ស្ត្រី​ភាគ​ច្រើន​នៅ​ភូមិ​ឡ​ពាង​ចាប់​យក​របរ​ដេរ​ស្លឹក​លក់ ខណៈ​ប្ដី​ពួក​គេ​​ទៅ​ធ្វើការ​តាម​ទូក​នេសាទ​ថៃ

0:00 / 0:00

ស្ត្រី​នៅ​ភូមិ​ឡ​ពាង ​ខេត្ត​កំពង់​ឆ្នាំង នាំ​គ្នា​ចាប់​យក​របរ​ដេរ​ស្លឹក​ត្នោត​លក់ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ប្ដី​និង​កូន​ប្រុស​ពួក​គេ​ ចំណាក​ស្រុក​ទៅ​ធ្វើការ​តាម​ទូក​នេសាទ​នៅ​ប្រទេស​ថៃ។ អ្នកភូមិ​ឱ្យ​ដឹង​ថា ពួកគាត់​ប្រកប​របរ​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​បាត់​បង់​ដី​ធ្វើ​ស្រែ​ចម្ការ ដោយសារ​ភរិយា​របស់​រដ្ឋមន្ត្រី​មួយ​រូប​ក្នុង​រដ្ឋបាល​លោក ហ៊ុន សែន រំលោភ​យក។

ភូមិ​ឡ​ពាង​ ដែល​ស្ថិត​ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ភូមិ​មួយ​ដែល​មាន​ជម្លោះ​ដីធ្លី​អូស​បន្លាយ​យូរ​ឆ្នាំ​មក​នេះ រវាង​ថៅកែ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី​ (KDC) អ្នក​ស្រី ជា ខេង ត្រូវ​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល​ ជាមួយ​នឹង​ពលរដ្ឋ​រាប់​សិបគ្រួសារ។

វិវាទ​ដីធ្លី​មួយ​នេះ ​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ឡ​ពាង ដោយ​ឪពុក​និង​កូន​ប្រុស​ក្នុង​គ្រួសារ សម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​តាម​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ ចំណែក ភរិយា​នៅ​ចាំ​ផ្ទះ និង​ដេរ​ស្លឹក​ត្នោត​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោកស្រី ប៊ន ចាន់​នី រស់​នៅ​ក្នុង​ភូមិ​ឡ​ពាង​តាំង​ពី​កំណើត។ សព្វថ្ងៃ​លោក​ស្រី​ មាន​កូនស្រី​២​នាក់ និង​កូន​ប្រុស១​នាក់​ ដែល​កំពុង​រៀន​សូត្រ​។ លោកស្រី រៀបរាប់​ថា មុន​ពេល​មាន​ក្រុមហ៊ុន​ចូល​មក​ចាប់​ដី​ពួក​គាត់ គ្រួសារ​លោកស្រី និង​អ្នក​ភូមិ​ឯ​ទៀត​ រស់នៅ​ជួបជុំ​គ្នា​យ៉ាង​សុខ​សប្បាយ។ ពួកគាត់​អាច​ធ្វើស្រែ​បាន​ស្រូវ​ទុក​ហូប​គ្រប់​គ្រាន់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​គ្មាន​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ។

លោក​ស្រី បន្ត​ថា ក្រោយ​មាន​វត្តមាន​ក្រុមហ៊ុន ខេ.ឌី.ស៊ី ​ចូល​ទៅ​ហ៊ុំ​ព័ទ្ធ​ដីធ្លី​អ្នក​ភូមិ​ នៅ​ឆ្នាំ​២០០៨​ ជីវភាព​គ្រួសារ​គាត់​ ក៏​ដូច​ជា​អ្នក​ភូមិ​ដទៃ​ទៀត​ ចាប់​ផ្ដើម​ជួប​ប្រទះ​បញ្ហា​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ដោយ​សារ​គ្មាន​ដី​ធ្វើ​ស្រែ​ដូច​ពី​មុន៖ « ពី​មុន​ជួប​ជុំ​គ្រួសារ​រស់​នៅ​ស្រួល​អត់​ខ្វះ​ខាត​។ ដល់​ឥលូវ​ប្ដី​ខ្ញុំ​ទៅ​ឆ្ងាយ​ ពិបាក​ចិញ្ចឹម​កូន​ផង​។ ពិបាក​ណាស់​ធ្វើ​ការ​ងារ​ក៏​ខ្លួន​ឯង អត់​មាន​ប្ដី​នៅ​ជិត​អ៊ីចឹង។ ចង់​ដើរ​ទៅ​ណា​ក៏​ពិបាក​ដែរ​ អត់​មាន​អ្នក​ណា​ជួយ​មើល​កូន​ចៅ​។ ដល់​ប្ដី​នៅ​ជួប​ជុំ​គ្នា​ ពេល​ខ្វះ​ខាត​អី យើង​ចេះ​តែ​ទៅ​​ជួយ​រក​គ្នា​ទៅ ដល់​ឥលូវ​អង្ករ​ក៏​ឡើង​ថ្លៃ​ទៀត»។

ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ លោក​ស្រី​ត្រូវ​រស់នៅ​ជាមួយ​កូន​៣​នាក់ និង​ដេរ​ស្លឹក​ត្នោត​លក់ ដើម្បី​ដូរ​យក​​ប្រាក់​ខ្លះ​ចិញ្ចឹម​គ្រួសារ​ ព្រោះ​ប្ដី​របស់​គាត់​ត្រូវ​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​តាម​ទូក​នេសាទ​ថៃ ដោយ ១ឆ្នាំ​ទើប​វិល​មក​ជួប​គ្រួសារ​ម្ដង។

ក្នុង​មួយ​ថ្ងៃ ស្ត្រី​វ័យ ៣៣ឆ្នាំ​រូប​នេះ អាច​អាច​ដេរ​ស្លឹក​ត្នោត​បាន​ពី ២០ ទៅ ៣០ កណ្ដប ដោយ​មួយ ១កណ្ដប លក់​បាន​តម្លៃ ១៨០រៀល ហើយ​ចំណូល​ដែល​បាន​ពី​មុខ​របរ​នេះ​គឺ​ចន្លោះ​ពី ៣ពាន់​រៀល ទៅ ៥ពាន់​រៀល៖ « ជីវភាព​រាល់​ថ្ងៃ​ហ្នឹង​ ខ្ញុំ​លំបាក​ណាស់ ខ្ញុំ​នៅ​ចិញ្ចឹម​កូន​តែ​ឯង។ ប្ដី​ខ្ញុំ​ទៅ​ថៃ​ មួយ​ខែៗ គាត់​ផ្ញើ​ឲ្យ​តែ​៣​ពាន់​លុយ​បាត​ ហើយ​ទូទាត់​ទៅ​លើ​អង្ករ​ ម្ហូប​ កូន​ចាយ​រៀន មិន​ចង់​គ្រប់​ផង​ មួយ​ខែ​ហ្នឹង​នោះ។ ខ្ញុំ​ដេក​ស្លឹក​ផង»។

ស្ត្រី​ម្នាក់​ទៀត ​ដែល​ចាប់​យក​របរ​ដេរ​ស្លឹក​ត្នោត​នេះ​ដែរ គឺ​លោកស្រី សួន ញ៉េន ប្រាប់​ថា ប្ដី​លោកស្រី​ និង​កូន​ប្រុស​វ័យ ១៧ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការ​តាម​ទូក​នេសាទ​ថៃ​ជាង ១០ឆ្នាំ​មក​ហើយ ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ។ សព្វថ្ងៃ​ លោកស្រី​រស់នៅ​ជាមួយ​កូន​ស្រី​២​នាក់ ហើយ​តែង​តែ​បារម្ភ​ពី​សុវត្ថិភាព​ប្ដី​និង​កូន​ប្រុស​ដែល​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ។ ទន្ទឹម​គ្នា​នេះ ស្ត្រី​វ័យ​ជិត​៥០​ឆ្នាំ​ប្លាយ​រូប​នេះ ក៏​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ដែរ៖ « ពេល​ដែល​ប្ដី​ទៅ​អស់​អ៊ីចឹង​ មាន​ភាព​ភ័យ​ខ្លាច​ ដូច​ខ្លាច​មាន​គេ​ធ្វើ​បាប ខ្លាច​អ៊ីចឹង​ដែរ ហើយ​នៅ​ជាមួយ​កូន​ ពិបាក​ដែរ​អត់​មាន​ស្រួល​ទេ ព្រោះ​អី​យើង​គិត​ច្រើន​ មិន​ដឹង​ថា​ប្ដី​ទៅ​នោះ មិន​ដឹង​ម៉េច​អី​អ៊ីចឹង។ ហើយ​ណា​មួយ​នៅ​ផ្ទះ​ហ្នឹង​ ក៏​ពិបាក​ សូម្បី​តែ​យើង​នៅ​ដេក​ស្លឹក​អ៊ីចឹង ដេក​ទៅ​ ឥលូវ​អត់​មាន​ទឹក​ត្រាំ​ទៀត ក៏​ពិបាក​ទៀត​ហើយ។ សូម្បី​តែ​កូន​ទៅ​រៀន​ម្នាក់​ហ្នឹង​ ក៏​ខ្ញុំ​ពិបាក​ដែរ​ រក​លុយ​ឲ្យ​កូន​ចាយ មិន​សឹង​ចង់​បាន​ទេ។ មាន​មាន់​អី​បន្តិច​បន្តួច​លួច​អស់​ហើយ»។

