ស្ថាប័នពាក់ព័ន្ធជំរុញឱ្យយុវជនចូលរួមក្នុងដំណើរការបោះឆ្នោតដោយគោរពច្បាប់និងក្រមសីលធម៌
2017.02.20
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ជំរុញឱ្យយុវជនចូលរួមក្នុងដំណើរការបោះឆ្នោតប្រកបដោយក្រមសីលធម៌ និងកុំងប់ងុលនឹងអ្នកនយោបាយ ដែលអាចនាំឱ្យខ្លួនប្រព្រឹត្តទង្វើប្រាសចាកពីច្បាប់។ ការថ្លែងបែបនេះរបស់ភាគីពាក់ព័ន្ធ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាយុវជនស្ដីពី “សន្តិសុខសម្រាប់យុវជនក្នុងការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧” ដែលត្រូវបានរៀបចំដោយសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅ។
ស្របពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល សម្ដែងសុទិដ្ឋិនិយមចំពោះការចូលរួមរបស់យុវជនក្នុងដំណើរការបោះឆ្នោត។ ស្ថាប័នទាំងនេះ ចាត់ទុកតួនាទីរបស់យុវជនក្នុងដំណើរការបោះឆ្នោតជារឿងមិនអាចខ្វះបាន ក៏ប៉ុន្តែស្នើឱ្យការចូលរួមនេះ ត្រូវឈរលើគោលការណ៍ច្បាប់ និងក្រមសីលធម៌។
ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក កែវ ផល្លា ថ្លែងថា យុវជនគឺជាអ្នកដែលមានឆន្ទៈស្រួចស្រាល់ ប៉ុន្តែងាយនឹងរអិលធ្លាក់ក្នុងការអូសទាញ និងងប់ងុលនឹងមនោគមវិជ្ជានយោបាយ ដែលអាចឱ្យពួកគេសម្ដែងសិទ្ធិរបស់ខ្លួនលើសពីច្បាប់ ដូចជាការជេរប្រមាថ និងការគំរាមកំហែងអ្នកគាំទ្រគណបក្សដទៃជាដើម។
លោកស្នើឱ្យយុវជនដែលជាអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងរង្វង់ច្បាប់ និងក្រមសីលធម៌ ដើម្បីចៀសវាងការជាប់ទោសដោយសារឆន្ទៈគាំទ្រគណបក្សនយោបាយរបស់ខ្លួន៖ «ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់ មិនថាយុវជនគាំទ្រគណបក្សណាទេ គឺថាសូមឱ្យនាំគ្នាងាកមកគោរពក្រមសីលធម៌សម្រាប់គណបក្សនយោបាយ ក៏ដូចអ្នកសង្កេតការណ៍ដែរ ហើយគោរពច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដើម្បីចៀសវាងការផុងខ្លួនទៅដល់ជេរប្រមាថ ឬក៏គាំទ្រជ្រុល ធ្វើឱ្យស្ថានភាពផ្ទាល់ខ្លួនឯងឈានដល់ការជាប់ទោសទណ្ឌ»។
ចំណែកអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ លោក មិន ស៊ីថា បញ្ជាក់ថា ក្រសួងមហាផ្ទៃ លើកទឹកចិត្តឱ្យយុវជនទាំងអស់ចូលរួមក្នុងដំណើរការបោះឆ្នោត ហើយសមត្ថកិច្ចមានភារកិច្ចក្នុងការការពារសុវត្ថិភាពជូនពលរដ្ឋទូទៅមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត៖ «កាលណាយុវជនមានកម្លាំងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ គឺថាប្រសើរណាស់។ អ៊ីចឹងដើម្បីឱ្យមានការអភិវឌ្ឍ ពលរដ្ឋដែលក្នុងពលរដ្ឋហ្នឹងមានបង្កប់ន័យយុវជនហើយស្រេចហើយ ត្រូវយកចំណេះដឹងដែលមានស្រាប់ហ្នឹង យកមកវិភាគ មកគិត ហើយធ្វើម៉េចគោរពច្បាប់។ បើក្នុងការបោះឆ្នោត គឺគោរពច្បាប់បោះឆ្នោត គឺអត់មានអីខុសទេ។ កុំទៅអុកឡុក កុំទៅប្រព្រឹត្តិបទអីដែលវាខុសឆ្គងនឹងច្បាប់»។
