យុវជនស្នើឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពព័ត៌មានចំពោះការប្រមូលចំណូលពីវិស័យរ៉ែ
2017.03.25
និស្សិតសាកលវិទ្យាល័យមួយចំនួនដែលជាអ្នកបានចូលរួមក្នុងកិច្ចការងារសង្គម ចង់ឃើញតម្លាភាពក្នុងការប្រមូល និងគ្រប់គ្រងចំណូលពីវិស័យរ៉ែ ក្រោយពេលដែលពួកគេបានស្លាប់បទបង្ហាញរបស់តំណាងក្រសួងរ៉ែ និងថាមពល ស្ដីអំពី “គោលនយោបាយជាយុទ្ធសាស្ត្រគ្រប់គ្រងវិស័យរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជា” កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ។ ពួកគេក៏ចង់ឱ្យរដ្ឋាភិបាលប្រមូលចំណូលពីវិស័យរ៉ែនេះឱ្យបានច្រើន ឱ្យសមស្របទៅនឹងការធ្វើអាជីវកម្មរ៉ែ ដែលកំពុងប្រតិបត្តិការដោយបុគ្គល ឬក្រុមហ៊ុនឯកជនដូច្នោះដែរ។
ការអំពាវនាវរបស់យុវជននេះ គឺដោយសារពួកគេយល់ថា មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែជាច្រើនកំពុងប្រតិបត្តិការការងាររបស់ខ្លួនទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលអាចធ្វើឱ្យបាត់បង់នូវភោគទ្រព្យធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ បញ្ហាសំខាន់មួយទៀត គឺដោយសារពួកគេព្រួយបារម្ភពីការបាត់ថវិកាពីវិស័យនេះក្រោយការផ្ទុះរឿងអាស្រូវដ៏រសើបទាក់ទងនឹងការបាត់តួលេខខ្សាច់ដែលកម្ពុជា នាំចេញទៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ដែលគិតជាទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិក។
ពួកគេយល់ឃើញថា គោលនយោបាយ ឬផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មរ៉ែ មានភាពប្រាកដប្រជា តែការអនុវត្តមិនដឹងថា អាចធ្វើបានដល់កម្រិតណាឡើយ៖ «ការគ្រប់គ្រងលើវិស័យរ៉ែហ្នឹង សូមឱ្យមានតម្លាភាពមួយច្បាស់លាស់ ហើយធ្វើឱ្យវាសុក្រឹត។ មួយទៀតគឺខ្ញុំចង់ឱ្យក្រសួងពាក់ព័ន្ធខាងរ៉ែហ្នឹង បង្ហាញជាសាធារណៈ ជារបាយការណ៍ចុងឆ្នាំ។ ក្នុងមួយឆ្នាំអ៊ីចឹង យើងប្រមូលបានប៉ុន្មានពីវិស័យហ្នឹង ហើយយើងចំណាយទៅលើអ្វីខ្លះក្នុងវិស័យហ្នឹង ហើយយើងនៅសល់ប្រាក់ប៉ុន្មាន ដើម្បីអភិវឌ្ឍវិស័យអ្វីខ្លះ។ តាំងពីចំណូលចំណាយផ្សេងៗហ្នឹង សូមឱ្យវាមានភាពច្បាស់លាស់ ច្បាស់ការ មើលទៅវាដូចថា មានតម្លាភាពតែម្ដង អ៊ីចឹងទើបបានគួរឱ្យជឿ។ ដល់ពេលលក្ខណៈបិទបាំង លាក់ៗ រញ៉េរញ៉ៃ អ៊ីចឹងដូចអត់សូវទុកចិត្តទេ។ យើងដឹងស្រាប់ហើយ អត់សូវមានអ្នកណាសូវចាប់អារម្មណ៍នឹងវិស័យមួយហ្នឹងទេ។ បើសិនអ្នកពុករលួយក្នុងវិស័យហ្នឹង គឺងាយស្រួលមែនទែន បើយើងអត់ចាប់អារម្មណ៍លើវិស័យហ្នឹង»។
