សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​លាវ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។
ដោយ កែវ និមល
2008.11.30
ហ៊ុនសែន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។
AFP Photo

លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ឆ្នាំ​២០០៨។

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​លាវ

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋ​ជា​ផ្លូវការ​មួយ​ទៅ​រួម​ប្រជុំ​កំពូល​នៅ​ប្រទេស​លាវ កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា និង​បាន​វិល​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។

នៅ​ពេល​មក​ដល់​ក្រុង​ភ្នំពេញ​វិញ លោក ហោ ណាំហុង ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា នៅ​ក្នុង​ប្រទេស​លាវ​គណៈប្រតិភូ​កម្ពុជា​បាន​ជួប​ចរចា​ជាមួយ​ភាគី​លាវ ហើយ​បាន​យល់ព្រម​ជាមួយ​គ្នា​លើ​ចំណុច​មួយចំនួន ក្នុង​នោះ​មាន​គម្រោង​បើក​ច្រក​អន្តរជាតិ​មួយ​នៅ​ចំណុច​ត្រពាំង​ព្រាល​របស់​ប្រទេស​កម្ពុជា នៅ​ព្រំដែន​កម្ពុជា​លាវ​តាម​ផ្លូវ​ជាតិ​លេខ​៧​ដែល​ភ្ជាប់​ជាមួយ​នឹង​ផ្លូវ​ជាតិ​លេខ​១៣​របស់​លាវ។ ហើយ​ការបើក​ច្រក​នេះ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​លាវ​ប្រើប្រាស់​កំពង់ផែ​ទន្លេ​នៅ​ក្រុង​ភ្នំពេញ និង​កំពង់ផែ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដើម្បី​ដឹក​និង​ផ្ទេរ​ទំនិញ​កាត់​តាម​កម្ពុជា​ទៅ​កាន់​ប្រទេស​លាវ​ភាគ​ខាង​ត្បូង​ទៀត​ផង។

ទាក់ទង​ជាមួយ​បញ្ហា​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​កម្ពុជា​លាវ លោក​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មក​ទល់​បច្ចុប្បន្ន​នេះ​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​១២១​បង្គោល​ហើយ ហើយនៅ​សល់​ចំនួន​២៤​បង្គោល​ទៀត​នោះ​នឹង​បោះ​ឲ្យ​ហើយ​នៅ​ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

និស្សិត​ពេទ្យ​ប្រមាណ​២០០​នាក់​តវ៉ា​នឹង​ការប្រកាស​របស់​សាកល​វិទ្យាល័យ

ក្រុម​និស្សិត​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពេល​ដែល​លទ្ធផល​នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​ដើម្បី​ចូល​រៀន​បន្ត​នៅ​ឆ្នាំ​ទី​២ បាន​ផ្ទុយ​ពី​ការប្រកាស​របស់​សាកល​វិទ្យាល័យ​ថា​នឹង​ទទួល​យក​និស្សិត​ជាង​១០០០​នាក់​ដើម្បី​ចូល​រៀន​នោះ។

ក្រុម​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​មាន​តែ​ប្រហែល​៣០០​នាក់​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​និស្សិត​ជាង​១០០០​នាក់​ទៀត​ដែល​បញ្ចប់​ថ្នាក់​មូលដ្ឋាន​ហើយ​នោះ​មិន​អាច​ចូល​រៀន​បន្ត​ឆ្នាំ​ទី​២​បាន​ឡើយ​ទើប​ពួក​និស្សិត​នាំ​គ្នា​តវ៉ា​ជា​បាតុកម្ម។

សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ធ្វើ​លិខិត​បំភ្លឺ​៥​ចំណុច​ចំពោះ​ការតវ៉ា​របស់​ក្រុម​និស្សិត​ពេទ្យ​ជុំវិញ​លទ្ធផល​ការប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​ថ្នាក់​មូលដ្ឋាន​នោះ។

លិខិត​បំភ្លឺ​របស់​លោក​សាស្ត្រាចារ្យ អ៊ុំ សុផល សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បំភ្លឺ​ថា ការរៀបចំ​ប្រឡង​ដោយ​គណៈកម្មការ​ប្រឡង​ថា្នក់​ជាតិ​កន្លង​មក​នេះ​ពុំ​មាន​ន័យ​ថា​ជា​ការខ្វះ​ការទទួល​ខុស​ត្រូវ​ដូច​ដែល​ការចោទ​ប្រកាន់​របស់​ក្រុម​និស្សិត​នោះ​ឡើយ។

