សិទ្ធិស្ត្រី និងការប្រើប្រាស់កិច្ចសន្យាខ្លីក្នុងវិស័យកាត់ដេរ
2012.11.23
បើទោះជាយ៉ាងណា មកដល់ពេលនេះ មានការលើកឡើងថា សិទ្ធិមួយចំនួនរបស់ស្ត្រីជាកម្មករកំពុងត្រូវរារាំងដោយការប្រើប្រាស់កិច្ចសន្យាដែលមានរយៈពេលកំណត់ និងខ្លីៗ។
សហជីព និងអង្គការមិនមែនរដ្ឋាភិបាលហៅការប្រើប្រាស់កិច្ចសន្យាខ្លីនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា ថា បានធ្វើអោយប៉ះពាល់សិទ្ធិចូលរួមសហជីព និងមាតុភាពរបស់ស្ត្រីជាកម្មករ។
ការលើកឡើងជាថ្មីទៀតរបស់សហជីព និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល គឺបន្ទាប់ពីកើតមានករណីកម្មការិនីម្នាក់នៅរោងចក្រកាត់ដេរខុនប្រេស ហូលឌីង (Conpress Holding) ក្នុងខណ្ឌមានជ័យ បានសម្រេចរម្លូតកូនក្នុងផ្ទៃដែលទើបពរពោះបាន ៣ខែ។
ក្នុងវ័យ ៣២ឆ្នាំ កម្មការិនី ហ៊ុក ពៅ ដែលមានស្រុកកំណើតក្នុងខេត្តបាត់ដំបង បានរៀបរាប់ថា នាងបានរម្លូតកូនក្នុងផ្ទៃបន្ទាប់ពីត្រូវភាគីរោងចក្របញ្ឈប់នាងពីការងារ។ ហ៊ុក ពៅ រំលឹកថា រដ្ឋបាលរោងចក្រធ្លាប់បានណែនាំនាងថា នាងអាចបន្តការងារបាន បើទោះជាមានផ្ទៃពោះ ប៉ុន្តែត្រូវលាឈប់តួនាទីក្នុងជួរថ្នាក់ដឹកនាំសហជីព។
បើទោះជាយ៉ាងណា ហ៊ុក ពៅ អះអាងថា នាងបានចូលធ្វើការងារក្នុងរោងចក្រខុនប្រេស ហូលឌីង ទើបបាន ៥ខែ ដោយមានកិច្ចសន្យាចំនួន២។ នៅពេលដែលនាងត្រូវបញ្ឈប់ពីការងារ គឺចំពេលដែលនាងដល់ពេលត្រូវបញ្ចប់កិច្ចសន្យាលើកទី១ របស់នាងជាមួយក្រុមហ៊ុន។ ហ៊ុក ពៅ បានទាមទារសុំអោយភាគីរោងចក្រទទួលគាត់អោយចូលធ្វើការវិញ ដោយអះអាងថា គាត់មានជីវភាពក្រីក្រ ចាំបាច់អោយមានចំណូលចិញ្ចឹមគ្រួសារ ម្យ៉ាងពេលនេះនាងក៏មានកម្លាំងគ្រប់គ្រាន់ គឺមិនទន់ខ្សោយដូចពេលដែលនាងមានទម្ងន់ឡើយ។
ករណីរបស់ ហ៊ុក ពៅ ត្រូវលើកឡើងជាឧទាហរណ៍សម្រាប់ស្ត្រីមួយចំនួនដទៃទៀត ដែលពួកគេជួបប្រទះការរើសអើង និងការរំលោភសិទ្ធិ ដែលជាផលប៉ះពាល់នៃការប្រើប្រាស់កិច្ចសន្យាដែលមានរយៈពេលខ្លីៗ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា ការរើសអើងចំពោះការងារស្ត្រី គឺជាសកម្មភាពដែលផ្ទុយនឹងអនុសញ្ញាអន្តរជាតិរបស់អង្គការពលកម្មអន្តរជាតិ។
អនុសញ្ញាអន្តរជាតិរបស់អង្គការពលកម្មអន្តជាតិមួយចំនួន រួមមានលេខ ១០០ ១០១ ១៨៣ និង១៥៦ បានការពារស្ត្រីភេទពីការរើសអើងភេទ ជាតិសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ និងការចងក្រងបណ្ដាញ និងចូលរួមសហជីព។ ចំណែកអនុសញ្ញាអន្តរជាតិលេខ ១៨៣ បាននិយាយដល់កិច្ចការពារមាតុភាព ពោលគឺស្ត្រីជាកម្មករមិនត្រូវបញ្ឈប់ពីការងារដោយសារតែមានផ្ទៃពោះឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា និយោជក ឬថៅកែរោងចក្រ ពុំដែលមានចេតនាប្រើប្រាស់កិច្ចសន្យាដើម្បីធ្វើអោយប៉ះពាល់ដល់សិទ្ធិនារីដូចការលើកឡើងរបស់សហជីពឡើយ។ លោក ជាតិ ខេមរា ហៅការចោទប្រកាន់នេះ គឺមានគោលដៅដាក់បន្ទុកដល់ភាគីនិយោជក ឬធ្វើអោយប៉ះពាល់ដល់កិត្តិសព្ទវិស័យកាត់ដេរកម្ពុជា នៅលើឆាកអន្តរជាតិ។
លោក ជាតិ ខេមរា បញ្ជាក់ថា ក្នុងវិស័យការងារគេចាំបាច់ត្រូវគិតគូរពីអត្ថប្រយោជន៍នៃភាគីទាំងសងខាង។ លោកថា ចាំបាច់ត្រូវបត់បែនទៅតាមស្ថានភាពជាក់ស្ដែងក្នុងការប្រើប្រាស់កិច្ចសន្យាការងារ ដោយពុំអាចលុបចោលមួយណាបានឡើយ។
បើទោះជាយ៉ាងណា មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ការប្រើប្រាស់កិច្ចសន្យាដែលមានរយៈពេលខ្លីៗ ពិតជាធ្វើអោយប៉ះពាល់ទៅលើសិទ្ធិក្នុងការចូលរួមសហជីព និងមាតុភាពប្រាកដមែន នោះក៏ដោយសារតែកិច្ចសន្យាប្រភេទខ្លីផ្ដល់លទ្ធភាពច្រើនដល់ភាគីនិយោជកក្នុងការបញ្ចប់កិច្ចសន្យានៅពេលពួកគេបង្កើត ឬចូលរួមសហជីព។
ករណីនេះ ទាំងសហជីព និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងអង្គការពលកម្មអន្តរជាតិអាយឡូ (ILO) ប្រចាំនៅកម្ពុជា ផង បានស្នើជាច្រើនលើកច្រើនសារអោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងនិយោជកក្នុងវិស័យកាត់ដេរនៅកម្ពុជា បញ្ឈប់ការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី។ ចំណែកការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១០ របស់សាកលវិទ្យាល័យយេល (Yale) សហរដ្ឋអាមេរិក បានលើកឡើងនូវការព្រួយបារម្ភថា ប្រសិនបើបន្តប្រើប្រាស់កិច្ចសន្យាខ្លី នឹងនាំអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។