រំលងទៅមាតិកាចម្បងតុលាការក្រុងភ្នំពេញ បន្តចោទសួរសកម្មជននិងថ្នាក់ដឹកនាំបក្សប្រឆាំង៣៩នាក់
តុលាការក្រុងភ្នំពេញ បន្តបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងរួមគំនិតក្បត់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣៩នាក់នៅថ្ងៃទី២២ ខែកញ្ញា។ទោះជាយ៉ាងណា មានតែសកម្មជនសង្គ្រោះជាតិ៣នាក់ដែលកំពុងជាប់ពន្ធនាគារទេ មានវត្តមានក្នុងតុលាការ ក្នុងនោះរួមមានលោក គង់ ម៉ាស់ លោក ខាន់ ប៊ុន ផេង និងលោក វឿង សំណាង។មេធាវីការពារក្តីឲ្យជនជាប់ចោទគឺលោក សំ សុខគង់ ថ្លែងថា តុលាការបានសាកសួរដេញដោលកូនក្តីរបស់លោក ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មួរ សុខហួរ ។ លោក បន្តថា តុលាការ នឹងបន្តសួរដេញដោលលើអ្នកផ្សេងៗទៀត នៅថ្ងៃទី៦ ខែតុលាខាងមុខ។ មន្ត្រីសិទ្ធិមនុស្សដែលចូលរួមតាមដានសវនាការនេះ លើកឡើងថា ការចោទប្រកាន់លើសកម្មជននយោបាយទាំងនេះ មានចរិតនយោបាយច្រើន ហើយការសួរដេញដោលទៀតសោត ក៏មិនសូវមានភាពជឿនលឿនទៅមុខដែរ ដែលហាក់ដូចជាការពន្យាពេលផ្តល់សេរីភាពជូនអ្នកជាប់ឃុំ៕