ជា​មួយ​គ្នា​នេះ លោក​សាកល​វិទ្យាធិការ​បាន​គូស​បញ្ជាក់​ទៀត​ថា ការប្រឡង​នោះ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព សុក្រឹត និង​យុត្តិធម៌ ពោល​គឺ​សាកល​វិទ្យាល័យ​សម្រេច​យក​និស្សិត​ដែល​បាន​ទទួល​ពិន្ទុ​លើស​មធ្យមភាគ​តែ​ប៉ុណ្ណោះ។

សម្រាប់​បេក្ខជន​ដែល​ធ្លាក់​គឺ​សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​ទាប​ជាង​ពិន្ទុដែល​កំណត់​ដោយ​គណៈកម្មការ​ប្រឡង ប៉ុន្តែ​សាកល​វិទ្យាល័យ​ក៏​មាន​វគ្គ​បំប៉ន​និង​ជ្រើសរើស​ក្នុង​ចំណោម​និស្សិត​ដែល​ធ្លាក់​នោះ​ពី​៤០​ទៅ​៦០​នាក់​ឲ្យ​ចូល​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក​ទៀត​ដែរ។

មន្ត្រី​រដ្ឋាភិបាល​និង​តំណាងរាស្ត្រ​ខ្មែរ​រិះគន់​សេចក្តី​ថ្លែង​ការណ៍​របស់ Global Witness

មន្ត្រី​រដ្ឋាភិបាល​និង​តំណាងរាស្ត្រ​ខ្មែរ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​រិះគន់​តប​នឹង​ការថ្លែងការណ៍​ថ្មី​មួយ​ទៀត​របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ Global Witness ដោយ​បាន​ចោទ​ថាជា​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចរិត​នយោបាយ​និង​ជា​ការគុំកួន​មក​លើ​រដ្ឋាភិបាល​ខ្មែរ។

ប្រតិកម្ម​របស់​មន្ត្រី​ខ្មែរ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​រិះគន់​កាលពី​ថ្ងៃ​ពុធ ទី២៦ វិច្ឆិកា សុំ​ឲ្យ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​បញ្ឈប់​ការធ្វើ​សម្បទាន​វិនិយោគ​វិស័យ​ប្រេង​និង​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាប​ណា​កម្ពុជា​មិន​ទាន់​អនុម័ត​ច្បាប់​ជា​មូលដ្ឋាន​ស្តីអំពី​ការ​វិនិយោគ​លើ​វិស័យ​ទាំង​ពីរ​នោះ។

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ថា អង្គការ​នោះ​តែងតែ​មាន​ជំហរ​មួយ​ប្រឆាំង​រដ្ឋាភិបាល​ដោយសារ​គាត់​បាន​ងាក​ចេញ​អំពី​មុខ​សញ្ញា​ពិត​ប្រាកដ​របស់​គាត់​ទៅ​ជា​គណបក្ស​ដែល​ប្រឆាំង​រដ្ឋាភិបាល ពីព្រោះ​គាត់​គុំ​នឹង​រដ្ឋាភិបាល​តាំង​ពី​រដ្ឋាភិបាល​បញ្ឈប់​លែង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ព្រៃ​ឈើ​នៅ​កម្ពុជា។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របាយការណ៍​របស់​អង្គការ Global Witness តែង​បាន​ចេញ​ផ្សាយ​នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដើម្បី​កៀងគរ​រក​ថវិកា​ជំនួយ​សម្រាប់​ទ្រទ្រង់​ប្រទេស។

មេដឹកនាំ​ខ្មែរ​ថ្កោលទោស​ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង Mumbai

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ស៊ីង ដោយ​បាន​ថ្កោលទោស​ចំពោះ​ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង Mumbai ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លូត​ត្រង់​រាប់​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត​និង​រង​របួស។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​ដ៏​អមនុស្សធម៌​និង​សាហាវ​ឃោរឃៅ​នោះ។

បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹង​ថា ការវាយ​ប្រហារ​នោះ​កើត​ឡើង​ដោយសារ​ក្រុម​ភេរវករ​មួយ​ក្រុម និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​១៤៤​នាក់​ស្លាប់​ក្នុង​នោះ​មាន​ជន​បរទេស​មួយចំនួន​និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការវាយ​ប្រហារ​ពី​ពួក​ភេរវករ​ជីវពល​អ៊ិស្លាម​និយម​ជ្រុល​នេះ​នៅ​ប្រទេស​ឥណ្ឌា។

