បញ្ហាអាទិភាព ១១ ចំណុច ដើម្បីបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រ ត្រូវបានអង្គការសង្គមស៊ីវិល និងសហជីពចំនួន ២១ ស្ថាប័ន បានដាក់ស្នើជាថ្មី ឲ្យរដ្ឋាភិបាល ដោះស្រាយជាចាំបាច់ និងជាបន្ទាន់ ក្រោយសំណើនេះ ត្រូវបានដាក់ស្នើជិតមួយឆ្នាំទៅហើយ នៅតែមិនទាន់មានការឆ្លើយតប។
បញ្ហាអាទិភាពទាំង ១១ ចំណុច ពាក់ព័ន្ធនឹងអំពើហិង្សា ដោយផ្អែកលើយេនឌ័រនេះ គឺជាបញ្ហាជាក់ស្ដែង ដែលលើកឡើងដោយកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពីខាងវិស័យជាច្រើន មានទាំងវិស័យរោងចក្រកាត់ដេរ សេវាកម្សាន្ត ទេសចរណ៍ សំណង់ ព្រៃឈើ កសិកម្ម ស្រ្តីបម្រើការងារតាមផ្ទះ និងពលករចំណាកស្រុកជាដើម។
មន្រ្តីសម្របសម្រួលកម្មវិធីយុទ្ធនាការ នៃអង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia) អ្នកស្រី អ៊ូ សុភារី ដែលតំណាងឲ្យអង្គការមួយ ក្នុងចំណោមស្ថាប័នអង្គការសង្គមស៊ីវិល និងសហជីពទាំង ២១ ដែលបានចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីរកដំណោះស្រាយពីរដ្ឋាភិបាលនេះ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១ ខែធ្នូថា បញ្ហាក្នុងវិស័យការងារ មានច្រើនលើសពី ១១ចំណុចនោះ។ ប៉ុន្តែទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយប៉ុណ្ណឹងសិន គឺដោះស្រាយជាអាទិភាព៖ «សំណើសុំរបស់ពួកគាត់ ពាក់ព័ន្ធជាមួយនឹងបញ្ហាអំពើហិង្សា ការបៀតបៀននៅកន្លែងការងារ និងសំណូមពរមួយចំនួនទាក់ទងនឹងការប្រើប្រាស់របបសន្តិសុខសង្គម ឬសិទ្ធិដែលពួកគាត់ទទួលបាន ក៏ប៉ុន្តែអត់ទាន់បានបំពេញ»។
ចំណុចអាទិភាពទាំង ១១ នោះរួមមាន៖
· ការបាត់បង់ឱកាសរបស់ស្ត្រី ក្នុងការអភិវឌ្ឍផ្នែកវិជ្ជាជីវៈ និងប្រាក់ចំណូល ដោយសារតែគំនាបផ្នែកវប្បធម៌ និងប្រពៃណីរបស់សង្គមខ្មែរ ដែលកំណត់ដាក់បន្ទុក ឲ្យស្រ្តីបំពេញភារកិច្ចមើលថែកូនតូចៗ និងឪពុកម្តាយចាស់ៗ ទាំងស្រុង ដែលប្រការនេះ ត្រូវបង្ខំចិត្តឲ្យពួកគាត់ឈប់សម្រាកពីការងារ ដើម្បីនៅផ្ទះមើលថែកូន និងឪពុកម្តាយចាស់ៗ។ ម្យ៉ាងទៀត ក្នុងករណីមានសេវាថែទាំកុមារ នៅតាមមណ្ឌលទារកដ្ឋានឯកជនក៏ដោយ ប៉ុន្តែតម្លៃសេវាថែទាំខ្ពស់ ដែលមិនសមស្របនឹងអត្រាប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត។
