សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កក្កដា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅតែ​បន្ត​មាន​សភាព​តានតឹង និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

0:00 / 0:00

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១៤ ដល់ ២០ កក្កដា ឆ្នាំ​២០០៨ ។

ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅតែ​បន្ត

ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កក្កដា​នេះ នៅតែ​បន្ត​មាន​សភាព​តានតឹង ។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ទាមទារ​ឲ្យ​មាន​ការដក​ទ័ព​រៀងៗ​ខ្លួន ដោយ​បាន​លើកឡើង​ថា​ការដាក់​ពង្រាយ​ទ័ព​នោះ​គឺ​ជា​ការរំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ដែន​ដី​រៀងៗ​ខ្លួន ។

ទោះជា​យ៉ាងណា​ភាគី​ប្រទេស​ទាំង​ពីរ​នៅតែ​បញ្ជូន​ទ័ព​កាន់តែ​ច្រើន​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ដោយ​មាន​សេចក្ដី​រាយការណ៍​ថា ទាហាន​ខ្មែរ​មាន​ចំនួន​ប្រមាណ​១ពាន់​នាក់ ហើយ​ទាហាន​ថៃ​មាន​ចំនួន​ប្រមាណ​៨០០​នាក់ ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា មាន​សេចក្ដី​រាយការណ៍​មក​ថា​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ភ្ជង់​កាំភ្លើង​ដាក់​គ្នា ហើយ​ស្ថានការណ៍​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​នោះ នៅតែ​មាន​សភាព​តានតឹង​ដដែល ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ឲ្យ​ក្រុម​យោធា​មាន​ការអត់ធ្មត់ រង់ចាំ​កិច្ច​ចរចា​គ្នា​រវាង​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​សៅរ៍ ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​បន្ត​កាន់កាប់​វត្ត​ខ្មែរ​មួយ​ឈ្មោះ កែវសិក្ខាគិរីស្វារៈ ហៅ​ថា​វត្ត​ប្រាសាទ​ព្រះវិហារ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ សាម៉ាក់ ស៊ុនដារាវ៉េទ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រញាប់​ដក​ទ័ព​ចេញ​ដោយ​អះអាង​ថា​ដី​នោះ​ជា​ដី​របស់​ខ្មែរ ។ ទោះជា​យ៉ាងណា​លោក​នាយក​រដ្ឋមន្ត្រី​ថៃ សាម៉ាក់ ស៊ុនដារាវ៉េដ បាន​ឆ្លើយ​តប​មក​វិញ​ថា ការដាក់​ទ័ព​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​បាន​រំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ដែន​ដី​របស់​ថៃ ។

មន្ត្រី​ជលផល​ខែត្រ​កំពត​ម្នាក់​ត្រូវ​ទាហាន​វៀតណាម​បាញ់​ស្លាប់

ប្រភព​ពី​ប្រជា​នេសាទ​នៅ​ខែត្រ​កំពត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នៃ​មន្ទីរ​ជលផល​ខែត្រ​កំពត​ម្នាក់​ត្រូវ​បាន​កង​កម្លាំង​ទាហាន​ជើង​ទឹក​វៀតណាម​បាញ់​ស្លាប់ និង​មន្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​បាត់ កាលពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ។

ប្រជា​នេសាទ​រស់​នៅ​ភូមិ​ដូន​តោក ឃុំ​ត្រើយ​កោះ ស្រុក​កំពង់​បាយ ខែត្រ​កំពត បាន​ឲ្យ​ដឹង​ថា​ការបាញ់​សម្លាប់​លើ​លោក ផាត់ សារឿន នោះ បាន​កើតឡើង ខណៈ​ដែល​មន្ត្រី​រូប​នោះ​រួម​ជាមួយ​សហការី​ដទៃ​ទៀត​កំពុងតែ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ គឺ​ទូក​វៀតណាម​ដែល​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ នៅ​ចំណុច​គ្រលុក​កាម៉យ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ចន្លោះ​ឃុំ​ត្រើយ​កោះ ស្រុក​កំពង់​បាយ និង​ឃុំ​កោះ​តូច ស្រុក​កំពត ។