ពួកគេថ្លែងថា រ៉ែគឺជាធនធានកម្រ ហើយកម្ពុជា គឺជាប្រទេសដែលសំបូរភោគទ្រព្យរ៉ែ ដូចនេះប្រជាពលរដ្ឋ និងយុវជនទាំងអស់ គប្បីយកចិត្តទុកដាក់នឹងវិស័យនេះ បើមិនដូច្នេះទេផលនៃធនធាននេះអាចនឹងត្រូវធ្លាក់ទៅក្នុងដៃបុគ្គលតែមួយក្ដាប់តូច។ ពួកគេបន្តថា តម្លាភាពនៃការប្រមូល និងគ្រប់គ្រងចំណូលនេះ មានសារសំខាន់ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចនឹងទទួលបានផលប្រយោជន៍ពីធនធានរ៉ែ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ៖ «ធម្មតាប្រទេសយើង គឺជាប្រទេសសម្បូរដោយសម្បត្តិធម្មជាតិច្រើន។ បើសិនជាយើងអត់ខ្វាយខ្វល់នឹងធនធានរ៉ែហ្នឹងទេ វាធ្វើឱ្យវិស័យហ្នឹងត្រូវបាត់បង់។ រាល់ថ្ងៃយើងបូមរ៉ែពីក្រោមដីរាល់ថ្ងៃ ប៉ុន្តែអត់មានអ្នកណាខ្វល់ថា តើវាត្រូវបានបូមអស់ប៉ុន្មាន ហើយមានផលប៉ះពាល់ដូចម្ដេចទេ។ បើសិនពួកយើងអត់មានខ្វាយខ្វល់ទេ គឺវាមានផលប៉ះពាល់ជាច្រើនដែលធ្វើឱ្យប្រទេសយើងត្រូវប្រឈមមុខក្នុងវិបត្តិ។ សំណូមពរដល់ក្រសួងពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងទៅលើវិស័យរ៉ែទូទៅ គឺសូមឱ្យគាត់ត្រួតពិនិត្យមើលឱ្យច្បាស់ ហើយនិងឱ្យគាត់មានគណនេយ្យភាពដើម្បីរៀបចំថវិកាជាតិ ចំណូលជាតិទាំងប៉ុន្មានហ្នឹង គឺត្រូវឱ្យមានការផ្សព្វផ្សាយជាសាធារណៈជូនដល់ប្រជាពលរដ្ឋដឹងទូទៅ ដើម្បីឱ្យគាត់ទទួលបានព័ត៌មានចំណូលចំណាយជាតិអស់ប៉ុន្មាន ដើម្បីឱ្យគាត់ជឿទុកចិត្តលើរដ្ឋាភិបាល»។
តួលេខរបស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា ក្រសួងប្រមូលចំណូលពីវិស័យរ៉ែ បានចំនួន ២លានដុល្លារ នៅឆ្នាំ២០១៣ និង ៣លានដុល្លារ នៅឆ្នាំ២០១៤។ ចំណូលពីវិស័យនេះបានកើនឡើងដល់ ១០លានដុល្លារ នៅឆ្នាំ២០១៥ និង ១៣លានដុល្លារ នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ នេះ ក្រសួងគ្រោងប្រមូលចំណូលឱ្យបាន ២០លានដុល្លារអាមេរិក។
ចំណូលធនធានរ៉ែនេះ បានមកពីរ៉ែខ្សាច់ ថ្មសំណង់ សេវាកម្មសាធារណៈ ឧស្សាហកម្មអាជីវកម្មរ៉ែ ដូចជារ៉ែលោហៈ និងរ៉ែមាសជាដើម និងការផ្ដល់អាជ្ញាប័ណ្ណចំពោះអាជីវកម្មរ៉ែតូចៗ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា ក្រសួងនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីបង្ហាញព័ត៌មានទាក់ទងនឹងចំណូលពីវិស័យរ៉ែនេះ ដោយមិនមានអ្វីត្រូវលាក់បាំងនោះទេ។
