សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កុម្ភៈ ២០១០

ព័ត៌មាន​សង្ខេប​ប្រចាំ​សប្តាហ៍​នេះ​មាន​ជា​អាទិ ឪពុក​ម្តាយ​និង​អាណាព្យាបាល​ភ័យ​ព្រួយ​ពី​រឿង​យុវជន​និង​កូន​ភ្លើតភ្លើន​តាម​វប្បធម៌​បរទេស​ និង​ព័ត៌មាន​សំខាន់ៗ​ដទៃ​ទៀត។
ដោយ វោហារ ជាតិ
2010.02.20
បុណ្យ​សង្សារ ៣០៥ យុវជន​ឈរ​ទិញ​ផ្កា​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ កុម្ភៈ ២០១០។
RFA/Mom Sophon

អ្នក​ធ្វើ​ការ​ជាមួយ​យុវជន​បារម្ភ​ពី​ការ​ភ្លើតភ្លើន​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ

មនុស្ស​ជា​ច្រើន​ធ្វើ​ការងារ​ជាមួយ​ក្រុម​យុវជន​ផង​នោះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា Valentine's Day ដែល​គេ​និយម​ហៅ​ថា​ជា​បុណ្យ​សង្សារ កំពុង​ក្លាយ​ទៅ​ជា​ថ្ងៃ​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ភ្លើតភ្លើន​នៅ​ក្នុង​ការ​រួម​ភេទ ខណៈ​ដែល​ពួក​គេ​នៅ​វ័យ​ក្មេងៗ​នៅ​ឡើយ។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គណនេយ្យ​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ នា​ទីក្រុង​ភ្នំពេញ កញ្ញា ទេព កញ្ញារ៉ា ស្រដី​ថា នាង​ព្រួយ​ក្រែង​មាន​យុវជន​មួយ​ចំនួន​យល់​ខុស ហើយ​រងគ្រោះ​ដោយសារ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ក្នុង​ការ​ប្រារព្ធ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់ ដែល​គេ​និយម​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ ហើយ​កញ្ញា​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក និង​ពិធី​បុណ្យ​ជាតិ​ច្រើន​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

អ្នក​ស្រឡាញ់​ប្រពៃណី​ខ្មែរ​ចង់​ឲ្យ​កែប្រែ​ថ្ងៃ​១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ទៅ​ជា​ទិវា​កត្តញ្ញូ

អ្នក​ស្រឡាញ់​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​មួយចំនួន​បាន​រៀបចំ​បង្វែរ​អត្ថន័យ​របស់​ថ្ងៃ​១៤ កុម្ភៈ ឲ្យ​ទៅ​ជា​ថ្ងៃ​នៃ​សេចក្តី​ដឹង​គុណ​ចំពោះ​អ្នក​មាន​គុណ​របស់​មនុស្សម្នាក់ៗ​ទៅ​វិញ នៅ​គ្រា​ដែល​គេបាន​រៀបចំ​បុណ្យ​សង្សារ​ដែល​កំពុង​តែ​វាយ​លុក​​ក្នុង​សង្គម​ខ្មែរ និង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ។

សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា អនុ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​បរទេស​មួយចំនួន​ដែល​យុវជន​ខ្មែរ​បាន​ទទួល​យក​ដោយ​មិន​ដឹង​ខ្លួន និង​អត្ថន័យ​របស់​ពិធី​បុណ្យ​នោះ​ច្បាស់លាស់​នៅ​ឡើយ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​លោក​ចង់​បង្វែរ​ទិវា Valentine's Day ឬ​ក៏​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ដែល​យុវជន​សព្វថ្ងៃ​និយម​ហៅ​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ​នោះ ឲ្យ​ទៅ​ជា​ទិវា​បែប​វប្បធម៌​ខ្មែរ​វិញ ដោយ​មាន​ន័យ​ថា សេចក្តី​កត្តញ្ញូ ឬ​ក៏​សេចក្តី​ដឹង​គុណ​ចំពោះ​ឪពុក​ម្តាយ លោក​គ្រូ អ្នក​គ្រូ និង​អ្នក​មាន​គុណ​របស់​ខ្លួន ជំនួស​ពាក្យ​បរទេស និង​ឥរិយាបថ​អាសអាភាស​គ្មាន​កេរ្តិ៍​ខ្មាស។

