លោក ហ៊ុន ម៉ាណែត ព្រមានយោធាថៃកុំបំពានបន្ទាត់ក្រហម

នាយករដ្ឋមន្ត្រីកម្ពុជាព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើយោធាថៃបំពានលើបន្ទាត់ក្រហម ហ៊ានបិទប្រាសាទតាមាន់ធំ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងជាថ្មីថា កម្ពុជាបានត្រៀមគ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រឆាំងការរំលោភបំពានពីភាគីថៃ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២២ ខែកក្កដា​នេះ​ថា៖ «​កម្ពុជា​មិន​រំលោភបំពាន​លើ​អ្នក​ណា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឱ្យ​អ្នក​ណា​មួយ​រំលោភបំពាន​លើ​ខ្លួន​នោះ​ដែរ។ កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​បាន​ត្រៀម​ខ្លួន​ជាស្រេច ក្នុង​ការ​ការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ប្រឆាំង​នឹង​ការ​រំលោភបំពាន​»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ប្រាប់​ឱ្យ​ភាគី​ថៃ​ប្រកាន់​យក​សុចរិតភាព និង​ឈប់​បៀម​ឈាម​ព្រួស​ដាក់​កម្ពុជា ប្រសិនបើ​ចង់​កសាង​ទំនុក​ចិត្ត​គ្នា​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​អះអាង​ថា អ្នក​ដឹកនាំ​នយោបាយ​ថៃ យោធា​ថៃ និង​បណ្ដាញ​សារព័ត៌មានថៃ បាន​ចោទប្រកាន់​មក​លើ​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន ថា​បាន​លូក​ដៃ​ចូល​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ និង​បាន​ដាក់​គ្រាប់មីន​ថ្មី​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​ថៃ។

ការ​ព្រមាន​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មេយោធា​ភូមិ​ភាគ​២​របស់​ថៃ​លោក ប៊ុនសិន ផាតក្លាង (Boonsin Padklang) និង​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​ប្រកាស​ពី​គម្រោង ចង់​បិទ​ប្រាសាទ​តាមាន់ធំ​រយៈពេល​០៧ថ្ងៃ និង​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ព្រំដែន ឱ្យ​ជួយ​គាំទ្រ​ក្រុម​យោធា​ថៃ ប្រចាំការ​នៅ​ប្រាសាទ​តាមាន់ធំ សម្រាប់​ត្រៀម​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​តាមាន់ធំ ។

លើស​ពី​នេះ ទាហាន​ថៃ​បាន​ឈូសឆាយ​ព្រៃ​ធ្វើ​ផ្លូវ​បេតុង​នៅ​ក្នុង​តំបន់​ជម្លោះ​មុំបី និង​ដើរ​ល្បាត​ខុស​តម្រាយ​ផ្លូវ​ចូល​ទឹក​ដី​កម្ពុជា​ជាញឹកញាប់ រហូត​មាន​ទាហាន​ដើរ​ជាន់​គ្រាប់​មីន​ផ្ទុះ​សល់​ពី​សង្គ្រាម​របួស ០៣នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បែរ​ជា​ចោទ​ទាហាន​កម្ពុជា ថា​បាន​ដាក់​បង្កប់​គ្រាប់​មីន​ថ្មីរំលោភ​លើ​អនុសញ្ញា​អន្តរជាតិ​ទីក្រុង​អូតាវ៉ា ស្ដីពី​ការ​ហាមឃាត់​ប្រើប្រាស់​គ្រាប់​មីន​ទៅ​វិញ។

ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា ទាហាន​ថៃ​ដើរ​ជាន់​គ្រាប់​មីន​ផ្ទុះ ដោយសារ​តែ​ដើរ​ល្បាត​ខុស​ពី​ផ្លូវ​ដែល​ប្រទេស​ទាំង​ពីរ​សម្របសម្រួល​គ្នា ចូល​មក​ទឹក​ដី​កម្ពុជា ដែល​ជា​តំបន់​មាន​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ពី​គ្រាប់​មីន​បន្សល់​ពី​សម័យ​សង្គ្រាម។

អ្នក​សិក្សា​បញ្ហា​នយោបាយ​លោក ប៉ោ មករា បាន​យល់ឃើញ​ថា ស្របពេល​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​កាន់​តែ​តានតឹង រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពន្លឿន​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ច្បាប់​អន្តរជាតិ ដោយ​ប្រើប្រាស់​យន្តការ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស យន្តការ​អាស៊ាន និង​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការ​សហប្រជាជាតិ​ជាដើម។

ព្រោះ​កន្លង​មក យើង​ឃើញ​ហើយ​ថា ភាគី​ថៃ​ដែល​មាន​ការ​ព្រមព្រៀង​ជាមួយ​កម្ពុជា ដូចជា MoU​ឆ្នាំ​២០០០ អត់​បាន​គោរព​ទេ។ អ៊ីចឹង កម្ពុជា​ត្រូវ​តែ​ទៅ​រក​យន្តការ​ទាំង​បី​នេះ ដើម្បី​ចាប់​បង្ខំ​ថៃ​ឱ្យ​គោរព ឬ​យក​យន្តការ​ទាំង​៣​នេះ ធ្វើ​ជា​សាក្សី​ដឹង​ឭ ដើម្ប​ឱ្យ​ស្ថានភាព​ព្រំដែន​ថយ ឬ​បញ្ចប់​ជម្លោះ​តែ​ម្ដង​។

—  លោក ប៉ោ មករា

លោក ប៉ោ មករា បាន​បន្ត​ថា ប្រសិនបើ​កម្ពុជា​នៅ​តែ​យឺតយ៉ាវ​ស្វែងរក​ដំណោះស្រាយ​តាម​ច្បាប់​អន្តរជាតិ នោះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ប្រទេស​ថៃ អាច​ធ្វើ​សកម្មភាព​រំលោភបំពាន​លើ​កម្ពុជា​តាម​អំពើ​ចិត្ត​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។