ឯកសារជំនួយស្មារតីទាក់ទងនឹងការបោះឆ្នោតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) បញ្ជាក់ថា យុវជនគឺជាអ្នកដែលមានសក្ដានុពលក្នុងការធ្វើឱ្យសំឡេងឆ្នោតមានការប្រែប្រួល។ យុវជនត្រូវបង្ហាញដល់ថ្នាក់ដឹកនាំថា ខ្លួនមានឥទ្ធិពលទៅលើក្រុមមនុស្សដទៃទៀត ដូចជា មនុស្សជំទង់ ឬមនុស្សចាស់ ព្រោះខ្លួនគឺជាអ្នកមានចំណេះដឹង និងកម្លាំងកាយរឹងមាំ ហើយអាចធ្វើការអប់រំ និងជួយដល់មនុស្សដទៃទៀត។ ក៏ប៉ុន្តែកិច្ចការនេះអាចសម្រេចទៅបានលុះត្រាតែយុវជនមានសំឡេងរួមគ្នា។
សមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) លោក យង់ គិមអេង កត់សម្គាល់ថា ចាប់ពីឆ្នាំ២០១៣ មក យុវជនកាន់តែច្រើនបានបង្ហាញការគាំទ្រចំពោះគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដែលនេះគឺសារមួយដល់មេដឹកនាំនយោបាយគ្រប់រូបឱ្យគិតគូរ និងបង្កើតគោលនយោបាយដែលមានប្រយោជន៍សម្រាប់យុវជន។ បើមិនដូច្នេះទេ គណបក្សនយោបាយនោះនឹងបាត់បង់ការគាំទ្រពីយុវជន៖ «យុវជនគឺជាអតិថិជនដ៏មានសក្ដានុពលនៃទំនិញនយោបាយ។ អ៊ីចឹងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិក៏ដូចគ្នាដែរ អ៊ីចឹងបើសិនជាអ្នកដែលមិនគិតគូរពីយុវជន អ្នកដែលមិនយកចិត្តទុកដាក់ពីយុវជនទៅលើយុវជន គឺបានន័យថា អ្នកហ្នឹងអត់ស្គាល់អំពីការវិវឌ្ឍន៍នៃចរន្តនយោបាយកម្ពុជាទេ»។
របាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) បង្ហាញថា បញ្ហាប្រឈមជាអាទិភាពរបស់យុវជនមានបីសំខាន់ គឺការងារ សន្តិសុខ និងការអប់រំ។
ឯកសារជំនួយស្មារតីទាក់ទងនឹងការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល បញ្ជាក់ថា យុវជនត្រូវធ្វើខ្លួនឱ្យមានតម្លៃនៅក្នុងសង្គម តាមរយៈការប្រកាន់អត្តចរិតឱ្យសមជាពលរដ្ឋល្អ ទោះបីជាពួកគេមានចំណេះដឹងជ្រៅជ្រះ តិចតួច ឬមិនមានក្តី។ យុវជនត្រូវតែតាមដានរាល់ការដឹកនាំរបស់អ្នកនយោបាយ ហើយត្រូវចេះលើកយកបញ្ហា ដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ មកធ្វើការជជែកពិភាក្សាជាមួយក្រុម ឬអង្គការសមាគមយុវជនដទៃទៀត ឬជាមួយអ្នកនយោបាយតាមគ្រប់រូបភាព ដូចជាចូលរួមក្នុងវេទិកានានា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងរដ្ឋាភិបាលជាដើម។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ យុវជនមានចំនួនជាង ៣០ភាគរយ ឬប្រមាណជាជាង ២លាននាក់ នៃអ្នកបានចុះឈ្មោះបោះឆ្នោតសរុបជាង ៧លាន ៨សែននាក់៕