ពលរដ្ឋខ្មែរ និងមន្ត្រីបក្សប្រឆាំងស្នើអាមេរិកអនុម័តច្បាប់ ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន

ពលរដ្ឋខ្មែរ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ មក​ពី​បណ្តា​រដ្ឋ​នានា​នៃ​សហរដ្ឋ​អាមេរិក​ជិត​ពីរ​រយ​នាក់​ បាន​មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋធានី​ វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​សុក្រ ទី​២២ តុលា។​ ក្រុម​បាតុករ​ទាំង​នោះ​ ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន​ គោរព​តាម​ស្មារតី​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ ខែ​តុលា ឆ្នាំ១៩៩១ និង​អំពាវ​នាវ​ទៅ​សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​រដ្ឋាភិបាល​អាមេរិក​ ជួយ​ជំរុញ​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ។