លោក ហ៊ុន ម៉ាណែត ចង់ឱ្យចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាពីឆ្នាំ២០២៦

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីឆ្នាំ២០២៦ ពលរដ្ឋគ្រប់អាយុនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ដើម្បីត្រៀមខ្លួនចូលការពារជាតិ ប៉ុន្តែយុវជនបារម្ភថា រដ្ឋាភិបាលអាចយកយុវជនទៅការពារអំណាចត្រកូល ហ៊ុន សែន មិនមែនបម្រើជាតិដូចច្បាប់ចែងឡើយ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា បើទោះបីជា​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កងទ័ព​គ្រប់គ្រាន់​ការពារ​បូរណភាព​ទឹក​ដី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​កម្ពុជា​ក៏​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​វិស័យ​កងទ័ព​បន្ថែម​ទៀត​ដែរ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​ភ្នំ​ជុំសែន​រីករាយ និង​អបអរ​សាទរ​ខួប​លើក​ទី​៣២ នៃ​ទិវា​កងរាជ​អាវុធហត្ថ នៅ​ថ្ងៃ​ទី១៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​កាតព្វកិច្ច​យោធា​ឡើង​វិញ ដើម្បី​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ឆ្នាំ២០២៦។ លោក​បាន​បន្ត​ថា ការ​អនុវត្ត​កាតព្វកិច្ច​យោធា ជា​វិធី​អាច​ឱ្យ​ពលរដ្ឋ​ក្លាយ​ជា​កងទ័ព​អាជីព​ផង និង​អាច​លត់​ដំ​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​គំរូ​នៅ​ក្នុង​សង្គម​ផង។

ពីរ​ឆ្នាំ​នេះ បើ​សិន​គាត់​មិន​ចូល (បំពេញ​កាតព្វកិច្ច​យោធា) អាច​ដើរ​កាប់​ចាក់​ជា​បង​ធំ ប៉ុន្តែ​បើ​គាត់​បាន​បណ្ដុះបណ្ដាល មាន​កាតព្វកិច្ច ធ្លាប់​ត្រូវ​បាន​អប់រំ​វិន័យ សណ្ដាប់ធ្នាប់ ឱកាស​ដែល​គាត់​ក្លាយ​ជា​បុគ្គល​ល្អ​របស់​សង្គម ក៏​កាន់​តែ​ល្អ​ប្រសើរ។ ហើយ​ច្រើន​ឆ្នាំ យើង​នឹង​កសាង​ធនធាន​មនុស្ស ដែល​មាន​ការ​លត់ដំ​ក្នុង​កងយោធពល​ខេរមភូមិន្ទ​កាន់​តែ​ច្រើន។

—  លោក ហ៊ុន ម៉ាណែត

ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​ឆ្នាំ២០០៦ បាន​លើកឡើង​ថា ពលរដ្ឋ​គ្រប់​រូប​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ ដល់​៣០ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​តាម​ការ​កំណត់​នៃ​ច្បាប់ លើកលែង​តែ​ព្រះសង្ឃ ឬ​ពលរដ្ឋ​ដែល​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​តាម​តម្រូវការ។ ច្បាប់​នេះ​ចែង​ថា ពលរដ្ឋ​ដែល​បញ្ចប់​កាតព្វកិច្ច​យោធា ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​កាន់​ជីវភាព​ជា​ស៊ីវិល​វិញ ក្នុង​ក្របខណ្ឌ​យោធា​បម្រុង។

យុវជន​ធ្វើ​ការងារ​សង្គម និង​នយោបាយ លោក នាង សុឃុន យល់ថា ច្បាប់​ដែល​មាន​គឺ​ល្អ​ស្រាប់​ហើយ។ ទោះយ៉ាងណា​លោក​ថា ការ​តម្រូវ​ឱ្យ​យុវជន​បម្រើ​ទ័ព ការពារ​ជាតិ ជា​រឿង​ល្អ ប៉ុន្តែ​លោក​បារម្ភ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន យក​ច្បាប់​ធ្វើ​ខែល​ដើម្បី​យក​យុវជន​ទៅ​បម្រើ​បក្ស​កាន់​អំណាច​ឬ​បម្រើ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ។ លោក​លើក​ឧទាហរណ៍​ជាក់ស្ដែង​ក្រុម​យុវជន ស.ស.យ.ក របស់​លោក ហ៊ុន ម៉ានី គឺ​ជា​យុវជន​បម្រើ​បក្ស និង​ស្មោះស្ម័គ្រ​ជាមួយ​ត្រកូល ហ៊ុន។

ការ​ប្រកាស​ហ្នឹង ខ្ញុំ​មើលឃើញ​ថា វា​ជា​ចេតនា​មួយ​ដើម្បី​កៀរគរ​កម្លាំង​យុវជន​ហ្នឹង ដើម្បី​មក​ការពារ​អំណាច ដើម្បី​ចងក្រង​ក្រុម​យុវជន​ការពារ​អំណាច ការពារ​ក្រុម​គ្រួសារ​របស់​ខ្លួន​ទេ​។

—  លោក នាង សុឃុន

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា កម្ពុជា​គួរ​មាន​ការ​អនុវត្ត​កាតព្វកិច្ច​យោធា ប្រសិន​បើ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​បន្ត​កើនឡើង​ភាព​តានតឹង។

ប៉ុន្តែ​ប្រសិន​បើ​ព្រំដែន​មិន​តានតឹង​នោះ​ទេ ខ្ញុំ​យល់​ថា កម្ពុជា​គួរ​តែ​ផ្អាក​សិន​ចំពោះ​ការ​ចាប់ផ្ដើម​អនុវត្ត​កាតព្វកិច្ចយោធា ហើយ​ខ្ញុំ​យល់​ថា ការ​ដោះស្រាយ​តាម​យន្តការ​អន្តរជាតិ ជាជាង​ការ​ធ្វើ​សង្គ្រាម វា​ជា​ការ​ល្អ​ប្រសើរ​ជាង។ កម្ពុជា​ត្រូវ​តែ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​តំបន់​ទាំង​៤​ហ្នឹង ហើយ​តំបន់​ផ្សេង​ៗ​ទៀត ដែល​មិន​អាច​ដោះស្រាយ​តាម​រយៈពេល​យន្តការ​ទ្វេ​ភាគី​ជាមួយ​ថៃ​បាន​។

—  លោក អ៊ុំ សំអាន

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ទៀត​ថា យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បង្ក​រឿង​ជាបន្តបន្ទាប់​នៅ​តាម​ព្រំដែន ដែល​អាច​នាំ​ទៅ​ដល់​ការ​ផ្ទុះអាវុធ ដោយសារ​តែ​ទាហាន​ថៃ​នៅ​តែ​បង្ហោះ​ដ្រូន​ចូល​មក​ទឹក​ដី​កម្ពុជា ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​សម្រាប់​បញ្ជូន​រថក្រោះ​ចូល​មក​កាន់​តែ​ជិត​នឹង​ខ្សែ​ត្រៀម​របស់​ទ័ព​កម្ពុជា និង​ការ​ល្បាត​ទ័ព​ចូល​មក​ទឹក​ដី​កម្ពុជា​ជាដើម។

ចំណែក​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ក៏​បាន​ព្រមាន​នៅ​ថ្ងៃ​ទី១៤ ខែកក្កដា ពី​ការ​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​កងទ័ព​ថៃ​ហ៊ាន​ធ្វើ​របង​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។