តើ​ហេតុអ្វី​បាន​ជា​បុរស​ស្រឡាញ់​ពេញ​ចិត្ត​ចង់​បាន​តែ​ស្ត្រី​ក្មេងៗ?

តាម​ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​បុរស​ខ្មែរ​មិន​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្រៅ​ប្រទេស ស្រឡាញ់​ពេញ​ចិត្ត​រៀបការ​ជាមួយ​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ច្រើន​ជាង​ខ្លួន។

ទោះ​បី​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ពុំ​មាន​ស្ថិតិ​ពិត​ប្រាកដ​នូវ​ចំនួន​បុរស​ដែល​ចូល​ចិត្ត​រៀបការ​ជាមួយ​ស្ត្រី​វ័យ​ក្មេង​ក៏ដោយ ក៏​ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​បុរស​ខ្មែរ​ជាច្រើន ទាំង​នៅ​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​ក្រៅ​ស្រុក ស្រឡាញ់​ពេញ​ចិត្ត​រៀបការ​ជាមួយ​នឹង​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ច្រើន រហូត​ដល់​បុរស​ខ្លះ​មាន​វ័យ​ចាស់​អាច​ធ្វើ​ជា​ឪពុក ឬ​ក៏​ជីតា​របស់​ស្ត្រី​ជា​ភរិយា​ក្មេង​នោះ​ទៀត​ផង។

លោកស្រី លឹម មុន្នី ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​អ្វី​ដែល​លោកស្រី​បាន​ឃើញ​កំពុង​កើត​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ ៖ «ស្រុក​ខ្មែរ​ពេល​បច្ចុប្បន្ន​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​បុរស​ជា​អាណិកជន​ជាតិ​ខ្មែរ ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង កាណាដា​ អូស្ត្រាលី ភាគច្រើន​មក​ដណ្ដឹង​ប្រពន្ធ​រៀបការ​នៅ​ប្រទេស​កម្ពុជា ភាគច្រើន​ច្រើន​តែ​ជា​បុរស​មាន​វ័យ​ចាស់​ខ្លាំង ហើយ​មក​រៀបការ​ប្រពន្ធ​នៅ​ប្រទេស​កម្ពុជា ជា​នារី​ដែល​ក្មេង​បំផុត ខ្លះ​ស្មើ​កូន អ្នក​ខ្លះ​ស្មើ​នឹង​ចៅ។ មិនមែន​តែ​បុរស​ដែល​នៅ​ក្រៅ​ប្រទេស​ទេ សូម្បី​តែ​បុរស​ដែល​នៅ​ក្នុង​ប្រទេស អ្នក​ធ្លាប់​មាន​ប្រពន្ធ​ហើយ ឬ​ក៏​អ្នក​ដែល​លែង​ប្រពន្ធ ឬ​ក៏​អ្នក​ដែល​កំពុង​តែ​នៅ​មាន​ជាប់​ចំណង​អាពាហ៍​ពិពាហ៍ ក៏​ដូច​ជា​អ្នក​ដែល​យក​លេស​លែង​ប្រពន្ធ​អ៊ីចឹង យើង​សង្កេត​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ច្រើន»

ស្ថិតិ​ស្រាវជ្រាវ​ថ្មីៗ​នេះ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​ចំនួន​បុរស​ដែល​រៀបការ​ជាមួយ​ស្ត្រី​វ័យ​ក្មេងៗ មាន​ការ​កើន​ឡើង​ច្រើន​ជាង​កាល​ពី​នៅ​ទសវត្សរ៍​ឆ្នាំ​៦០។ ហើយ​យោង​តាម​ស្ថិតិ​ស្រាវជ្រាវ​នៅ​ប្រទេស​អង់គ្លេស ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​រៀបការ​ជាមួយ​បុរស​វ័យ​ក្មេង​ជាង​ខ្លួន ក៏​មាន​កើន​ចំនួន​ច្រើន​ដែរ គឺ​កើន​ពី​១៥% នៅ​ឆ្នាំ​១៩៦៣ មក​២៦% ក្នុង​ឆ្នាំ​១៩៩៨ ហើយ​ស្ត្រី​រៀបការ​ជាមួយ​បុរស​វ័យ​ក្មេង​លើស​ពី ៦​ឆ្នាំ​ឡើង​ទៅ​នោះ គឺ​កើន​ពី​៣% មក ៧%។

ទាក់ទង​នឹង​សំណួរ​ដែល​ចង់​ដឹង​ថា​តើ មាន​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​បុរស​ខ្មែរ​វ័យ​ចំណាស់ៗ ចង់​រៀបការ​ជាមួយ​ស្ត្រី​វ័យ​ក្មេង​ច្រើន​ជាង ហើយ​ហេតុ​ដូច​ម្តេច​បាន​ជា​ស្ត្រី​វ័យ​ក្មេងៗ​ទាំង​នោះ សុខ​ចិត្ត​រៀបការ​ជាមួយ?

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី លឹម មុន្នី នៃ​សមាគម​អាដហុក បាន​ធ្វើ​ការ​ពន្យល់​អំពី​ផ្នត់​គំនិត​សង្គម​ខ្មែរ និង​ការ​ប្រាថ្នា​ចង់​បាន​ទាំង​ស្ត្រី​និង​បុរស​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍ ឬ​ក៏​ជួប​រឿង​ច្រើន​នៅ​ស្រុក​ខ្មែរ។ ចំពោះ​តែ​ស្រុក​ខ្មែរ​មួយ យើង​ឃើញ​ថា​បុរសៗ​ឥឡូវ​នេះ ច្រើន​តែ​រៀបការ ឬ​មិន​រៀបការ​ក៏ដោយ ដៃ​គូ​ជីវិត​របស់​គេ​ច្រើន​តែ​យក​ក្មេង​ជាង។ ដោយសារ​យើង​ឃើញ​ថា​មនុស្ស​ចាស់​ទាំង​នេះ គាត់​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ក្មេងៗ ទី​១។ ទី​ពីរ​ដោយសារ​តែ​ស្ត្រី​ក្មេងៗ​ទាំង​នោះ ត្រូវការ​លុយ ត្រូវការ​មនុស្ស​ចាស់​ជា​មនុស្ស​ដែល​មាន​មុខ​របរ មាន​ការងារ​ ហើយ​អាច​សន្សំ​លុយ​បាន​រយៈពេល​យូរ​មក​ហើយ។ សំខាន់​នារី​ហ្នឹង​គាត់​សំឡឹង​ថា​មនុស្ស​ចាស់​ហ្នឹង​មាន​ផ្ទះ​ហើយ​ស្រាប់ មាន​ឡាន​ជិះ​ស្រាប់ មាន​ថវិកា​ផ្គត់ផ្គង់​ហើយ​ស្រាប់ ដោយ​មិន​បាច់​ខំ​រក​ពី​បាតដៃ​ទទេ»

អត្ថបទ​ស្រាវជ្រាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសៃថ៍ NEWS.com បាន​ឲ្យ​ដឹង​ថា ការ​វិវឌ្ឍ​និង​ការ​ប្រែ​ប្រួល​ជា​លំដាប់​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ បាន​ជំរុញ​ឲ្យ​បុរស​ស្វែង​រក​ស្ត្រី​វ័យ​ក្មេងៗ​ដើម្បី​រៀបការ​ជាមួយ ពីព្រោះ​ថា​ស្ត្រី​វ័យ​ក្មេង​មាន​រូប​រាង​កាយ​ស្រស់​ស្អាត មិន​ត្រឹម​តែ​ទាក់​ទាញ​បុរស​ឲ្យ​មាន​អារម្មណ៍​ត្រេកត្រអាល​ក្នុង​រឿង​ផ្លូវ​ភេទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​មាន​លទ្ធភាព​មាន​កូន​បន្ត​ពូជ​បាន​ទៀត​ផង។

ហើយ​នៅ​ទន្ទឹម​នេះ​ដែរ ស្ត្រីវ័យ​ក្មេង​ក៏​មាន​បំណង​ចង់​រៀបការ​ជាមួយ​នឹង​បុរស​វ័យ​ចំណាស់​ដែរ ដោយ​ស្ត្រី​នោះ​គិត​ថា​បុរស​មាន​ចរិត​លក្ខណៈ​ចាស់​ទុំ ដឹង​ការ​ខុស​ត្រូវ​ច្រើន និង​មាន​ភាព​ជោគជ័យ​ក្នុង​ជិវិត ហើយ​ដែល​កត្តា​ទាំង​អស់​នេះ អាច​ផ្តល់​ដល់​ស្ត្រី​ជា​ភរិយា​នូវ​លទ្ធភាព​ដ៏​ច្រើន​ក្នុង​ការ​កសាង​ជីវិត​គ្រួសារ​បាន​ល្អ​ប្រសើរ ទាំង​ផ្នែក​ថវិកា សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ជិវិត​រស់​នៅ។