លោក​ ស្រី សួន ញ៉ែន ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ឲ្យ​អ្នក​ភូមិ​ឡ​ពាង​ដើម្បី​ឲ្យ​គ្រួសារ​ពួកគេ​បាន​រស់​នៅ​ជួប​ជុំ​គ្នា ដោយ​ទទួល​ស្គាល់​និង​ប្រគល់​សង​ដីធ្លី​ឲ្យ​អ្នកភូមិ​វិញ៖ « ចុង​ក្រោយ​ ខ្ញុំ​ចង់​បាន​ប្ដី​ឲ្យ​បាន​មក​ជួប​ជុំ​គ្រួសារ​។ ខ្ញុំ​ចង់​បាន​ដី​មក​វិញ។ បើ​បាន​ដី​មកវិញ ហើយ​បាន​ជុំ​គ្រួសារ ពួក​ខ្ញុំ​នឹង​សប្បាយ​រីករាយ​។ ពួក​ខ្ញុំ​អត់​មាន​ទុក្ខ​លំបាក​ដល់​ថ្ងៃ​មុខ​ទៀត​ទេ ឲ្យ​តែ​បាន​ដី​បាន​អី​មែន។ ហើយ​ប្ដី​មក​ជួប​ជុំ​គ្នា​ ពួក​ខ្ញុំ​មាន​ភាព​កក់​ក្ដៅ​វិញ»។

មេឃុំ​តាជេស លោក នួន ស៊ន ថ្លែង​ថា ការ​ធ្វើ​ចំណាក​ចេញ​ពី​ភូមិ​ទៅ​ធ្វើការ​តាម​ទូក​នេសាទ​ នៅ​ប្រទេស​ថៃ គី​មិន​មាន​តែ​អ្នក​​ភូមិ​ឡ​ពាង​មួយ​ទេ ​ប៉ុន្តែ​ក៏​មាន​អ្នក​ភូមិ​ដទៃ​ទៀត​ចេញ​ទៅ​ដូចគ្នា​ដែរ។ លោក​បន្ត​ថា​ ក្នុង​មួយ​ភូមិ​អាច​មាន​កម្លាំង​មនុស្ស​ប្រុស​ ចេញ​ទៅ​ធ្វើ​ការ​នៅ​ថៃ​ចាប់​៤​ដល់​១០​នាក់ ព្រោះ​ការងារ​ក្រៅ​ស្រុក ​បាន​ចំណូល​ច្រើន​ជាង​ក្នុង​ស្រុក៖ «ខាង​គាត​មាន​បញ្ហា​ខ្លះ​អ៊ីចឹង​ក៏​មិន​ដឹង​ គាត់​ធ្លាប់​ទៅ​អ៊ីចឹង​ដែរ ឃើញ​តែ​ទៅ​មក​ៗ ខ្លះ​គេ​រក​កប់​ គេ​ឆាប់​មក​អ៊ីចឹង​ទៅ ខ្លះ​រក​លុយ​អត់​សូវ​បាន​ ក៏​នៅ​យូរ​។ បញ្ហា​ដី​ក៏​លែង​មាន​ហើយ បញ្ហា​ដី​ហ្នឹង​នោះ។ រឿង​ជំទាវ ជា ខេង ​នៅ​ភូមិ​ឡ​ពាង ភូមិ​បឹង​កក់​ មាន​អ៊ីចឹង​មែន រឿង​ទៅ​ថៃ​ភូមិ​ផ្សេង​ទៀត​ ក៏​គែ​ដេរ។ គេ​ថា​ គេ​ធ្លាប់​រក​ស៊ី​មាន​បាន​អ៊ីចឹង។ ខ្ញុំ​ពិបាក​និយាយ​ប្រាប់​ដែរ។ រឿង​បញ្ហា​វា​មាន​មែន​ពីមុន​មក។ ពី​មុន​ក៏​មាន​ដែរ ក្រោយ​មក​មាន​រឿង​រ៉ាវ​ហើយ​ក៏​មាន​ទៅ​ថៃ​អ៊ីចឹង​ដែរ។ គេ​មក​ធ្វើ​ផ្ទះ​សម្បែង​អ៊ីចឹង​ទៅ»។

