ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងធ្វើណែមសាច់ត្រីលក់រកប្រាក់ដោះស្រាយ ជីវភាព

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ ជា​ច្រើន​គ្រួសារ​ចាប់​យក​របរ​ធ្វើ​ណែម​ធ្វើ​ពី​សាច់​ត្រី លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​គាំទ្រ​លើក​ស្ទួយ​មុខ​របរ​នេះ ដោយ​ពង្រីក​ការ​ផលិត​ឱ្យ​មាន​មាត្រ​ដ្ឋាន​ និង​ទប់​ស្កាត់​ទំនិញ​នាំ​ចូល​ពី​បរទេស​ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍។មុខរបរ​ធ្វើ​ណែម​ត្រី​ស្រស់ ជា​របរ​មួយ​ពេញ​និយម​របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ឃុំ ព្រែក​ខ្ពប និង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ។ នៅ​ចម្ងាយ​ប្រមាណ​១០គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​ ស្រប​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ នៅ​តាម​ផ្ទះ​នីមួយៗ មាន​ពលរដ្ឋ​ភាគ​ច្រើន​ជា​ស្ត្រី​ កំពុង​អង្គុយ​វេច​ណែម​ត្រី​ដាក់​ទៅ​ក្នុង​ថង់​ប្លាស្ទិក​តូចៗ ឬ​ស្លឹក​ចេក​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន។