក់​ដូចជា​ចង់​ឲ្យ​គ្រួសារ​កូន​ចៅ​នៅ​ជួប​ជុំ​គ្នា»

ម៉្យាង​វិញ​ទៀត​ ស្ត្រី​ និង​បុរស​ ទោះបី​ជា​មាន​អាយុ​ស្មើ​គ្នា​ក៏​ដោយ​ គេ​តែង​សង្កេត​ឃើញ​ថា​ បុរស​ច្រើន​មាន​វ័យ​នៅ​ក្មេង​ជាង​ស្ត្រី​ ហើយ​ភាគច្រើន​ ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​ ៤៥​ឆ្នាំ​ឡើង​ទៅ​ ច្រើន​គិត​ថា ខ្លួន​ឯង​ចាស់​ហើយ​ មិន​សូវ​ជា​ថែរក្សា​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​រូបរាង ឬ​សម្ផស្ស​ស្រស់​ស្អាត​នោះ​ទេ។

អ្នកស្រី​ វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ស្វាមី​ដែល​ផិត​ក្បត់​នោះ​ ភាគ​ច្រើន​គឺ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ៖ «ឃើញ​ថា នៅ​កម្ពុជា​យើង​ច្រើន​តែ​អ្នក​មាន​លុយ​ច្រើន​ អាច​សង់​ផ្ទះ​បី ឬ​បួន​ ព្រោះ​មាន​ឱកាស​នឹង​អាច​សង់​បាន​ច្រើន ហើយ​ផ្ទះ​មួយៗ​ ដាក់​មួយៗ ក្នុង​ផ្ទះ​ហ្នឹង​ ដូច្នេះ​ហើយ​ប្រពន្ធ​ដើម​មិន​លែង​ទេ តែ​រក​ថ្មី​ទៀត។ ម៉្លោះ​ហើយ​ ខ្ញុំ​ផ្ដាំ​ផ្ញើ​ស្ត្រី​គ្រប់​រូបៗ​ ក្រោយ​រៀបការ​ហើយ​ ប្រុង​ប្រយ័ត្ន​មែន​ទែន​ កុំ​ឲ្យ​មាន​ផ្នត់​គំនិត​ថា ខ្ញុំ​ចាស់​ហើយ​មិន​ត្រូវ​តែង​ខ្លួន​ទេ​ ខ្លាច​គេ​ថា​ឲ្យ គឺ​យើង​ត្រូវ​ចេះ​ទាញ​ស្វាមី​យើង​ឲ្យ​នៅ​តែ​ពេញ​ចិត្ត​យើង​ ឲ្យ​នៅ​ផ្ទះ»

បញ្ហា​ផិត​ក្បត់​របស់​បុរស​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ អាច​មាន​កើត​ឡើង​ក្នុង​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ មិន​ថា​តែ​គ្រួសារ​នោះ​មាន​ជីវភាព​ក្រី​ក្រ ឬ​មាន​ និង​មាន​តម្រិះ​​វិជ្ជា​ខ្ពស់ ឬ​ទាប​នោះ​ទេ។ ក្នុង​គេហទំព័រ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក ដែល​ស្រាវ​ជ្រាវ​អំពី​ការ​ផិត​ក្បត់​របស់​ស្ត្រី​ និង​បុរស បាន​រក​ឃើញ​ថា​ លុយ​កាក់​ និង​ការ​រួមភេទ​ គឺ​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​ប្ដី​ប្រពន្ធ​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់​ឈរ។

លទ្ធផល​ស្រាវជ្រាវ​ដដែល​នោះ​បន្ត​ថា ជាង​ ២៥% នៃ​ស្វាមី​ បាន​សារភាព​ថា​ គេ​បាន​ទៅ​រួមភេទ​ជា​មួយ​ស្ត្រី​ផ្សេង​ក្រៅ​ពី​ភរិយា​ ហើយ​ស្ត្រី​ជា​ភរិយា​ចំនួន ១១% ក៏​បាន​ផិត​ក្បត់​ពី​ស្វាមី​របស់​ខ្លួន ទៅ​រួម​ភេទ​ជាមួយ​ប្រុស​ផ្សេង​ដែរ។ ទោះ​បី​ជា​គេ​បាន​ដឹង​ថា ស្វាមី ឬ​ភរិយា​ខ្លួន​ផិត​ក្បត់​ក៏ដោយ ទាំង​បុរស និង​ស្ត្រី​ចំនួន​ ៦៣% ពុំ​ចង់​លែង​លះ​គ្នា​ឡើយ។

ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ គេ​ពុំ​ដែល​មាន​ការ​ស្រាវជ្រាវ​អំពី​ស្ថិតិ​បុរស​ជា​ស្វាមី​ លប​លួច​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ថ្មី​ ឬ​ក៏​ស្ត្រី​ជា​ភរិយា​ផិត​ក្បត់​នឹង​ប្ដី​នោះ​ឡើយ​។ ប៉ុន្តែ​ជា​ទូទៅ​ ក្នុង​សង្គម​ខ្មែរ​យើង​ ភាគ​ច្រើន​គឺ​បុរស​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ ហើយ​ភរិយា​សុខ​ចិត្ត​តស៊ូ​រួម​រស់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ រហូត​ដល់​កូនៗ​ធំ​ពេញ​វ័យ​ ក្នុង​ក្ដី​សង្ឃឹម​ថា ស្វាមី​របស់​ខ្លួន​នឹង​ងាក​មក​ស្រឡាញ់​អាណិត​ប្រពន្ធ​កូន​វិញ៕