· ការបៀតបៀនរាងកាយ និងចាប់បង្ខំ និងហិង្សាផ្លូវភេទ ពីសំណាក់អតិថិជន ទៅលើកម្មករនិយោជិតជាស្រ្តី ដែលធ្វើការផ្នែកសេវាកម្សាន្ត រួមមានអ្នកចម្រៀងតាមក្លឹបរាត្រី អ្នកម៉ាស្សា អ្នកផ្សព្វផ្សាយស្រាបៀរ បុគ្គលិកកាស៊ីណូ និងអ្នករៀបបន្ទប់តាមផ្ទះសំណាក់ ឬសណ្ឋាគារ។ ប៉ុន្តែ អ្នកគ្រប់គ្រង ឬថៅកែមិនយកចិត្តទុកដាក់ រកដំណោះស្រាយការពារស្រ្តី ក្រៅពីតម្រូវឲ្យកម្មករទ្រាំតាមយថាកម្ម។
· មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង ខ្វះផាសុខភាព គ្មានសុវត្ថិភាព និងធ្វើឲ្យបាត់សេចក្ដីថ្លៃថ្នូររបស់កម្មករ ដោយរថយន្តដឹកកម្មករ គ្មានកន្លែងអង្គុយ អ្នកបើកបរពិសាគ្រឿងស្រវឹង និងបើកបរលឿនហួសកំណត់ជាដើម៖ «ទា ក់ទងទៅនឹងមធ្យោបាយធ្វើដំណើរ យើងឃើញថា បញ្ហានេះកើតមានច្រើន ដោយពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ កើតឡើងម្តង មានកម្មករពី ៣០នាក់ទៅ ៥០នាក់រងរបួសធ្ងន់ ឬស្លាប់ ដោយសារយាន្តជំនិះ ដែលគាត់ជិះ ជាឡានទ្រុង ភាគច្រើនឡានបែបនេះគេដឹកជ្រូក ឬគោក្របី តែពេលនេះប្រើសម្រាប់ដឹកកម្មករនិយោជិតទៅធ្វើការ។ ពួកគាត់ព្រួយបារម្ភ ម្ង៉ៃៗពេលដែលទៅដល់ផ្ទះវិញ គាត់មានអារម្មណ៍ថា រួចមួយថ្ងៃទៀតហើយ ដែលមកដល់ផ្ទះដោយសុវត្ថិភាព។ យើងចង់ឲ្យកែទម្រង់មធ្យោបាយដឹកជញ្ជូនហ្នឹង ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផង ព្រោះចំពោះឡានធំៗ ពួកគាត់បើកហួសល្បឿនកំណត់ ហើយគាត់មិនបានពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ពេលខ្លះឡើងស្ពាន ដាច់ហ្វ្រាំងបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏មានដែរ »។
ចំណែកឯបញ្ហានៅក្នុងវិស័យការងារតាមផ្ទះវិញ អ្នកស្រី អ៊ូ សុភារី បន្ថែមថា ទោះបីជាកម្ពុជាមានអ្នកធ្វើការតាមផ្ទះ ប្រមាណ ២សែន៥ម៉ឺននាក់ និងភាគច្រើនជាស្រ្តីក៏ដោយ ក៏អ្នកធ្វើការទាំងនោះ នៅមិនទាន់ទទួលបានការការពារពីច្បាប់ស្តីពីការងារនៅឡើយទេ។ ចំណែកឯនិយោជក (ឬម្ចាស់ផ្ទះ) ភាគច្រើន មិនទាន់បានអនុវត្តតាមប្រកាសរបស់ក្រសួងការងារ ស្តីពីលក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការតាមផ្ទះ។
