ភរិយារបស់សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង បានក្លាយជាជនភៀសខ្លួនដោយសារតែចេញមុខក្នុងរកយុត្តិធម៌ជូនស្វាមី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ថ្វីបើក្លាយជាជនភៀសខ្លួនក៏ដោយ ក៏អ្នកស្រីនៅតែអាចប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួនជួយដល់ជនភៀសខ្លួនដទៃទៀតដែរ។ ម្យ៉ាងវិញទៀត អ្នកស្រីមិនបានចាត់ទុកស្ថានភាពលំបាករបស់ខ្លួននាពេលបច្ចុប្បន្ននេះថា ជារនាំងមិនឱ្យខ្លួនបន្តការងារសង្គមបាននោះដែរ ពោលគឺអ្នកស្រីប្ដេជ្ញាបន្តការងារការពារសិទ្ធិមនុស្សដដែលទៅថ្ងៃអនាគត។
ស្ថិតក្នុងបន្ទប់ជួលតូចមួយ អតីតសកម្មជនសិទ្ធិលំនៅឋាន អ្នកស្រី ឡុង គឹមហ៊ាង ហាក់មានទឹកមុខញញឹមញញែមខុសពីសព្វដង ដោយសារតែឪពុកម្ដាយវ័យជាង ៦០ឆ្នាំរបស់អ្នកស្រី បានមកសួរសុខទុក្ខអ្នកស្រី និងកូនតូច ដោយយកមកជាមួយនូវម្ហូបអាហារមួយចំនួន ដូចជា ត្រីងៀត និងសាច់ក្រក នំចំណី ព្រមទាំងផ្លែឈើខ្លះផង មកពីស្រុកខ្មែរ។ អ្នកស្រីបញ្ជាក់ថា ជាធម្មតា អ្នកស្រី និងកូនមិនមានម្ហូបអាហារសម្បូរបែបនេះឡើយ ព្រោះមិនមានចំណូលជាប់លាប់ ហើយត្រូវរិះត្បិតការចំណាយបំផុត ដើម្បីទុកថវិកាសម្រាប់ស្វាមី គឺលោក រ៉ាត់ រត្នមុនី ដែលកំពុងជាប់ពន្ធនាគារព្រៃសដោយអយុត្តិធម៌។
អស់រយៈពេលជិត ១ឆ្នាំហើយ ដែលអ្នកស្រី ឡុង គឹមហ៊ាង ត្រូវរស់នៅក្នុងបន្ទប់ជួលតួចមួយទំហំប្រហែល ៣០ការ៉េ ជាមួយនឹងកូនប្រុសអាយុ ២ឆ្នាំ ឈ្មោះ រ៉ាត់ មុនីកិត្យា នៅក្នុងតំបន់មួយនៃប្រទេសថៃ ដែលសម្បួរដោយពលករខ្មែរ និងក្រុមជនភៀសខ្លួនរស់នៅ។ ប៉ុន្តែ ដោយមានចរិតលក្ខណៈពូកែនិយាយ និងជួយយកអាសាអ្នកដទៃផងនោះ អ្នកស្រីមិនខ្វះញាតិផៅឡើយ ហើយមានអ្នកជិតខាងខ្លះតែងយកបន្លែ ត្រី សាច់ មកឱ្យអ្នកស្រីស្ទើររៀងរាល់ល្ងាច។
អ្នកស្រី ឡុង គឹមហ៊ាង បានសម្រេចចិត្តរត់ភៀសខ្លួនជាមួយកូនប្រុសមកប្រទេសថៃ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពេលមានជនមិនស្គាល់មុខតាមឃ្លាំមើលសកម្មភាពរបស់អ្នកស្រី និងមានស្ត្រីមិនស្គាល់អត្តសញ្ញាណមួយក្រុមទៀត បានចេញមកអុកឡុករំខានការតវ៉ារបស់អ្នកស្រីនៅមុខស្ថានទូតរុស្ស៊ី ទីដែលអ្នកស្រីបានលើកបដាតវ៉ាជារៀងរាល់សប្ដាហ៍ ដើម្បីស្នើសុំអន្តរាគមន៍ឱ្យមានការដោះលែងស្វាមីរបស់អ្នកស្រី។
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំនៅប្រទេសថៃ (UNHCR Thailand) បានផ្ដល់ឋានៈជាជនភៀសខ្លួនដល់អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងឋានៈជាជនភៀសខ្លួននេះ អ្នកស្រីទទួលបានកិច្ចគាំពារផ្នែកសុវត្ថិភាពពីអង្គការសហប្រជាជាតិ និងជំនួយផ្នែកហិរញ្ញវត្ថុខ្លះៗ ពីអង្គការដៃគូរបស់អង្គការសហប្រជាជាតិ។ ចំណែកអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនប្រចាំនៅប្រទេសថៃ ក៏បានផ្ដល់ជំនួយខ្លះៗ ដល់អ្នកស្រី និងកូនប្រុសផងដែរ ដូចជា ទឹកដោះគោ និងខោទឹកនោមក្មេង ជាដើម។ ទោះជាយ៉ាងណា ជំនួយទាំងនេះមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែឡើយ ដែលតម្រូវឱ្យអ្នកស្រីត្រូវស្វែងរកការងារធ្វើបន្ថែមទៀត ដើម្បីទប់ទល់ការចំណាយ។
