យុវជន​ចូលរួម​ការងារ​មនុស្ស​ធម៌​ក្នុង​ថ្ងៃ​ក្ដី​ស្រលាញ់

ដោយ ទេព សុរ៉ាវី
2015.02.13
យុទ្ធនាការ​ចែក​ស្រោម​អនាម័យ ៦២០ យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ របស់​អង្គការ​មូលនិធិ​ថែទាំ​អ្នក​ជំងឺ​អេដស៍(AHF) នៅ​ថ្ងៃ​ទី ១៣ កុម្ភៈ ២០១៥។
RFA/Rann Samnang

ទន្ទឹម​នឹង​យុវជន​ភាគច្រើន បង្ហាញ​ក្ដី​ស្រលាញ់​ទៅដល់​គ្រួសារ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ មិត្តភ័ក្ដិ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន តាមរយៈ​វត្ថុ​អនុស្សាវរីយ៍ ឬ​ផ្កា​កូឡាប ដែល​គេ​ពេញ និយម ឲ្យ​ចំ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នេះ។ ប៉ុន្តែ​មាន​ក្រុម​យុវជន​ខ្លះ​ទៀត បាន​យក​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ ទៅ​ធ្វើ​ការងារ​មនុស្សធម៌ ជួយ​ដល់​មនុស្ស​ដែល​ទីទ័ល​ជាង​ខ្លួន។

ក្រុម​យុវជន​ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​យក​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ (Valentine’s day) ជា​ថ្ងៃ​បង្ហាញ​ចិត្ត​សន្ដោស​ទៅដល់​កុមារ​កំព្រា កុមារ​មាន​ផ្ទុក​មេរោគ​អេដស៍ និង​កុមារ​ពិការ​គ ថ្លង់ ចំនួន​៣៥០​នាក់ ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​កៀន​ឃ្លាំង មណ្ឌល​កុមារ កំព្រា​ជ្រោយ ចង្វារ និង​មណ្ឌល​កុមារ​កំព្រា​កូឡាប​បួន ស្ថិតនៅ​រាជធានី​ភ្នំពេញ។

ក្រុម​យុវជន​ទាំងនោះ បាន​រៃអង្គាស​ប្រាក់​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន គ្រឹះស្ថាន​ឧត្ដមសិក្សា និង​គ្រឹះ ស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា​ទៅ​ក្នុង «មូលនិធិ​ក្ដី​ស្រលាញ់» ដើម្បី​យក​ទៅ​ជួយ​កុមារ​ទាំង នោះ ដែល​កំពុងតែ​ជួប​នឹង​ការ​ខ្វះខាត ទាំង​ធនធាន​ថវិកា និង​សម្ភារៈ។

ប្រធាន​គណៈកម្មាធិការ​រាជធានី​ភ្នំពេញ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សាយ សំអាល់ និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជាក់​នៅ​ក្នុង​សេចក្ដី​អំពាវនាវ​របស់​ខ្លួន​ថា សកម្មភាព​មនុស្សធម៌ នេះ ធ្វើឡើង​ដើម្បី​ជា​ការ​លើកទឹកចិត្ត ដល់​កុមារ​កំព្រា​ទីទ័លក្រ ឲ្យ​មាន​ក្ដី​សង្ឃឹម​ក្នុង​ជីវិត និង​ខិតខំ​ប្រឹង ប្រែង​រៀន​សូត្រ ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ល្អ ពលរដ្ឋ​ល្អ និង​ជា​ធនធាន​ដ៏​មាន​សក្ដានុពល សម្រាប់​ការ ចូលរួម​ចំ​ណែ​ក្នុង​ការ​កសាង​សង្គមជាតិ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក រស់ សាលីន គិត​ថា វប្បធម៌​លោក​ខាងលិច ដែល​កំពុង​មាន​ឥទ្ធិពល​ដល់​យុវជន​នេះ កំពុង​សាបព្រោះ​គំនិត​របស់​ពួកគេ​ឲ្យ​យល់​ខុស ថា​ថ្ងៃបុណ្យ នៃ​ក្ដី​ស្រលាញ់ គឺជា​ថ្ងៃបុណ្យ​សង្សារ រហូត​គូរ​ស្នេហ៍​ខ្លះ ហ៊ាន​ធ្វើអំពើ​ផ្ដេសផ្ដាស​ខុស​ប្រពៃណី​ជាតិ។

