លោក ហ៊ុន ម៉ាណែត បង្កើតក្រុមការងារបម្លាស់ទីពលរដ្ឋរស់នៅលើបឹងទន្លេសាបឡើងគោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្វែងរកដំណោះស្រាយ បម្លាស់ទីពលរដ្ឋរស់នៅលើបឹងទន្លេសាបក្នុងខេត្តទាំង៥ ឱ្យឡើងមកលើគោក ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

គណៈកម្មការ​ចំពោះ​កិច្ច ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក សុ ខា ជាប្រធាន មាន​អនុប្រធាន និង​សមាជិក​សរុប​ចំនួន ២៦នាក់ ក្នុងនោះ​ក៏​មាន​អភិបាល​ខេត្ត​ទាំង ៥ជាប់​បឹង​ទន្លេសាប​ដែរ។

សេចក្ដី​សម្រេច​ចុះ​កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា បាន​បង្គាប់​ឱ្យ​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ ក្នុង​ការ​បម្លាស់ទី​ផ្ទះ​បណ្ដែត​ទឹក​លើ​បឹង​ទន្លេសាប​មក​លើ​គោក​ជា​ជំហានៗ និង​ត្រូវ​ចាត់​វិធានការ​ហាមឃាត់​ការ​តាំង​ទីលំនៅ​ថ្មី រួមទាំង​រុះរើ​បែ​ចិញ្ចឹម​ត្រី​ចេញ​ពី​លើ​ទឹក និង​រៀបចំ​ទីតាំង​ដែល​អាច​បន្ត​រស់នៅ​លើ​ទឹក​បាន និង​ទីតាំង​ដែល​ត្រូវ​បាន​ហាមឃាត់។

លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជា​ឱ្យ​រៀបចំ​ផែនការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ ការ​បង្កើត​ការងារ​ក្រៅ​ពី​របរ​នេសាទ​និង​ចិញ្ចឹម​ត្រី ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បម្លាស់ទី​ចេញ​ពី​ទន្លេសាប ហើយ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនអន្តោប្រវេសន៍​រស់​នៅ​លើ​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់។

ពលរដ្ឋ​ដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង៥ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប មានចំនួន ១៧០ភូមិ ឬ​ស្មើ​ប្រមាណ ៨ម៉ឺន​នាក់។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​វៀតណាម​ដែល​រស់​នៅ​លើ​បឹង​ទន្លេសាប​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ត្រូវ​បណ្ដេញ​ទៅ​វៀតណាម​វិញ និង​មិន​គួរ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ ឬ​ផ្ដល់​ដី​ឱ្យ​ឡើង​មក​រស់​នៅ​លើ​គោក​នោះ​ទេ។

ការ​បម្លាស់ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​ឡើង​គោក ហើយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឱ្យ​ពួកគេ និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពួកគេ និង​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ​ហ្នឹង។ ខ្ញុំ​យល់​ថា ជា​គ្រោះ​ថ្នាក់​មួយ​ទៅ​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា​យើង​នាពេល​អនាគត។ កម្ពុជា​យើង​អាច​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២ ឬ​ប្រទេស​ចម្ប៉ា​ទី​២ នាពេល​អនាគត​។

—  លោក អ៊ុំ សំអាន

ចំណែក​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា មិន​ជំទាស់​ទេ​ចំពោះ​ផែនការ​រៀបចំ​បម្លាស់ទី​ពលរដ្ឋ​ចេញ​ពី​បឹង​ទន្លេសាប ប៉ុន្តែ​លោក​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​តាម​ច្បាប់ ចំពោះ​ពលរដ្ឋ​វៀតណាម​រស់​នៅ​ខុស​ច្បាប់ និង​ពលរដ្ឋ​វៀតណាម​ដែល​រស់​នៅ​ស្រប​ច្បាប់។

ពលរដ្ឋ​រស់​នៅ​លើ​បឹង​ទន្លេសាប គឺ​មាន​លក្ខណៈ​ចម្រុះ មាន​ខ្មែរ​ផង មាន​វៀតណាម​ផង។ រឿង​សំខាន់ រដ្ឋាភិបាល​គួរ​តែ​មើល​ថា​តើ ការ​បម្លាស់ទី ឱ្យ​មក​រស់​នៅ​លើ​គោក ឬ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​ពួកគាត់​ចិញ្ចឹម​ជីវិត​បាន ថា​តើ​គាត់​ជា​ប្រជាពលរដ្ឋ (វៀតណាម) រស់​នៅ​ស្រប​ច្បាប់​ឬ​អត់​។

—  លោក នី សុខា

កាល​ពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្លាប់​បាន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៤០​ហិកតារ ដើម្បី​ផ្ដល់​ឱ្យ​ពលរដ្ឋ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ជាង ២ពាន់​គ្រួសារ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​ឡើង​មក​រស់​នៅ​លើ​គោក ប៉ុន្តែ​មក​ដល់​ពេល​នេះ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន បាន​វិល​ទៅ​រស់​នៅ​លើ​ទឹក​វិញ ដោយ​មិន​មាន​ការ​ឃាត់​ហាម​ពី​អាជ្ញាធរ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។