យុវជនស្ថិតក្នុងវ័យមួយដែលមានការផ្លាស់ប្ដូរខ្លាំង ទាំងផ្នែករូបរាងកាយ ប្រាជ្ញា ស្មារតី និងផ្លូវចិត្ត។ បន្លាស់ប្ដូរទាំងនេះ ធ្វើឲ្យយុវជនត្រូវប្រឈមនឹងសម្ពាធជាច្រើននៅក្នុងការសិក្សា ឬការងារ សម្ពាធពីក្រុមគ្រួសារ មិត្តភ័ក្ដិ និងសង្គម។ ប្រការនេះ ទាមទារឲ្យក្រុមគ្រួសារ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាសុខភាពផ្លូវចិត្តរបស់យុវជន បើមិនដូច្នេះទេ ពួកគេនឹងអាចធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្តរ៉ាំរ៉ៃ។
អ្នកជំនាញផ្នែកវិកលវិទ្យា និងចិត្តវិទ្យា យល់ឃើញស្របគ្នាថា បញ្ហាចិត្តសាស្ត្រជារឿងមួយដែលមិនអាចមើលរំលងបានចំពោះយុវជន ដោយសារពួកគេងាយរងគ្រោះពីបញ្ហាវិបត្តិផ្លូវចិត្តជាងមនុស្សចាស់។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត មុនី សុត្ថារ៉ា គ្រូពេទ្យឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យព្រះកុសុមៈ និងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការកម្មវិធីសុខភាពផ្លូវចិត្ត មានប្រសាសន៍ថា មូលហេតុ ៣យ៉ាងដែលនាំឲ្យយុវជនមានវិបត្តិផ្លូវចិត្ត គឺមូលហេតុជីវសាស្ត្រ ចិត្តសាស្ត្រ និងបញ្ហាសង្គម៖ «រាល់កត្តាទាំងឡាយណាដែលរារាំងដល់ការលូតលាស់ទៅរកឯករាជ្យភាព នោះអាចជាបញ្ហាបង្កឲ្យមានវិបត្តិផ្លូវចិត្តកើតឡើង។ បញ្ហាចិត្តសាស្ត្រវិញ គឺយុវជនត្រូវការការលូតលាស់ ត្រូវការការសម្រួចមាំទាំខាងផ្លូវចិត្ត។ យុវជនរងឥទ្ធិពលពីសង្គម។ បើសិនជាសង្គមបង្កលក្ខណៈឲ្យយុវជនបានទទួលតម្រូវការរបស់ខ្លួនបានល្អ ដោយមិនមានការរារាំង ដូចជាសេរីភាពក្នុងការចេះដឹង សេរីភាពទទួលព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិអ៊ីចឹងជាដើម គឺជាតម្រូវការរបស់យុវជនដែលត្រូវការក្នុងការលូតលាស់»។
លោកវេជ្ជបណ្ឌិត មុនី សុត្ថារ៉ា បន្តទៀតថា យុវជនដែលទទួលបានព័ត៌មានច្រើន និងបានចូលរួមសកម្មភាពក្នុងកិច្ចការងារសង្គម មានកម្រិតជំងឺផ្លូវចិត្តតិចជាងយុវជនដែលមិនសូវចូលរួមក្នុងការងារសង្គម។
មិនទាន់មានការសិក្សាណាមួយស្ដីពីចំនួនអ្នកមានជំងឺផ្លូវចិត្ត ក្នុងចំណោមយុវជនទាំងជាង ៤លាននាក់នៅកម្ពុជា នៅឡើយទេ។
ស្ត្រេស (Stress) គឺជាអារម្មណ៍ដែលប្រៀបដូចជាមានអ្វីមកដាក់សម្ពាធ គាបសង្កត់ ធ្វើឲ្យលំបាកឈឺចាប់ ខ្វល់ខ្វាយ កើតទុក្ខ ធ្វើអ្វីក៏មិនត្រូវ ដោះស្រាយអ្វីក៏មិនចេញ។
សៀវភៅចិត្តវិទ្យាវ័យជំទង់របស់អ្នករៀបរៀង គឹម ចាន់ណា កត់ត្រាថា បញ្ហាវិបត្តិផ្លូវចិត្តរបស់យុវជនវ័យជំទង់មានពីរយ៉ាងសំខាន់ គឺជំងឺស្ត្រេស (Stress) និងជំងឺធ្លាក់ទឹកចិត្ត (Depression)។
