វីដេអូ

អតីត​សមាជិក​ គ.ជ.ប ម្នាក់​ប្រកាស​ចូល​រួម​នយោបាយ​ជា​មួយ​បក្ស​ភ្លើង​ទៀន

2023-01-31

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ។ លោក រ៉ុង ឈុន ប្រកាស​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ (CITA) នៅ​ថ្ងៃទី៣១ មករា ដោយ​លោក​អះអាង​ថា ​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​លោក ដើម្បី​ឈាន​ជើង​ចូល​នយោបាយ​សាជាថ្មី បន្ទាប់​ពី​លោក​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​រឿង​ព្រំដែន​នា​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ការ​ចូលរួម​នេះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​សេរីភាព យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​កម្មករ ក្នុង​នាម​លោក​អ្នក​ជា​អ្នកតែង​តែ​ការពារ​ផល​ប្រយោជន៍​កម្មករ តាមរយៈ​​សហភាព​សហជីព​កម្ពុជា។ បន្ថែម​ពី​នេះ លោក​ក៏​នឹង​មិន​បោះបង់​គ្រូ​បង្រៀន ដែល​លោក​តែង​តែ​តវ៉ា​ការពារ​ផល​ប្រយោជន៍​គ្រូ​បង្រៀន​ទូទាំង​ប្រទេស​នោះ​ដែរ។ បើ​ទោះបីជា​លោក​ងាក​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន នា​ពេល​នេះ​ក្ដី៕