តើស្រ្ដីមានផ្ទៃពោះមានសិទ្ធិចូលរួមការតវ៉ាទាមទារអត្ថប្រយោជន៍នៅកន្លែងការងារដែរ ឬទេ

ស្រ្តី​មាន​ផ្ទៃពោះ និង​អ្នកមាន​កូន​តូច​ជាច្រើននាក់​នាំគ្នា​ចូលរួម​កូដកម្ម​ជាច្រើន​ថ្ងៃមក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World)ទទួល​យក​បុគ្គលិក​ជាង​៣០០នាក់​ឱ្យ​ចូល​ធ្វើការវិញ និង​បន្ត​ឱ្យមាន​សហជីព ដើម្បី​ការពារ​ពួកគេ។ ពួក​គេ​អះអាង​ទៀត​ថា​ការ​ចេញ​តវ៉ា​នេះ គឺចេញ​ពី​ការស្ម័គ្រចិត្ត និង​ពុំ​មាន​ចេតនា​ណា​ផ្សេង​ទៀត​ឡើយ។ ប្រតិកម្មនេះ​ ឆ្លើយ​តប​នឹង​ការចោទប្រកាន់ ​របស់​មន្រ្តី​ក្រសួងការងារ លោក ហេង សួរ ដែល​ថា ការប្រើប្រាស់​អនីតិជន ឬស្រ្តី ពិសេស​ស្រ្តីមានកូនខ្ចី ឬស្រ្តី​មាន​ផ្ទៃពោះ ដើម្បី​ចូលរួម​ការតវ៉ា​អ្វី​មួយ​ជា​តាក់ទិច​មួយ ដែល​មាន​សរសេរ​នៅ​ក្នុង​ក្បួន​របស់​អ្នករៀបចំ​ចលនា​បដិវត្ត​​ពណ៌​នៅ​ប្រទេស​ណាមួយ។ លោកបន្តថា អ្នករៀបចំ​ផែនការ​តែងតែ​បន់ស្រន់​ឱ្យ​មាន​គ្រោះថ្នាក់​ដោយចៃដន្យ​ណាមួយ​កើតឡើង​លើ​អនីតិជន ឬលើស្រ្តី ដើម្បី​ទាក់ទាញ​សមានចិត្ត និងបញ្ឆេះ​កំហឹង​មហាជន។ តើស្រ្ដីមានផ្ទៃពោះ និង​មាន​កូន​ខ្ចី​ មាន​សិទ្ធិចូលរួម​ការតវ៉ាទាមទារ​អត្ថប្រយោជន៍​នៅ​កន្លែង​ការងារ​ដែរ ឬទេ? វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី៖ ១. អ្នកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ២. អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ៣. លោកស្រី ញ៉ាន ធាវី បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៏ មានផ្ទៃពោះ