បញ្ហាពលករចំណាកស្រុកឯណោះ ក៏នៅតែគ្មានដំណោះស្រាយ ព្រោះគ្មានប្រព័ន្ធរាយការណ៍ ឬទទួលព័ត៌មាន និងការជួយសង្គ្រោះ ឬកិច្ចអន្តរាគមន៍ ពេលដែលពលករចំណាកស្រុក រងគ្រោះដោយសារអំពើរំលោភសិទ្ធិមនុស្ស អំពើហិង្សា និងការបៀតបៀន និងរំលោភផ្លូវភេទជាដើមនោះ។ ជាងនេះទៀត រដ្ឋនៅតែគ្មានយន្តការ ឬប្រព័ន្ធត្រួតពិនិត្យតាមដានលក្ខខណ្ឌការងារ សុខភាព សុវត្ថិភាពរបស់ពលករចំណាកស្រុក ឲ្យបានទៀងទាត់ ព្រមទាំងគ្មានការផ្តល់កិច្ចគាំពារសង្គម ដល់ពលករបម្រើការងារតាមផ្ទះនៅក្រៅប្រទេស។
ចំណែកឯវិស័យទេសចរណ៍ឯណោះ នៅតែគ្មានការកំណត់ប្រាក់ឈ្នួលគោល និងប្រាក់ធនានុគ្រោះ (ឬប្រាក់ធីប ឬប្រាក់ឲ្យថែមសម្រាប់សេវា) សម្រាប់កម្មករនិយោជិតក្នុងវិស័យនេះ ដែលបណ្តាលឲ្យនិយជកជាច្រើន បានបន្ទាបតម្លៃពលកម្ម និងកំណត់ប្រាក់ខែ ឬប្រាក់ថ្ងៃរបស់កម្មករនិយោជិត តាមតែទំនើងចិត្ត។
ប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិត ក្នុងវិស័យសំណង់ និងព្រៃឈើ ក៏នៅតែគ្មានការកំណត់នៅឡើយ ទោះបីជាវិស័យនេះ មានកម្មករនិយោជិតប្រមាន ២សែន៦ម៉ឺននាក់ក៏ដោយ។
ចំណែកឯច្បាប់សហជីព ក្នុងទម្រង់បច្ចុប្បន្ននេះ មានចរិតលក្ខណៈរឹតត្បិតសិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់កម្មករនិយោជិត និងសហជីព ដែលស្ថាប័នអង្គការសង្គមស៊ីវិល និងសហជីពទាំង ២១ នេះស្នើឲ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់សហជីព ធ្វើយ៉ាងណាឲ្យបង្កើនការគោរព ការពារ និងលើកស្ទួយសិទ្ធិសហជីព។
ចំណែកឯ បញ្ហាខ្វះការពង្រឹងការអនុវត្តច្បាប់ និងខ្វះប្រសិទ្ធភាពនៃការដោះស្រាយជម្លោះដីធ្លី បានបង្កើតឲ្យមានភាពអយុត្តិធម៌សង្គម និង ខ្វះតម្លាភាព ដែលប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពដីធ្លីរបស់កសិករខ្នាតតូច ប៉ះពាល់ដល់ស្ថេរភាពទីផ្សារកសិករ និងនិរន្តភាពក្នុងវិស័យកសិកម្ម។
នៅក្នុងរបាយការណ៍បឋមស្តីពីការព្យួរការអនុគ្រោះពន្ធ EBA របស់គណៈកម្មការអឺរ៉ុប ដែលមានកម្រាស់ ៧០ទំព័រ និងដែលបានផ្ញើជូនទៅរបបលោក ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ក៏បានរកឃើញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែលធ្វើឲ្យកម្ពុជា មិនអាចរក្សាការអនុគ្រោះពន្ធនេះបានតទៀត បើមិនស្តារស្ថានភាពអាក្រក់នេះឡើងវិញ។ បញ្ហារំលោភសិទ្ធិការងារ ជាពិសេសការរឹតត្បិតសិទ្ធិសហជីព និងសិទ្ធិដីធ្លី ក៏ជាផ្នែកមួយនៃការរំលោភលក្ខខណ្ឌ ក្នុងការបន្តទទួលបានការអនុគ្រោះពន្ធនេះដែរ។