ដោយមានអតីតភាពការងារជាអ្នកការពារសិទ្ធិមនុស្ស និងមានចំណេះដឹងខាងភាសាអង់គ្លេសផង អង្គការមួយចំនួនដែលជាដៃគូរបស់អង្គការសហប្រជាជាតិ បានផ្ដល់ការងារជាអ្នកបកប្រែឱ្យអ្នកស្រី ទាំងការបកប្រែផ្ទាល់មាត់ និងបកប្រែជាឯកសារ។ ការងារនេះបានផ្ដល់កម្រៃប្រមាណ ៦ពាន់បាត ឬប្រហែល ២រយដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយនោះទេ ដោយអ្នកស្រីត្រូវខ្ចីលុយបងប្អូន និងឪពុកម្ដាយយកមកចំណាយបន្ថែមទៀត៖« ពីមុនមក យើងយកកូនទៅដើរបានអ៊ីចឹងទៅ ប៉ុន្តែក្រោយពីមានផ្ទុះមេរោគកូរ៉ូណា ជំងឺរលាកសួតថ្មីហ្នឹងមក គឺខ្ញុំមិនអាចយកគេទៅធ្វើការជាមួយបានទេ។ ពេលដែលខ្ញុំមិនអាចយកកូនទៅធ្វើការបាន ខ្ញុំក៏អត់មានអ្នកមើលកូននៅផ្ទះដែរ អ៊ីចឹងធ្វើឱ្យខ្ញុំមិនអាចបន្តទៅធ្វើការបាន។ អ៊ីចឹងដែលធ្វើឱ្យខ្ញុំហ្នឹងបាត់បង់ចំណូល បាត់បង់កម្រៃវិញបាត់ហើយ » ។
ក្រៅពីការលំបាកផ្នែកជីវភាព អ្នកស្រីអះអាងថា អ្នកស្រីក៏ប្រឈមនឹងការបៀតបៀនដោយពាក្យសម្ដីពីជនមួយចំនួនផងដែរ ព្រោះអ្នកស្រីរស់នៅតែពីរនាក់ម្ដាយនឹងកូន ហើយពេលខ្លះមានជនមិនស្គាល់អត្តសញ្ញាណតាមអង្កេត និងថតរូបអ្នកស្រីផងដែរ៖« មនុស្សល្អ នៅពេលដែលគេឃើញយើងពីរនាក់ម្ដាយកូន គេគោរពគេសរសើរ គេឱ្យតម្លៃ តែសម្រាប់មនុស្សដែលមិនល្អ មានគំនិតអាក្រក់ ហើយពេលខ្លះទៅប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ កាយវិការមិនសមរម្យ ព្រហើនមកលើយើង សឹងតែបំពាន ដែលធ្វើឱ្យពេលខ្លះ ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនឯង។ ក៏ប៉ុន្តែដោយសារនៅទីនេះ ខ្ញុំមានអ្នកជិតខាងជាជនជាតិខ្មែរយើងដែលគេជាមនុស្សល្អច្រើនហ្នឹង ធ្វើឱ្យយើងអាចជជែកគ្នា ប្រាប់គ្នាអំពីសុខទុក្ខគ្នាវិញបាន។ មួយទៀត ប្រសិនបើខ្ញុំយល់ថា អ្នកហ្នឹងបំពានដែលខ្ញុំមិនអាចទ្រាំបាន ខ្ញុំនឹងប្រាប់ទៅ UN» ។
គិតត្រឹមខែចុងកុម្ភៈ ឆ្នាំ២០២០ នេះ ស្វាមីអ្នកស្រី គឺលោក រ៉ាត់ រត្នមុនី បានជាប់ឃុំអស់រយៈពេលជាង ១ឆ្នាំហើយ។ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជារូបនេះ ត្រូវបានត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីចុងឆ្នាំ២០១៨ កន្លងទៅ តាមសំណើរបស់សមត្ថកិច្ចកម្ពុជា។ វិធានការនេះ គឺធ្វើឡើងក្រោយពេលដែលភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជាមួយ មានចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ត្រូវបានទូរទស្សន៍រុស្ស៊ី RT (Russia Today) ផ្សព្វផ្សាយជាសាធារណៈ។