អាណាព្យាបាល​សិស្ស​បារម្ភ​ចំពោះ​ការ​ឈប់​រៀន​ខុស​ថ្ងៃ​បុណ្យ​ជាតិ

ឪពុក​មា្តយ​ឬ​អាណាព្យាបាល​របស់​សិស្ស និង​សមាគម​គ្រូ​បង្រៀន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​វិស័យ​អប់រំ​សាធារណៈ​របស់​រដ្ឋ​ដែល​ចេះ​តែ​ឈប់​សម្រាក​មិន​ឈប់ឈរ បើ​ទោះ​បី​ជា​ពុំ​មាន​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នៅ​ក្នុង​ប្រតិទិន និង​ថ្ងៃ​បុណ្យ​ជាតិ​យ៉ាង​ណា​ក៏ដោយ។

អ្នក​ស្រី គីម ណៃ រស់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​ទៅ​ហើយ​ដែល​កូន​និង​ក្មួយៗ​របស់​គាត់​មិន​ទៅ​សាលា​រៀន នៅ​រាល់​ពេល​ដែល​មាន​ពិធី​បុណ្យ​ផ្សេងៗ​ដែល​មិន​មែន​ជា​បុណ្យ​ជាតិ​នោះ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ចិន បុណ្យ​នូអែល​ជាដើម។ អ្នក​ស្រី​បន្ត​ថា អ្វី​ដែល​សំខាន់​គឺ​បញ្ហា​គុណភាព​សិក្សា​របស់​កូនៗ​ដែល​មាន​កម្រិត​ខ្សោយ​ណាស់។

រដ្ឋាភិបាល​វៀតណាម​ហាម​​​ខ្មែរ​ក្រោម​ស្តាប់​វិទ្យុ​ឬ​​មើល​ទូរទស្សន៍​ខ្មែរ

អាជ្ញាធរ​វៀតណាម​បាន​ដាក់​បំរាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍​ដែល​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា។

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​ដាក់​បំរាម​ជា​លាយលក្ខណ៍អក្សរ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

អាជ្ញាធរ​វៀតណាម​ចាប់​ខ្មែរ​ក្រោម​៥​នាក់​ក្នុង​រឿង​ទំនាស់​ដី

កសិករ​ខ្មែរ​ក្រោម​៥​រូប​នៅ​ខេត្ត​មាត់ជ្រូក​ថ្មីៗ​នេះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន បន្ទាប់​ពី​ខ្មែរ​ក្រោម​ទាំង​នោះ​បាន​ចេញ​តវ៉ា​ប្រឆាំង​ដោយ​ចោទ​ថា វៀតណាម​ចូល​ទៅ​ច្រូត​ស្រូវ​លើដី​ស្រែ​ពួក​គាត់។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៥​នាក់​នៅ​ក្នុង​ភូមិ​ពោធិ៍ ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​នៅ​ថៃ្ង​ពុធ ទី​១៧ កុម្ភៈ​នេះ ដោយសារ​តែ​ពួក​គាត់​បាន​ចេញ​មុខ​តវ៉ា និង​រារាំង​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម​មក​ច្រូត​យក​ស្រូវ​ទុំ​នៅ​ក្នុង​ដី​ស្រែ​របស់​គាត់​ចំនួន​៣​ហិកតា។

ក្រុមហ៊ុន​វៀតណាម​៣​ត្រៀម​ទទួល​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ទៀត

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បី​មក​ពី​ប្រទស​យៀកណាម​ត្រៀម​ទទួល​សិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ២​ម៉ឺន​១​ពាន់​ហិកតា​ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ក្រចេះ។