ទោះ​ជា​បុរស​និង​ស្ត្រី​មាន​ចំណង់​ចំណូល​ចិត្ត និង​សេចក្តី​ប្រាថ្នា​ក្នុង​ទំនាក់​ទំនង​ស្នេហា​បែប​ណា​ក៏ដោយ លោកស្រី លឹម មុន្នី ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា នេះ​មិន​មែន​មាន​ន័យ​ថា​គូ​ស្រករ​ទាំង​នោះ នឹង​ទទួល​បាន​សេចក្តី​សុខ សុភមង្គល រហូត​នោះ​ទេ។

លោកស្រី លឹម មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​ប្រាកដ​ថា​មនុស្ស​ប្រុស​ចាស់​យក​ស្រី​ក្មេង​មិន​មាន​បញ្ហា​ទេ។ ជា​ទូទៅ​វ័យ​ដែល​ខុស​គ្នា​ពិបាក​រស់​នៅ​ជាមួយ​គ្នា​ណាស់ ដំបូង​ល្អ​ណាស់ តែ​ក្រោយ​មក ភាគ​ច្រើន​មនុស្ស​ស្រី​ផិត ឬ​ក៏​ទៅ​រក​គូ​ស្នេហ៍​ថ្មីទៀត​ដែល​ក្មេង​ដូច​គ្នា។ អ៊ីចឹង​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ចាប់​ផ្ដើម​ជា​គូ​ជីវិត​ប្ដី​ប្រពន្ធ​ហ្នឹង កាលណា​ខុស​វ័យ​គ្នា​ខ្លាំង​ពេក​គឺ​ថា​មិន​អាច​រស់​នៅ​បាន​ទេ។ ទាំង​ពី​ការ​ហូប​ចុក ទាំង​ពី​ជំនាន់ ទាំង​ពី​ការ​ស្លៀក​ពាក់ ឬ​ក៏​របៀប​របប​នៃ​ការ​រស់​នៅ យល់​ឃើញ​ថា​ខុស​គ្នា។ អ៊ីចឹង​ស្ថានភាព​ទាំង​អស់​ហ្នឹង​វា​ខុស​គ្នា មាន​ន័យ​ថា​មនុស្ស​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ទេ»

អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​លោកស្រី Paula England នៃ​សកល​វិទ្យាល័យ Standford នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រៀបការ​ជា​លើក​ដំបូង ភាគ​ច្រើន​បំផុត​មាន​អាយុ​លើស​កូន​ក្រមុំ​ប្រមាណ​ជា ២ ឬ ៣​ឆ្នាំ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បើ​បុរស​នោះ​រៀបការ​ម្តង​ទៀត ទោះ​បី​ក្នុង​ហេតុផល​ណា​ក៏ដោយ បុរស​ទាំង​នោះ​តែងតែ​រៀបការ​ជាមួយ​ស្ត្រី ដែល​មាន​វ័យ​ក្មេង​ទៅៗ មិន​ថា​តែ​បុរស​នោះ​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ឬ​មាន​តម្រេះ​វិជ្ជា​ខ្ពស់​នោះ​ទេ។

អត្ថបទ​ស្រាវជ្រាវ​របស់​លោកស្រី Paula England បន្ត​ថា បើ​សិន​ជា​បុរស​រៀបការ​ពេល​មាន​អាយុ​លើស​ពី ៤០​ឆ្នាំ​ឡើង​ទៅ កូន​ក្រមុំ​ច្រើន​មាន​អាយុ​ក្មេង​ជាង​ជា​មធ្យម​៧​ឆ្នាំ។ តែ​បុរស​រៀបការ​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​កូន​ក្រមុំ​ជា​មធ្យម​ក្មេង​ជាង ១៣​ឆ្នាំ ហើយ​បើ​បុរស​រៀបការ​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ដូច​ថា​ជាង​៦០​ឆ្នាំ​ឡើង​ទៅ ស្ត្រី​ជា​ភរិយា​កាន់​តែ​មាន​អាយុ​ប្អូន​ច្រើន​រហូត​ដល់​ខ្លះ​ជាង​២០​ឆ្នាំ ឬ​ក៏​៣០​ឆ្នាំ​ក៏​មាន៕