អាជ្ញាធររបបលោក ហ៊ុន សែន បានចោទលោក រ៉ាត់ រត្នមុនី ដែលជាអ្នកបកប្រែក្នុងដំណើរការផលិតភាពយន្តឯកសារនេះថា បានផ្ដល់លុយកាក់ដល់តួអង្គនៅក្នុងរឿង ដើម្បីនិយាយប្រឌិត ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា និងកិត្តិយសស្ត្រីខ្មែរ។ ក៏ប៉ុន្តែអាជ្ញាធរមិនដែលកោះហៅតំណាងទូរទស្សន៍ RT របស់រុស្ស៊ី ដែលជាអ្នកផលិតភាពយន្តឯកសារនេះមកសាកសួរនោះទេ ហើយសាក្សីដ៏សំខាន់មួយរូបឈ្មោះ ស្រីពេជ្រ ដែលអះអាងថា នាងមិនដែលបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី នោះ ក៏តុលាការមិនបានព្យាយាមកោះហៅមកសាកសួរដែរ។
នៅចុងខែមិថុនា ឆ្នាំ២០១៩ តាមរយៈសវនាការដែលគ្មានវត្តមានអ្នកពាក់ព័ន្ធ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស លោក រ៉ាត់ រត្នមុនី វ័យ ៤៩ឆ្នាំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" និងបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ សាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះទុកជាបានការដដែល ហើយពេលនេះ បណ្ដឹងសារទុក្ខរបស់លោក រ៉ាត់ រត្នមុនី កំពុងស្ថិតក្នុងដៃតុលាការកំពូល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សោកស្ដាយដែលគ្រួសាររបស់លោក រ៉ាត់ រត្នមុនី ត្រូវរស់នៅបែកគ្នា ដោយម្នាក់ត្រូវជាប់ពន្ធនាគារ ក្រោមបទចោទមិនសមហេតុផល និងម្នាក់ទៀតត្រូវរត់ភៀសខ្លួនទៅនៅក្រៅប្រទេស ដោយបារម្ភពីការធ្វើទុក្ខបុកម្នេញបែបនេះ។ លោកសង្កេតឃើញថា សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ដូច្នេះតុលាការគួរតែផ្ដល់យុត្តិធម៌ដល់រូបលោកវិញ។ មន្ត្រីសិទ្ធិមនុស្សរូបនេះជឿថា ការដោះលែង និងផ្ដល់សេរីភាពពេញលេញដល់លោក រ៉ាត់ រត្នមុនី ក៏ជាផ្នែកមួយនៃការកែលម្អកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដែរ៖ « ក្នុងរឿងនេះ យើងគិតថា គួរមានការពន្លឿននៅក្នុងនីតិវិធី ធ្វើយ៉ាងណាដើម្បីរកយុត្តិធម៌ជូនដល់គាត់ ព្រោះអ្វីដែលគាត់ធ្វើទាំងអស់ហ្នឹង គឺជាការធ្វើកិច្ចការងាររបស់គាត់ទៅតាមវិជ្ជាជីវៈ។ វាមិនដូចអ្វីដែលជាការចោទប្រកាន់នោះទេ អ៊ីចឹងអ្វីដែលជាវិមតិសង្ស័យ ហើយការចោទប្រកាន់មិនមានភាពច្បាស់លាស់ ហើយមិនមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ គួរតែផ្ដល់សិទ្ធិសេរីភាពដល់គាត់ ដើម្បីឱ្យបានមកជួបជុំក្រុមគ្រួសារគាត់ » ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិវាយតម្លៃថា តុលាការរបបលោក ហ៊ុន សែន បានកាត់ក្តីសំណុំរឿងលោក រ៉ាត់ រត្នមុនី បែបបាយឡុកបាយឡគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម