ការ​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​របស់​ក្រុម​ស្ត្រី​ក្នុង​ឆ្នាំ២០២៣

0:00 / 0:00

ក្នុង​ឆ្នាំ២០២៣​ដែល​ជិត​កន្លង​ផុត​ទៅ​នេះ ក្រុម​ស្ត្រី​មួយ​ចំនួន​បាន​បន្ត​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម និង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ស្ត្រី​ដែល​លេចធ្លោ​ក្នុង​ការ​តស៊ូ​នេះ​មាន​ដូចជា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​ក្រុម​កូដករ​ណាហ្គាវើលដ៍ ក្រុម​ស្ត្រី​មាន​ជម្លោះដីធ្លី ក្រុម​ស្ត្រី​ថ្ងៃសុក្រ និង​ក្រុម​ស្ត្រី​វ័យ​ក្មេង នៃ​ចលនា​មាតា​ធម្មជាតិ​ជាដើម។ តើ​ការ​តស៊ូ​របស់​ក្រុម​ស្ត្រី​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ខ្លះ​នៅ​ក្នុង​ឆ្នាំ២០២៣នេះ? តើ​ពួកគេ​ចង់​បាន​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ២០២៤ខាងមុខ?

ក្រុម​ស្ត្រី​វ័យ​ក្មេង​នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ស្ត្រី​លេច​ធ្លោ​ក្នុង​ការ​ទាមទារ​សេរីភាព​អនុវត្ត​សិទ្ធិ​សេរីភាព បើ​ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព ដែល​មិន​បាន​បញ្ចប់​នៅ​ឡើយ​ក្នុង​ឆ្នាំ២០២៣ ជា​ពិសេស​នៅ​ក្នុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​ឡើង​កាន់អំណាច​របស់ លោក ហ៊ុន ម៉ាណែត។

កញ្ញា មាន លីសា យុវតី​នៃ​ចលនា​មាតា​ធម្មជាតិ​និយាយ​ថា ការ​ចេញ​តស៊ូ​របស់​ក្រុម​កញ្ញា និង​ក្រុម​ស្ត្រី​ផ្សេង​ទៀត ដែល​​នៅ​តែ​បន្ត​ក្នុង​ឆ្នាំ២០២៣ នេះ​បង្ហាញ​ថា​នៅ​កម្ពុជា​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ហើយ​ការ​តស៊ូ​របស់​ក្រុម​ស្ត្រី​មួយ​ចំនួន​នេះ​គឺ​ដោយសារ​តែ​ការឈឺចាប់​នឹង​ភាព​អយុត្តិធម៌ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ៖

«ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ ប្រទេស​កម្ពុជា​ហ្នឹង​មាន​ការ​រឹតត្បិត​​​សិទ្ធិមនុស្ស​នៅ​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ នៅ​បន្ទាត់​ក្រហម​នៅ​ឡើយ។ ទី២ កាលដែល​ពួកគាត់​នៅ​តែ​បង្ហាញ​ក៏​ដោយសារតែ​ពួកគាត់​ជាជន​រងគ្រោះ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​។​ពួកគាត់​អត់​អាច​ឈរ​មើល​ អំពើ​អយុត្តិធម៌​​ទាំង​អស់​ហ្នឹង​កើតឡើង​ចំពោះ​មនុស្ស​គ្នា​យើង មាន​ចិត្ត​អាណិត​អាសូរ​​គ្នា​ទៅ​វិញ​ទៅ​មក យើង​អត់​អាច​ឈរ​មើល​​ប្រជាជន​រងគ្រោះ​ទាំង​អស់ហ្នឹង​ត្រូវ​រងគ្រោះ​តែ​ឯង​ទេ​ក្នុង​នាម​ជា​មនុស្ស​ជាតិ​​ដូចគ្នា​រស់​នៅ​ក្នុង​ប្រទេស​តែ​មួយ​ដូចគ្នា»។