មន្ត្រី​ជលផល​ម្នាក់​ដែល​វៀតណាម​បាន​នាំ​ខ្លួន​ទៅ​នោះ​និង​សព​របស់​លោក ផាត់ សារឿន ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​កោះត្រល់​មក​ដល់​គេហដ្ឋាន​ក្នុង​ទីរួមខេត្ត​កំពត​វិញ កាលពី​រាត្រី​ទី​១៧ កក្កដា ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ ក្រោម​សម្រែក​ទ្រហោ​យំ​នៃ​ប្រពន្ធ​កូន​និង​ញាតិ​មិត្ត ជាមួយ​នឹង​ការដាក់​បណ្ដាសា​ពី​សំណាក់​​ប្រពន្ធ​របស់​លោក ផាត់ សារឿន គឺ​អ្នកស្រី ណុប លីណា ចំពោះ​ទង្វើ​របស់​ទាហាន​វៀតណាម​មក​លើ​ប្ដី​អ្នកស្រី ។

ភាគី​វៀតណាម​ក៏​បាន​ផ្ញើ​ប្រាក់​ចំនួន​៥​លាន​ដុង​ចូល​បុណ្យ​សព​របស់​លោក ផាត់ សារឿន ផងដែរ ។

នគរបាល​ធ្វើការ​គូរ​គំនូស​ព្រាង​ឃាតករ​បាញ់​សម្លាប់​អ្នក​កាសែត

មន្ត្រី​នគរបាល​ខ្មែរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ទី​១៨ កក្កដា​នេះ ថា​នគរបាល​កំពុងតែ​ធ្វើការ​គូរ​គំនូស​ព្រាង​ដើម្បី​កំណត់​អត្តសញ្ញាណ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ គឺ​លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបអង្កេត​ដោយ​ធ្វើការ​សហការ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​សាក្សី​ដែល​បាន​ឃើញ​ការបាញ់​ប្រហារ​មក​លើ​លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស​នោះ ។

គួរ​ជម្រាប​ថា​អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សម្បូរណ៍ ដែល​មាន​វ័យ​៤៧​ឆ្នាំ​និង​កូន​ប្រុស ឈ្មោះ ខាត់ សារិនភាតា អាយុ​២១​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ បាញ់​សម្លាប់ ខណៈ​ដែល​ជន​រងគ្រោះ​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ កក្កដា កន្លង​ទៅ​នេះ ។

កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​បំផុត

អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​បំផុត ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​ជំនួញ​និង​កិច្ចអភិវឌ្ឍន៍ បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៤៩ ក្នុង​ពិភពលោក​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​ចាត់ទុក​ថា ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​បំផុត​ក្នុង​សកលលោក ។

បើ​តាម​របាយការណ៍​ស្ដីពី​ប្រទេស​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​បំផុត ប្រចាំ​ឆ្នាំ​២០០៨ របស់​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​កិច្ចអភិវឌ្ឍន៍ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​៤៩ ដែល​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​មាន​ប្រទេស​ចំនួន​៣៣ ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ១០ នៅ​ក្នុង​ទ្វីប​អាស៊ី ៥ នៅ​ក្នុង​តំបន់​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក និង ១ ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្ទ​ការ៉ាប់បៀន ។

ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ​បំផុត​ចំនួន​១០ នៅ​ក្នុង​ទ្វីប​អាស៊ី រួម​មាន ប្រទេស​កម្ពុជា, អាប់ហ្កានីស្ថាន, បង់ក្លាដេស, ប៊ូតង់, សាធារណរដ្ឋ​ប្រជាមានិត​លាវ, ម៉ាល់ឌីវ. ភូមា, នេប៉ាល់, ទីម័រ​ខាង​កើត និង​ប្រទេស​យេមែន ។

ពលរដ្ឋ​ខែត្រ​កំពត​ប្រមាណ​៣០​នាក់​មក​តវ៉ា​បញ្ហា​ដី​ធ្លី​ក្បែរ​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ពលរដ្ឋ​ប្រមាណ​៣០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ​នៃ​ឃុំ​ជ័យសេនា ស្រុក​ឈូក ខេត្ត​កំពត កាលពី​ថ្ងៃ​សុក្រ ទី​១៨ កក្កដា បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅ​វត្ត​ព្រែក​សំរោង ស្ថិត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អំពាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដី​ធ្លី ដែល​ពួក​គាត់​អះអាង​ថា មេ​បញ្ជាការ​កងពល​តូច​លេខ​៣១ បាន​បំពាន​យក ។