ហើយសាលក្រមនេះបានធ្វើឱ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ។ ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការកាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើឱ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ កាន់តែបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជា ពីព្រោះសកម្មជនសិទ្ធិការងាររូបនេះ មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។ ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មានឯករាជ្យ បានចាត់ទុកករណីនេះថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជន។ ទាំងសហគមន៍ជាតិ និងអន្តរជាតិសុទ្ធតែទទូចដល់តុលាការកម្ពុជាឱ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី ព្រមទាំងផ្ដល់សេរីភាពពេញលេញដល់សកម្មជនសិទ្ធិការងាររូបនេះវិញដោយឥតលក្ខខណ្ឌ។
អតីតសកម្មជនសិទ្ធិលំនៅឋាន អ្នកស្រី ឡុង គឹមហ៊ាង ឱ្យដឹងថា ក្នុងស្ថានភាពជាជនភៀសខ្លួន អ្នកស្រីបានត្រឹមតែពិគ្រោះយោបល់ជាមួយមេធាវី ដើម្បីជួយរកវិធីតតាំងក្តីឱ្យស្វាមីតាមផ្លូវតុលាការប៉ុណ្ណោះ ក៏ប៉ុន្តែដែលសំខាន់ជាងនេះទៀតនោះ គឺការមើលថែទាំកូនប្រុសឱ្យបានល្អ ទម្រាំស្វាមីអាចរួចផុតពីការឃុំឃាំង។ អ្នកស្រីរំពឹងថា តុលាការកំពូលនឹងអាចផ្ដល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រីវិញ ព្រោះគាត់មិនមានកំហុសអ្វីនោះទេ៖« ជាគុណធម៌ពិតប្រាកដដែលខ្ញុំគោរព ដោះលែងប្ដីខ្ញុំឱ្យមានសេរីភាព និងអ្នកទោសមនសិការដទៃទៀតទៅ។ ហ៊ានធ្វើ និងបង្ហាញគុណធម៌ទៅជាតិសាសន៍ដទៃ ហេតុអ្វីខ្លាចរអែងនឹងធ្វើគុណធម៌ និងធ្វើរឿងល្អចំពោះជាតិសាសន៍របស់ខ្លួនឯង ? ហើយក៏ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងប្រើគុណធម៌របស់ពួកគាត់ស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាយើងត្រឡប់មកវិញមក។ វាមិនថោកទាបអ្វីទេ ព្រោះដោយសារដើម្បីពលរដ្ឋរបស់យើង ប្រទេសរបស់យើង។ នៅពេលធ្វើល្អ ពួកគេនឹងទទួលបានការគោរពនៅពេលអនាគតសម្រាប់ក្មេងជំនាន់ក្រោយ ប៉ុន្តែបើនៅតែបែបនេះ បណ្ដោយឱ្យអ្នកធ្វើការសង្គម សិទ្ធិមនុស្ស ពលរដ្ឋរងគ្រោះពិបាកវេទនា ខ្ញុំជាអ្នកធ្វើការសង្គម ជាអ្នកការពារសិទ្ធិមនុស្ស បែរទៅជាខ្ចាត់ខ្ចាយ រត់ចោលស្រុកអ៊ីចឹង វាជារឿងអាម៉ាស់របស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង » ។
