រំលងទៅមាតិកាចម្បងក្រុមកម្មករណាហ្គាវើលដ៍ស្នើអាជ្ញាធរ និងតុលាការផ្ដល់យុត្តិធម៌ ដល់កូដករ
ក្រុមកម្មករណាហ្គាវើលដ៍ (#NagaWorld) ស្នើអាជ្ញាធរ និងតុលាការផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃទី ០៥ ខែកុម្ភៈ និងកម្មករដែលត្រូវព្រះរាជអាជ្ញារងលោក សេង ហៀង ចេញដីកាបង្គាប់អោយនាំខ្លួន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ។
កម្មករចាត់ទុកថា វិធានការដើម្បីទប់ស្កាត់ជំងឺកូវីដរបស់អាជ្ញាធរនៅពេលនេះ គឺជាលេសចង់បំបែកក្រុមកម្មករមិនអោយបន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារ ជាមួយក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
ទោះយ៉ាងណា ក្រុមបុគ្គលិកនៅតែអះអាងថា ពួកគេនៅតែបន្ត ធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយជាបន្តទៀត។
គិតមកទល់ថ្ងៃទី ០៦ ខែកុម្ភៈ អាជ្ញាធរចាប់ខ្លួនកូដករ៣នាក់ និងស្វែងរកកូដករ៤នាក់បន្ថែមទៀត តាមដីកាតុលាការក្រុងភ្នំពេញដែលចោទប្រកាន់ពួកគេថា មិនគោរពវិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩ ខណៈតំណាងសហជីព៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារអស់ ៣៨ថ្ងៃ ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ៕