វីដេអូ
ក្រុមយុវជនដាក់ញត្តិទៅក្រសួងព័ត៌មាន ស្នើសុំបើកវិទ្យុវីអូឌី ឡើងវិញ
ក្រុមយុវជនរស់នៅក្នុងរាជធានីភ្នំពេញប្រមាណជិត ២០នាក់ នៅព្រឹកថ្ងៃទី៣១ មីនា បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងព័ត៌មាន ដើម្បីស្នើឱ្យផ្ដល់អាជ្ញាប័ណ្ណទៅសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សេងទៀតឡើងវិញ។ ពួកគេលើកឡើងថា បច្ចុប្បន្នមិនមានប្រព័ន្ធផ្សព្វផ្សាយណា ដែលហ៊ាននិយាយពីការពិតក្នុងសង្គម និងភាពអសកម្មរបស់រដ្ឋាភិបាល ដែលអាចឱ្យពួកគេជឿជាក់នោះទេ។ ទោះបីជាលោក ហ៊ុន សែន បានប្រកាសពីគោលជំហរថា នឹងមិនទុកឱ្យវិទ្យុផ្សាយសំឡេងឯករាជ្យវីអូឌី មានឱកាសរស់ឡើងវិញក្ដី ក៏យុវជន និងប្រជាពលរដ្ឋបន្តទាមទារឱ្យក្រសួងព័ត៌មានផ្ដល់អាជ្ញាប័ណ្ណឱ្យវិទ្យុមួយនេះបើកដំណើរការឡើងវិញ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការផ្ដល់អាជ្ញាប័ណ្ណបើកដំណើរការព័ត៌មានវីអូឌីឡើងវិញ នឹងផ្ដល់ផលចំណេញទៅរដ្ឋាភិបាល និងស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងការចង់បានរបស់ប្រជាពលរដ្ឋ៕