វីដេអូ
អ្នកធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម រិះគន់អាជ្ញាធរដែលតាមរំលោភសិទ្ធិពួកគាត់
ក្បួនហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គម រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឈានដល់ថ្ងៃទី២ហើយ។ អ្នកចូលរួម នៅតែតាំងចិត្តមោះមុតធ្វើដំណើរថ្មើរជើងរាប់គីឡូម៉ែត្រ និងស្រែកអំពាវនាវឲ្យដឹកនាំធ្វើជាគំរូល្អក្នុងសង្គម។ ទោះជាយ៉ាងណា ក្បួនធម្មយាត្រានេះ មានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលលួចថតរូប តាមអុកឡុក និងការហៅទៅសួរនាំរកលិខិតអនុញ្ញាតផ្សេងៗ បើទោះបីជា ក្រសួងមហាផ្ទៃអនុញ្ញាតរួចហើយក្តី ។ សង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាបំពានច្បាប់និងរំលោភសិទ្ធិពលរដ្ឋ។ ថ្ងៃទី២ នៃក្បួនធម្មយាត្រា នេះ មានការចូលរួមពីព្រះសង្ឃ គ្រូបង្រៀន សកម្មជនសិទ្ធិមនុស្ស និងក្រុមស្ត្រីថ្ងៃសុក្រប្រមាណ៥០នាក់ បានធ្វើដំណើរទៅដល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងហើយនៅរសៀលថ្ងៃទី២ ខែកុម្ភៈ៕