អាជ្ញាធរខណ្ឌដូនពេញបណ្តេញអតីតគរុសិស្សមិនឲ្យលើកបដាតវ៉ា នៅមុខក្រសួងអប់រំ

អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ៤ ខែធ្នូ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ករណីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លុបឈ្មោះលោកចេញពីក្របខ័ណ្ឌ។ ការតវ៉ានៅសប្តាហ៍ទី ១៥ នេះ ក៏មានការរំខាន និងបំបែកពីក្រុមសន្តិសុខខណ្ឌដូនពេញ ដោយមិនអនុញ្ញាតឲ្យលោកឈរលើកបដា នៅពីមុខក្រសួងអប់រំយុវជន និងកីឡា ក្រោមហេតុផលថា មានក្បួនគណៈប្រតិភូធ្វើដំណើរឆ្លងកាត់។ បើទោះបីជាមានការគំរាមកំហែងពីក្រុមសន្តិសុខក្តី ក៏ លោក កែវ សុវណ្ណឫទ្ធិ ប្ដេជ្ញាបន្តក្រាញ់ននៀលលើកបដា ដើម្បីស្វែងរកយុត្តិធម៌ដដែល។ លោកថ្កោលទោសទង្វើរបស់ក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌដូនពេញ ថា ជាការរំលោភច្បាប់ និងរឹតត្បិតលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។