រំលងទៅមាតិកាចម្បងលោក ធែល ធីលែន ទទួលបានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារជិតពីរឆ្នាំ
សកម្មជនសង្គមលោក ធែល ធីលែន ទទួលបានសេរីភាពវិញហើយ នៅថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពីជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាលរយៈពេល ១៨ខែ នៅក្រោយពេលលោកតវ៉ាប្រឆាំងការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់វៀតណាមនៅកម្ពុជា។
ក្រោយចេញពីពន្ធនាគារសកម្មជនសង្គមរូបនេះថ្លែងថា ការឃុំខ្លួនរូបលោក ជាអំពើអយុត្តិធម៌ ព្រោះលោកជាជនរងគ្រោះនៃសំណុំរឿងដីធ្លីជាមួយសាច់ញាតិ ហើយអចលនទ្រព្យរបស់លោកក៏ត្រូវបានគេរឹបអូសថែមទៀត។
សមត្ថកិច្ចបានចាប់ខ្លួនលោក ធែល ធីលែន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ តុលាការខេត្តកណ្ដាលបានចោទប្រកាន់លោកពីបទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃ» ដែលដីកាបង្គាប់ឱ្យឃុំខ្លួននោះ បានចោទយុវជនរូបនេះថា បានប្រព្រឹត្តបទល្មើសតាំងពី ៦ឆ្នាំ មុនពេលចាប់ខ្លួន។
ការចាប់ខ្លួនលោក ធែល ធីលែន ធ្វើឡើងបន្ទាប់ពីលោកបានប្រកាសកៀរគរប្រជាពលរដ្ឋឱ្យមកជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលលោកគ្រោងធ្វើនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដើម្បីតវ៉ាប្រឆាំងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម និងការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនអន្តោប្រវេសន៍ដែលស្នាក់នៅកម្ពុជា។