លោក​បន្ត​ថា សកម្មភាព​របស់​ក្រុម​យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បង្ហាញ​ពី​ការវិវត្តន៍​ថ្មី​មួយ​របស់​យុវជន ដែល​ដឹង​ពី​អត្ថន័យ​ពិត​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ហើយ​វា​អាច​ជា​សារ​មួយ​ល្អ​សម្រាប់​ឲ្យ យុវជន​ឯទៀត យក​គំរូ​តាម ដោយ​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​ខ្លួន ចំពោះ​មនុស្ស​ទូទៅ៖ «សកម្មភាព​យុវជន​នៅ​ក្នុង​ដំណាក់​ការ​នេះ​មានការ​វិវត្តន៍ មានការ​យល់ដឹង​បន្ថែម​ទៀត ទៅ​រក​ទិន្នភាព​មួយ​វិជ្ជមាន​។ ការ​យល់​ច្រឡំ​មួយ​ចំនួន អាច​បែរ​មក​ច្បាស់​វិញ ថា​ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ក្ដី​ ស្រលាញ់​មិន​មិន​ជា​ថ្ងៃ​សង្សារ​ទេ»

អនុប្រធាន​ចលនា​យុវជន របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹម សុធា បញ្ជាក់​ថា ក្រុម​យុវជន របស់​លោក មិន​មាន​សកម្មភាព​អ្វី​ជា​ដុំកំភួន​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ទេ។ ប៉ុន្តែ​លោក​គាំទ្រ​ដល់ សកម្មភាព​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ជំរុញ​នឹង​ផ្ដល់​និយមន័យ​ទិវា​នៃ​ក្ដី​ស្រលាញ់ នេះ​ឲ្យ​បាន​ទូលំទូលាយ។

យ៉ាងណា​លោក​គិត​ថា សកម្មភាព​មនុស្សធម៌​ដល់​កុមារ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ គឺជា​ការ​ប្រសើរ។ ប៉ុន្តែ ការ​រៃអង្គាស​ប្រាក់ នៅ​តាម​គ្រឹះស្ថានសិក្សា​នានា គឺ​គ្រាន់តែ​ជា​រូបភាព​មួយ​ប៉ុណ្ណោះ ខណៈ​ដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ានី ជា​ប្រធាន និង​ជា​កូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ថវិកា​គ្រប់គ្រាន់​ដែល​បាន​មក​ពី​ប្រភព​ឧកញ៉ា​ធំៗ និង​សមាជិក​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា៖ «ខ្ញុំ​អបអរសាទរ​ដែល​យុវជន​គណបក្ស​ប្រជាជន​មាន​ទស្សនៈ​ក្នុង​ការ​ជំរុញ​នឹង​ផ្ដល់​និយមន័យ​ឲ្យ​ទូលំទូលាយ ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ខ្ញុំ​គាំទ្រ​ចំពោះ​គំនិត​នេះ»

ទន្ទឹម​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ចាត់វិធានការ​ទប់ស្កាត់ សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ កុំ​ឲ្យ​យក​ថ្ងៃនេះ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា រវាង​គូរ​ស្នេហ៍ ភ្លេច​ការសិក្សា​បាត់បង់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ប្រាសចាក​វប្បធម៌​និង​ប្រពៃណី​ជាតិ។

ក្នុង​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់​នេះ​ដែរ ក្រុម​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង ក៏បាន​ផលិត​ខ្សែភាពយន្ត​អប់រំ​ខ្នាត​ខ្លី​មួយ ទៅដល់​យុវជន ឲ្យ​ផ្ដល់​តម្លៃ​នៃ​ក្ដី​ស្រលាញ់​ទៅដល់​ក្រុម​គ្រួសារ​របស់​ខ្លួន។