សេចក្ដី​រាយការណ៍​នានា​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ថ្មី​បី​ទៀត​នោះ​មាន​ឈ្មោះ វៀតល័ (Viet Loa), ដុងភូស្នួល (Dong Phu Snoul) និង​ចម្ការ​កៅស៊ូ​កន់ទុម (Rubber Kontum) ហើយ​នឹង​ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ខែ​មិថុនា ឆ្នាំ​២០១០​នេះ បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក ច័ន្ទ សារុន និង​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​យៀកណាម លោក កាវ ឌឹកហ្វាត់ (Cao Duc Phat) ចុះ​អនុស្សារណៈ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​២២ កញ្ញា ឆ្នាំ​២០០៩។

ប្រទេស​ចិន​ចង់​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​ស្រុក​ខ្មែរ

ទីភ្នាក់ងារ​ព័ត៌មាន អាកាប៉េ (AKP) បាន​រាយ​ការណ៍​ពី​ថ្ងៃ​សុក្រ​ថា នៅ​ក្រុង​ភ្នំពេញ​ក្នុង​ការ​សម្ដែង​ការ​ជម្រាប​លា​លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ខណៈ​ដែល​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​ចិន លោក​ស្រី ហ្សាង ហ្ស៊ិនហ្វេង (Zhang Jinfeng) បាន​មាន​ប្រសាសន៍​ថា មាន​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​ចង់​ដាំ​កៅស៊ូ​លើ​ដី​ទំហំ ៦​ម៉ឺន​ហិកតា​នៅ​ស្រុក​ខ្មែរ។

ឆ្លើយ​តប​វិញ​នោះ លោក សុខ អាន មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ហើយ​នឹង​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​នេះ ហើយ​និង​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ការ​វិនិយោគ​របស់​ចិន​លើ​ផ្នែក​ទេសចរណ៍ កសិ​-​ឧស្សាហកម្ម និង​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់ ដែល​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​ខ្មែរ។

សុនឆ័យ​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កែ​លម្អ​ការងារ​ប៉ូលិស​ចរាចរណ៍

លោក សុន ឆ័យ តំណាង​រាស្រ្ត​​​គណបក្ស​សមរង្ស៊ី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​១៦ កុម្ភៈ ជូន​ទៅ​លោក ស ខេង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​កែ​លម្អ​​ការងារ​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក ដែល​លោក​មាន​ប្រសាសន៍​ ថា ប៉ូលិស​នោះ​មាន​ចំនួន​យ៉ាង​​ច្រើន​ហើយ​បំពេញ​ការងារ​មិន​មាន​ប្រសិទ្ធភាព។

នៅ​ក្នុង​លិខិត​នោះ លោក សុន ឆ័យ បាន​សរសេរ​ថា មាន​ពេល​ខ្លះ​ប៉ូលិស​ចរាចរណ៍​មិន​បាន​ជួយ​សម្រួល​ការ​ធ្វើ​ចរាចរណ៍​នោះ​ទេ តែ​បែរ​ជា​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ទៅ​វិញ ហើយ​មាន​ពេល​ខ្លះ​ទៀត​បាន​សម្លុត​គំរាម​កំហែង​យក​លុយ​អ្នក​បើក​បរ​រថយន្ត​ទៅ​វិញ​ទៀត​ផង។

សរុប​តួលេខ​នៃ​គ្រោះថ្នាក់​ចរចារណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

លោក​វរសេនីយ៍​ត្រី សុខ ណុប អនុ​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​រយៈ​ពេល​៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២៧​លើក​ដែល​បាន​សម្លាប់​មនុស្សអស់ ៣១​នាក់ និង​មានមនុស្សរបួស ២៦២នាក់ នៅក្នុង​នោះ​មាន​ស្រ្តី​ចំនួន ១១​នាក់​ផងដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។