ទីប្រឹក្សាគណបក្សកម្លាំងជាតិ យកលុយទៅបង់តាមបញ្ជារបស់តុលាការ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យកប្រាក់ពិន័យ២លានរៀល ទៅបង់ជូនសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១ ខែមិនា តាមការបង្គាប់របស់តុលាការ។ ការទៅបង់ប្រាក់នេះ ក៏មានអ្នកគាំទ្រជាង ៣០នាក់ចូលរួមឃ្លាំមើលដែរ។ លោក រ៉ុង ឈុន ថា ការបង្គាប់ឱ្យលោកបង់ប្រាក់ជំងឺចិត្តទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលខ្លីបែបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើរូបលោកបន្ថែមមួយកម្រិតទៀត។ លោក រ៉ុង ឈុន រងការផ្ដន្ទាទោស និងឱ្យបង់ប្រាក់ពិន័យ ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍ និងសកម្មភាពរបស់លោក ចុះទៅពិនិត្យតំបន់ព្រំដែន ដែលពលរដ្ឋអះអាងថា វៀតណាមរំលោភយកដីស្រែចម្ការរបស់ពួកគាត់ នៅខេត្តត្បូងឃ្មុំកាលពីឆ្នាំ២០២០។