សមាជិក​មួយ​រូប នៅ​ក្នុង​ក្រុម​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង អ្នកនាង ទុយ មុនីរ៉េត ឲ្យ​ដឹង​ខ្សែភាពយន្ត​អប់រំ ដែល​មាន​រយៈពេល​២​ទៅ​៣​នាទី​នេះ មាន​បញ្ចាំង​ជា​សាធារណៈ​នៅផ្ទះ​មេត្តា ហើយ​ត្រូវ​បង្ហោះ​តាម ប្រព័ន្ធ​អ៊ីនធឹណែត ដើម្បី​ចែករំលែក​និង​ជា​សារ​ដាក់​តឿន ឲ្យ​យុវជន​បង្ហាញ​ក្ដី​ស្រលាញ់ ដល់​ក្រុម​គ្រួសារ ច្រើនជាង​ការ​ភ្លើ​ត​ភ្លើង​នឹង​ល្បែង​ស្នេហា រហូត​ឈាន​ទៅ​ដល់​ការ​រួម​ភេទ នៅ​ថ្ងៃ​នោះ៖ «មាន​អង្គការ​ផ្សេង​គាត់​ផ្ដល់​អនុសាសន៍ ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ ថា​គួរតែ​ទៅ​មើល​តាម​ក្លឹប​កម្សាន្ត ទៅ​មើល​ផ្ទះសំណាក់ តើ​ក្នុង​ថ្ងៃ​នោះ​មាន​យុវជន​ទៅ​ច្រើន​ឬទេ។ ប៉ុន្តែ​ក្រុម​យើង​មក​មើល ថា​តើ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នោះ​យុវជន​ផ្ដល់​ក្ដី​ឲ្យ​គ្រួសារ​កម្រិត​ណា»

ដោយឡែក​មាន​យុវជន​ជាច្រើន​ទៀត ងាក​ទៅមក​ចាប់អារម្មណ៍​នឹង​វិស័យ​កីឡា ដើម្បី​កម្សាន្ត​ក្នុង​ថ្ងៃ នៃ​បុណ្យ​ក្ដី​ស្រលាញ់​នេះ។

គណៈកម្មាធិការ​ស្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀបចំ​ប្រកួត​កីឡា​រត់​ប្រណាំង សប្បាយៗ ដែល​មាន​ចរិត​ជា​ការ​អប់រំ និង​អូសទាញ​យុវជន​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​ពិត​ថ្ងៃ នៃ​ក្ដី​ស្រលាញ់។ យុវជន​មិន​តិច​ជាង​២​ពាន់​នាក់​ទេ ដែល​បាន​ចុះឈ្មោះ​រត់​ប្រណាំង​នៅ​ថ្ងៃ​នេះ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ មាន​ការ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ បែង​ចែក​ជា​ប្រភេទ​អាយុ​ក្រោម​១៥ ឆ្នាំ ៣០​ឆ្នាំ និង​ចាប់ពី​៣១​ឆ្នាំ​ឡើង​ទៅ។ ក្រៅពី​ការប្រកួត​ចម្ងាយ​ឆ្ងាយ​នោះ ក៏​នៅ​មានការ ប្រកួត​ជើង​៣​ជា​ការ​កម្សាន្ត ដោយ​តម្រូវ​ឲ្យ​ដៃគូ​ជា​បុរស​និង​ស្ត្រី ត្រូវ​យក​ជើង​ម្ខាង​ចងភ្ជាប់​គ្នា ហើយ​បបួលគ្នា​រត់​ជើង​៣​ប្រណាំង​គ្នា។