យុវតី​ចលនា​មាតា​ធម្មជាតិ​ជាច្រើន​នាក់​បាន​ដាក់​ច្រវ៉ាក់​ខ្លួន​ឯង​ចេញ​ដើរ​តាម​ផ្លូវ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​តុលា រក​អន្តរាគមន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បន្ទាប់​ពី​ព្រះរាជ​អាជ្ញា ច្រឹង ខ្មៅ បដិសេធ​មិន​ឱ្យ​យុវជន​ចំនួន​៣​នាក់​បាន​ចេញ​ទៅ​ប្រទេស​ស៊ុយអែត (Sweden) ទទួល​ពាន​រង្វាន់ Right Livelihood ក្រោម​ហេតុផល​ថា​មិន​ចាំ​បាច់។ ពួកគេ​ចាត់​ទុក​ថា​នេះ​ជា​រឿង​អយុត្តិធម៌​បន្ថែម​មួយ​ទៀត ព្រោះ​កន្លង​ទៅ​ពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​មិន​បាន​ប្រព្រឹត្ត​កំហុស គឺ​មាន​ទោស​ដោយសារ​តែ​ការ​បញ្ចេញ​មតិ ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ធនធានធម្មជាតិ និង​បរិស្ថាន៖

«សូមផ្ដល់​យុត្តិធម៌​ឱ្យ​ពួកយើង!ពួកយើង​មិនមែន​ជា​ឧក្រិដ្ឋជនទេ!ពួកយើង​ចង់​ទៅ​ទទួល​ពាន​រង្វាន់​ដោយផ្ទាល់!»

មិន​ខុស​គ្នា​នេះ​ដែរ ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក៏​បន្ត​ការ​តវ៉ា​របស់​ពួកគេ ប្រឆាំង​នឹង​ការ​បណ្ដេញ​ពួកគេ​ពី​ការងារ ការរើសអើង​សហជីព និង​ការ​ចាប់​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​ជា​លើក​ទី២ ដែល​ជា​រឿង​អយុត្តិធម៌​មិន​អាច​ឱ្យ​ពួកគេ​ទទួល​យក​បាន។ គិត​ត្រឹម​ថ្ងៃ​ទី១៨ ខែ​ធ្នូ ការ​តវ៉ា​របស់​ក្រុម​កូដករ​នេះ​មាន​រយៈពេល ២ឆ្នាំ​គត់។ ពួក​គេ​នៅ​តែ​បន្ត​ការ​ទាមទារ​ទៀត​រហូត​មាន​ដំណោះ​ស្រាយ បើ​ទោះ​បី​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ចោទ​ប្រកាន់​ថា​ជា​ក្រុម​បដិវត្ត​ពណ៌ ស៊ីឈ្នួល​ធ្វើ​កូដកម្ម និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​យ៉ាងណា​ក៏​ដោយ។ ពួកគេ​ចង់​បាន​ដំណោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ពី​ពន្ធនាគារ៖

«អើយ​ការពារ​សហជីព​យើង!ឥឡូវ​ណាហ្គា​រម្លាយ កុំកន្តើយ​ កុំបង្អង់អង់យូរ ចេញ​មក​តស៊ូ​អើយ​ អើយ​តស៊ូ​ការពារ​សហជីព!»

ទាក់ទង​នឹង​ស្ត្រី​ជាប់​ពន្ធនាគារ​នេះ មេធាវី និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី ក៏​ជា​ស្ត្រី​ម្នាក់​លេចធ្លោ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​ដែរ​ក្នុង​ឆ្នាំ២០២៣​នេះ បើ​ទោះបី​ជា​កញ្ញា​កំពុង​ជាប់​ពន្ធនាគារ​ក្ដី។ កញ្ញា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈ​ពេល​ជិត ១ សប្ដាហ៍ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា រហូត​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ខែ​ធ្នូ​នេះ នៅ​ពេល​ក្រុម​សកម្មជន​នៅ​ក្រៅ​ពន្ធនាគារ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។ កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិក ដែល​មាន​ទោស​ដោយសារ​អនុវត្ត​សិទ្ធិ​សេរីភាព​នយោបាយ តែងតែ​អះអាង​ថា​មិន​ចុះ​ញ៉ម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​តុលាការ និង​អាជ្ញាធរ​រដ្ឋាភិបាល​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន រហូត​មក​ដល់​ពេល​នេះ៖

