អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីថា ទាហានខ្មែរនឹងពិបាកទៅបោះទីតាំងសម្រាប់ឈរជើងឡើងវិញនៅប្រាសាទតាមាន់ធំ ប្រសិនបើទាហានថៃឆ្លៀតពេលវិលចូលទៅបោះទីតាំងនិងកាន់កាប់ប្រាសាទនេះទាំងស្រុង ហើយហាមឃាត់លែងឱ្យទាហានខ្មែរចូល ដូចករណីនៅប្រាសាទតាមាន់តូច និងប្រាសាទតាក្របីជាដើម។
ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺស្ថិតនៅក្នុងទឹកដីកម្ពុជាយើង សូម្បីតែលោក ឡាំ ជា កាលនៅឆ្នាំ២០១១ គាត់បានបង្ហាញផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងនិងសៀមឆ្នាំ១៩០៧ បញ្ជាក់ថា ប្រាសាទទាំង៣ ស្ថិតនៅដីខ្មែរយើង។ ដូច្នេះអ្នកដែលត្រូវដកទ័ពចេញ គឺខាងភាគីថៃ មិនមែនភាគីកម្ពុជាត្រូវដកទ័ពចេញនោះទេ ព្រោះជាប្រាសាទរបស់យើង ដូច្នេះយើងត្រូវតវ៉ារឿងហ្នឹងឱ្យបានជោគជ័យ។ ប្រសិនបើតវ៉ាឬចរចាមិនបានជោគជ័យ យើងត្រូវប្ដឹងករណីហ្នឹង ទៅតុលាការអន្តរជាតិ។
— លោក អ៊ុំ សំអាន
ខ្សែវីដេអូឯកសារមួយដែលផលិតឡើងដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១១បានបង្ហាញថា យោងតាមផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងជាឯកសារគតិយុត្តនៃលទ្ធផលការងាររបស់ក្រុមបច្ចេកទេសចម្រុះរបស់គណៈកម្មការកំណត់ព្រំដែនបារាំងនិងសៀមឆ្នាំ១៩០៨ ហើយត្រូវប្រទេសថៃបានទទួលស្គាល់ រួមទាំងផែនទីបង្ហាញពីបង្គោលព្រំដែនទី២៣ តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៨ ដែលផលិតឡើងពីក្រុមបច្ចេកទេសចម្រុះរបស់គណៈកម្មការកំណត់ព្រំដែនបារាំង និងសៀមដដែលនោះ គឺបានបញ្ជាក់ថា ប្រាសាទតាក្របី ប្រាសាទតាមាន់តូច និងប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា។
នៅក្នុងវីដេអូនោះ លោក ឡាំ ជា បច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកយកឯកសារជាផែនទីទាំងពីរនេះ មកកាន់បង្ហាញនិងធ្វើជាអំណះអំណាងថា ប្រាសាទទាំងបីជារបស់ខ្មែរ ដោយគ្មាននរណាអាចប្រកែកបានឡើយ។
ការលើកឡើងពីមន្ត្រីបក្សប្រឆាំងកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានលើកឡើងថា ទាហានខ្មែរនិងថៃ បានព្រមព្រៀងគ្នាដកចេញពីតំបន់ប្រាសាទតាមាន់ធំ។ កាសែតបាងកកប៉ុស្ដិ៍កាលពីថ្ងៃទី៣ឧសភា បានចុះផ្សាយថា កងទ័ពប្រទេសទាំងពីរ បានយល់ព្រមដកចេញតំបន់មានជម្លោះនៅតំបន់ប្រាសាទតាមាន់ធំនេះ ទៅចម្ងាយ៥គីឡូម៉ែត្រ។
ចំណែក សារព័ត៌មានថៃ The Nation បានរាយការណ៍ថា លោករដ្ឋមន្ត្រី ភូមិថាំ វេឆាយាឆៃ បានបញ្ជាក់ថា ការដកកងទ័ពថៃចេញពីតំបន់ប្រាសាទតាមាន់ធំ នឹងមិនធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដីណាមួយឡើយ ហើយលោកថា ប្រាសាទតាមាន់ធំ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃដដែល។ ការបញ្ជាក់នេះ ដើម្បីឆ្លើយតបទៅក្រុមអ្នកសិក្សាថៃ ដែលព្រួយបារម្ភថា ការដកកងទ័ពចេញពីប្រាសាទតាមាន់ធំ នឹងធ្វើឱ្យថៃបាត់បង់ទឹកដី។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពី រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានទេនៅថ្ងៃទី០៥ឧសភា។ ប៉ុន្តែវិទ្យុបារាំងអន្តរជាតិបានចុះផ្សាយថា អ្នកស្រី ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការពារជាតិកម្ពុជានឹងឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
កាលពីថ្ងៃទី៣១ ខែមេសា ដល់ថ្ងៃទី១ខែឧសភា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ជាពិសេសនៅតំបន់ប្រាសាទតាមាន់ធំ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប៉ះទង្គិចពាក្យសម្ដីគ្នានិងព្រមានផ្ទុះអាវុធកាលពីខែកុម្ភៈ ដោយសារទាហានថៃចូលទៅរារាំងក្រុមពលរដ្ឋនិងទាហានខ្មែរ មិនឱ្យច្រៀងចម្រៀងភ្លេងជាតិ។ ប្រាសាទតាមាន់ និងប្រាសាទតាក្របី មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ។ ប្រាសាទតាក្របី និងប្រាសាទធំ ត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១ ខណៈប្រាសាទតាមាន់តូច ត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១២៕
សូមរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។