រំលងទៅមាតិកាចម្បងអាជ្ញាធរក្រុងភ្នំពេញ រារាំងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលចែកខិតប័ណ្ណផ្សព្វផ្សាយ ជំរុញឱ្យពលរដ្ឋទៅលេងកោះកុងក្រៅ
ក្រុមអាជ្ញាធរខ័ណ្ឌទួលគោក បានចុះរារាំងក្រុមយុវជនចលនាមាតាធម្មជាតិ ខណៈពួកគេចែកខិតប័ណ្ណអំពីកោះកុងក្រៅទៅដល់អ្នកធ្វើដំណើរនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការរារាំងរបស់ក្រុមអាជ្ញាធរនេះ ធ្វើឡើងក្នុងន័យគំរាមកំហែងដល់ក្រុមយុវជន ដែលសកម្មក្នុងការគិតគូរពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ក្រុមអាជ្ញាធរខ័ណ្ឌទួលគោល បានចុះរារាំងក្រុមយុវជនចលនាមាតាធម្មជាតិ មិនឱ្យចែកខិតប័ណ្ណអំពីកោះកុងក្រៅ២ដង នាថ្ងៃទី២៨ ខែវិច្ឆិកានេះ។ក្រុមយុវជនចលនាមាតាធម្មជាតិ រួមជាមួយយុវជនស្រលាញ់បរិស្ថានជិត២០នាក់ បានសហការគ្នាជំរុញឱ្យសាធារណៈជនទៅលេងកោះកុងក្រៅ តាមរយៈការចែកខិត្តប័ណ្ណ និងកាតផុសតាល់ (Card Postal) អំពីកោះកុងក្រៅ ទៅកាន់អ្នកធ្វើដំណើរតាមដងផ្លូវ៣កន្លែងនៅក្នុងរាជធានីភ្នំពេញ។ ភ្លាមបន្ទាប់ពីក្រុមយុវជនចាប់ផ្ដើមចែកខិត្តប័ណ្ណ ក្រុមអាជ្ញាធរបានចុះទៅឃ្លាំមើល និងក្រោយមកប្រហែលកន្លះម៉ោង ក្រុមអាជ្ញាធរបានបញ្ជាឱ្យក្រុមយុវជនបញ្ឈប់ការចែករំលែកខិត្តប័ណ្ណទាំងនោះ នៅចំណុចស្តុបវិទ្យាស្ថានភាសាបរទេស អាយ.អេហ្វ.អិល (IFL) នៅពេលព្រឹក និងនៅចំណុចស្តុបសាលាតិចឡូ នៅពេលរសៀល ដោយសំអាងលើហេតុផលថាធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ទោះបីជាយ៉ាងណា ក្រុមយុវជនបានជម្នះចែកខិត្តប័ណ្ណរហូតទាល់តែអស់ទើបពួកគេបំបែកគ្នាទៅផ្ទះរៀងខ្លួន។ ដោយឡែកក្រុមអាជ្ញាធរមិនបានរារាំងសកម្មភាពចែកខិត្តប័ណ្ណនេះនៅចំណុចវិទ្យាល័យសន្ធរមុខឡើយ។