គណៈកម្មការអឺរ៉ុប ទុកពេលឲ្យរបបលោក ហ៊ុន សែន ១ ខែ ដើម្បីឆ្លើយតប។ គិតមកត្រឹមថ្ងៃទី ០២ ខែ ធ្នូនេះ គឺនៅសល់តែ ១០ ថ្ងៃទៀតប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប ក៏ទាមទារឲ្យរបបក្រុងភ្នំពេញ រៀបចំកិច្ចពិភាក្សា ដោយមិនត្រូវបង្អង់ពេល ជាមួយអង្គការសង្គមស៊ីវិល និងខាងសហជីព ដើម្បីដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺមន្រ្តីនាំពាក្យនៃក្រសួងការងារ និងមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ បាននៅឡើយទេ ត្រឹមម៉ោងផ្សាយនេះ។
អ្នកស្រី អ៊ូ សុភារី ថាការទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាចម្បងទាំងនេះ មិនមែនទើបតែទាមទារនៅពេលនេះទេ។ អ្នកស្រីបន្ថែមថា អង្គការសង្គមស៊ីវិល និងសហជីព ទាមទារជាយូរមកហើយ។ ជាងនេះទៅទៀត ស្ថាប័នទាំងនេះ បានដាក់ញត្តិទៅរដ្ឋាភិបាល ពីរដងរួចទៅហើយក្នុងឆ្នាំនេះ ដោយញត្តិទីមួយ ដាក់ក្នុងទិវានារីអន្តរជាតិ ថ្ងៃទី ០៨ ខែ មីនា និងលើកទីពីរដាក់នៅក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា៖ «យើងអត់មានជម្រើសអ្វីក្រៅពីការលើកជាសំឡេងហ្នឹង ម្តងហើយម្តងទៀត។ យើងសង្ឃឹមថា នឹងមានការឆ្លើយតប ព្រោះថាកន្លងមកឱកាសនៅក្នុងការជួបជជែកគ្នាផ្ទាល់ ឬការសិក្សាពីបញ្ហារបស់យើង ដើម្បីយកទៅដាក់ នៅក្នុងរបៀបវារៈក្នុងការធ្វើគោលនយោបាយថ្នាក់ជាតិ នៅមានកង្វះចន្លោះច្រើន។ ដោយសារពួកខ្ញុំធ្វើការ ជាមួយកម្មករនិយោជិតផ្ទាល់ ពួកយើងក៏លើកជាឯកសារវិភាគ ដែលមានច្បាស់លាស់ថា អ្វីដែលជាតម្រូវការបន្ទាន់ និងចាំបាច់។ បើនិយាយពីបញ្ហា គឺមានច្រើនណាស់។ បើសិនជាដោះស្រាយអាទិភាព ១១ ចំណុចនេះ គឺធ្វើឲ្យកម្ពុជាមានការរីកចម្រើនច្រើន។ ជាពិសេសការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិកម្មករនិយោជិត និងសមភាយេនឌ័រនៅកម្ពុជាដែរ។ អ៊ីចឹង វាជាចំណុចមួយមានប្រយោជន៍មែនទែន សម្រាប់រាជរដ្ឋាភិបាល បើសិនជាគាត់យកទៅពិចារណា ព្រោះថាមិនចាំបាច់ទៅសិក្សាអ្វីច្រើន ពិបាកថែមទៀតទេ ព្រោះពួកយើងបានធ្វើការសិក្សារួចហើយ គ្រាន់តែបើកឱកាសឲ្យមានការជជែកគ្នា ថាតើយើងគួររកដំណោះស្រាយយ៉ាងម៉េច ដើម្បីឲ្យសមស្រប»។
អង្គការសង្គមស៊ីវិល និងសហជីពទាំង ២១ លើកឡើងថា ការដោះស្រាយបញ្ហាអាទិភាពទាំង ១១ចំណុចនេះបាន គឺនឹងជួយឲ្យរដ្ឋាភិបាលសម្រេចបាននូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា៕