អាជ្ញាធរបរាជ័យក្នុងការរកយុត្តិធម៌ តែជោគជ័យលើការបង្ក្រាបអ្នកស្រលាញ់លោកបណ្ឌិតកែម ឡី

របបក្រុងភ្នំពេញ បរាជ័យក្នុងការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី រយៈពេល៣ឆ្នាំមក នេះ ប៉ុន្តែបែរជាទទួលបានជោគជ័យ ក្នុងការបង្ក្រាបអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ដែលបញ្ចេញមតិរិះគន់ ពាក់ព័ន្ធនឹងឃាតកម្មលើបណ្ឌិតកែម ឡី។ គិតមកដល់ ពេលនេះ មានអ្នកនយោបាយប្រឆាំង អ្នកវិភាគ មន្ត្រីសង្គមស៊ីវិល និងអ្នកគាំទ្រ លោកបណ្ឌិត កែម ឡី មិនតិចជាង១០នាក់ទេ ដែលជាប់ពន្ធនាគារ ជាប់បណ្តឹងនៅ តុលាការ និងបង្ខំចិត្តរត់ចោលស្រុក។