ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើលិខិតចុះកាលពីថ្ងៃទី០៧ ខែកក្កដា ផ្ញើមកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា អត្រាពន្ធ៣៦%នេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែសីហាខាងមុខ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អត្រាពន្ធនេះ គឺខុសឆ្ងាយពីអត្រាពន្ធដែលត្រូវដំឡើងដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្ម ដែលជាការគំរាមកំហែងដ៏ធំទៅដល់សេដ្ឋកិច្ច និងសន្ដិសុខជាតិរបស់អាមេរិក។
នៅក្នុងលិខិតដដែល លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានថា ប្រសិនបើទំនិញកម្ពុជានាំចូលទៅសហរដ្ឋអាមេរិក គេចចេញពីការបង់ពន្ធ៣៦% ឬកម្ពុជាចាត់វិធានការសងសឹកដោយដំឡើងពន្ធលើទំនិញនាំចេញពីសហរដ្ឋអាមេរិក នោះកម្ពុជានឹងត្រូវប្រឈមការដំឡើងពន្ធកាន់តែខ្ពស់បន្ថែមទៀត។
ការបញ្ចុះអត្រាពន្ធមកនៅត្រឹម៣៦%នេះ បានធ្វើឡើងបន្ទាប់ពីតំណាងពាណិជ្ជកម្មរបស់កម្ពុជា បានជួបចរចាទ្វេភាគីជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចំនួន៤លើក ទាំងការចរចាផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន និងតាមអនឡាញ ចាប់តាំងពីថ្ងៃទី១៣ឧសភា រហូតដល់ថ្ងៃទី៤ ខែកក្កដា ដើម្បីស្នើសុំឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធ ដែលដំបូងឡើយ បានដាក់មកលើទំនិញកម្ពុជា៤៩%។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) បានសរសេរលើហ្វេសប៊ុកជុំវិញការបញ្ចុះពន្ធពីអាមេរិកត្រឹម ៣៦% នេះថា រោងចក្រមួយចំនួននៅកម្ពុជា កំពុងសម្លឹងមើលប្រទេសក្រៅតំបន់អាស៊ី ដូចជាប្រទេសអេហ្ស៊ីប (Egypt) ស្ថិតនៅទ្វីបអាហ្វ្រិក ដែលមានតម្លៃពលកម្មទាប ហើយត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធត្រឹមតែ ១០%។
ជុំវិញបញ្ហានេះអ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៨ ខែកក្កដាថា អត្រាពន្ធ ៣៦%នេះ នៅតែធ្វើឱ្យកម្ពុជា ពិបាកប្រកួតប្រជែងជាមួយវៀតណាម ក្នុងការនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក ហើយអាចធ្វើឱ្យប៉ះពាល់ដល់កំណើននៃការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលដ៏ខ្លីខាងមុខ។
វៀតណាមអាចនឹងទទួលបានលក្ខខណ្ឌប្រសើរជាងកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ាន ទាំងកត្តាសេដ្ឋកិច្ច ពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយក្នុងតំបន់។ នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនអ្នកបញ្ជាទិញនៅទីផ្សារអាមេរិច អាចពិចារណាលើការដាក់បញ្ជាទិញ ក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារភាពអំណោយផលនេះ។
— លោក ឃុន ថារ៉ូ
ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ បានព្រួយបារម្ភដែរថា អ្នកបញ្ជាទិញទំនិញពីវិស័យកាត់ដេរសំលៀកបំពាក់ ផលិតផលស្លៀកជើង និងផលិតផលធ្វើដំណើរ អាចបង្វែរការបញ្ជាទិញពីកម្ពុជាទៅប្រទេសផ្សេង ឬប្រទេសវៀតណាម ហើយអាចធ្វើឱ្យរោងចក្រមួយចំនួនបិទទ្វារ។
