ក្រសួង​អប់រំ​តម្រង់​ទិស​សិស្ស​ឲ្យ​ចាប់​យក​មុខ​ជំនាញ​សិក្សា​ឆ្លើយ​តប​ទីផ្សារ​ការងារ

ដោយ ទេព សុរ៉ាវី
2015.02.23
ប្រឡង​បាក់ឌុប ភ្នំពេញ ៦១០ សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ឌុប វិទ្យាល័យ ទួល ទំពូង នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤។
RFA/Uon Chhin

ដើម្បី​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​នៅ​ឧត្ដមសិក្សា ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឲ្យ​សិស្ស ងាក​មក​សិក្សា​លើ​ផ្នែក​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ហើយ​កុំ​ផ្ដោត​តែ​ទៅ​លើ​មុខវិជ្ជា​ក្នុង​វិស័យ​ធុរកិច្ច​ច្រើន​ពេក រួម​មាន​មុខ​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ។

នៅ​ក្នុង​នាទី​យុវជន និង​សង្គម​សប្ដាហ៍​នេះ អ្នកនាង ទេព សុរ៉ាវី មាន​សេចក្តី​រាយការណ៍​មួយ​អំពី​ក្រសួង​អប់រំ តម្រង់​ទិស​ឲ្យ​សិស្ស​ចាប់​យក​ជំនាញ​បច្ចេកទេស ដើម្បី​ឆ្លើយ​តប​ទីផ្សារ​ការងារ​បច្ចុប្បន្ន៖

ការ​ជ្រើសរើស​មុខ​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា គឺ​ជា​សិទ្ធិ​របស់​សិស្ស​និស្សិត។ ពួក​គាត់​អាច​មាន​សិទ្ធិ​សេរីភាព​ជ្រើសរើស​ជំនាញ ឬ​មុខវិជ្ជា​សិក្សា​តាម​ការ​ស្រឡាញ់​ពេញ​ចិត្ត​របស់​ខ្លួន។

ទោះ​ជា​បែប​នេះ​ក្តី ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្យាយាម​តម្រង់​ទិស​ឲ្យ​សិស្សានុសិស្ស​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​មួយ ប្រកប​ដោយ​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត ដោយ​ផ្ដើម​ចេញ​ពី​ការ​សិក្សា​លើ​មុខ​ជំនាញ​មួយ​ដែល​មាន​ទីផ្សារ​ការងារ​ធំ ងាយ​រក​ការងារ​ធ្វើ និង​មាន​អាទិភាព​ខ្ពស់​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន ឲ្យ​ដឹង​ថា ទីផ្សារ​ការងារ​សព្វថ្ងៃ​នេះ​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​ខាង​ផ្នែក​ជំនាញ​វិស្វកម្ម អ្នក​ជំនាញ​ផ្នែក​កសិកម្ម អ្នក​ជំនាញ​ជួសជុល​គ្រឿងចក្រ​គ្រឿងយន្ត អ្នក​ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម។ លោក​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សមាគម​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​សិស្ស​និស្សិត​ឲ្យ​ដឹង​ពី​ការ​ប្រឈម​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​នឹង​អាច​ជួប​ប្រទះ​នៅ​ពេល​ដែល​ពួក​គេ​រៀន​ចប់ ប្រសិន​បើ​ជ្រើសរើស​មុខ​ជំនាញ​មិន​ត្រូវ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​សព្វថ្ងៃ​នេះ។ មួយ​វិញ​ទៀត ក្រសួង​អប់រំ នឹង​ពង្រីក​ការ​ប្រឹក្សា​ការងារ​នៅ​តាម​សាលា​វិទ្យាល័យ​នានា​ក្នុង​ឆ្នាំ​២០១៥៖ «យើង​បាន​ផ្តល់​មតិ​យោបល់​ដើម្បី​ឲ្យ​គាត់ (សិស្ស) បាន​យល់​ត្បិត​តែ​រៀន​មុខវិជ្ជា​ខ្លះ​អាច​រៀន ហើយ​ខ្លាច​ក្រែង​រក​ការងារ​ធ្វើ​មិន​បាន។ យើង​គោរព​សិទ្ធិ​គាត់ ប៉ុន្តែ​យើង​ផ្តល់​យោបល់​គួរ​តែ​រៀន​មុខវិជ្ជា​នេះ​មួយ​ដែល​ទីផ្សារ​ត្រូវ​ការ»

ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​តម្រែតម្រង់​ទិសដៅ​ឲ្យ​សិស្សានុសិស្ស​ចាប់​យក​ជំនាញ​សិក្សា​ដែល​មាន​សក្ដានុពល​ខ្ពស់​នេះ ក្រសួង​ក៏​បាន​សម្រេច​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ការ​បើក​មុខ​ជំនាញ​សិក្សា​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា។ មូលហេតុ​ចម្បង​ដែល​សម្រេច​នេះ គឺ​ដោយសារ​សិស្ស​និស្សិត​នៅ​ឧត្ដមសិក្សា​ភាគ​ច្រើន​លើសលប់ តែង​តែ​ផ្ដោត​ទៅ​លើ​វិស័យ​ធុរកិច្ច ដែល​រួម​មាន​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ នោះ​ឯង។

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា មុខវិជ្ជា​ទាំង​នោះ​អាច​នឹង​ស្រួល​រៀន ហើយ​ថ្លៃ​សិក្សា​មាន​តម្លៃ​ថោក​ជាង​ជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ប៉ុន្តែ​ក្រោយ​ការ​សិក្សា​ចប់ អ្នក​រៀន​ជំនាញ​ទាំង​នោះ​អាច​ប្រឈម​ការ​ពិបាក​រក​ការងារ​ធ្វើ​ច្រើន​ជាង។ លោក​សង្កត់​ធ្ងន់​ថា សព្វថ្ងៃ​នេះ កម្ពុជា កំពុង​ខ្វះ​ធនធាន​មនុស្ស​លើ​ផ្នែក​ជំនាញ ដែល​ទាមទារ​ឲ្យ​យុវជន​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​សិក្សា​របស់​ខ្លួន​ឲ្យ​ស្រប​នឹង​ទីផ្សារ​ការងារ៖ «មិន​ចំណាយ​ពេល​យូរ​ទេ បើ​សិស្ស​យល់​គាត់​អាច​ប្រែ​ឥរិយាបថ​ភ្លាម​ក្នុង​ការ​រៀន ក៏ប៉ុន្តែ​វា​ទាមទារ​ឲ្យ​សាកលវិទ្យាល័យ​បើក​ទ្វារ​ដែរ ពេល​ខ្លះ​ជំនាញ​ដែល​ទីផ្សារ​ត្រូវ​ការ​នោះ​ពិបាក​រៀន ហើយ​ចំនួន​ដែល​ត្រូវ​ជ្រើសរើស​វា​មាន​តិច​ផង ហើយ​សាលា​ក៏​មិន​មាន​ច្រើន​ដែរ ដែល​បង្រៀន​ផ្នែក​នោះ»

ពាក់ព័ន្ធ​បញ្ហា​នេះ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កញ្ញា លន់ ម៉ាលីនណា គាំទ្រ​ចំពោះ​ការ​តម្រង់​ទិស​របស់​ក្រសួង​អប់រំ តាម​រយៈ​ការ​ប្រឹក្សា​យោបល់​ឲ្យ​ពួក​គាត់ មុន​នឹង​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា៖ «ពេល​ដែល​រៀន​ចប់​ទៅ​បន្ត​រៀន​មហាវិទ្យាល័យ ពេល​ខ្លះ​ក៏​មិន​ដឹង​ថា​រៀន​ផ្នែក​អី​ដែរ អ៊ីចឹង​ការ​មាន​ប្រឹក្សា​ជា​មុន​ជា​ការ​ប្រសើរ ឲ្យ​សិស្ស​ដឹង​ថា​មុខវិជ្ជា​រៀន​នោះ​ពេល​ចេញ​ហើយ​ត្រូវ​ធ្វើ​អី​បន្ត​ទៀត»

វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្រាវជ្រាវ​រក​ឃើញ​ថា សព្វថ្ងៃ​នេះ​កម្ពុជា មាន​គម្លាត​កាន់​តែ​ធំ​លើ​ការ​ផ្គត់ផ្គង់​ពលកម្ម​ជំនាញ និង​ទីផ្សារ​ការងារ។ កត្តា​នេះ​មាន​ន័យ​ថា រៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ តែ​ផលិត​ពលកម្ម​ជំនាញ​បាន​តិចតួច។

ក្រៅ​ពី​សិស្ស​និស្សិត​មិន​សូវ​ចាប់​អារម្មណ៍​មុខវិជ្ជា​ជំនាញ កម្ពុជា ក៏​នៅ​មាន​បញ្ហា​ចោទ​មួយ​ទៀត គឺ​បញ្ហា​គ្រឹះស្ថាន​ឧត្ដមសិក្សា​មួយ​ចំនួន​មិន​សូវ​សម្បូរ​បែប ឬ​មិន​មាន​ថ្នាក់​បង្រៀន​លើ​ជំនាញ​ដែល​ទីផ្សារ​ត្រូវ​ការ។