អ្នកស្រី ឡុង គឹមហ៊ាង គឺជាអតីតមន្ត្រីព័ត៌មាន និងទំនាក់ទំនង ហើយក្រោយមកជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលនៃអង្គការសិទ្ធិលំនៅឋាន រហូតមកដល់ចុងឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនេះ អ្នកស្រីតែងចុះទៅឃ្លាំមើលព្រឹត្តិការណ៍តវ៉ាដីធ្លីរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបានចូលរួមយ៉ាងសកម្មជននៅក្នុងការជួយតស៊ូមតិជូនពលរដ្ឋដែលរងគ្រោះដោយការរំលោភយកដីធ្លី។ ជាមួយគ្នានេះ អ្នកស្រីបានសហការយ៉ាងពេញលេញក្នុងការផ្ដល់ព័ត៌មានជូនក្រុមអ្នកសារព័ត៌មានអំពីការតវ៉ាដីធ្លី របាយការណ៍រឿងដីធ្លី និងបញ្ហាដទៃទៀត ពាក់ព័ន្ធនឹងរឿងសិទ្ធិលំនៅឋាន។
ស្ថិតក្នុងវ័យ ៣៥ឆ្នាំ អ្នកស្រី ឡុង គឹមហ៊ាង បានកើតនៅក្នុងជំរំជនភៀសខ្លួន សាយធូ (Site II) និងធំដឹងក្ដីនៅខេត្តបន្ទាយមានជ័យ ក្នុងគ្រួសារដែលមានឪពុកជារត់ឡានឈ្នួល និងម្ដាយជាលក់ដូរ ព្រមទាំងមានបងប្អូនបង្កើតចំនួន ៧នាក់។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងភាសាអង់គ្លេស ក៏ប៉ុន្តែដោយសារតែរន្ធត់ចិត្តខ្លាំងនៅពេលឃើញព្រឹត្តិការណ៍ផ្ទះរបស់ពលរដ្ឋបឹងកក់ ត្រូវគេបូមខ្សាច់ពន្លិច អ្នកស្រីក៏បានសម្រេចប្រឡូកចូលពេញទំហឹងក្នុងសកម្មភាពការងារសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋ។
អ្នកស្រី ឡុង គឹមហ៊ាង បញ្ជាក់ថា ទោះជាពេលនេះអ្នកស្រីកំពុងស្ថិតក្នុងស្ថានភាពលំបាកបែបណាក្តី អ្នកស្រីប្ដេជ្ញាចិត្តថា នឹងមិនបោះបង់ចោលការងារជាអ្នកការពារសិទ្ធិមនុស្ស និងការងារសង្គមនោះឡើយ ពីព្រោះអ្នកស្រីស្អប់ខ្ពើមភាពអយុត្តិធម៌សង្គម៖« ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនៅតែបន្តនឹងការធ្វើការងារជាអ្នកការពារសិទ្ធិមនុស្សដដែល បើទោះបីជានៅកន្លែងណាក៏ដោយ ពីព្រោះដោយសារតែភាពក្រីក្រ និងអំពើអយុត្តិធម៌ដែលកើតឡើងមកលើខ្ញុំបច្ចុប្បន្ននេះឯង ដែលធ្វើឱ្យខ្ញុំត្រូវតែរក្សាជំហរ និងបន្តធ្វើការងាររបស់ខ្ញុំដដែល ដើម្បីឱ្យខ្ញុំអាចជួយដល់អ្នកដទៃ ជួយដល់កូនរបស់ខ្ញុំ បងប្អូនសាច់ញាតិរបស់ខ្ញុំ ជនជាតិរបស់ខ្ញុំ កុំឱ្យមានរឿងអយុត្តិធម៌ និងក្រីក្រដូចខ្ញុំ » ។
ទោះជាមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងបុព្វហេតុការងារការពារសិទ្ធិមនុស្សបែបនេះក្ដី ក៏អ្នកស្រី ឡុង គឹមហ៊ាង នៅមិនទាន់ប្រាកដក្នុងចិត្តថា តើអនាគតអ្នកស្រី និងគ្រួសារ នឹងទៅជាយ៉ាងណានៅឡើយទេ? ៖« សម្រាប់ខ្ញុំ បើគេដោះលែងប្ដីខ្ញុំ ខ្ញុំមើលសិនថា តើសុវត្ថិភាពពួកយើងកម្រិតណា ? ដោះលែងឱ្យប្តីខ្ញុំមានសេរីភាពពេញបរិបូណ៌ដូចដើម ឬក៏ដោះលែងប្ដីខ្ញុំមក ប៉ុន្តែស្ថិតក្រោមសម្ពាធ។ តើសេរីភាពដែលផ្ដល់ហ្នឹង វាកម្រិតណា ? យើងត្រូវមើលសិនដែរ ព្រោះបើសេរីភាពស្ថិតក្រោមការភ័យខ្លាច វាជារឿងគួរឱ្យបារម្ភសម្រាប់ពួកយើងនាពេលអនាគត ប៉ុន្តែបើសេរីភាពផ្ដល់ឱ្យពួកយើងពេញលេញ វាដូចជាគ្មានអ្វីពិបាកក្នុងខ្លាចរអែងដើម្បីទៅនៅស្រុកយើងវិញនោះទេ » ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។