លោក​ នួន ស៊ន ឲ្យ​ដឹង​ថា មាន​គ្រួសារ​មួយ​ស្ថិត​ក្នុង​ឃុំ​តាជេស បាត់​បង់​ជីវិត​កូន​ប្រុស​២នាក់​រួចមក​ហើយ ដោយសារ​តែ​ឲ្យ​ពួកគេ​ចេញ​ទៅ​ធ្វើការ​តាម​ទូក​នេសាទ​ថៃ។ មេឃុំ​រូប​នេះ បញ្ជាក់​ថា រូប​លោក ខំ​ពន្យល់​ប្រាប់​អ្នក​ភូមិ​ឲ្យ​ឈប់​ធ្វើ​ចំណាក​ទៅ​ប្រទេស​ថៃ​ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​មិន​មាន​អ្នក​ណា​ទទួល​ការ​ណែនាំ​នេះ​ឡើយ៖ «ពិបាក​និយាយ​ប្រាប់​គេ​ណាស់ គេ​ថា​ធ្វើ​នៅ​ខ្មែរ លុយ​បាន​តិច​ ទៅ​ថៃ​ធ្វើ​ហត់​មែន​ ដឹង​តែ​បាន​លុយ​ច្រើន​តែ​ម្ដង។ គេ​និយាយ​តែ​អ៊ីចឹង។ ខ្ញុំ​ចេះ​តែ​ឲ្យ​ដែរ បង​ប្អូន​ជីដូន​មួយ​ គេ​រក​នៅ​ស៊ី​នៅ​ស្រុក​ខ្មែរ​គគោក គេ​ដាំ​បន្លែ​ គេ​ធ្វើ​ផ្ទះ​ធ្វើ​អី​ គេ​ធ្វើ​កម្មករ​ មាន​ការងារ​ច្រើន​ដែរ។ ឯង​ចេះ​តែ​ទៅ​អ៊ីចឹង ខ្លះ​ធ្លាក់​ទឹក​ស្លាប់​អ៊ីចឹង​ទៅ​។ គេ​ថា​ធ្វើ​នៅ​ស្រុក​ខ្មែរ មិន​ដឹង​ថា​ថ្ងៃ​ណា​បាន​លុយ​ទេ។ គេ​ចូល​ចិត្ត​និយាយ​អ៊ីចឹង​ណាស់។ ខ្ញុំ​ឆ្ងល់​ដែរ គេ​ធ្វើ​នៅ​ស្រុក​ខ្មែរ​គគោក​ដែរ តែ​​និយាយ​អ៊ីចឹង​ គាត់​ថា អត់​ចេះ​នៅ​ទេ សំបូរ​ណាស់​អ្នក​និយាយ​អ៊ីចឹង»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក​ អំ​ សំអាត​ លើក​ឡើង​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ដើម​ចម​ ដែល​ធ្វើឲ្យ​ពលរដ្ឋ​បាត់​ដី​ធ្លី​ ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​តំបន់​ដែល​ខ្លួន​រស់​នៅ​ ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ផ្សេង ឬ​នៅ​ទីក្រុង ហើយ​ភាគ​ច្រើន​នោះ គឺ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា បញ្ហា​នេះ​ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយ​សារ​តែ​ដាក់​​បញ្ចាំ ​ដី​និង​ផ្ទះ​បន្តិច​បន្តួច​ដែល​នៅ​សល់​ក្រោយ​ពី​ការ​​រំលោភ​យក​ពី​ក្រុម​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​។ បន្ថែម​លើ​នេះ​ លោក​ថា ក្មេងៗ ដែល​​គ្រប់​វ័យ​រៀន​សូត្រ​ ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ ក៏​ដោយ​សារ​តែ​បញ្ហា​ដីធ្លី​នេះ​ដែរ៖ «ជា​ការ​ពិត​ ការ​ធ្វើ​ការ​ចំណាក​ស្រុក​រក​មុខ​របរ​ វា​មាន​ជា​ទូទៅ ប៉ុន្តែ​បើ​យើង​មើល​ទៅ​លើ​បញ្ហា​ដីធ្លី​នេះ វា​ឃើញ​ភាគ​ច្រើន​ដែល​កើត​ឡើង​សម្រាប់​ពួកគាត់។ ហើយ​មួយ​ទៀត​ក្រៅ​ពី​ធ្វើ​ការ​ចំណាក​ស្រុក​ អ្នក​ខ្លះ​ យើង​ឃើញ​មានការ​កាត់​សក់​លក់​ ឬ​ក៏​អី​អ៊ីចឹង​ទៅ បាន​ន័យ​ថា​ ជា​ការ​មួយ​ប៉ះពាល់​ដល់​ការ​រំលោភ​សិទ្ធិ​របស់​គាត់​ទៅ​ទៀត​ ដោយ​សារ​តែ​បញ្ហា​ជីវភាព»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​និង​សិទ្ធិ​ដីធ្លី ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ពន្លឿន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ប្រកប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ផ្ដល់​លំនឹង​ជីវភាព​រស់​នៅ​ដល់​ពលរដ្ឋ​​នៅ​ទូទាំង​ប្រទេស និង​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។