រំលងទៅមាតិកាចម្បងកម្មកររោងចក្រសិនតៃ ហ្គាមេន ផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយពីថៅកែរ
កម្មកររោងចក្របម្រើការងារនៅ សិន តៃ ហ្គាមេន (ខេមបូឌា) Zhen Tai Garment (Cambodia) Co.,Ltd ស្ថិតភូមិដំណាក់ សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាង៧០០នាក់ ផ្ទុះការតវ៉ានិងទាមទារថៅកែផ្តល់ប្រាក់សមរម្យ និងឆ្លាស់វេនគ្នាធ្វើការ អំឡុងពេលរោងចក្រព្យួរការងារ ដើម្បីពួកគាត់ទទួលបានប្រាក់ខ្លះៗជួយដោះស្រាយជីវភាពគ្រួសារ ជាពិសេសការបង់ធនាគារ បង់សាលាកូនរៀននិង ថ្លៃបន្ទប់ជួលជាដើម។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីថៅកែរោងចក្រ សិន តៃ បានប្រកាសព្យួរការងារកម្មករជាង៩រយ(៩០០)នាក់រយៈពេលពីរខែចាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ ហើយក្រុមហ៊ុន ក៏គ្រោងបញ្ចប់កិច្ចសន្យាការងារជាមួយកម្មករជិត៥រយនាក់(៤៩៦) នៅពេលខាងមុខនេះ។ ក្រុមកម្មករបានសម្រេចរំសាយការតវ៉ានៅម៉ោង១២ថ្ងៃត្រង់ បន្ទាប់អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារចុះទៅសម្របសម្រួល ដោយសន្យាថានឹងយកសំណើទាំងនោះទៅជជែកជាមួយភាគីថៅកែរោងចក្រ៕