ពាក់ព័ន្ធ​នឹង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ​ដែរ ព្រះតេជព្រះគុណ ទូច ម៉ៃ គ្រូ​សូត្រ​ស្ដាំ​នៃ​វត្ត​មហាមន្ត្រី មាន​ថេរ​ដីកា​ថា ថ្ងៃ​១៤ កុម្ភៈ (Valentine’s day ) មិន​មាន​ជា​បុណ្យជាតិ​របស់​កម្ពុជា​ទេ។ ប៉ុន្តែ​ព្រះតេជព្រះគុណ គាំទ្រ​ឲ្យ​យុវជន​ធ្វើ​ការងារ​សង្គម​ឲ្យ​បាន​ច្រើន ដែល​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ដោយ​មេត្តា​ចិត្ត តាម​គោលការណ៍​ព្រះពុទ្ធសាសនា ដូចជា​ការ​ដាក់​ទាន ឬ​ជួយ​ដល់​កុមារ​កំព្រា​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន៖ «គោលការណ៍​ព្រះពុទ្ធសាសនា​គឺ​ក្ដី​ស្រលាញ់​ប្រកបដោយ​មេត្តា​បានជា​ក្ដី​ស្រលាញ់​ពិតប្រាកដ គឺ​ខុស​ពី​ក្ដី​ស្រលាញ់​រំជើបរំជួល​តាម​ចំណង់​ក្នុង​ជីវិត​ជា​បុថុជ្ជន»

រយៈពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​បាន​ទទួល​ចរន្ត​វប្បធម៌​ពី​បស្ចិម​ប្រទេស គឺ​ទិវា​នៃ​ក្ដី​ស្រលាញ់ (Valentine’s day )។ ដំបូង​ឡើយ​មាន​យុវជន​ខ្លះ​គិត​ថា​ថ្ងៃ​នោះ​ជា​ថ្ងៃបុណ្យ​សង្សារ។ ចំពោះ​គូរ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់​នោះ​ទាល់​តែ​មាន​កាដូ មាន​ផ្កា​កលាប​ជូន​គ្នា ឬ​ពេលខ្លះ​ដៃ​គូរ​សង្សារ​ទាមទារ​ឲ្យ​ភាគី​ម្ខាង​ទៀត​ប្រគល់​ខ្លួនប្រាណ ដើម្បី​បង្ហាញ​ពី​ចិត្ត​សោះ។

ទោះ​យ៉ាងណា​ការ​យល់​ច្រឡំ អត្ថន័យ​នៃ​ថ្ងៃ​ក្ដី​ស្រលាញ់​នោះ ហាក់​រំសាយ​ទៅ​បន្តិច​ម្ដងៗ។ ព្រះតេជព្រះគុណ ទូច ម៉ៃ មាន​ថេរ​ដីកា​ថា ការ​ប្រារព្ធ​ទិវា​នេះ​ត្រូវ​កើតឡើង​ដោយ​ការ​ស្រលាញ់ ប្រកបដោយ​មេត្តា​ចិត្ត ជា​ការ​ស្រលាញ់​សម្រាប់​មនុស្ស​ជាទូទៅ។

ទន្ទឹម​នឹង​ការ​ចាប់​យក​ពិធីបុណ្យ​នៃ​បស្ចិម​ប្រទេស ព្រះតេជព្រះគុណ ទូច ម៉ៃ ក្រើន​រំលឹក​ដល់​យុវជន កុំ​ភ្លេច​នូវ​បុណ្យ​សាសនា​របស់​ខ្លួន ដូចជា​ពិធីបុណ្យ​វិសាខបូជា ដែល​ជា​ថ្ងៃ​ប្រកប​ដោយហេតុ ដ៏​អស្ចារ្យ​ទាំង​៣​យ៉ាង គឺ​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត ថ្ងៃ​ព្រះពុទ្ធ​ត្រាស់​ដឹង និង​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ព្រះនិព្វាន។

ពិធីបុណ្យ​សាសនា​ដ៏​ធំ​នេះ កម្រ​ឃើញ​យុវជន​ចាប់អារម្មណ៍ ហើយ​យក​ផ្កា​ទៅ​បូជា ចំពោះ​ព្រះរតនត្រ័យ ឬក៏​យក​ទៅ​ជូន​អ្នកមានគុណ មាន​មាតាបិតា ឬ​អាណាព្យាបាល​ខុសប្លែក​ពី​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ បុណ្យ​នៃ​បស្ចិម​ប្រទេស តែ​យុវជន​ផ្ដល់​តម្លៃ​និង​ប្រតិបត្តិ​ជា​រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។