លោក កែវ និមល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២២ ដល់ ២៨ ធ្នូ ឆ្នាំ២០០៨។
គ.ជ.ប.គ្រោងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅថ្ងៃ១៧ ឧសភា ២០០៩
គណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គ្រោងនឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៩ខាងមុខនេះ។
ប្រធានគ.ជ.ប. លោក អ៊ឹម សួស្តី មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី២៦ ធ្នូ ថា ប្រទេសកម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខាងលើនេះដែលមានការិយាល័យបោះឆ្នោតនៅថ្នាក់ស្រុកតែប៉ុណ្ណោះ ហើយអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបញ្ជាក់ថា គម្រោងនៃការរៀបចំបោះឆ្នោតនៅថ្ងៃ១៧ ឧសភាខាងមុខនេះ ត្រូវចំណាយថវិកាប្រមាណ១លានដុល្លារកន្លះ ហើយថវិកានេះជាចំណាយរបស់រដ្ឋាភិបាល។
មីនតោនពីរគ្រាប់ផ្ទុះនៅបាត់ដំបងបណ្តាលឲ្យមនុស្ស២នាក់រងរបួស
មីនតោនពីរគ្រាប់បានផ្ទុះកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ នៅស្រុកបាណន់ និងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង បណ្តាលឲ្យមនុស្សចំនួន២នាក់បានរងរបួសនិងគ្រឿងចក្រពីរគ្រឿងរងការខូចខាត។
លោក ថោង សុគុណ នាយប៉ុស្តិ៍នគរបាលឃុំស្នឹងបានថ្លែងឲ្យដឹងថា មីនតោនកប់ក្រោមដីសល់ពីសម័យសង្រ្គាមមួយគ្រាប់បានផ្ទុះឡើង កាលពីវេលាម៉ោង៦:៤០នាទី នៅឃុំស្នឹង ស្រុកបាណន់ បណ្តាលឲ្យបុរសអ្នកបើកគ្រឿងចក្ររបស់ក្រុមហ៊ុនចិនមួយរូប ឈ្មោះ ស្រូច ភឿន អាយុ២០ឆ្នាំរងរបួសស្រាលនិងគ្រឿងចក្រមួយគ្រឿងរងការខូចខាតដាច់ច្រវាក់។
អធិការនគរបាលស្រុកគាស់ក្រឡ លោក ឆឹង ឆាង បានឲ្យដឹងថា នៅថ្ងៃដដែលវេលាម៉ោង១២:៣០នាទី មីនតោនមួយគ្រាប់ទៀតបានផ្ទុះឡើងនៅភូមិព្រៃទទឹង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ បណ្តាលឲ្យអ្នកបើកបរម្នាក់ ឈ្មោះ ជឹម ជឿន អាយុ២៣ឆ្នាំ រងរបួសធ្ងន់និងគោយន្តកន្ត្រៃរងការខូចខាត។
សាលាឧទ្ធរណ៍បដិសេធពាក្យបណ្តឹងរបស់ពលរដ្ឋនៅតំបន់បឹងកក់
សាលាឧទ្ធរណ៍បានបដិសេធពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនស៊ូកាគូ។
បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមនៅថ្ងៃទី២៥ ធ្នូ លោក ជូង ជូងី មេធាវីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់បានអះអាងថា ក្រុមប្រឹក្សាជំនុំជម្រះបានកាត់សេចក្តីថា ប្រជាពលរដ្ឋត្រូវប្តឹងទៅសាលាក្រុងមិនត្រូវប្តឹងក្រុមហ៊ុនស៊ូកាគូទេ។
តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បានស្រែករៀបរាប់ថា ពួកគេនឹងបន្តការតវ៉ាទៅគ្រប់ទីកន្លែងដើម្បីទាមទាររកយុត្តិធម៌ដោយចោទប្រកាន់ថា មន្ត្រីតុលាការខ្មែរត្រូវការតែលុយមិនអាចផ្តល់យុត្តិធម៌ឲ្យពួកគាត់បានឡើយ។