ការបញ្ចុះពី៤៩% មកនៅត្រឹម៣៦% ប៉ុន្តែវានៅតែជាអត្រាមួយខ្ពស់នៅឡើយ។ អ៊ីចឹងបើប្រៀបធៀបជាមួយប្រទេសវៀតណាម ខ្ញុំគិតថា អ្នកបញ្ជាទិញ គេពិចារណាក្នុងការអាចមិនបន្តរកស៊ីនៅកម្ពុជាទេ ប្រសិនណាអត្រាពន្ធនៅកម្ពុជាស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលធៀបជាមួយវៀតណាម។
— អ្នកស្រី យ៉ាង សោភ័ណ្ឌ
កម្ពុជាមានកម្មករជិតមួយលាននាក់កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈសហរដ្ឋអាមេរិកជាទីផ្សារធំបំផុត។
ប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកលោក ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែកក្កដាថា មុនថ្ងៃទី០១ ខែសីហា ខាងមុខនេះ កម្ពុជានៅសល់ឱកាសបន្តចរចាជាមួយអាមេរិក ហើយលោកបានទាក់ទងទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករួចហើយ ដើម្បីសុំចរចាបញ្ចុះអត្រាពន្ធគយ៣៦% នេះបន្ថែមទៀត។
យើងខ្ញុំត្រៀមរួមជាច្រើន ក្នុងការធ្វើដំណើរឬចរចាតាមប្រពន្ធអនឡាញ ដើម្បីបន្ថយពន្ធបដិការថែមទៀត។ អត្រានេះ (៣៦%) មិនមែនជាអត្រាជាក់ស្ដែងចូលជាធរមានពិតប្រាកដទេ យើងមានឱកាសដើម្បីចរចាបន្ថែមទៀត។
— លោក ស៊ុន ចាន់ថុល
ការលើកឡើងនេះបានធ្វើឡើង ស្របពេលលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងលិខិតថា ពន្ធ៣៦%នេះ អាចត្រូវបានកែសម្រួល ដើម្បីបន្ថយឬដំឡើងជាថ្មីទៀត គឺអាស្រ័យលើទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានមើលឃើញថា ដើម្បីអាចស្ដារទំនាក់ទំនងល្អឡើងវិញជាមួយសហរដ្ឋអាមេរិក កម្ពុជាគួរដោះលែងអ្នកទោសនយោបាយជាពិសេសពលរដ្ឋខ្មែរអាមេរិកាំងកញ្ញា សេង ធារី និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាដើម។
ការកាត់ទោសឱ្យលោក កឹម សុខា ឱ្យជាប់ពីទោសក្បត់ជាតិ ដែលពីដំបូងឡើយចោទភ្ជាប់ជាមួយរដ្ឋាភិបាលអាមេរិក គឺជាការបំបាក់មុខសហរដ្ឋអាមេរិកសម្បើមណាស់។ បើដោះលែងអ្នកទាំងពីរ អាចជាការបើកផ្លូវឱ្យទូលាយបន្តិចដែរ ក្នុងការស្ដារទំនាក់ទំនងកម្ពុជានិងអាមេរិកឡើងវិញ។
— លោក គឹម សុខ
លោក គឹម សុខ បានបន្តថា ក្នុងនោះ កម្ពុជាក៏ត្រូវអនុវត្តតាមសំណើសហរដ្ឋអាមេរិកដែរ ដូចជាការស្ដារលទ្ធិប្រជាធិបតេយ្យ ការធ្វើឱ្យមូលដ្ឋានទ័ពជើងទឹករាមមានអព្យាក្រឹត្យ និងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាដើម។
ការស្ទង់មតិមួយ ធ្វើឡើងដោយកម្មវិធីការត្រួតពិនិត្យរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) ដែលមានរោងចក្រជាសមាជិកជាង៧០០រោងចក្រនៅកម្ពុជា ចេញផ្សាយកាលពីចុងខែមិថុនា បានបង្ហាញថា រោងចក្រនៅកម្ពុជាមួយចំនួន អាចដំណើរការបានប្រហែលពីរបីខែទៀតប៉ុណ្ណោះ ដោយសារការធ្លាក់ចុះនៃការបញ្ជាទិញ ហើយអ្នកបញ្ជាទិញមួយចំនួនស្នើសុំបញ្ចុះតម្លៃ បន្ទាប់ពីមានការប្រកាសដំឡើងពន្ធពីសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។