នាយក​រង​សាកលវិទ្យាល័យ​ន័រតុន និង​ជា​ព្រឹទ្ធបុរស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក អ៊ុង វ៉ាន់ធឿន ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​មួយ​នេះ​មាន​គម្រោង​ពង្រីក​ថ្នាក់​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​ដែរ ដើម្បី​ដើរ​ឲ្យ​ទាន់​សភាពការណ៍​នៃ​តម្រូវ​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។ ប៉ុន្តែ​ខាង​ផ្នែក​ជំនាញ​កសិកម្ម ខាង​សាលា​នៅ​មិន​ទាន់​មាន​លទ្ធភាព​ពង្រីក​នៅ​ឡើយ។ លោក​បន្ថែម​ថា ជំនាញ​ដែល​ចាំបាច់​ដូចជា​ជំនាញ​វិទ្យាសាស្ត្រ​រ៉ែ និង​ថាមពល និង​វិទ្យាសាស្ត្រ​ផ្នែក​ប្រេងកាត ឋិត​ក្នុង​គម្រោង​បង្កើត​ឲ្យ​មាន​ថ្នាក់​សិក្សា។ រីឯ​ជំនាញ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជំនាញ​ផ្នែក​អេឡិចត្រូនិក កំពុង​មាន​ការ​ចាប់​អារម្មណ៍ និង​មាន​សិស្ស​ចូល​រៀន​ច្រើន​គួរសម។ យ៉ាង​ណា បញ្ហា​ចោទ​ដែល​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ពិបាក​ពង្រីក​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នោះ គឺ​បញ្ហា​ថវិកា ពីព្រោះ​វា​ត្រូវ​ការ​ចំណាយ​ទុន​ច្រើន។ មួយ​វិញ​ទៀត​មាន​កង្វះ​ខាត​សាស្ត្រាចារ្យ​មាន​សមត្ថភាព និង​បទពិសោធន៍​លើ​ជំនាញ​ទាំង​នោះ៖ «បញ្ហា​នោះ គឺ​ជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​ត្រូវ​ការ​មូលធន​ច្រើន​សម្រាប់​អភិវឌ្ឍ​ផ្នែក​ខាង​ហ្នឹង។ ក្រសួង​មិន​បាន​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ទេ សម្ភារៈ​បរិក្ខារ​ផ្សេងៗ​ក៏​មិន​មាន​ដែរ។ យើង​សង្ឃឹម​ថា ក្រសួង​នឹង​មាន​គោល​នយោបាយ​គាំទ្រ ទោះ​បី​មិន​មាន​ផ្នែក​ហិរញ្ញវត្ថុ និង​បរិក្ខារ​អី​ក៏ដោយ»

យ៉ាង​ណា ក្រសួង​អប់រំ លើក​ទឹក​ចិត្ត​ឲ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ពង្រីក​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​ច្រើន។

ការ​ស្រាវជ្រាវ​ខ្លះ​រក​ឃើញ​ថា គុណភាព​អប់រំ​អន់​ខ្សោយ​នៅ​កម្ពុជា ធ្វើ​ឲ្យ​យុវជន​មិន​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ​ឡើយ នៅ​ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន​ខាង​មុខ។ យុវជន​ខ្លះ​សម្រេច​ធ្វើ​ការងារ​ខុស​ជំនាញ ដើម្បី​ទទួល​កម្រៃ​តិចតួច​ចិញ្ចឹម​ជីវិត ខណៈ​យុវជន​ទាំង​នោះ​បាត់​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ដែល​មាន​ស្រាប់ និង​មិន​អាច​បញ្ចេញ​សមត្ថភាព​ការងារ​ឲ្យ​អស់​ពី​សក្ដានុពល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ច្រើន​ជាមួយ​យុវជន ព្រួយ​បារម្ភ​ថា កម្ពុជា អាច​នឹង​ឋិត​នៅ​ក្នុង​ចរន្ត​មួយ​សម្រាប់​កំដរ​ក្នុង​តំបន់ ដើម្បី​រុញ​ច្រាន​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​តែ​មួយ ឬ​សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ ដោយសារ​តែ​កម្ពុជា មាន​កង្វះ​ធនធាន​មនុស្ស។ ដូច្នេះ កម្ពុជា មិន​អាច​ទាញ​ផល​ចំណេញ​ច្រើន​ពី​ការ​ចូល​សមាហរណកម្ម​អាស៊ាន​បាន​ឡើយ។

យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន គិត​ថា ប្រសិន​បើ​មាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​រៀន​របស់​សិស្ស ដោយ​ជ្រើសរើស​មុខ​ជំនាញ​សិក្សា​ឲ្យ​ចំ​ទីផ្សារ​គោលដៅ​ដែល​ត្រូវ​ការ​នោះ ៤ ទៅ ៥​ឆ្នាំ​ទៀត កម្ពុជា អាច​នឹង​វាយ​លុក​ទីផ្សារ​ការងារ​នៅ​តំបន់​អាស៊ាន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។