វីដេអូ
កម្មករត្អូញត្អែរពីទុក្ខលំបាក ក្រោយរដ្ឋាភិបាលថ្មីដំឡើងប្រាក់ខែគោលតែចំនួន ២០៤ដុល្លារ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារ និងដ្ឋាភិបាលដំឡើងដល់ ៤ដុល្លារបន្ថែមទៀត គឺមានន័យថា ប្រាក់ឈ្នួលគោលអប្បបរមា ឆ្នាំ២០២៤ នេះបានចំនួន ២០៤ដុល្លារ។ តួលេខនេះ គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារ បានកំណត់យកចំនួន ២ដុល្លារ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់ ២ដុល្លារថែមទៀត។ ការចរចាប្រាក់ឈ្នួលគោលអប្បបរមា សម្រាប់ឆ្នាំ២០២៤ នេះ មានកិច្ចប្រជុំជាច្រើនលើក ហើយភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ។ តំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៤ដុល្លារអាម៉េរិក និង ២១៣ដុល្លារអាម៉េរិក ចំណែកឯតំណាងភាគីនិយោជកបានយកតួលេខចំនួន ២០២ដុល្លារអាម៉េរិក។ ចំណែកឯតំណាងភាគីរាជរដ្ឋាភិបាល បានឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្រ្ត បានកំណត់យកតួលេខចំនួន ២០២ដុល្លារ ជាតួលេខចុងក្រោយ។ ទោះបីជាមានការដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ ប៉ុន្តែកម្មករបានត្អូញត្អែរថា ចំនួននេះមិនអាចយកមកបំពេញបន្ថែម ឬប៉ះប៉ូវលើការចំណាយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានទេ ដោយសារតែ តម្លៃទំនិញ ប្រេងសាំង និងបន្លែត្រីសាច់ ព្រមទាំងមុខទំនិញនានាបានឡើងថ្លៃជាបន្តបន្ទាប់។ នេះជាមតិយោបល់ខ្លះៗ របស់កម្មកររោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ទាក់ទងនឹងការកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នេះ។