«គេអាចឃុំខ្លួន​ខ្ញុំ ប៉ុន្តែ​គេ​អត់​អាចឃុំ​គំនិត​ស្មារតី​របស់​ខ្ញុំទេ។ គំនិត​ស្មារតី​របស់​ខ្ញុំ​ជារបស់​ខ្ញុំ អត់​មាន​នរណា​ឃុំស្មារតីខ្ញុំបាន​ទេ។ ស្មារតី​យើង​រឹង​មាំ»។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ​ដែល​ធានា ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ប៉ុន្តែ​បែរ​ជា​ក្លាយ​ជា​មាន​ទោស​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់​ដូច​កញ្ញា សេង ធារី ដែរ​នេះ ក្រុម​ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​នយោបាយ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចេញ​តវ៉ា​ជា​ញឹក​ញាប់​ដែរ​នៅ​ក្នុង​ឆ្នាំ២០២៣នេះ។ ពួកគាត់​ចេញ​ទៅ​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​ប្រទេស​ ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព និង​ធានា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖

«ដោះលែង​អ្នកទោសនយោបាយ! តុលាការ​មិន​ឯករាជ្យ! ដោះលែង​ប្ដីខ្ញុំ! ដោះលែង​ឯកឧត្តម ថាច់ សេដ្ឋា! ដោះលែង​​កញ្ញា សេង​ ធារី ! ដោះលែង​កញ្ញា ឈឹម ស៊ីថរ!»

ទាក់ទង​នឹង​រឿង​នេះ គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៨ មក​ដល់​ពេល​នេះ​មាន​សកម្មជន​នយោបាយ អ្នក​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រមាណ​១២០​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ ក្នុង​នោះ​មនុស្ស​ប្រមាណ ៤០​នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

ជា​មួយ​គ្នា​នេះ​ក៏​មាន​ក្រុម​ស្ត្រី ដែល​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​តាម​បណ្ដា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​ក្រុម​បាន​ចេញ​តវ៉ា​ក្នុង​ឆ្នាំ២០២៣​នេះ​ដែរ។

ងាក​មក​យុវតី មាន លីសា វិញ និស្សិត​ផ្នែក​ច្បាប់​រូប​នេះ​ចង់​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ឆ្នាំ២០២៤ ខាង​មុខ​នេះ​ធានា​ដោះស្រាយ​បញ្ហា​ទាំង​នេះ៖

«សម្រាប់​ឆ្នាំថ្មី​នេះ​អី ដែល​ខ្ញុំចង់​ឃើញ​ពី​នាយក​រដ្ឋមន្រ្តី​ថ្មី​ផងដែរ​សម្រាប់​ស្ត្រី​ក្លាហាន ការផ្ដល់តម្លៃ​សម្រាប់​ស្ត្រី​​ក្នុង​នាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ សកម្មជន​ អ្នក​ការពារ​យុត្តិធម៌​សង្គម ដែល​សុទ្ធ​តែ​ជា​ធនធាន​មនុស្ស ដែល​សុទ្ធ​តែជា​សំឡេង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស ដែល​រដ្ឋាភិបាល​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ខ្លាំង និង​ស្ដាប់​សំឡេង​របស់​ពួក​យើង»។

លើស​ពី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ បញ្ចប់​ការ​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ធ្វើទុក្ខ​បុក​ម្នេញ​សកម្មជន​តទៅទៀត និង​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។