ក្រុម​ពលរដ្ឋ​អ្នក​តវ៉ា​ដី​ធ្លី​ទាំង​នោះ​បាន​ថ្លែង​ថា លោក ស្រ៊ុន សារឿន ជា​មេ​បញ្ជាការ​កងពល​តូច​លេខ​៣១ ក៏​បាន​ឡើង​មក​ភ្នំពេញ​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា និង​ដក​ហូត​លិខិត​ឯកសារ​ប្លង់​ដី​ពី​ពលរដ្ឋ​ទាំង​នោះ​ផងដែរ ។

ទំនាស់​ដីធ្លី​នៅ​ឃុំ​ជ័យ​សេនា​កន្លង​មក ក៏​បាន​បណ្តាល​ឲ្យ​មាន​ការចាប់​ឃុំ​ខ្លួន​អ្នក​ស្រុក​មួយចំនួន​ផងដែរ ។ ស្ត្រី​ឈ្មោះ ចាន់ ថុល ដែល​អះអាង​ថា​ម្តាយ​និង​ប្អូន​ប្រុស​ពីរ​នាក់ ត្រូវ​ទាហាន​វាយ​ធ្វើ​បាប​និង​ចាប់​ខ្លួន​បញ្ជូន​យក​ទៅ​ឃុំ​នៅ​តុលាការ​ខេត្ត​កំពត​បាន​ថ្លែង​អំពាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ ។ ដី​ដែល​មាន​ទំនាស់​នោះ​មាន​ទំហំ​ជាង ៤០០​ហិកតា ។

បក្ស​ប្រជាជន​ប្តឹង​ចោទ​ប្រកាន់​ថា សម រង្ស៊ី ធ្វើការ​ឃោសនា​ដោយ​អសីលធម៌

គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ បាន​ប្តឹង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ពី​បទ​ធ្វើការ​ឃោសនា​ដោយ​ប្រើ​សម្ដី​អសុរោះ​ខ្វះ​សីលធម៌ ។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ លោក ឡេង វឌ្ឍនៈ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ការចុះ​ឃោសនា​រក​សំឡេង​ឆ្នោត កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា នៅ​ឯ​ភូមិ​បាក់ព្រីង ឃុំ​ស្នាមព្រះ លោក សម រង្ស៊ី បាន​ប្រើ​សម្ដី​អសីលធម៌​ដូច​ជា​ពាក្យ​អា​ម៉ឹង និង​ធ្វើការ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​ជាដើម ។

ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​គ្រាន់តែ​និយាយ​តាម​ឯកសារ​របស់​អង្គការ Global Witness តែ​ប៉ុណ្ណោះ ។

អភិបាល​ខេត្ត​ពោធិ៍សាត់​រង​ការចោទ​ថា​ចែក​អំណោយ​ទិញ​ទឹកចិត្ត​ប្រជាជន

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ឆាយ សារ៉េត បាន​រង​ការចោទ​ថា​បាន​ចែក​អំណោយ​ទិញ​ទឹកចិត្ត​ប្រជាជន​ដែល​ច្បាប់​បាន​ហាម​ឃាត់​នៅ​ក្នុង​ពេល​ដែល​មាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ។

មន្ត្រី​គណបក្ស​សមរង្ស៊ី​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ហេង ច័ន្ទធួន បាន​ចោទ​ថា​សកម្មភាព​ទិញ​ទឹក​ចិត្ត​ដោយ​ការ​ឲ្យ​លុយ​និង​សារុង​បាន​ធ្វើ​នៅ​ក្នុង​វត្ត​មួយ ឈ្មោះ​វត្ត​លលកស ឃុំ​លលកស ស្រុក​សំពៅ​មាស កាលពី​ថ្ងៃ​ទី​១៣ កក្កដា ។

លោក​អភិបាល​ខេត្ត​បាន​ថ្លែង​ថា​លោក​បាន​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​វត្ត​មែន ប៉ុន្តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​ទិញ​ទឹក​ចិត្ត​ប្រជាជន​នោះ​ឡើយ ៕