សង្គមស៊ីវិលថាការបញ្ជាទិញទំនិញពីកម្ពុជានឹងធ្លាក់ចុះ ខណៈម៉ាកយីហោល្បីៗដាក់លិខិតទៅត្រាំ

មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបញ្ជាទិញទំនិញពីវិស័យកាត់ដេរនៅកម្ពុជានឹងធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនទទួលបានលទ្ធផលល្អពីការចរចារឿងពន្ធជាមួយសហរដ្ឋអាមេរិក។ ការលើកឡើងនេះ ខណៈក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាង៧០ បានរួមគ្នាដាក់លិខិតស្នើទៅរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីសុំលើកលែងការដំឡើងពន្ធលើការនាំចូលទំនិញស្បែកជើង។

ក្រុម​អ្នក​ធ្វើ​ការងារ​ខាង​វិស័យ​លើកកម្ពស់​សិទ្ធិ​កម្មករ​លើកឡើង​ស្រដៀង​គ្នា បច្ចុប្បន្ន ពួកគេ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​កម្រិត​ណា​លើ​ក្រុម​កម្មករ​នៅ​ឡើយ ដោយសារ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ចរចា​រឿង​ពន្ធ រវាង​តំណាង​រដ្ឋាភិបាល​អាមេរិក និង​កម្ពុជា។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​០៦​ឧសភា​ថា ប្រសិន​តំណាង​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​ផ្លែផ្កា​ល្អ​ពី​ការ​ចរចា ហើយ​កម្ពុជា​ត្រូវ​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក ក្នុង​អត្រា​ពន្ធ​ខ្ពស់ នោះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ម៉ាកយីហោ​ល្បីៗ កាត់បន្ថយ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ឬ​ស្វែងរក​ប្រទេស​ណា ដែល​មាន​តម្លៃ​ផលិត​ថោក និង​នាំចេញ​ទំនិញ​ក្នុង​អត្រា​ពន្ធ​ទាប​ជាង​កម្ពុជា។

ពីព្រោះអី ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​អស់​នោះ នៅ​តែ​ពិនិត្យ​ពិចារណា​បញ្ជា​ទិញ ប៉ុន្តែ​នៅ​ក្នុង​កម្រិត​មួយ​ដែល​តិច អ៊ីចឹង​ផល​ប៉ះពាល់​សម្រាប់​ថៅកែ​រោងចក្រ គឺ​វា​នឹង​អាច​ប៉ះពាល់​ហើយ។ កាលណា​កម្រិត​បញ្ជា​ទិញ​មាន​ការ​ធ្លាក់​ចុះ ផល​ប៉ះពាល់​នោះ វា​នឹង​ជះ​ឥទ្ធិពល​ដល់​ស្ថិរភាព​ការងារ​សម្រាប់​កម្មករ។

—  លោក ឃុន ថារ៉ូ

ការ​លើកឡើង​ពី​មន្ត្រី​អង្គការ​សង់ត្រាល់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​លក់​រាយ​និង​ចែកចាយ​ស្បែក​ជើង​របស់​អាមេរិក (FDRA) បាន​ដាក់​លិខិត​រួមគ្នា​ទៅ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មេសា ដើម្បី​ទទូច​ឱ្យ​លើកលែង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ស្បែងជើង។ នៅ​ក្នុង​លិខិត​នោះ បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​ម៉ាកយីហោល្បីៗ ចំនួន​៧៦ មាន​ដូច​ជា អាឌីដាស (Addidas) និង​ណៃគី (Nike) ជាដើម។

លិខិត​ដដែល​នោះ​លើកឡើង​ថា៖ «​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម និង​ក្រុមហ៊ុន​ស្បែក​ជើង​អាមេរិក កំពុង​ប្រឈម​ការ​គំរាមកំហែង​មួយ ពី​ការ​កើនឡើង​ថ្លៃ​ចំណាយ​នាពេល​ខាង​មុខ។ ក្រុមហ៊ុន​រាប់រយ​ប្រឈម​នឹង​ការ​បិទទ្វារ ហើយ​មនុស្ស​រាប់​ម៉ឺន​នាក់​ប្រឈម​គ្មាន​ការងារ​ធ្វើ។ ការ​បញ្ជា​ទិញ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក ហើយ​ការ​ស្ដុក​ទុក​នៃ​ស្បែកជើង​សម្រាប់​លក់​ឱ្យ​អតិថិជន​អាមេរិក ក៏​នឹង​អាច​ធ្លាក់​ចុះ​ឆាប់​ៗ​នេះ​ដែរ​»។

កាល​ពី​ដើម​ខែ​មេសា រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្ដា​ប្រទេស​ជាច្រើន ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ការ​ដំឡើង​ពន្ធ​៤៩% ជា​អត្រាពន្ធ​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍​និង​បាន​ទុក​ពេល​៩០​ថ្ងៃ សម្រាប់​ចរចា។

កាល​ពី​សប្ដាហ៍​មុន អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល នឹង​ដឹកនាំ​ក្រុម​ការងារ​ចំពោះកិច្ច ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជួប​ចរចា​ជាមួយ​តំណាង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៥​ឧសភា ជុំវិញ​រឿង​ពន្ធ​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​យល់ឃើញ​ថា ការ​ចេញ​មុខ​ស្នើសុំ​ពី​បណ្ដា​ក្រុមហ៊ុន​ម៉ាកយីហោល្បីៗ នៅ​ពេល​នេះ ជា​ក្ដី​សង្ឃឹម​មួយ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពិចារណា​ទម្លាក់​ចោល​ការ​ដំឡើង​ពន្ធ​វិញ។ ប៉ុន្តែ​អ្នកស្រី​ថា ប្រសិន​បើ​ការ​ស្នើសុំ​និង​ការ​ចរចា​សុំ​លើកលែង​ពន្ធ​ពី​អាមេរិក​មិន​បាន​សម្រេច ក្រុមហ៊ុន​នៅ​អាមេរិក​នឹង​ដក​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា។

ទៅ​មុខ​ទៀត ប្រសិន​បើ​ការ​ជជែក​គ្នា មិន​មាន​ការ​កែប្រែ (លើកលែងពន្ធ) វា​អាច​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ដក order (ការបញ្ជាទិញ) ប៉ុន្តែ​មិន​មែន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ វា​អាច​ផុត​នូវ​ឱសានវាទ (​រយៈពេល​ចរចា​៩០​ថ្ងៃ​)​។

—  អ្នកស្រី យ៉ាង សុភ័ណ្ឌ

អ្នកស្រី​បន្ត​ថា អំឡុង​ពេល​៩០​ថ្ងៃ​នៃ​ការ​ចរចា​រឿង​ពន្ធ នៅ​តាម​រោងចក្រ​នានា​នៅ​កម្ពុជា កំពុង​ឱ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ជំរុញ​បញ្ជា​ទិញ។

មន្ត្រី​សង្គមស៊ីវិល និង​មន្ត្រី​គណបក្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​យក​រឿង​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ទៅ​ចរចា​ជាមួយ​តំណាង​រដ្ឋាភិបាល​អាមេរិក ទើប​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ស្នើសុំ​ឱ្យ​ទម្លាក់​ពន្ធ។ ពួកគេ​ព្រមាន​ថា ប្រសិន​បើ​ការ​ចរចា​បរាជ័យ នោះ​នឹង​ធ្វើ​ឱ្យ​កម្មករ​ជាង​៩​សែន​នាក់ ក្នុង​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​ប្រឈម​បាត់បង់​ការងារ​ធ្វើ៕

សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាបៗនេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។