រំលងទៅមាតិកាចម្បងអាជ្ញាធរបន្តរារាំងក្រុមកូដករណាហ្គាវើលដ៍មិនឱ្យតវ៉ារកដំណោះស្រាយ
អាជ្ញាធររាជធានីបន្តរារាំងក្រុមកូដករណាហ្គាវើលដ៍ (#Nagaworld) ជាង ១រយនាក់ (១១៦) មិនឱ្យឈរតវ៉ា និងលើកបដានៅក្បែរអាគារក្រុមហ៊ុនឡើយ នៅរសៀលថ្ងៃទី ១០ឧសភា នេះ។ អាជ្ញាធរបានបង្ខំក្រុមកូដករឡើងឡានក្រុងដឹកយកទៅខណ្ឌព្រែកព្នៅ រហូតដល់ម៉ោងជាង ៤ រសៀលទើបដឹកពួកគាត់មកចំណតឡានក្រុងក្បែរទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវវិញ។
កូដករម្នាក់ គឺលោកស្រី អាទីន រិះគន់ទង្វើរបស់អាជ្ញាធរថា ជាការអនុវត្តផ្ទុយពីច្បាប់។ លោកស្រីបន្តថា អាជ្ញាធរគួរណាស់តែជួយរកដំណោះស្រាយឱ្យកូដករ មិនមែនមករារាំង ប្រើហិង្សា និងប្រើពាក្យសម្ដីប្រមាថពួកគាត់យ៉ាងដូច្នេះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី ១០ឧសភា។ ប៉ុន្តែកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មាន ដោយចាត់ទុកការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍ថា ជាបាតុកម្មខុសច្បាប់៕