លោកទទួលស្គាល់ថា ចំណូលពីវិស័យរ៉ែ កាលពីរយៈពេលប៉ុន្មានឆ្នាំមុនមានចំនួនតិច ដោយសារមានចន្លោះខ្វះខាតច្រើនទាក់ទងនឹងការប្រមូលចំណូលនេះ ក៏ប៉ុន្តែក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវកំណែទម្រង់ចំណូលពីវិស័យរ៉ែ បានកើនឡើងជាលំដាប់ចាប់ពីឆ្នាំ២០១៥ មក៖ «យើងស្វាគមន៍ចំពោះការចូលរួមទាំងអស់ មិនថាប្រជាជន មិនថាអង្គការសង្គមស៊ីវិល ឬស្ថាប័នផ្សេងនោះទេ។ បើសិនជាគាត់ចង់ចូលរួម យើងស្វាគមន៍ យើងសប្បាយចិត្តឱ្យគាត់ចូលរួម។ ចូលរួមមកដើម្បីយើងត្រួតពិនិត្យទាំងអស់គ្នា ព្រោះធនធានរ៉ែនេះពុំមែនជាធនធានរ៉ែរបស់ក្រសួងរ៉ែមួយទេ គឺជាធនធានដើម្បីទាំងអស់គ្នា និងរបស់ប្រជាជនខ្មែរយើងទាំងមូល»។
ក្រសួងរ៉ែ និងថាមពល គ្រោងបោះពុម្ពផ្សាយព័ត៌មានពីចំណូលរ៉ែ ជាសាធារណៈរៀងរាល់ ៣ខែម្ដង ចាប់ពីឆ្នាំ២០១៧ នេះតទៅ។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា កម្ពុជាជាប្រទេសសម្បូរធនធានធម្មជាតិ ពិសេសធនធានរ៉ែ ក៏ប៉ុន្តែឆន្ទៈក្នុងការគ្រប់គ្រងធនធាននេះ នៅខ្វះខាតនៅឡើយ ដែលលោកគិតថា វាជាហានិភ័យសម្រាប់កម្ពុជា។ លោករិះគន់ថា ចំណូលពីវិស័យរ៉ែ ដែលក្រសួងប្រមូលបានក្នុងមួយឆ្នាំៗ មានចំនួននៅឡើយ បើប្រៀបធៀបនឹងអាជីវកម្មរ៉ែគ្រប់ប្រភេទដែលកំពុងកើតមាននៅទូទាំងប្រទេស។
ក្រៅពីអំពើពុករលួយ លោក សន ជ័យ ក៏សម្ដែងក្តីព្រួយបារម្ភមួយទៀតទាក់ទងនឹងការប្រមូលចំណូលពីធនធានរ៉ែនេះ។ នោះគឺជាការគេចមិនបង់ពន្ធ ដែលលោកហៅថា ជាការរំលោភអំណាចប្រព្រឹត្តដោយក្រុមអ្នកមានលុយ និងមានអំណាចដែលជាម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ៖ «ខ្ញុំគិតថា ក្រសួងគួរតែកុំផ្សងព្រេង បើសិនជាសមត្ថភាពនៃការគ្រប់គ្រងនៅជាចំណុចសង្ស័យរបស់ខ្លួនថា ដូចជាពិបាកគ្រប់គ្រង មើលទៅដូចជាអត់មានធនធានមនុស្សគ្រប់គ្រាន់។ អ៊ីចឹងរ៉ែណាដែលខ្វះធនធានមនុស្សក្នុងការគ្រប់គ្រង ឬក៏ខ្វះអំណាចក្នុងការគ្រប់គ្រង។ ខ្ញុំគិតថា គួរតែពិចារណាកុំឱ្យមានការផ្ដល់អាជ្ញាប័ណ្ណ។ យើងគ្រាន់តែមើលរឿងខ្សាច់មួយមានបញ្ហាច្រើនគួរសម។ រឿងអាស្រូវបាត់ខ្សាច់ទៅក្រៅប្រទេសផង និងភាពមិនប្រក្រតីនៃការបូមខ្សាច់ក្រៅតំបន់អាជ្ញាប័ណ្ណ សុទ្ធសឹងតែជាមេរៀនដែលក្រសួងគួរតែពិចារណា មុននឹងឱ្យអាជ្ញាប័ណ្ណរុករករ៉ែផ្សេងទៀត»។
កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រសួងផ្ដល់អាជ្ញាប័ណ្ណអណ្ដូងរ៉ែ និងការដ្ឋានវាយថ្មចំនួន ៤០១ អាជ្ញាប័ណ្ណ ស្វែងរុករកចំនួន ៦១អាជ្ញាប័ណ្ណ ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ចំនួន ២៣ និងអាជ្ញាប័ណ្ណសិប្បកម្មចំនួន ៣២៦។ ធនធានរ៉ែ ដែលក្រសួងផ្ដល់អាជ្ញាប័ណ្ណ រួមមានរ៉ែថ្មកំបោរ រ៉ែធ្យូងថ្ម និងរ៉ែលោហៈ ដែលមាននៅខេត្តកំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី៕