រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូយដ៍ អូស្ទីន (Lloyd Austin) លើកឡើងពីបញ្ហាកងទ័ពជើងទឹកសមុទ្ររាម

ក្នុង​ជំនួប​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ កាល​ពី​ថ្ងៃទី២២ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) បាន​សម្ដែង​ពី​កង្វល់​នានា​របស់​លោក​ជុំវិញ​សកម្មភាព​យោធា​នានា​នៅ​តំបន់​កំពង់​ផែ​រាម​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​តំបន់។ លោក​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​នូវ​វិធាន​ការ​នានា ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន។ លោក​ក៏​បាន​កត់​សម្គាល់​អំពី​សារ​សំខាន់​ក្នុង​ការ​កសាង​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រកប​ដោយ​ផ្លែ​ផ្កា​មួយ​ ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ និង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​លោក​បាន​ស្វាគមន៍​ចំពោះ​រាល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នានា​ដើម្បី​កសាង​ទំនុក​ចិត្ត​រវាង​ភាគី​ទាំង​ពីរ។ សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ជា​គោល​ដៅ​ចម្បង​នៃ​ការ​សង្ស័យ​របស់​អាមេរិក​នោះ​ទេ៕