មរណភាព​មាតា​នៅ​ពេល​សម្រាល​កូន​នៅ​មាន​កម្រិត​ខ្ពស់

គ្រោះ​ថ្នាក់​ដល់​ជីវិត​សម្រាប់​ស្ត្រី​ជា​មាតា​នៅ​ពេល​សម្រាល​កូន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

0:00 / 0:00

ស្ថិតិ​របស់​អង្គការ​យូនីសេហ្វ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ​មាន​ស្ត្រី​ប្រមាណ ១.៧០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ស្លាប់​ខណៈ​កំពុង​មាន​ផ្ទៃ​ពោះ​ក្នុង​ពេល​សម្រាល​កូន និង​ក្រោយ​ពេល​សម្រាល​កូន​រួច។ នេះ​មាន​ន័យ​ថា ក្នុង​ចំណោម​ស្ត្រី​សម្រាល​កូន ១​សែន​នាក់ គឺ​មាន​មាតា​ស្លាប់​ចំនួន ៤៦១​នាក់ ដែល​ចំនួន​នេះ​គឺ​មាន​អត្រា​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ថា ភាគ​ច្រើន​នៃ​មរណភាព​របស់​មាតា និង​ទារក​ទាំង​នេះ គួរ​តែ​អាច​ការពារ​បាន។

អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា ហេតុផល​ដែល​នាំ​ឲ្យ​មាន​អត្រា​ខ្ពស់​នៃ​ការ​ស្លាប់​របស់​មាតា​ពេល​ឆ្លង​ទន្លេ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ខ្វះខាត​ពេទ្យ​ឆ្មប​ជំនាញ មជ្ឈមណ្ឌល​សុខភាព​នៅ​តាម​ជនបទ​នៅ​មាន​កម្រិត​តិច តម្លៃ​សេវា​សុខភាព ការ​ពុំ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ ភាព​ស្មុគស្មាញ​នៅ​ពេល​សម្រាល​កូន​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុខភាព​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា ម៉េឌីខាំ (MEDICAM) បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អត្រា​នៃ​មរណភាព​មាតា​ដោយសារ​សម្រាល​កូន​សព្វថ្ងៃ​នេះ បាន​ថយ​ចុះ​មួយ​កម្រិត​ដែរ​បើ​ប្រៀបធៀប​ពី​មុន ៖ «ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ថយ​ចុះ​អត្រា​ស្ត្រី​មាតា​ស្លាប់ ពី ៤៧២​នាក់ ក្នុង​ចំណោម ១​សែន​នាក់ មក​ត្រឹម ២៨០​នាក់ ប៉ុន្តែ​អត្រា​ស្លាប់​សម្រាប់​ឆ្នាំ​២០១០​នេះ នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ២០០៥ គឺ​ស្ថិតិ​នៅ​ដដែល អត់​ចុះ​ទេ គឺ​ចំនួន​អ្នក​ស្លាប់​មាន ៤៧២​នាក់ ក្នុង​១​សែន​នាក់ ប៉ុន្តែ​ឥឡូវ​នេះ​ស្ត្រី​មក​សម្រាល​កូន​ដោយ​ឆ្មប ឬ​គ្រូពេទ្យ​មាន​ជំនាញ​បាន​កើន​ឡើង​ដល់​ទៅ​ចំនួន​ជាង ៦៩,៦%»

យោង​តាម​ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា អត្រា​មរណភាព​នៃ​មាតា​ក្នុង​ពេល​សម្រាល​កូន​នៅ​តាម​ជនបទ គឺ​មាន​ចំនួន​ច្រើន​លើស​ជាង ៣​ដង នៅ​តាម​ទីក្រុង ហើយ​ថា ជិត ៤០% នៃ​ចំនួន​មាតា​សម្រាល​កូន​នៅ​កម្ពុជា គឺ​ផ្ដល់​សេវា​ដោយ​ឆ្មប ឬ​គ្រូពេទ្យ​ពុំ​មាន​វិជ្ជាជីវៈ​ជំនាញ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ជា​មាតា​នៅ​ពេល​មាន​គ្រោះអាសន្ន​កើត​ឡើង​ក្នុង​ពេល​សម្រាល​កូន ដូចជា​កើត​កូន​មិន​ចេញ ឬ​ធ្លាក់​ឈាម​ខ្លាំង​ជាដើម។

លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រសួង​សុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ បាន​យល់​ច្បាស់​អំពី​ឧបសគ្គ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​មាតា​នេះ ៖ «សព្វថ្ងៃ​នេះ​ទាំង​ក្រសួង​សុខាភិបាល ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​ដឹង​បញ្ហា​នេះ​ច្បាស់​ណាស់ ដែល​ស្ត្រី​ក្រីក្រ​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​សេវា​សុខាភិបាល ទាំង​ពី​ការ​ធ្វើ​ដំណើរ ការ​បង់​សេវា។ ចំណុច​មួយ​ដែល​គេ​បាន​ដោះស្រាយ​ហើយ គឺ​គេ​បាន​បង្កើត​មូលនិធិ​សមធម៌​សម្រាប់​ជួយ​ដល់​ស្ត្រី​ក្រីក្រ»

ប៉ុន្តែ​បញ្ហា​បង្កើត​ជា​មូលនិធិ​សមធម៌​នេះ លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី បាន​ទទួល​ស្គាល់​ថា នៅ​មិន​ទាន់​បាន​ធំ​ទូលាយ​នៅ​តាម​ខេត្ត​ក្រុង​ទាំង​២៤ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​ក្រុម​វេជ្ជបណ្ឌិត គ្រូពេទ្យ​ឆ្មប និង​ភ្នាក់ងារ​សុខាភិបាល​ទាំង​អស់ ឲ្យ​មាន​ក្រមសីលធម៌​ខ្ពស់​ក្នុង​វិជ្ជាជីវៈ យក​ចិត្ត​ទុក​ដាក់​បន្ថែម​ព្យាបាល​អ្នក​ជំងឺ ជៀសវាង​ការ​គិត​ប្រាក់​ជា​ធំ ៖ «ត្រូវ​ខិតខំ​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​ផ្នែក​សុខាភិបាល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន ឬ​អ្នក​ជំងឺ​ដែល​ឈរ​លើ​គោលការណ៍​បច្ចេកទេស និង​មនុស្សធម៌ និង​ប្រកាន់​ខ្ជាប់​នូវ​គុណធម៌ សច្ចៈធម៌ និង​ស្មារតី​ភ្ញាក់​រឭក​ខ្ពស់។ មិន​ត្រូវ​ទុក​អ្នក​ជំងឺ​ចោល​ឲ្យ​ស្លាប់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ការ​ព្យាបាល​សិន»

របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ដដែល​បន្ត​ថា បន្ថែម​ពី​ការ​ស្លាប់​ជីវិត​មាតា​នៅ​ពេល​សម្រាល​កូន​នេះ មាន​ទារក​ប្រមាណ​ជា ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ បាន​ស្លាប់​នៅ​ពេល​ដែល​កំពុង​កើត និង​កើត​រួច​ហើយ។ របាយការណ៍​បាន​បន្ត​ថា ចំនួន​មរណភាព​នៃ​ទារក​នេះ គឺ​មាន​កម្រិត​ខ្ពស់​ណាស់ ដែល​មិន​អាច​ទទួល​យក​បាន ពីព្រោះ​ថា ហេតុផល​នៃ​ការ​ស្លាប់​របស់​ទារក គឺ​គេ​អាច​ការពារ​បាន ហើយ​មូលហេតុ​ទាំង​នោះ រួម​មាន​បណ្ដាល​មក​ពី​កង្វះខាត​នៃ​ការ​ត្រួតពិនិត្យ និង​ការ​ថែរក្សា​គភ៌ និង​សុខភាព​របស់​ស្ត្រី​ជា​មាតា​ឲ្យ​បាន​ទៀង​ទាត់​នៅ​មុន​ពេល​សម្រាល​កូន។

អាស្រ័យ​ហេតុ​នេះ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ម្ដាយ និង​ទារក អង្គការ​យូនីសេហ្វ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​ការ​ហ្វឹកហ្វឺន​ដល់​ឆ្មប ឬ​គ្រូពេទ្យ​ដែល​បង្កើត​កូន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បន្ទប់​សង្គ្រោះ​ជា​បន្ទាន់​ផ្នែក​សម្រាល​កូន ដោយ​មាន​ឧបករណ៍​គ្រប់គ្រាន់ និង​ទំនើបៗ។ ពង្រឹង​ការ​ផ្ដល់​សេវា​ថែទាំ និង​ត្រួត​ពិនិត្យ​គភ៌​របស់​ស្ត្រី​ឲ្យ​បាន​ទៀងទាត់ ក្នុង​នោះ​នឹង​ជំរុញ​ឲ្យ​មាន​គ្រូពេទ្យ​ជំនាញ​ទៅ​តាម​ផ្ទះ ពិនិត្យ​ភាព​ស្មុគស្មាញ​របស់​ស្ត្រី​មាន​គភ៌ ហើយ​និង​ផ្សព្វផ្សាយ​ឲ្យ​ស្ត្រី​មាន​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​ថែទាំ​សុខភាព និង​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​ពេល​សម្រាល​កូន៕