ស្ត្រេស (Stress) គឺជាអារម្មណ៍ដែលប្រៀបដូចជាមានអ្វីមកដាក់សម្ពាធ គាបសង្កត់ ធ្វើឲ្យលំបាកឈឺចាប់ ខ្វល់ខ្វាយ កើតទុក្ខ ធ្វើអ្វីក៏មិនត្រូវ ដោះស្រាយអ្វីក៏មិនចេញ។ យុវជនវ័យជំទង់ អាចកើតជំងឺស្ត្រេសទាំងក្នុងអំឡុងពេលសិក្សា និងទាំងការចង់បំពេញតាមតម្រូវការរបស់ខ្លួន ដែលមានទំនាស់ទៅនឹងក្តីរំពឹងទុករបស់ឪពុកម្ដាយ និងអ្នកនៅជុំវិញខ្លួន។ បញ្ហាទំនាស់ជាមួយមិត្តភ័ក្ដិ ការស្វែងរកគូស្នេហ៍ ការបែកបាក់គូស្នេហ៍ ការរំខានពីក្មេងទំនើង និងការរងសម្ពាធពីក្រុមមិត្តភ័ក្ដិ ក៏សុទ្ធតែជាមូលហេតុនៃជំងឺស្ត្រេសនេះដែរ។ ក្រៅពីនេះ ជំងឺស្ត្រេសកើតឡើងនៅពេលមនុស្សវ័យជំទង់ មានគំនិត និងអារម្មណ៍វិលវល់ទៅរកផ្លូវអាក្រក់ ដូចជាការស្រពាប់ស្រពោន ឯកោ ការភ័យខ្លាច ដែលជាកត្តាផ្ទាល់ខ្លួន។ រីឯកត្តាខាងក្រៅ មានដូចជា ឪពុកម្ដាយលែងលះគ្នា មនុស្សជិតស្និទ្ធបាត់បង់ជីវិត មានគ្រោះថ្នាក់ មានជំងឺរ៉ាំរ៉ៃ ការផ្លាស់ប្ដូរផ្ទះសម្បែង ផ្លាស់ប្ដូរសាលារៀន ការខំប្រឹងរៀនច្រើនពេក ឬមានកិច្ចការច្រើនហួសប្រមាណ មានវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងរស់នៅក្នុងបរិយាកាសដែលគ្មានសុវត្ថិភាព ជាដើម។
ដោយឡែកជំងឺបាក់ទឹកចិត្ត (Depression) វិញ សៀវភៅចិត្តវិទ្យាវ័យជំទង់ កត់ត្រាថា សំដៅទៅដល់ការមានអារម្មណ៍តក់ស្លុត ក្រៀមក្រំ មិនស្វាហាប់ មិនរវៀសរវៃ គ្មានចិត្តចង់ធ្វើអ្វីដែលកើតឡើងជាប្រចាំក្នុងរយៈពេលមួយដ៏យូរ។ អាការៈយុវជនវ័យជំទង់ដែលមានជំងឺបាក់ទឹកចិត្ត គឺមានភាពស្រពាប់ស្រពោនខ្លាំង សរសេរអត្ថបទពាក់ព័ន្ធនឹងសេចក្តីស្លាប់ ចូលចិត្តស្តាប់បទចម្រៀងទាក់ទងនឹងក្តីវិនាស មើលទូរទស្សន៍មិនឈប់ព្រោះដេកមិនលក់ ក្រោកទៅរៀនមិនទាន់ ងោកទាំងថ្ងៃ គ្មានថាមពល និងគ្មានចិត្តចង់ទៅរៀន ហើយខានរៀនញឹកញាប់ គ្មានសមាធិក្នុងការគិតទៅលើរឿងអ្វីមួយ គិតយឺត រៀនខ្សោយ ឬធុញទ្រាន់ច្រើន។
ជំងឺបាក់ទឹកចិត្ត (Depression) វិញ សៀវភៅចិត្តវិទ្យាវ័យជំទង់ កត់ត្រាថា សំដៅទៅដល់ការមានអារម្មណ៍តក់ស្លុត ក្រៀមក្រំ មិនស្វាហាប់ មិនរវៀសរវៃ គ្មានចិត្តចង់ធ្វើអ្វីដែលកើតឡើងជាប្រចាំក្នុងរយៈពេលមួយដ៏យូរ។
សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក កៅ សុវណ្ណតារា កត់សម្គាល់ថា យុវជនកម្ពុជា ភាគច្រើនមិនបានយល់ដឹងច្រើនទេអំពីបញ្ហាផ្លូវចិត្តនេះ ដោយសារពួកគេឲ្យតម្លៃសុខភាពផ្លូវកាយជាង ហើយម្យ៉ាងទៀត គឺដោយសារកង្វះខាតការផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិត្ត៖ «ការយល់ដឹងពីបញ្ហាហ្នឹង គឺនៅមានកម្រិតនៅឡើយនៅកម្ពុជា យើង ដោយសារតែយើងអត់ទាន់បានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយគោលនយោបាយជាតិខាងសុខភាពផ្លូវចិត្ត ថវិកាដែលគាំទ្រមានចំនួនតិចតួចណាស់ បើប្រៀបធៀបទៅនឹងសុខភាពផ្លូវកាយ»។