មេធាវីរបស់ក្រុមហ៊ុនស៊ូកាគូ លោក ចេង ប៉េងហាប់ បានបញ្ជាក់ថា ការបូមខ្សាច់បញ្ចូលបឹងកក់នេះគឺជាការទទួលខុសត្រូវរបស់សាលាក្រុងភ្នំពេញមិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ូកាគូនោះទេ។
ពលរដ្ឋប្រមាណ១០០នាក់មកតវ៉ានៅមុខសាលាខែត្រក្រចេះពីបញ្ហាដីធ្លី
ប្រជាពលរដ្ឋប្រមាណ១០០នាក់បានមកតវ៉ានៅមុខសាលាខែត្រក្រចេះបន្ទាប់ពីសាលាខេត្តបានចេញលិខិតអញ្ជើញតំណាងប្រជាពលរដ្ឋ៥នាក់ដើម្បីឲ្យចូលបំភ្លឺលើករណីពាក្យបណ្ដឹងចោទប្រកាន់ស្ដីពីការរំលោភបំពានយកដីធ្លីរបស់ក្រុមហ៊ុនហាក់មុនី Plantation ប៉ុន្តែប្រជាពលរដ្ឋទាំងនោះបានរារាំងជនទាំង៥នាក់នោះមិនឲ្យចូល ដោយសំអាងថាខ្លាចមានការចាប់ខ្លួននិងថាមិនមែនជាដីរបស់បុគ្គលតែ៥នាក់នោះទេ។
ស្រ្ដីជនជាតិព្នងមួយរូបបានស្រែកទាំងកំហឹងប្រាប់ឲ្យដឹងថា ក្រុមហ៊ុននោះបានឈូសឆាយប៉ះពាល់លើដីចម្ការនិងដីតំណមរបស់ដូនតា។ ប្រជាពលរដ្ឋបានចោទប្រកាន់ផងដែរថា មេឃុំបានយកដីប្រជាពលរដ្ឋលក់ទៅឲ្យក្រុមហ៊ុន។
មេឃុំចង្រ្កង់គឺលោក សុខ រ៉ន បានឆ្លើយបំភ្លឺថា លោកបានចុះហត្ថលេខាក្រោយការចុះហត្ថលេខាសម្រេចជាមុនពីថ្នាក់លើទាក់ទងបញ្ហាដីនោះ។
ការតវ៉ាដែលមានកាន់រូបថតមេដឹកនាំគណបក្សប្រជាជនទាំង៣រូប ព្រមទាំងបដាដែលសរសេរទាមទារសិទ្ធិអំពីការតវ៉ានិងបដាផ្ដន្ទាទោសអ្នកប្រព្រឹត្តអំពើពុករលួយផងដែរនោះធ្វើឲ្យមានការអន្តរាគមន៍ពីនាយរងខុទ្ទកាល័យខេត្តក្រចេះ គឺលោក ជិន ហុងស្រ៊ី ប៉ុន្តែការដោះស្រាយនោះមិនអាចធ្វើទៅបានឡើយ។
ព្រះមហាវីរក្សត្រមិនអាចយាងនិវត្តន៍មកកាន់មាតុភូមិតាមគម្រោងទេ
ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសនៅថ្ងៃ២៥ ធ្នូថា ព្រះអង្គនឹងមិនអាចយាងនិវត្តន៍មកកាន់មាតុភូមិតាមគម្រោងនាខែកុម្ភៈ ឆ្នាំ២០០៩ខាងមុខនេះទេ ដោយសារតែគ្រូពេទ្យចិនបានរកឃើញថាព្រះអង្គកើតមានរោគមហារីកជាថ្មីទៀត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានមានបន្ទូលឲ្យដឹងថា តាមព្រះរាជសាររបស់ព្រះមហាវីរក្សត្រនៅថ្ងៃ២៥ ធ្នូនេះ បានបញ្ជាក់ថា គ្រូពេទ្យបានរកឃើញថា ព្រះអង្គមានរោគមហារីកថ្មីទៀតហើយ ជាមួយនោះនៅក្នុងព្រះរាជសារនោះមិនបានបញ្ជាក់ពីពេលវេលាដែលត្រូវព្យាបាលនោះទេ ដូច្នេះក៏មិនអាចដឹងអំពីពេលវេលាណាដែលត្រូវយាងត្រឡប់មកវិញផងដែរ។
គួរបញ្ជាក់ថា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលមានព្រះជន្ម៨៧ព្រះវស្សា ទ្រង់ធ្លាប់មានបន្ទូលរួចមកហើយដែលចេញផ្សាយក្នុងទំព័រវ៉ឹបសាយថ៍របស់ព្រះអង្គថា រោគារបស់ព្រះអង្គកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ហើយមើលទៅហាក់ដូចជាព្រះអង្គមិនអាចមានព្រះជន្មរស់នៅបានយូរតទៅទៀតឡើយ។
ព្រះអង្គទ្រង់បានត្រូវក្រុមវេជ្ជបណ្ឌិតជំនាញចិនបង្កើនការត្រួតពិនិត្យព្រះរោគព្រះអង្គដែលមានជំងឺមហារីក ទឹកនោមផ្អែម និងជំងឺលើសឈាម ពីមួយដងក្នុងមួយសប្តាហ៍មកជាច្រើនដងវិញ ហើយពេលខ្លះពិនិត្យពីរដងក្នុងមួយថ្ងៃក៏មានដែរ។
សមត្ថកិច្ចខេត្តរតនគិរីរកឃើញទីតាំងអារច្រៀកឈើមួយកន្លែងនៅក្នុងការដ្ឋានដាំកៅស៊ូ
ឈើមូលប្រមាណ៣០០ម៉ែត្រគូបនិងទីតាំងរ៉ៃអារច្រៀកឈើមួយកន្លែងត្រូវបានក្រុមសមត្ថកិច្ចខេត្តរតនគិរីរកឃើញនៅការដ្ឋានដាំកៅស៊ូជាប់តំបន់ព្រៃឈើក្នុងឃុំសេដា ស្រុកលំផាត់ ដែលគេអះអាងថាជារបស់មេបញ្ជាការមួយរូបនៃក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រីកម្ពុជា។
ការរកឃើញនេះកើតមានឡើងបន្ទាប់ពីក្រុមអាជ្ញាធរចម្រុះខេត្ត កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០០៨ បានចុះត្រួតពិនិត្យការដ្ឋាននោះតាមព័ត៌មានថា មានការកាប់ឈើមូលហើយអារច្រៀកឈើនៅការដ្ឋាននោះ។
ប្រភពមន្ត្រីសុំមិនឲ្យបញ្ចេញឈ្មោះដែលបានដឹងពីហេតុការណ៍នោះថា ឈើមូលប្រភេទលេខ២រាប់រយដើមត្រូវគេកាប់នៅតំបន់ព្រៃឈើជាប់ការដ្ឋាននោះដើម្បីយកឈើ ឈូសឆាយពង្រីកដីដើម្បីដាំកៅស៊ូ។
មេការទទួលខុសត្រូវប្រចាំការដ្ឋាន លោក សួ ទិតនី បានអះអាងផ្ទុយគ្នាថា ឈើដែលកាប់នោះមានតិចតួចគឺជាឈើសេសសល់ក្នុងការដ្ឋានហើយអារច្រៀកដើម្បីធ្វើរោងស្នាក់នៅសម្រាប់កម្មករនិងស្ពានក្នុងតំបន់នោះតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅឃុំសេដានិយាយឲ្យដឹងថា ការដ្ឋានដែលកាប់អារច្រៀកឈើមានទំហំប្រមាណជាង៥០ហិកតារជាអតីតដីចម្ការវិលជុំនៃអ្នកភូមិជនជាតិដើមនៅទីនោះហើយត្រូវបានអតីតមេឃុំនិងអ្នកភូមិមួយចំនួនលក់ទៅឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូប ហើយដែលបានមកឈូសឆាយដីនោះដើម្បីដាំកៅស៊ូ។
អង្គការ Amnesty International អំពាវនាវឲ្យតុលាការខ្មែរដោះលែង ប៊ន សំណាង និង សុខ សំអឿន
អង្គការ Amnesty International បានអំពាវនាវឲ្យតុលាការកំពូលខ្មែរដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវគេចាប់ខ្លួននិងក្រោយមកត្រូវតុលាការផ្តន្ទាទោសដាក់គុកក្នុងម្នាក់ៗចំនួន២០ឆ្នាំពីបទធ្វើឃាតមេដឹកនាំសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា។ លោក ជា វិជ្ជា ត្រូវគេបាញ់សម្លាប់នៅខែមករា ឆ្នាំ២០០៤ នាកណ្តាលក្នុងរាជធានីភ្នំពេញ។
ក្រុមសិទ្ធិមនុស្សទាំងក្នុងនិងក្រៅស្រុក និងអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ផង ព្រះអង្គធ្លាប់បានមានចំណារថា អ្នកទាំង២មិនបានជាប់ពាក់ព័ន្ធនឹងការបាញ់លោក ជា វិជ្ជា នោះឡើយ។
អតីតស្នងការប៉ូលិសរាជធានីភ្នំពេញ លោក ហេង ពៅ ដែលធ្លាប់បានចាប់និងចោទអ្នកទាំង២ពីបទសម្លាប់មនុស្សក៏ធ្លាប់ឆ្លើយសារភាពផងដែរថា ទណ្ឌិតទាំង២មិនមែនជាអ្នកបាញ់សម្លាប់លោក ជា វិជ្ជា នោះទេ។
សេចក្តីអំពាវនាវរបស់អង្គការ Amnesty International គឺនៅគ្រាដែលបណ្តឹងការតវ៉ារកការដោះលែងអ្នកទាំងពីរកំពុងតែស្ថិតក្នុងក្តីពិចារណារបស់តុលាការកំពូលដែលគ្រោងនឹងសម្រេចនៅចុងឆ្នាំ២០០៨នេះ៕