អំពើ​ហិង្សា​មួយ​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី

អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​បី​នាក់​រង​របួស​និង​ម្នាក់​នាក់​ត្រូវ​ចាប់​ខ្លួន ក្នុង​ការបះបោរ​ប្រឆាំង​តុលាការ​ខេត្ត​មួយ​ដែល​ព្យាយាម​ចាប់​ខ្លួន​តំណាង​សហគមន៍​​ជនជាតិ​ដើម​ពីរ​នាក់​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរៃ​រវាង​ប្រជាសហគមន៍​ជនជាតិ​ដើម​ជាមួយ​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៏ លោក ឆាយ ធី បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ព្យាយាម​ចាប់​មនុស្ស​ទាំង​ពីរ​នាក់​នោះ​ដោយ​កម្លាំង​បាយ​ទើប​បាន​មាន​ការប៉ះ​ទង្គិច​គ្នា។

មន្ត្រី​អាដហុក​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួស តំណាង​សហគមន៍​ម្នាក់​គឺ​ជា​សកម្មជន​របស់​សមាគម​អាដហុក​ផងដែរ​ត្រូវ​ចាប់​ខ្លួន ចំណែក​សមាជិក​ប្រជាសហគមន៍​ជាង​៤០​នាក់​ដែល​បាន​ងើប​តវ៉ា​នោះ​បាន​រត់​គេច​ខ្លួន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ហៅ​ការចាប់​ខ្លួន​អ្នក​ភូមិ​គឺ​ជា​អំពើ​អយុត្តិធម៌​ដោយ​ទាមទារ​ឲ្យ​មាន​ការថ្កោលទោស​ចំពោះ​មន្ត្រី​តុលាការ​ទាំង​នោះ។

កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​រៀបការ​ជាមួយ​នឹង​ជន​បរទេស​ឡើង​វិញ

ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ជន​បរទេស​ឡើង​វិញ​ក្រោយ​ពី​មាន​ការផ្អាក​មួយ​រយៈ​កន្លង​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គង់ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា មូលហេតុ​ដែល​កម្ពុជា​បាន​បើក​ឲ្យ​មាន​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស​ឡើង​វិញ បន្ទាប់ពី​មាន​ការផ្អាក​ជា​ច្រើន​ខែ​កន្លងមក​នោះ ដោយ​រដ្ឋាភិបាល​ទើប​មាន​បទបញ្ជា​ថ្មី​ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស​តាម​រូបភាព​អាពាហ៍ពិពាហ៍​ដែល​ធ្លាប់​មាន​កន្លង​មក។

លោក​ឧត្តមសេនីយ៍​ប៉ូលិស​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ការជួញដូរ​មនុស្ស លោក ប៊ិត គឹមហុង មាន​ប្រសាសន៍​ថា អនុក្រឹត្យ​ថ្មី​មាន​ចំណុច​ថ្មី​ជា​ច្រើន​ដែល​ជា​វិធានការ​មួយ​ជួយ​ការពារ​ស្ត្រី​ឲ្យ​ផុត​ពី​ការជួញដូរ​បាន​ច្រើន​ក្នុង​រូបភាព​អាពាហ៍ពិពាហ៍​នេះ។

លោក បិត គឹមហុង បាន​ឲ្យ​ដឹង​ថា តាម​គោលការណ៍​ថ្មី ៖ ទី​១ កូន​កម្លោះ​ត្រូវតែ​មក​រើស​ស្ដី​ដណ្ដឹង​ប្រពន្ធ​នៅ​ប្រទេស​កម្ពុជា ទី​២ ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ភ្នាក់ងារ​ឬ​ក្រុមហ៊ុន​ជា​អ្នក​ដើរតួ​កណ្ដាល ទី​៣ ត្រូវតែ​មាន​ការស្ម័គ្រចិត្ត​របស់​បុរស​ដែល​ជា​ជន​បរទេស ហើយ​ក៏​ទាមទារ​ឲ្យ​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​ផងដែរ ដើម្បី​បញ្ចៀស​បាន​នូវ​ការកេងប្រវ័ញ្ច ក៏​ដូច​ជា​ការក្លែង​បន្លំ​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ដើម្បី​យក​មនុស្ស​ទៅ​ជួញដូរ​នៅ​បរទេស។

លោក ប៊ិត គឹមហុង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​តាម​រូបភាព​អាពាហ៍ពិពាហ៍​នេះ ស្ត្រី​កម្ពុជា​ត្រូវ​បាន​គេ​បោក​បញ្ឆោត​យក​ទៅ​ជួញដូរ​ជាង​២០០០​នាក់​រួច​មក​ហើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។