លោក កៅ សុវណ្ណតារា មើលឃើញថា វាជាការចាំបាច់ដែលត្រូវបញ្ចូលមេរៀនស្តីអំពីសុខភាពផ្លូវចិត្តចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងបង្កើតឲ្យមានជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្ត៖ «រដ្ឋាភិបាលគួរតែដាក់បញ្ចូលកម្មវិធីសុខភាពផ្លូវចិត្ត ជាពិសេសឲ្យមានអ្នកប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមមន្ទីរពេទ្យ និងសាលារៀន។ នេះហើយជាកត្តាមួយ ដែលធ្វើឲ្យគាត់ចាប់ផ្តើមផ្សព្វផ្សាយ។ ឧទាហរណ៍នៅតាមសាលារៀន មានបញ្ហាពាក់ព័ន្ធនឹងអំពើហិង្សា ពាក់ព័ន្ធនឹងក្មេងទំនើង សុទ្ធតែត្រូវការអ្នកចិត្តសាស្ត្រដើម្បីជួយពួកគាត់»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន អះអាងថា ក្រសួងអប់រំ បានដាក់បញ្ចូលខ្លឹមសារខ្លះទាក់ទងនឹងមេរៀនចិត្តវិទ្យា និងទស្សនវិជ្ជា ចូលទៅក្នុងមុខវិជ្ជាសិក្សាសង្គមសម្រាប់សិស្សថ្នាក់បឋមសិក្សា។ រីឯថ្នាក់មធ្យមសិក្សាវិញ ត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា។ ដោយឡែកចំពោះអ្នកប្រឹក្សាយោបល់ផ្លូវចិត្តវិញ លោក រស់ សាលីន បញ្ជាក់ថា នេះជាកិច្ចការរបស់ក្រុមប្រឹក្សាកុមារ និងយុវជន ដែលមាននៅតាមសាលានីមួយៗ៖ «អ្នកជំនាញនៅក្នុងសាលាក៏មានដែរ។ លោកគ្រូអ្នកគ្រូដែលគាត់មានជំនាញខាងចិត្តវិទ្យា ទស្សនវិជ្ជា ដែលចេញពីវិទ្យាស្ថានជាតិអប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូនានាហ្នឹង ក៏អាចចូលរួមជួយបាន ហើយអ្វីដែលយើងកំពុងធ្វើហ្នឹង គឺគ្រូនៅទីនោះមាន។ អ៊ីចឹងទេ អ្វីដែលសំខាន់ គឺទាមទារឲ្យមានការធ្វើកិច្ចទំនាក់ទំនងជាមួយគ្នាឲ្យមានជាប្រចាំ ហើយឲ្យមានការប្រឹងប្រែង និងការចូលរួម»។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញផ្នែកចិត្តសាស្ត្រនៅតែអះអាងថា ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាដើម ត្រូវបង្កើនសកម្មភាពរបស់ខ្លួនឲ្យបានច្រើន និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធ្វើឲ្យយុវជនកម្ពុជា មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ស្នងអនាគតប្រទេសជាតិនៅថ្ងៃមុខ។
សម្រាប់អ្នកដែលចាប់ផ្តើមមានបញ្ហាផ្លូវចិត្តវិញ អ្នកជំនាញណែនាំឲ្យទៅជួបប្រឹក្សាយោបល់ ឬទទួលយកការព្យាបាលពីអ្នកចិត្តសាស្ត្រ ឬបើអាការៈធ្ងន់ធ្ងរ ត្រូវទៅជួបជាមួយគ្រូពេទ្យខាងវិកលវិទ្យា ចៀសវាងការទុកបណ្តោយឲ្យជំងឺនៅរ៉ាំរ៉ៃបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។